១ ពង្សាវតារក្សត្រ 7:1-12

១ ពង្សាវតារក្សត្រ 7:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះបាទ​សាឡូម៉ូន​បាន​សង់​ដំណាក់​របស់​ទ្រង់ អស់​រយៈ​ពេល​ដប់​បី​ឆ្នាំ ទើបសង់​រួច​រាល់​ទាំង​អស់។ ទ្រង់​បាន​សង់​មន្ទីរ​ព្រៃ​ល្បាណូន មាន​បណ្តោយ​មួយរយ​ហត្ថ ទទឹង​ហាសិប​ហត្ថ និង​កម្ពស់​សាមសិប​ហត្ថ មាន​សសរ​តា‌ត្រៅ​បួន​ជួរ ដាក់​ធ្នឹម​តា‌ត្រៅ​នៅ​លើ​សសរ​ទាំង​នោះ ក៏​ប្រក់​ដោយ​ឈើ​តា‌ត្រៅ នៅ​លើ​ធ្នឹម​ទាំង​សែសិបប្រាំ ដែល​ដាក់​លើ​សសរ​ទាំង​នោះ ឯ​ធ្នឹម​ទាំង​នោះ ក្នុង​មួយ​ជួរ​មាន​ដប់ប្រាំ។ ឯ​បង្អួច​មាន​បី​ជាន់ នៅ​ប្រទល់​គ្នា​ទាំង​សង​ខាង​គ្រប់​ទាំង​បី​ជាន់។ ទ្វារ​ទាំង​អស់ និង​ក្រប ក៏​ធ្វើ​ពី​ឈើ​បួន​ជ្រុង ព្រម​ទាំង​បង្អួច​បី​ជាន់ ប្រទល់​គ្នា​នោះ​ដែរ។ ទ្រង់​ក៏​ធ្វើ​ថែវ​ដោយ​មាន​សសរ ថែវ​នោះ​មាន​បណ្តោយ​ហាសិប​ហត្ថ និង​ទទឹង​សាមសិប​ហត្ថ ក៏​មាន​រាន‌ហាល​ពី​មុខ​នោះ ដែល​មាន​សសរ និង​ធ្នឹម​ពី​លើ​ជុំ‌វិញ។ ទ្រង់​ក៏​ធ្វើ​មន្ទីរ​ថែវ​សម្រាប់​បល្ល័ង្ក ជា​កន្លែង​ដែល​ទ្រង់​ស្តី​ការ គឺ​ជា​ព្រះ‌ទីនាំង​វិនិច្ឆ័យ ហើយ​ក៏​បិទ​ដោយ​ក្តារ​តា‌ត្រៅ ចាប់​តាំង​ពី​ក្រោម​រហូត​ដល់​ពិតាន។ ដំណាក់​ដែល​ទ្រង់​គង់​នៅ ធ្វើ​បែប​ដូច​គ្នា ហើយ​មាន​ទី​ធ្លា​មួយ​ទៀត ក៏​នៅ​ខាង​អាយ​មន្ទីរ​មុន​នោះ រួច​មក​ទ្រង់​ធ្វើ​ដំណាក់​មួយ បែប​ដូច​ជា​មន្ទីរ​មុន​នោះ សម្រាប់​បុត្រី​ផារ៉ោន ដែល​ទ្រង់​បាន​យក​ជា​ភរិយា។ ឯ​របស់​ទាំង​អស់​នេះ​បាន​ធ្វើ​ដោយ​ថ្ម​មាន​តម្លៃ ជា​ថ្ម​ដាប់​តាម​ទំហំ ហើយ​អារ​ដំរឹម​ដោយ​រណារ ទាំង​ក្នុង​ទាំង​ក្រៅ ចាប់​តាំង​ពី​ឫស​ជញ្ជាំង​ទៅ​ដល់​សំយ៉ាប ហើយ​ខាង​ក្រៅ រហូត​ដល់​ទី​ធ្លា​ធំ​ដែរ។ ឯ​ឫស​ជញ្ជាំង នោះ​សុទ្ធ​តែ​ធ្វើ​ពី​ថ្ម​មាន​តម្លៃ​ទាំង​អស់ គឺ​ថ្ម​យ៉ាង​ធំៗ ខ្លះ​ដប់​ហត្ថ ខ្លះ​ប្រាំបី​ហត្ថ ហើយ​ពី​នោះ​ទៅ​លើ​ក៏​មាន​ថ្ម​ដែល​មាន​តម្លៃ ដាប់​តាម​ទំហំ និង​ឈើ​តា‌ត្រៅ​ផង ឯ​ទី​ធ្លា​ធំ នោះ​មាន​ថ្ម​ដាប់​បី​ជាន់ និង​ឈើ​តា‌ត្រៅ​មួយ​ជាន់​នៅ​ជុំ‌វិញ ដូច​ជា​ទី‌លាន​ខាង​ក្នុង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា ហើយ​ដូច​ជា​ថែវ​នៃ​ព្រះ‌វិហារ​ដែរ។

១ ពង្សាវតារក្សត្រ 7:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​វាំង​របស់​ស្ដេច​វិញ ព្រះ‌បាទ​សាឡូម៉ូន​ចំណាយ​ពេល​អស់​ដប់​បី​ឆ្នាំ ទើប​សង់​ដំណាក់​ទាំង​អស់​រួច​ជា​ស្រេច។ ដំបូង​បង្អស់ ព្រះ‌រាជា​សង់ «ដំណាក់​ព្រៃ​ស្រុក​លីបង់» មាន​បណ្ដោយ​ប្រវែង​មួយ​រយ​ហត្ថ ទទឹង​ហា‌សិប​ហត្ថ និង​កម្ពស់​សាម‌សិប​ហត្ថ មាន​សសរ​បួន​ជួរ​ធ្វើ​ពី​ឈើ​តាត្រៅ ហើយ​នៅ​លើ​សសរ​មាន​ធ្នឹម​ធ្វើ​ពី​ឈើ​តាត្រៅ​ដែរ។ រីឯ​ពិដាន​វិញ​ក៏​ធ្វើ​ពី​ឈើ​តាត្រៅ​ដែរ ទ្រ​ដោយ​ធ្នឹម​ធ្វើ​ពី​ឈើ​តាត្រៅ​សែ‌សិប​ប្រាំ​ដើម តម្រៀប​ជា​បី​ជួរ គឺ​ក្នុង​មួយ​ជួរ​មាន​ដប់​ប្រាំ​ដើម ដែល​ទ្រ​ដោយ​សសរ​ទាំង​នោះ។ នៅ​តាម​ជញ្ជាំង​សង​ខាង​ដំណាក់ មាន​បង្អួច​ម្ខាង​បីៗ នៅ​ទល់​មុខ​គ្នា។ មេ និង​ក្រប​របស់​វា មាន​រាង​បួន​ជ្រុង ម្ខាង​បីៗ​នៅ​ទល់​មុខ​គ្នា។ ស្ដេច​សង់​បន្ទប់​ល្វែង​មួយ​មាន​បណ្ដោយ​ហា‌សិប​ហត្ថ ទទឹង​សាម‌សិប​ហត្ថ ដែល​មាន​តែ​សសរ។ នៅ​ពី​មុខ​បន្ទប់​ល្វែង​នោះ មាន​សសរ និង​ថែវ។ ព្រះ‌រាជា​សង់​បន្ទប់​ល្វែង​មួយ ជា​កន្លែង​គ្រង​រាជ្យ និង​កាត់​ក្ដី មាន​ឈ្មោះ​ថា «ទី‌នាំង​វិនិច្ឆ័យ» ដែល​ពាស​ឈើ​តាត្រៅ​ពី​ក្រោម​រហូត​ដល់​លើ។ រីឯ​ដំណាក់​សម្រាប់​ស្ដេច​គង់​ក៏​សង់​ដូច​ដំណាក់​មុន​ដែរ តែ​នៅ​ក្នុង​ទីធ្លា​មួយ​ទៀត នៅ​ខាង​ក្រោយ​ដំណាក់​គ្រង​រាជ្យ។ ព្រះ‌បាទ​សាឡូម៉ូន​សង់​ដំណាក់​មួយ​សម្រាប់​ព្រះ‌មហេសី ដែល​ត្រូវ​ជា​បុត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន ដំណាក់​នោះ​ក៏​សង់​ដូច​ដំណាក់​មុន​ដែរ។ ដំណាក់​ទាំង​អស់​សុទ្ធ​តែ​ធ្វើ​អំពី​ថ្ម​សម្រាំង​ដ៏​ល្អៗ ដែល​បាន​ដាប់​តម្រូវ​តាម​ទំហំ និង​អារ​តម្រឹម​តាម​មុខ​ជ្រុង​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ។ គេ​សង់​ដំណាក់​ទាំង​នោះ​ពី​ថ្ម​ទាំង​អស់ តាំង​ពី​គ្រឹះ​រហូត​ដល់​ដំបូល ហើយ​ផ្នែក​ខាង​ក្រៅ​រហូត​ដល់​ទីធ្លា​ធំ​ផង។ គេ​រើស​សុទ្ធ​តែ​ថ្ម​ដ៏​ល្អ​ប្រណីត និង​ផ្ទាំង​ធំៗ យក​មក​ធ្វើ​ជា​គ្រឹះ ថ្ម​ខ្លះ​មាន​ប្រវែង​ដល់​ទៅ​ប្រាំ​បី ឬ​ដប់​ហត្ថ។ គេ​យក​ថ្ម​សម្រាំង​ដ៏​ល្អៗ ដែល​បាន​ដាប់​តម្រូវ​តាម​ទំហំ និង​ឈើ​តាត្រៅ​មក​សង់​ពី​លើ​គ្រឹះ​នោះ។ នៅ​ជុំ‌វិញ​ទីធ្លា​ធំ គេ​សង់​ជញ្ជាំង​ពី​ថ្ម​សម្រាំង​ដ៏​ល្អៗ​ត្រួត​គ្នា​បី​ជាន់ ហើយ​មួយ​ជាន់​ទៀត​សង់​ពី​ឈើ​តាត្រៅ ដូច​ទី‌លាន​ខាង​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​បន្ទប់​ល្វែង​របស់​ព្រះ‌ដំណាក់​ដែរ។

១ ពង្សាវតារក្សត្រ 7:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សាឡូម៉ូន​ទ្រង់​ក៏​សង់​ដំណាក់​របស់​ទ្រង់ ក្នុង​រវាង​អស់​១៣​ឆ្នាំ ទើប​បាន​ស្រេច​ទាំង​អស់ ទ្រង់​បាន​សង់​មន្ទីរ​នៃ​ព្រៃ​ល្បាណូន មាន​បណ្តោយ​១០០​ហត្ថ ទទឹង​៥០​ហត្ថ នឹង​កំពស់​៣០​ហត្ថ មាន​សសរ​តាត្រៅ​៤​ជួរ ដាក់​ធ្នឹម​តាត្រៅ​នៅ​លើ​សសរ​ទាំង​នោះ ក៏​ប្រក់​ដោយ​ឈើ​តាត្រៅ នៅ​លើ​ធ្នឹម​ទាំង​៤៥ ដែល​ដាក់​លើ​សសរ​ទាំង​នោះ ឯ​ធ្នឹម​ទាំង​នោះ ក្នុង​១​ជួរ​មាន​១៥ ឯ​បង្អួច​មាន​៣​ជាន់ នៅ​ប្រទល់​គ្នា​ទាំង​សង​ខាង​គ្រប់​ទាំង​៣​ជាន់ អស់​ទាំង​ទ្វារ នឹង​ក្រប ក៏​ធ្វើ​ពី​ឈើ​៤​ជ្រុង ព្រម​ទាំង​បង្អួច​៣​ជាន់ ប្រទល់​គ្នា​នោះ​ដែរ ទ្រង់​ក៏​ធ្វើ​បាំង‌សាច​ដោយ​មាន​សសរ បាំង‌សាច​នោះ​មាន​បណ្តោយ​៥០​ហត្ថ នឹង​ទទឹង​៣០​ហត្ថ ក៏​មាន​រាន‌ហាល​ពី​មុខ​នោះ ដែល​មាន​សសរនឹង​ធ្នឹម​ពី​លើ​នៅ​ជុំវិញ ទ្រង់​ក៏​ធ្វើ​មន្ទីរ​បាំង‌សាច​សំរាប់​បល្ល័ង្ក ជា​កន្លែង​ដែល​ទ្រង់​ស្តី​ការ គឺ​ជា​ព្រះ‌ទីនាំង​វិនិច្ឆ័យ ហើយ​ក៏​បិទ​ដោយ​ក្តារ​តាត្រៅ ចាប់​តាំង​ពី​ក្រោម​រហូត​ដល់​ពិតាន ឯ​ដំណាក់​ដែល​ទ្រង់​គង់​នៅ នោះ​បាន​ធ្វើ​បែប​ដូច​គ្នា ហើយ​មាន​ទី‌ធ្លា​១​ទៀត ក៏​នៅ​ខាង‌អាយ​មន្ទីរ​មុន​នោះ រួច​មក​ទ្រង់​ធ្វើ​ដំណាក់​១ បែប​ដូច​ជា​មន្ទីរ​មុន​នោះ សំរាប់​បុត្រី​ផារ៉ោន ដែល​ទ្រង់​បាន​យក​ជា​ភរិយា។ ឯ​របស់​ទាំង​អស់​នេះ​បាន​ធ្វើ ដោយ​ថ្ម​មាន​ដំឡៃ ជា​ថ្ម​ដាប់​តាម​ទំហំ ហើយ​អារ​ដំរឹម ដោយ​រណារ ទាំង​ក្នុង​ទាំង​ក្រៅ ចាប់​តាំង​ពី​ឫស​ជញ្ជាំង​ទៅ​ដល់​សំយ៉ាប ហើយ​ខាង​ក្រៅ រហូត​ដល់​ទី‌ធ្លា​ធំ​ដែរ ឯ​ឫស​ជញ្ជាំង នោះ​សុទ្ធ​តែ​ធ្វើ​ពី​ថ្ម មាន​ដំឡៃ​ទាំង​អស់ គឺ​ថ្ម​យ៉ាង​ធំៗ ខ្លះ​១០​ហត្ថ ខ្លះ​៨​ហត្ថ ហើយ​ពី​នោះ​ទៅ​លើ​ក៏​មាន​ថ្ម ដែល​មាន​ដំឡៃ ដាប់​តាម​ទំហំ នឹង​ឈើ​តាត្រៅ​ផង ឯ​ទី‌ធ្លា​ធំ នោះ​មាន​ថ្ម​ដាប់​៣​ជាន់ នឹង​ឈើ​តាត្រៅ​១​ជាន់​នៅ​ជុំវិញ ដូច​ជា​ទីលាន​ខាង​ក្នុង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា​ហើយ​ដូច​ជា​បាំង‌សាច​នៃ​ព្រះ‌វិហារ​ដែរ។