១ ពង្សាវតារក្សត្រ 7:1-22
១ ពង្សាវតារក្សត្រ 7:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាទសាឡូម៉ូនបានសង់ដំណាក់របស់ទ្រង់ អស់រយៈពេលដប់បីឆ្នាំ ទើបសង់រួចរាល់ទាំងអស់។ ទ្រង់បានសង់មន្ទីរព្រៃល្បាណូន មានបណ្តោយមួយរយហត្ថ ទទឹងហាសិបហត្ថ និងកម្ពស់សាមសិបហត្ថ មានសសរតាត្រៅបួនជួរ ដាក់ធ្នឹមតាត្រៅនៅលើសសរទាំងនោះ ក៏ប្រក់ដោយឈើតាត្រៅ នៅលើធ្នឹមទាំងសែសិបប្រាំ ដែលដាក់លើសសរទាំងនោះ ឯធ្នឹមទាំងនោះ ក្នុងមួយជួរមានដប់ប្រាំ។ ឯបង្អួចមានបីជាន់ នៅប្រទល់គ្នាទាំងសងខាងគ្រប់ទាំងបីជាន់។ ទ្វារទាំងអស់ និងក្រប ក៏ធ្វើពីឈើបួនជ្រុង ព្រមទាំងបង្អួចបីជាន់ ប្រទល់គ្នានោះដែរ។ ទ្រង់ក៏ធ្វើថែវដោយមានសសរ ថែវនោះមានបណ្តោយហាសិបហត្ថ និងទទឹងសាមសិបហត្ថ ក៏មានរានហាលពីមុខនោះ ដែលមានសសរ និងធ្នឹមពីលើជុំវិញ។ ទ្រង់ក៏ធ្វើមន្ទីរថែវសម្រាប់បល្ល័ង្ក ជាកន្លែងដែលទ្រង់ស្តីការ គឺជាព្រះទីនាំងវិនិច្ឆ័យ ហើយក៏បិទដោយក្តារតាត្រៅ ចាប់តាំងពីក្រោមរហូតដល់ពិតាន។ ដំណាក់ដែលទ្រង់គង់នៅ ធ្វើបែបដូចគ្នា ហើយមានទីធ្លាមួយទៀត ក៏នៅខាងអាយមន្ទីរមុននោះ រួចមកទ្រង់ធ្វើដំណាក់មួយ បែបដូចជាមន្ទីរមុននោះ សម្រាប់បុត្រីផារ៉ោន ដែលទ្រង់បានយកជាភរិយា។ ឯរបស់ទាំងអស់នេះបានធ្វើដោយថ្មមានតម្លៃ ជាថ្មដាប់តាមទំហំ ហើយអារដំរឹមដោយរណារ ទាំងក្នុងទាំងក្រៅ ចាប់តាំងពីឫសជញ្ជាំងទៅដល់សំយ៉ាប ហើយខាងក្រៅ រហូតដល់ទីធ្លាធំដែរ។ ឯឫសជញ្ជាំង នោះសុទ្ធតែធ្វើពីថ្មមានតម្លៃទាំងអស់ គឺថ្មយ៉ាងធំៗ ខ្លះដប់ហត្ថ ខ្លះប្រាំបីហត្ថ ហើយពីនោះទៅលើក៏មានថ្មដែលមានតម្លៃ ដាប់តាមទំហំ និងឈើតាត្រៅផង ឯទីធ្លាធំ នោះមានថ្មដាប់បីជាន់ និងឈើតាត្រៅមួយជាន់នៅជុំវិញ ដូចជាទីលានខាងក្នុងនៃព្រះវិហារព្រះយេហូវ៉ា ហើយដូចជាថែវនៃព្រះវិហារដែរ។ ព្រះបាទសាឡូម៉ូនបានចាត់គេឲ្យទៅអញ្ជើញស្ដេចហ៊ីរ៉ាមនៅក្រុងទីរ៉ុសមក។ អ្នកនោះជាកូនរបស់ស្ត្រីមេម៉ាយម្នាក់ក្នុងកុលសម្ពន័្ធណែបថាលី តែឪពុកជាជាងលង្ហិន នៅស្រុកទីរ៉ុស អ្នកនោះជាអ្នកមានប្រាជ្ញាវាងវៃ ហើយមានថ្វីដៃចេះធ្វើគ្រប់ទាំងរបស់លង្ហិន គាត់ក៏មកឯព្រះបាទសាឡូម៉ូន ដើម្បីនឹងធ្វើការទាំងអស់នេះថ្វាយទ្រង់។ គាត់សិតធ្វើសសរពីរដោយលង្ហិន ទាំងពីរមានកម្ពស់ដប់ប្រាំបីហត្ថដូចគ្នា ហើយបើវាស់ជុំវិញ នោះត្រូវជាដប់ពីរហត្ថក្នុងសសរមួយៗ។ គាត់សិតធ្វើក្បាច់លង្ហិនពីរដុំ ដាក់លើក្បាលសសរទាំងពីរ មួយៗមានកម្ពស់ប្រាំហត្ថដូចគ្នា។ មានក្បាច់តារាង ដូចជាក្រឡាអួន ហើយមានវង់កម្រងច្រវាក់ប្រាំពីរនៅក្បាលសសរមួយៗ ក្នុងទាំងពីរនោះ។ គឺយ៉ាងនោះដែលគាត់ធ្វើសសរទាំងពីរ ហើយមានផ្លែទទឹមពីរជួរព័ទ្ធជុំវិញ ជាប់នឹងក្បាច់ក្រឡាអួន នោះសម្រាប់នឹងបាំងទីភ្ជាប់ក្បាលសសរដូចគ្នាទាំងពីរ។ ឯក្បាលសសរនៃថែវមានកម្ពស់បួនហត្ថ ក៏មានក្បាច់ជាផ្កាច័ន្ធូ មានក្បាលនៅលើសសរទាំងពីរនោះដែរ ជាប់ពីគែមត្រង់ក្បាច់ក្រឡាអួន ហើយមានផ្លែទទឹមពីររយ រៀបជាពីរជួរនៅព័ទ្ធជុំវិញសសរទាំងពីរនោះដូចគ្នា។ គាត់ក៏លើកសសរទាំងពីរនោះបញ្ឈរឡើង នៅត្រង់ថែវនៃព្រះវិហារ កាលគាត់បានលើកសសរខាងស្តាំឡើង នោះក៏ឲ្យឈ្មោះថា យ៉ាគិន រួចកាលគាត់លើកសសរខាងឆ្វេងឡើង នោះក៏ឲ្យឈ្មោះថា បូអូស។ នៅខាងលើសសរមានក្បាច់ផ្កាច័ន្ធូ ដូច្នេះ ការធ្វើសសរនោះបានរួចជាស្រេច។
១ ពង្សាវតារក្សត្រ 7:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯវាំងរបស់ស្ដេចវិញ ព្រះបាទសាឡូម៉ូនចំណាយពេលអស់ដប់បីឆ្នាំ ទើបសង់ដំណាក់ទាំងអស់រួចជាស្រេច។ ដំបូងបង្អស់ ព្រះរាជាសង់ «ដំណាក់ព្រៃស្រុកលីបង់» មានបណ្ដោយប្រវែងមួយរយហត្ថ ទទឹងហាសិបហត្ថ និងកម្ពស់សាមសិបហត្ថ មានសសរបួនជួរធ្វើពីឈើតាត្រៅ ហើយនៅលើសសរមានធ្នឹមធ្វើពីឈើតាត្រៅដែរ។ រីឯពិដានវិញក៏ធ្វើពីឈើតាត្រៅដែរ ទ្រដោយធ្នឹមធ្វើពីឈើតាត្រៅសែសិបប្រាំដើម តម្រៀបជាបីជួរ គឺក្នុងមួយជួរមានដប់ប្រាំដើម ដែលទ្រដោយសសរទាំងនោះ។ នៅតាមជញ្ជាំងសងខាងដំណាក់ មានបង្អួចម្ខាងបីៗ នៅទល់មុខគ្នា។ មេ និងក្របរបស់វា មានរាងបួនជ្រុង ម្ខាងបីៗនៅទល់មុខគ្នា។ ស្ដេចសង់បន្ទប់ល្វែងមួយមានបណ្ដោយហាសិបហត្ថ ទទឹងសាមសិបហត្ថ ដែលមានតែសសរ។ នៅពីមុខបន្ទប់ល្វែងនោះ មានសសរ និងថែវ។ ព្រះរាជាសង់បន្ទប់ល្វែងមួយ ជាកន្លែងគ្រងរាជ្យ និងកាត់ក្ដី មានឈ្មោះថា «ទីនាំងវិនិច្ឆ័យ» ដែលពាសឈើតាត្រៅពីក្រោមរហូតដល់លើ។ រីឯដំណាក់សម្រាប់ស្ដេចគង់ក៏សង់ដូចដំណាក់មុនដែរ តែនៅក្នុងទីធ្លាមួយទៀត នៅខាងក្រោយដំណាក់គ្រងរាជ្យ។ ព្រះបាទសាឡូម៉ូនសង់ដំណាក់មួយសម្រាប់ព្រះមហេសី ដែលត្រូវជាបុត្រីរបស់ព្រះចៅផារ៉ោន ដំណាក់នោះក៏សង់ដូចដំណាក់មុនដែរ។ ដំណាក់ទាំងអស់សុទ្ធតែធ្វើអំពីថ្មសម្រាំងដ៏ល្អៗ ដែលបានដាប់តម្រូវតាមទំហំ និងអារតម្រឹមតាមមុខជ្រុងទាំងខាងក្នុង ទាំងខាងក្រៅ។ គេសង់ដំណាក់ទាំងនោះពីថ្មទាំងអស់ តាំងពីគ្រឹះរហូតដល់ដំបូល ហើយផ្នែកខាងក្រៅរហូតដល់ទីធ្លាធំផង។ គេរើសសុទ្ធតែថ្មដ៏ល្អប្រណីត និងផ្ទាំងធំៗ យកមកធ្វើជាគ្រឹះ ថ្មខ្លះមានប្រវែងដល់ទៅប្រាំបី ឬដប់ហត្ថ។ គេយកថ្មសម្រាំងដ៏ល្អៗ ដែលបានដាប់តម្រូវតាមទំហំ និងឈើតាត្រៅមកសង់ពីលើគ្រឹះនោះ។ នៅជុំវិញទីធ្លាធំ គេសង់ជញ្ជាំងពីថ្មសម្រាំងដ៏ល្អៗត្រួតគ្នាបីជាន់ ហើយមួយជាន់ទៀតសង់ពីឈើតាត្រៅ ដូចទីលានខាងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងបន្ទប់ល្វែងរបស់ព្រះដំណាក់ដែរ។ ព្រះបាទសាឡូម៉ូនចាត់គេឲ្យទៅអញ្ជើញលោកហ៊ីរ៉ាមនៅក្រុងទីរ៉ុស។ គាត់ជាកូនរបស់ស្ត្រីមេម៉ាយម្នាក់ ក្នុងកុលសម្ព័ន្ធណែបថាលី ហើយឪពុកជាអ្នកក្រុងទីរ៉ុស។ លោកហ៊ីរ៉ាមជាជាងលង្ហិនមួយរូបដ៏ចំណាន ដែលមានប្រាជ្ញាឈ្លាសវៃ ហើយមានថ្វីដៃខាងផលិតវត្ថុគ្រប់យ៉ាងពីលង្ហិន។ គាត់ចូលទៅគាល់ព្រះបាទសាឡូម៉ូន ហើយទទួលធ្វើកិច្ចការទាំងអស់ថ្វាយស្ដេច។ លោកហ៊ីរ៉ាមធ្វើសសរលង្ហិនពីរ កម្ពស់ដប់ប្រាំបីហត្ថ ហើយគេយកខ្សែមកវាស់ជុំវិញសសរនោះ ឃើញមានប្រវែងដប់ពីរហត្ថ។ គាត់ធ្វើក្បាលសសរលង្ហិនពីរ ជាក្បាច់ដាក់នៅលើសសរទាំងពីរ ក្បាលសសរនីមួយៗមានកម្ពស់ប្រាំហត្ថ។ គាត់សិតលង្ហិនធ្វើជាក្បាច់ក្រឡាអួន និងច្រវាក់ តុបតែងលំអក្បាលសសរ។ ក្បាលសសរនីមួយៗមានកម្រងច្រវាក់ប្រាំពីរខ្សែ។ គាត់សិតក្បាច់ផ្លែទទឹមពីរជួរ លំអជុំវិញក្បាច់ក្រឡាអួនដែលស្ថិតនៅលើក្បាលសសរនីមួយៗ។ នៅលើសសរនីមួយៗនៃបន្ទប់ល្វែង គាត់ធ្វើក្បាលសសរមួយជាន់ទៀតបន្តុបពីលើ មានកម្ពស់បួនហត្ថ ហើយមានឆ្លាក់ជាក្បាច់ផ្កាម្លិះ។ នៅផ្នែកខាងលើក្បាលសសរទីមួយ មានក្បាច់ផ្លែទទឹមចំនួនពីររយត្រង់គែមក្បាច់ក្រឡាអួន ហើយនៅលើក្បាលសសរទីពីរ មានក្បាច់ផ្លែទទឹមពីររយទៀតតម្រៀបគ្នាជាជួរដែរ។ គាត់លើកសសរទាំងពីរនោះបញ្ឈរ នៅខាងមុខបន្ទប់ល្វែងរបស់ព្រះវិហារ។ សសរនៅខាងស្ដាំមានឈ្មោះថា យ៉ាគីន រីឯសសរនៅខាងឆ្វេងមានឈ្មោះថា បូអូស។ ក្បាលសសរទាំងពីរនេះមានរាងដូចផ្កាម្លិះ។ លោកហ៊ីរ៉ាមបានធ្វើសសរទាំងពីរចប់រួចរាល់។
១ ពង្សាវតារក្សត្រ 7:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សាឡូម៉ូនទ្រង់ក៏សង់ដំណាក់របស់ទ្រង់ ក្នុងរវាងអស់១៣ឆ្នាំ ទើបបានស្រេចទាំងអស់ ទ្រង់បានសង់មន្ទីរនៃព្រៃល្បាណូន មានបណ្តោយ១០០ហត្ថ ទទឹង៥០ហត្ថ នឹងកំពស់៣០ហត្ថ មានសសរតាត្រៅ៤ជួរ ដាក់ធ្នឹមតាត្រៅនៅលើសសរទាំងនោះ ក៏ប្រក់ដោយឈើតាត្រៅ នៅលើធ្នឹមទាំង៤៥ ដែលដាក់លើសសរទាំងនោះ ឯធ្នឹមទាំងនោះ ក្នុង១ជួរមាន១៥ ឯបង្អួចមាន៣ជាន់ នៅប្រទល់គ្នាទាំងសងខាងគ្រប់ទាំង៣ជាន់ អស់ទាំងទ្វារ នឹងក្រប ក៏ធ្វើពីឈើ៤ជ្រុង ព្រមទាំងបង្អួច៣ជាន់ ប្រទល់គ្នានោះដែរ ទ្រង់ក៏ធ្វើបាំងសាចដោយមានសសរ បាំងសាចនោះមានបណ្តោយ៥០ហត្ថ នឹងទទឹង៣០ហត្ថ ក៏មានរានហាលពីមុខនោះ ដែលមានសសរនឹងធ្នឹមពីលើនៅជុំវិញ ទ្រង់ក៏ធ្វើមន្ទីរបាំងសាចសំរាប់បល្ល័ង្ក ជាកន្លែងដែលទ្រង់ស្តីការ គឺជាព្រះទីនាំងវិនិច្ឆ័យ ហើយក៏បិទដោយក្តារតាត្រៅ ចាប់តាំងពីក្រោមរហូតដល់ពិតាន ឯដំណាក់ដែលទ្រង់គង់នៅ នោះបានធ្វើបែបដូចគ្នា ហើយមានទីធ្លា១ទៀត ក៏នៅខាងអាយមន្ទីរមុននោះ រួចមកទ្រង់ធ្វើដំណាក់១ បែបដូចជាមន្ទីរមុននោះ សំរាប់បុត្រីផារ៉ោន ដែលទ្រង់បានយកជាភរិយា។ ឯរបស់ទាំងអស់នេះបានធ្វើ ដោយថ្មមានដំឡៃ ជាថ្មដាប់តាមទំហំ ហើយអារដំរឹម ដោយរណារ ទាំងក្នុងទាំងក្រៅ ចាប់តាំងពីឫសជញ្ជាំងទៅដល់សំយ៉ាប ហើយខាងក្រៅ រហូតដល់ទីធ្លាធំដែរ ឯឫសជញ្ជាំង នោះសុទ្ធតែធ្វើពីថ្ម មានដំឡៃទាំងអស់ គឺថ្មយ៉ាងធំៗ ខ្លះ១០ហត្ថ ខ្លះ៨ហត្ថ ហើយពីនោះទៅលើក៏មានថ្ម ដែលមានដំឡៃ ដាប់តាមទំហំ នឹងឈើតាត្រៅផង ឯទីធ្លាធំ នោះមានថ្មដាប់៣ជាន់ នឹងឈើតាត្រៅ១ជាន់នៅជុំវិញ ដូចជាទីលានខាងក្នុងនៃព្រះវិហារព្រះយេហូវ៉ាហើយដូចជាបាំងសាចនៃព្រះវិហារដែរ។ ស្តេចសាឡូម៉ូន ទ្រង់ចាត់គេ ឲ្យទៅរកហ៊ីរ៉ាមនៅក្រុងទីរ៉ុសនាំមក អ្នកនោះជាកូនរបស់ស្រីមេម៉ាយម្នាក់ក្នុងពូជអំបូរណែបថាលី តែឪពុកជាជាងលង្ហិន នៅស្រុកទីរ៉ុស អ្នកនោះជាអ្នកមានប្រាជ្ញាវាងវៃ ហើយមានថ្វីដៃចេះធ្វើគ្រប់ទាំងរបស់លង្ហិន គាត់ក៏មកឯស្តេចសាឡូម៉ូន ដើម្បីនឹងធ្វើការទាំងអស់នេះថ្វាយទ្រង់ គាត់សិតធ្វើសសរ២ដោយលង្ហិន ទាំង២មានកំពស់១៨ហត្ថដូចគ្នា ហើយបើវាស់ជុំវិញ នោះត្រូវជា១២ហត្ថក្នុងសសរមួយៗ គាត់សិតធ្វើក្បាច់លង្ហិន២ដុំ ដាក់លើក្បាលសសរទាំង២ មួយៗមានកំពស់៥ហត្ថដូចគ្នា មានក្បាច់តារាង ដូចជាក្រឡាអួន ហើយមានវង់កំរងច្រវាក់៧នៅក្បាលសសរមួយៗ ក្នុងទាំង២នោះ គឺយ៉ាងនោះដែលគាត់ធ្វើសសរទាំង២ ហើយមានផ្លែទទឹម២ជួរព័ទ្ធជុំវិញ ជាប់នឹងក្បាច់ក្រឡាអួន នោះសំរាប់នឹងបាំងទីភ្ជាប់ក្បាលសសរដូចគ្នាទាំង២ ឯក្បាលសសរនៃបាំងសាចមានកំពស់៤ហត្ថ ក៏មានក្បាច់ជាផ្កាច័ន្ធូ មានក្បាលនៅលើសសរទាំង២នោះដែរ ជាប់ពីគែមត្រង់ក្បាច់ក្រឡាអួន ហើយមានផ្លែទទឹម២០០ រៀបជា២ជួរនៅព័ទ្ធជុំវិញសសរទាំង២នោះដូចគ្នា គាត់ក៏លើកសសរទាំង២នោះបញ្ឈរឡើង នៅត្រង់បាំងសាចនៃព្រះវិហារ កាលគាត់បានលើកសសរខាងស្តាំឡើង នោះក៏ឲ្យឈ្មោះថា យ៉ាគិន រួចកាលគាត់លើកសសរខាងឆ្វេងឡើង នោះក៏ឲ្យឈ្មោះថា បូអូស នៅខាងលើសសរមានក្បាច់ផ្កាច័ន្ធូ ដូច្នេះ ការធ្វើសសរនោះបានរួចជាស្រេច។