១ ពង្សាវតារក្សត្រ 6:1-38

១ ពង្សាវតារក្សត្រ 6:1-38 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ពី​ក្រុង​អេស៊ីព្ទ​មក បាន​បួន​រយ​ប៉ែតសិប​ឆ្នាំ គឺ​នៅ​ឆ្នាំ​ទី​បួន​ដែល​ព្រះបាទ​សាឡូម៉ូន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល ក្នុង​ខែ​ទី​ពីរ ព្រះបាទ​សាឡូម៉ូន​បាន​ចាប់​តាំង​ស្អាង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។ ឯ​ព្រះ‌វិហារ​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​មាន​បណ្តោយ​ហុកសិប​ហត្ថ ទទឹង​ម្ភៃ​ហត្ថ ហើយ​កម្ពស់​សាមសិប​ហត្ថ មាន​ថែវ​ខាង​មុខ​ទី​បរិសុទ្ធ​របស់​ព្រះ‌វិហារ បណ្តោយ​ម្ភៃ​ហត្ថ ឲ្យ​ត្រូវ​ទទឹង​ព្រះ‌វិហារ ហើយ​ទទឹង​ដប់​ហត្ថ ចេញ​ពី​មុខ​ព្រះ‌វិហារ​ទៅ ទ្រង់​ក៏​ធ្វើ​ឲ្យ​មាន​បង្អួច​ក្នុង​ព្រះ‌វិហារ មាន​ចម្រឹង​ខ្ទាស់​គ្នា ឯ​ជាប់​នឹង​ជញ្ជាំង​ព្រះ‌វិហារ និង​ទី​បរិសុទ្ធ​បំផុត នោះ​ក៏​ធ្វើ​បន្ទប់​យ៉​ភ្ជាប់​នឹង​ជញ្ជាំង​ជា​ខណ្ឌៗ​នៅ​ជុំ‌វិញ។ ឯ​ជាន់ ក្រោម​បង្អស់​មាន​ទទឹង​ប្រាំ​ហត្ថ ជាន់​កណ្ដាល​មាន​ទទឹង​ប្រាំមួយ​ហត្ថ ហើយ​ជាន់​ទី​បី​មាន​ទទឹង​ប្រាំពីរ​ហត្ថ ព្រោះ​ខាង​ក្រៅ​ជញ្ជាំង​នៃ​ព្រះ‌វិហារ ទ្រង់​ធ្វើ​ឲ្យ​រៀវ​ទៅ​ជា​ថ្នាក់ៗ​នៅ​ជុំ‌វិញ ដើម្បី​កុំ​ឲ្យ​រត់​ចូល​ទៅ​ក្នុង​ជញ្ជាំង​នោះ។ មួយ​ទៀត កាល​ដែល​គេ​ស្អាង​ព្រះ‌វិហារ នោះ​គេ​ប្រើ​តែ​ថ្ម​ដាប់​ស្រាប់​មុន​ដែល​ដឹក​មក គ្មាន​ឮ​សូរ​ញញួរ ឬ​ពូថៅ ឬ​គ្រឿង​ដែក​ណា​មួយ នៅ​ក្នុង​ព្រះ‌វិហារ​កំពុង​ដែល​គេ​ស្អាង​ឡើង​នោះ​ឡើយ។ ឯ​ទ្វារ​នៃ​បន្ទប់​ខាងៗ​ថ្នាក់​កណ្ដាល នោះ​នៅ​ខាង​ស្តាំ​ព្រះ‌វិហារ គេ​ឡើង​ទៅ​ដល់​ថ្នាក់​កណ្ដាល​នោះ ហើយ​ពី​ថ្នាក់​កណ្ដាល​ទៅ​ឯ​ថ្នាក់​ទី​បី​ដោយ‌សារ​ជណ្តើរ​វង់ ដូច្នេះ ទ្រង់​បាន​ស្អាង​ព្រះ‌វិហារ​នោះ​ហើយ​ជា​ស្រេច រួច​ទ្រង់​ធ្វើ​គ្រោង​ដំបូល ហើយ​ប្រក់​ដោយ​ឈើ​តា‌ត្រៅ។ ស្ដេច​ក៏សង់​បន្ទប់​ខាង​ក្រៅ​ដែល​ភ្ជាប់​នឹង​ព្រះ‌វិហារ​ជុំ‌វិញ ជាន់​នីមួយៗ មាន​កម្ពស់​ប្រាំ​ហត្ថ បន្ទប់​ទាំង​នោះ​មាន​ធ្នឹម​ឈើ​តា‌ត្រៅ​ថ្កល់​លើ​ជញ្ជាំង​ព្រះ‌វិហារ។ គ្រា​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​សាឡូម៉ូន​ថា៖ «ព្រះ‌វិហារ​ដែល​ឯង​កំពុង​តែ​ស្អាង​នេះ បើ​ឯង​នឹង​ប្រព្រឹត្ត​តាម​បញ្ញត្តិ​របស់​យើង ហើយ​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ ព្រម​ទាំង​រក្សា​សេចក្ដី​បង្គាប់​របស់​យើង​ទាំង​ប៉ុន្មាន ដើម្បី​នឹង​ប្រព្រឹត្ត​តាម នោះ​យើង​នឹង​សម្រេច​ដល់​អ្នក តាម​ពាក្យ​ដែល​យើង​បាន​សន្យា​នឹង​ដាវីឌ ជា​ឪពុក​អ្នក ហើយ​យើង​នឹង​ស្ថិត​នៅ​កណ្ដាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឥត​បោះ‌បង់​ចោល​ប្រជា‌រាស្ត្រ​របស់​យើង​ឡើយ»។ ដូច្នេះ ព្រះបាទ​សាឡូម៉ូន​បាន​ស្អាង​ព្រះ‌វិហារ​នោះ​រួច​ជា​ស្រេច ទ្រង់​ធ្វើ​ជញ្ជាំង​ខាង​ក្នុង​ពី​ឈើ​តា‌ត្រៅ ចាប់​តាំង​ពី​ដី​រហូត​ដល់​ពិតាន ខាង​ក្នុង​ទាំង​អស់​សុទ្ធ​តែ​ស្រោប​ដោយ​ឈើ ក៏​ក្រាល​ព្រះ‌វិហារ​ដោយ​ក្តារ​កកោះ។ ឯ​ទី​ខាង​ចុង​នៃ​ព្រះ‌វិហារ មាន​បណ្តោយ​ម្ភៃ​ហត្ថ ទ្រង់​ក៏​ស្រោប​ដោយ​ឈើ​តា‌ត្រៅ​ដូច​គ្នា ចាប់​តាំង​ពី​ដី​រហូត​ដល់​ពិតាន ហើយ​ខណ្ឌ​ទុក​ជា​ទី​បរិសុទ្ធ​បំផុត សម្រាប់​ទទួល​ព្រះ‌បន្ទូល។ ផ្នែក​ខាង​មុខ​នៃ​ព្រះ‌វិហារ មាន​បណ្តោយ​សែសិប​ហត្ថ។ ឈើ​តា‌ត្រៅ​ដែល​ស្រោប​ខាង​ក្នុង​ព្រះ‌វិហារ ឆ្លាក់​ជា​ផ្កា​ក្រពុំ និង​ផ្កា​រីក គ្រប់​ទាំង​អស់​បាន​បិទ​ដោយ​ឈើ​តា‌ត្រៅ ឥត​ឃើញ​ថ្ម​ឡើយ។ ទ្រង់​រៀបចំ​ទី​បរិសុទ្ធ​បំផុត​ក្នុង​ព្រះ‌វិហារ សម្រាប់​ដាក់​ហិប​សញ្ញា​របស់​ព្រះ‌យេហូវ៉ា។ ខាង​ក្នុង​ទី​បរិសុទ្ធ​បំផុត មាន​បណ្តោយ​ម្ភៃ​ហត្ថ និង​ទទឹង​ម្ភៃ​ហត្ថ ហើយ​កម្ពស់​ម្ភៃ​ហត្ថ​ដែរ ទ្រង់​ស្រោប​ទី​នោះ​ដោយ​មាស​សុទ្ធ ហើយ​អាស‌នា​ដែល​ធ្វើ​ពី​ឈើ​តា‌ត្រៅ​ក៏​ស្រោប​ដូច្នោះ​ដែរ។ ដូច្នេះ ព្រះបាទ​សាឡូម៉ូន​បាន​ស្រោប​ប៉ែក​ខាង​ក្នុង​នៃ​ព្រះ‌វិហារ​ដោយ​មាស​សុទ្ធ ហើយ​ទ្រង់​សន្ធឹង​ច្រវាក់​មាស ខាំង​ពី​មុខ​ទី​បរិសុទ្ធ​បំផុត ដែល​បាន​ស្រោប​មាស​ដែរ។ ដូច្នេះ ព្រះ‌វិហារ​ទាំង​មូល​សុទ្ធ​តែ​ស្រោប​ដោយ​មាស ទាល់​តែ​បាន​រួច​ជា​ស្រេច​ទាំង​អស់ ទោះ​ទាំង​អាស‌នា​ទាំង​មូល​របស់​ទី​បរិសុទ្ធ​បំផុត ក៏​ស្រោប​ដោយ​មាស​ដែរ។ នៅ​ខាង​ក្នុង​ទី​បរិសុទ្ធ​បំផុត ទ្រង់​បាន​ធ្វើ​រូប​ចេរូ‌ប៊ីម​ពីរ ដោយ​ឈើ​អូលីវ មាន​កម្ពស់​ដប់​ហត្ថ​ទាំង​គូ។ ស្លាប​ម្ខាងៗ​របស់​ចេរូ‌ប៊ីម​មួយ មាន​ប្រវែង​ប្រាំ​ហត្ថ គឺ​ពី​ចុង​ស្លាប​ម្ខាង​ទៅ​ដល់​ចុង​ស្លាប​ម្ខាង ត្រូវ​ជា​ដប់​ហត្ថ ឯ​ចេរូ‌ប៊ីម​មួយ​ទៀត​នោះ ក៏​មាន​ដប់​ហត្ថ​ដែរ ចេរូ‌ប៊ីម​ទាំង​ពីរ​មាន​រាង​មាន​ទំហំ​ប៉ុន​គ្នា។ ចេរូ‌ប៊ីម​មួយ​មាន​កម្ពស់​ដប់​ហត្ថ ហើយ​មួយ​ទៀត​ក៏​យ៉ាង​នោះ​ដែរ ទ្រង់​ដាក់​ចេរូ‌ប៊ីម​ទាំង​ពីរ​នៅ​កណ្ដាល​ប៉ែក​ខាង​ក្នុង​នៃ​ព្រះ‌វិហារ ឯ​ស្លាប​នៃ​ចេរូ‌ប៊ីម​ទាំង​ពីរ​ក៏​ត្រដាង​ទៅ ទាល់​តែ​ចុង​ស្លាប​ចេរូ‌ប៊ីម​មួយ ទល់​នឹង​ជញ្ជាំង​ម្ខាង និង​ចុង​ស្លាប​ចេរូ‌ប៊ីម​មួយ​ទៀត​ក៏​ទល់​ជញ្ជាំង​ម្ខាង​ដូច​គ្នា ហើយ​ចុង​ស្លាប​ចេរូ‌ប៊ីម​ទាំង​ពីរ​នៅ​ប្រទល់​គ្នា​ត្រង់​កណ្ដាល​ព្រះ‌វិហារ។ ទ្រង់​ក៏​ស្រោប​ចេរូ‌ប៊ីម​ទាំង​ពីរ​ដោយ​មាស​ដែរ។ ទ្រង់​ឆ្លាក់​ជា​រូប​ចេរូ‌ប៊ីម ជា​ដើម​លម៉ើ ហើយ​ជា​ផ្កា​រីក​នៅ​នា​ជញ្ជាំង​ព្រះ‌វិហារ​ជុំ‌វិញ ទាំង​ខាង​ក្នុង​ខាង​ក្រៅ ហើយ​ក្តារ​ក្រាល​ព្រះ‌វិហារ ទាំង​ខាង​ក្នុង​ខាង​ក្រៅ ទ្រង់​ក៏​ស្រោប​ដោយ​មាស​ដែរ។ ត្រង់​កន្លែង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត ទ្រង់​ធ្វើ​ទ្វារ​ពី​ឈើ​អូលីវ ឯ​ក្រប​ទ្វារ​នោះ​មាន​កម្ពស់​មួយ​ភាគ​ក្នុង​ប្រាំ​នៃ​ជញ្ជាំង។ ទ្វារ​ទាំង​ពីរ​នោះ​ធ្វើ​ពី​ឈើ​អូលីវ ហើយ​ទ្រង់​ក៏​ឆ្លាក់​ជា​រូប​ចេរូ‌ប៊ីម ជា​ដើម​លម៉ើ ហើយ​នឹង​ផ្កា​រីក​ដែរ រួច​ស្រោប​ដោយ​មាស​ទាំង​អស់ គឺ​ស្រោប​មាស​ទាំង​ចេរូ‌ប៊ីម និង​ដើម​លម៉ើ​ផង។ ដូច្នេះ នៅ​ត្រង់​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ទ្រង់​ធ្វើ​ក្រប​ទ្វារ​ពី​ឈើ​អូលីវ​បែប​ដូច្នោះ​ដែរ ឯ​ក្រប​ទ្វារ​នោះ​មាន​កម្ពស់​មួយ​ភាគ​ក្នុង​ប្រាំ​នៃ​ជញ្ជាំង ហើយ​ផ្ទាំង​ទ្វារ​ទាំង​ពីរ​នោះ​ធ្វើ​ពី​ឈើ​កកោះ ឲ្យ​បត់​បាន​គ្រប់​សន្ធឹក​ទាំង​សង​ខាង។ ទ្រង់​ក៏​ឆ្លាក់​ជា​រូប​ចេរូ‌ប៊ីម ជា​ដើម​លម៉ើ និង​ផ្កា​រីក ហើយ​ស្រោប​មាស​ទ្វារ​ទាំង​នោះ ព្រម​ទាំង​ចម្លាក់​ផង។ ទ្រង់​ធ្វើ​ទី‌លាន​ខាង​ក្នុង​ដោយ​ថ្ម​ដាប់​បី​ជាន់ និង​ឈើ​តា‌ត្រៅ​មួយ​ជាន់។ នៅ​ឆ្នាំ​ទី​បួន ខែ​ទីពីរ​នោះ គេ​បាន​ដាក់​ចុះ​ជើង​ជញ្ជាំង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។ ដល់​ឆ្នាំ​ទី​ដប់មួយ ខែ​ទី​ប្រាំបី គេ​បាន​ស្អាង​ព្រះ‌វិហារ​រួច​ជា​ស្រេច​សព្វ​គ្រប់​តាមគម្រោង។ ដូច្នេះ ទ្រង់​ស្អាង​ព្រះ‌វិហារ​នោះ​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ។

១ ពង្សាវតារក្សត្រ 6:1-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់​ព្រះ‌ដំណាក់​ថ្វាយ ព្រះ‌អម្ចាស់ នៅ​ឆ្នាំ​ទី​បួន‌រយ‌ប៉ែត‌សិប ក្រោយ​ពេល​កូន​ចៅ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​សាឡូម៉ូន ក្នុង​ខែ​ពិសាខ ដែល​ត្រូវ​ជា​ខែ​ទី​ពីរ។ ព្រះ‌ដំណាក់​ដែល​ព្រះ‌បាទ​សាឡូម៉ូន​សង់​ថ្វាយ​ព្រះ‌អម្ចាស់ មាន​បណ្ដោយ​ប្រវែង​ហុក‌សិប​ហត្ថ ទទឹង​ម្ភៃ​ហត្ថ និង​កម្ពស់​សាម‌សិប​ហត្ថ។ បន្ទប់​ល្វែង​នៅ​ខាង​មុខ​ទីសក្ការៈ​នៃ​ព្រះ‌ដំណាក់​មាន​បណ្ដោយ​ប្រវែង​ម្ភៃ​ហត្ថ ស្រប​តាម​ប្រវែង​ទទឹង​ព្រះ‌ដំណាក់ រីឯ​ទទឹង​របស់​បន្ទប់​មាន​ប្រវែង​ដប់​ហត្ថ។ នៅ​តាម​ជញ្ជាំង​ព្រះ‌ដំណាក់ ព្រះ‌រាជា​បាន​ឲ្យ​គេ​ធ្វើ​បង្អួច​ដែល​មាន​ដាក់​ចម្រឹង​ផង។ ព្រះ‌រាជា​ឲ្យ​គេ​សង់​បន្ទប់​អម ភ្ជាប់​ទៅ​នឹង​ជញ្ជាំង​ព្រះ‌ដំណាក់ ពោល​គឺ​ព្រះ‌វិហារ និង​ទីសក្ការៈ។ បន្ទប់​អម​ទាំង​នោះ​ស្ថិត​នៅ​ជុំ‌វិញ​ព្រះ‌ដំណាក់។ ជាន់​ខាង​ក្រោម​មាន​ទទឹង​ប្រាំ​ហត្ថ ជាន់​កណ្ដាល​មាន​ទទឹង​ប្រាំ​មួយ​ហត្ថ និង​ជាន់​ខាង​លើ​មាន​ទទឹង​ប្រាំ‌ពីរ​ហត្ថ។ ជញ្ជាំង​ខាង​ក្រៅ​ព្រះ‌ដំណាក់ ពី​ក្រោម​ទៅ​លើ មាន​កម្រាស់​មិន​ស្មើ​គ្នា​ទេ ធ្វើ​ដូច្នេះ ចៀស‌វាង​ចោះ​ជញ្ជាំង​ព្រះ‌ដំណាក់ សម្រាប់​ដាក់​ឈើ​ធ្នឹម។ គេ​សង់​ព្រះ‌ដំណាក់ ដោយ​ប្រើ​ថ្ម​ដែល​គេ​ដាប់​ទុក​ជា​មុន ហេតុ​នេះ ក្នុង​ពេល​សង់ គេ​ពុំ​ឮ​ស្នូរ​ញញួរ​ដែក​ដាប់ ឬ​គ្រឿង​ប្រដាប់​ធ្វើ​ពី​ដែក​ណា​មួយ​នៅ​ក្នុង​ព្រះ‌ដំណាក់​ទេ។ ទ្វារ​ចូល​បន្ទប់​ជាន់​ខាង​ក្រោម ស្ថិត​នៅ​ប៉ែក​ខាង​ស្ដាំ​នៃ​ព្រះ‌ដំណាក់ ហើយ​មាន​ជណ្ដើរ​មួយ​សម្រាប់​ឡើង​ទៅ​ជាន់​កណ្ដាល និង​ពី​ជាន់​កណ្ដាល​ទៅ​ជាន់​ខាង​លើ។ ក្រោយ​ពី​សង់​ព្រះ‌ដំណាក់​រួច​ហើយ ស្ដេច​សង់​ពិដាន និង​ធ្នឹម​អំពី​ឈើ​តាត្រៅ។ ស្ដេច​ក៏​បាន​សង់​បន្ទប់​អម​នៅ​ជុំ‌វិញ​ព្រះ‌ដំណាក់​ដែរ បន្ទប់​ទាំង​នោះ​មាន​កម្ពស់​ប្រាំ​ហត្ថ ក្នុង​ជាន់​នីមួយៗ ហើយ​ភ្ជាប់​នឹង​ជញ្ជាំង​ព្រះ‌ដំណាក់​ដោយ​ឈើ​តាត្រៅ។ ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​សាឡូម៉ូន​ថា៖ «អ្នក​កំពុង​តែ​សង់​ដំណាក់​នេះ​សម្រាប់​យើង។ ប្រសិន​បើ​អ្នក​ប្រតិបត្តិ​តាម​ច្បាប់​របស់​យើង ប្រសិន​បើ​អ្នក​គោរព​តាម​វិន័យ​របស់​យើង ហើយ​ប្រសិន​បើ​អ្នក​កាន់ និង​ធ្វើ​តាម​បទ‌បញ្ជា​របស់​យើង នោះ​យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក តាម​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​ដាវីឌ ជា​បិតា​របស់​អ្នក។ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល យើង​នឹង​មិន​បោះ​បង់​ចោល​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ឡើយ»។ ក្រោយ​បាន​សង់​ព្រះ‌ដំណាក់​រួច​ហើយ ព្រះ‌បាទ​សាឡូម៉ូន ឲ្យ​គេ​ពាស​ជញ្ជាំង​ខាង​ក្នុង​ពី​ឈើ​តាត្រៅ តាំង​ពី​ក្រោម​រហូត​ដល់​ពិដាន ព្រម​ទាំង​ក្រាល​ក្ដារ​ពី​ឈើ​កកោះ​ដែរ។ ស្ដេច​ឲ្យ​គេ​យក​ឈើ​តាត្រៅ​ពាស​ជញ្ជាំង ប៉ែក​ខាង​ក្រោយ​ព្រះ‌ដំណាក់​ពី​ក្រោម​រហូត​ដល់​លើ មាន​ប្រវែង​ម្ភៃ​ហត្ថ។ ផ្នែក​ខាង​ក្នុង​នេះ ទ្រង់​ឲ្យ​គេ​រៀបចំ​ធ្វើ​ជា​ទីសក្ការៈ និង​ទីសក្ការៈ​បំផុត។ បន្ទប់​ធំ​ដែល​នៅ​ខាង​មុខ​ទីសក្ការៈ​មាន​បណ្ដោយ​សែ‌សិប​ហត្ថ។ ឈើ​តាត្រៅ​ដែល​គេ​ពាស​ផ្នែក​ខាង​ក្នុង​ព្រះ‌ដំណាក់ មាន​ឆ្លាក់​ជា​ក្បាច់​រចនា​រូប​ផ្កា​ក្រពុំ និង​រូប​ផ្កា​រីក។ គេ​ពាស​ជញ្ជាំង​ទាំង​អស់​ពី​ឈើ​តាត្រៅ ដោយ​ឥត​ឃើញ​ថ្ម​ឡើយ។ ស្ដេច​រៀបចំ​ទីសក្ការៈ​នៅ​ផ្នែក​ខាង​ក្រោយ​ព្រះ‌ដំណាក់ សម្រាប់​តម្កល់​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់។ ជ្រុង​នីមួយៗ​របស់​ទីសក្ការៈ​មាន​ប្រវែង​ម្ភៃ​ហត្ថ កម្ពស់​ម្ភៃ​ហត្ថ ហើយ​ស្រោប​មាស​សុទ្ធ​ទាំង​អស់។ រីឯ​អាសនៈ​មាន​ពាស​ទៅ​ដោយ​ឈើ​តាត្រៅ។ ព្រះ‌បាទ​សាឡូម៉ូន​បាន​យក​មាស​សុទ្ធ​មក​ស្រោប​ប៉ែក​ខាង​ក្នុង​ព្រះ‌ដំណាក់ ហើយ​យក​ច្រវាក់​ធ្វើ​ពី​មាស​មក​ចង​ខណ្ឌ​នៅ​មុខ​ទីសក្ការៈ ដែល​ស្ដេច​បាន​ស្រោប​មាស​ដែរ។ ដូច្នេះ ព្រះ‌ដំណាក់​ទាំង​មូល​សុទ្ធ​តែ​ស្រោប​មាស អាសនៈ​នៅ​ខាង​មុខ​ទីសក្ការៈ​ក៏​ស្រោប​មាស​ដែរ។ នៅ​ក្នុង​ទីសក្ការៈ ស្ដេច​ឲ្យ​គេ​ឆ្លាក់​រូប​ចេរូ‌ប៊ីន*​មួយ​គូ​ធ្វើ​អំពី​ឈើ​អូលីវ ចេរូ‌ប៊ីន​នីមួយៗ​មាន​កម្ពស់​ដប់​ហត្ថ។ ស្លាប​នីមួយៗ​របស់​ចេរូប៊ីន​ទី​មួយ​មាន​ប្រវែង​ប្រាំ​ហត្ថ គឺ​ពី​ចុង​ស្លាប​ម្ខាង​ទៅ​ចុង​ស្លាប​ម្ខាង​ទៀត​មាន​ប្រវែង​ដប់​ហត្ថ។ ស្លាប​ទាំង​ពីរ​របស់​ចេរូ‌ប៊ីន​ទី​ពីរ​ក៏​មាន​ប្រវែង​ដប់​ហត្ថ​ដែរ។ ចេរូ‌ប៊ីន​ទាំង​ពីរ​មាន​ទំហំ និង​ទ្រង់‌ទ្រាយ​ដូច​គ្នា។ ចេរូប៊ីន​ទី​មួយ​មាន​កម្ពស់​ដប់​ហត្ថ ហើយ​រូប​ទី​ពីរ​ក៏​មាន​កម្ពស់​ប៉ុន​គ្នា​ដែរ។ ស្ដេច​ដាក់​ចេរូ‌ប៊ីន​ទាំង​ពីរ​នៅ​កណ្ដាល​ទីសក្ការៈ ចេរូ‌ប៊ីន​ទាំង​ពីរ​ត្រដាង​ស្លាប គឺ​ចុង​ស្លាប​ចេរូ‌ប៊ីន​ទី​មួយ​លាត​ទៅ​ទល់​នឹង​ជញ្ជាំង​ម្ខាង រីឯ​ចុង​ស្លាប​ចេរូ‌ប៊ីន​ទី​ពីរ​លាត​ទៅ​ទល់​នឹង​ជញ្ជាំង​ម្ខាង​ទៀត។ ចុង​ស្លាប​ម្ខាង​ទៀត​របស់​ចេរូ‌ប៊ីន​នីមួយៗ​លាតទល់​គ្នា​នៅ​ចំ​កណ្ដាល​ទីសក្ការៈ។ ស្ដេច​ឲ្យ​គេ​ស្រោប​រូប​ចេរូ‌ប៊ីន​ទាំង​ពីរ​នេះ ដោយ​មាស។ នៅ​តាម​ជញ្ជាំង​ព្រះ‌ដំណាក់​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ ស្ដេច​ឲ្យ​គេ​ឆ្លាក់​ក្បាច់​ចេរូ‌ប៊ីន ក្បាច់​ដើម​ចាក និង​ក្បាច់​ផ្កា‌រីក​ផង។ រីឯ​ក្ដារ​ក្រាល​ព្រះ‌ដំណាក់​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ​សុទ្ធ​តែ​ស្រោប​មាស។ នៅ​ច្រក​ចូល​ទីសក្ការៈ ស្ដេច​ឲ្យ​គេ​ធ្វើ​ទ្វារ​ពី​ឈើ​អូលីវ។ ក្រប​ទ្វារ​នេះ​មាន​កម្ពស់​មួយ​ភាគ​ប្រាំ​នៃ​ជញ្ជាំង។ សន្លឹក​ទ្វារ​ទាំង​ពីរ​ធ្វើ​ពី​ឈើ​អូលីវ។ នៅ​លើ​សន្លឹក​ទ្វារ​ទាំង​ពីរ​នោះ ស្ដេច​ឲ្យ​គេ​ឆ្លាក់​ក្បាច់​ចេរូ‌ប៊ីន ក្បាច់​ដើម​ចាក និង​ក្បាច់​ផ្កា​រីក ព្រម​ទាំង​ស្រោប​មាស គឺ​ទាំង​ក្បាច់​ចេរូ‌ប៊ីន ទាំង​ក្បាច់​ដើម​ចាក​សុទ្ធ​តែ​ស្រោប​មាស។ រីឯ​ច្រក​ចូល​ព្រះ‌វិហារ ស្ដេច​ឲ្យ​គេ​ធ្វើ​ក្រប​ទ្វារ​ពី​ឈើ​អូលីវ​ដែរ។ ក្រប​ទ្វារ​នោះ​មាន​កម្ពស់​មួយ​ភាគ​បួន​នៃ​ជញ្ជាំង។ សន្លឹក​ទ្វារ​ទាំង​ពីរ​ធ្វើ​ពី​ឈើ​កកោះ សន្លឹក​នីមួយៗ​មាន​ពីរ​ផ្ទាំង ដែល​អាច​បត់​ចូល​គ្នា​បាន។ នៅ​លើ​សន្លឹក​ទ្វារ​ទាំង​ពីរ ស្ដេច​ឲ្យ​គេ​ឆ្លាក់​ក្បាច់​ចេរូ‌ប៊ីន ក្បាច់​ដើម​ចាក និង​ក្បាច់​ផ្កា​រីក ព្រម​ទាំង​ស្រោប​មាស​តម្រូវ​តាម​ក្បាច់​នោះ​ផង។ បន្ទាប់​មក ស្ដេច​ឲ្យ​គេ​ធ្វើ​ទី‌លាន​ខាង​ក្នុង​ពី​ថ្ម‌ដាប់​បី​ជាន់ និង​ឈើ​តាត្រៅ​មួយ​ជាន់។ ក្នុង​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​សាឡូម៉ូន នៅ​ខែ​ពិសាខ គេ​បាន​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ក្នុង​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ព្រះ‌បាទ​សាឡូម៉ូន នៅ​ខែ​កត្ដិក គឺ​ជា​ខែ​ទី​ប្រាំ​បី គេ​បាន​សង់​ព្រះ‌ដំណាក់​រួច​ជា​ស្រេច តាម​គម្រោង​សំណង់។ ដូច្នេះ ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រះ‌ដំណាក់​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ។

១ ពង្សាវតារក្សត្រ 6:1-38 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​ក្រោយ ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​៤៨០​ឆ្នាំ​ហើយ គឺ​នៅ​ឆ្នាំ​ទី​៤​ដែល​សាឡូម៉ូន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រាអែល ក្នុង​ខែ​ពិសាខ ជា​ខែ​ទី​២ នោះ​សាឡូម៉ូន​បាន​ចាប់​តាំង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ឯ​ព្រះ‌វិហារ​ដែល​ស្តេច​សាឡូម៉ូន​បាន​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​មាន​បណ្តោយ​៦០​ហត្ថ ទទឹង​២០​ហត្ថ ហើយ​កំពស់​៣០​ហត្ថ មាន​បាំង‌សាច​ខាង​មុខ​ទី​បរិសុទ្ធ​របស់​ព្រះ‌វិហារ បណ្តោយ​២០​ហត្ថ​ឲ្យ​ត្រូវនឹង​ទទឹង​ព្រះ‌វិហារ ហើយ​ទទឹង​១០​ហត្ថ ចេញ​ពី​មុខ​ព្រះ‌វិហារ​ទៅ ទ្រង់​ក៏​ធ្វើ​ឲ្យ​មាន​បង្អួច​ក្នុង​ព្រះ‌វិហារ មាន​ចំរ៉ឹង​ខ្ទាស់​គ្នា ឯ​ជាប់​នឹង​ជញ្ជាំង​ព្រះ‌វិហារ នឹង​ទី​បរិសុទ្ធ​បំផុត នោះ​ក៏​ធ្វើ​បន្ទប់​យ៉​ភ្ជាប់​នឹង​ជញ្ជាំង​ជា​ខណ្ឌៗ​នៅ​ជុំវិញ ឯ​ថ្នាក់​ក្រោម នោះ​ទទឹង​៥​ហត្ថ ថ្នាក់​កណ្តាល ទទឹង​៦​ហត្ថ ហើយ​ថ្នាក់​ទី​៣ ទទឹង​៧​ហត្ថ ពី​ព្រោះ​ខាង​ក្រៅ​ជញ្ជាំង​នៃ​ព្រះ‌វិហារ ទ្រង់​ធ្វើ​ឲ្យ​រៀវ​ទៅ​ជា​ថ្នាក់ៗ​នៅ​ជុំវិញ ដើម្បី​កុំ​ឲ្យ​រត​ចូល​ទៅ​ក្នុង​ជញ្ជាំង​នោះ មួយ​ទៀត​កាល​ដែល​គេ​ស្អាង​ព្រះ‌វិហារ នោះ​គេ​ប្រើ​តែ​ថ្ម​ដាប់​ស្រាប់​មុន​ដែល​ដឹក​មក គ្មាន​ឮ​សូរ​ញញួរឬ​ពូថៅឬ​គ្រឿង​ដែក​ណា​មួយ នៅ​ក្នុង​ព្រះ‌វិហារ​កំពុង​ដែល​គេ​ស្អាង​ឡើង​នោះ​ឡើយ ឯ​ទ្វារ​នៃ​បន្ទប់​ខាងៗ​ថ្នាក់​កណ្តាល នោះ​នៅ​ខាង​ស្តាំ​ព្រះ‌វិហារ គេ​ឡើង​ទៅ​ដល់​ថ្នាក់​កណ្តាល​នោះ ហើយ​ពី​ថ្នាក់​កណ្តាល​ទៅ​ឯ​ថ្នាក់​ទី​៣​ដោយ‌សារ​ជណ្តើរ​វង់ ដូច្នេះ ទ្រង់​បាន​ស្អាង​ព្រះ‌វិហារ​នោះ​ហើយ​ជា​ស្រេច រួច​ទ្រង់​ធ្វើ​គ្រោង​ដំបូល ហើយ​ប្រក់​ដោយ​ឈើ​តាត្រៅ ក៏​ធ្វើ​បន្ទប់​ខាង​ក្រៅ​ដែល​ភ្ជាប់​នឹង​ព្រះ‌វិហារ​ជុំវិញ មាន​កំពស់​៥​ហត្ថ​រាល់​តែ​ថ្នាក់ បន្ទប់​ទាំង​នោះ​មាន​ធ្នឹម​ឈើ​តាត្រៅ​ថ្កល់​លើ​ជញ្ជាំង​ព្រះ‌វិហារ។ គ្រា​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​សាឡូម៉ូន​ថា ឯ​ព្រះ‌វិហារ​ដែល​ឯង​កំពុង​តែ​ស្អាង​នេះ បើ​ឯង​នឹង​ប្រព្រឹត្ត​តាម​បញ្ញត្ត​របស់​អញ ហើយ​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌ ព្រម​ទាំង​រក្សា​សេចក្ដី​បង្គាប់​របស់​អញ​ទាំង​ប៉ុន្មាន ដើម្បី​នឹង​ប្រព្រឹត្ត​តាម នោះ​អញ​នឹង​សំរេច​ដល់​ឯង តាម​ពាក្យ​ដែល​អញ​បាន​សន្យា​នឹង​ដាវីឌ ជា​ឪពុក​ឯង ហើយ​អញ​នឹង​ស្ថិត​នៅ​កណ្តាល​ពួក​កូន​ចៅ​អ៊ីស្រាអែល ឥត​បោះ‌បង់​ចោល​រាស្ត្រ​របស់​អញ​ឡើយ។ ដូច្នេះ សាឡូម៉ូន ទ្រង់​បាន​ស្អាង​ព្រះ‌វិហារ​នោះ​រួច​ជា​ស្រេច គឺ​ទ្រង់​ធ្វើ​ជញ្ជាំង​ខាង​ក្នុង​ពី​ឈើ​តាត្រៅ ចាប់​តាំង​ពី​ដី​រហូត​ដល់​ពិតាន ខាង​ក្នុង​ទាំង​អស់​សុទ្ធ​តែ​ស្រោប​ដោយ​ឈើ ក៏​ក្រាល​ព្រះ‌វិហារ​ដោយ​ក្តារ​កកោះ​ដែរ ឯ​ទី​ខាង​ចុង​នៃ​ព្រះ‌វិហារ មាន​បណ្តោយ​២០​ហត្ថ នោះ​ទ្រង់​ក៏​ស្រោប​ដោយ​ឈើ​តាត្រៅ​ដូច​គ្នា ចាប់​តាំង​ពី​ដី​រហូត​ដល់​ពិដាន ហើយ​ខណ្ឌ​ទុក​ជា​ទី​បរិសុទ្ធ​បំផុត សំរាប់​ជា​ទី​ទទួល​ព្រះ‌បន្ទូល ផ្នែក​ខាង​មុខ​នៃ​ព្រះ‌វិហារ នោះ​មាន​បណ្តោយ​៤០​ហត្ថ ហើយ​ឈើ​តាត្រៅ​ដែល​ស្រោប​ខាង​ក្នុង​ព្រះ‌វិហារ នោះ​ក៏​ឆ្លាក់​ជា​ផ្កា​ក្រពុំ នឹង​ផ្កា​រីក គ្រប់​ទាំង​អស់​បាន​បិទ ដោយ​ឈើ​តាត្រៅ ឥត​ឃើញ​ថ្ម​ឡើយ ទ្រង់​ក៏​រៀបចំ​ទី​បរិសុទ្ធ​បំផុត​ក្នុង​ព្រះ‌វិហារ សំរាប់​ដាក់​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ឯ​ខាង​ក្នុង​ទី​បរិសុទ្ធ​បំផុត នោះ​មាន​បណ្តោយ​២០​ហត្ថ នឹង​ទទឹង​២០​ហត្ថ ហើយ​កំពស់​២០​ហត្ថ​ដែរ ទ្រង់​ស្រោប​ទី​នោះ​ដោយ​មាស​សុទ្ធ ហើយ​អាសនា​ដែល​ធ្វើ​ពី​ឈើ​តាត្រៅ​ក៏​ស្រោប​ដូច្នោះ​ដែរ ដូច្នេះ សាឡូម៉ូន​បាន​ស្រោប​ប៉ែក​ខាង​ក្នុង​នៃ​ព្រះ‌វិហារ​ដោយ​មាស​សុទ្ធ ហើយ​ទ្រង់​សន្ធឹង​ច្រវាក់​មាស ខាំង​ពី​មុខ​ទី​បរិសុទ្ធ​បំផុត ដែល​បាន​ស្រោប​មាស​ដែរ ដូច្នេះ ព្រះ‌វិហារ​ទាំង​មូល​សុទ្ធ​តែ​ស្រោប​ដោយ​មាស ទាល់​តែ​បាន​រួច​ជា​ស្រេច​ទាំង​អស់ ទោះ​ទាំង​អាសនា​ទាំង​មូល​របស់​ផង​ទី​បរិសុទ្ធ​បំផុត ក៏​ស្រោប​ដោយ​មាស​ដែរ។ នៅ​ខាង​ក្នុង​ទី​បរិសុទ្ធ​បំផុត នោះ​ទ្រង់​បាន​ធ្វើ​រូប​ចេរូប៊ីន​២ ដោយ​ឈើ​អូលីវ មាន​កំពស់​១០​ហត្ថ​ទាំង​គូ ស្លាប​ម្ខាងៗ​របស់​ចេរូប៊ីន​១ មាន​ប្រវែង​៥​ហត្ថ គឺ​ពី​ចុង​ស្លាប​ម្ខាង​ទៅ​ដល់​ចុង​ស្លាប​ម្ខាង ត្រូវ​ជា​១០​ហត្ថ ឯ​ចេរូប៊ីន​១​ទៀត​នោះ ក៏​មាន​១០​ហត្ថ​ដែរ ចេរូប៊ីន​ទាំង​២​មាន​រាង​មាន​ទំហំ​ប៉ុន​គ្នា ចេរូប៊ីន​១​មាន​កំពស់​១០​ហត្ថ ហើយ​១​ទៀត​ក៏​យ៉ាង​នោះ​ដែរ ទ្រង់​ដាក់​ចេរូប៊ីន​ទាំង​២​នៅ​កណ្តាល​ប៉ែក​ខាង​ក្នុង​នៃ​ព្រះ‌វិហារ ឯ​ស្លាប​នៃ​ចេរូប៊ីន​ទាំង​២​ក៏​ត្រដាង​ទៅ ទាល់​តែ​ចុង​ស្លាប​ចេរូប៊ីន​១ ទល់​នឹង​ជញ្ជាំង​ម្ខាង នឹង​ចុង​ស្លាប​ចេរូប៊ីន​១​ទៀត ក៏​ទល់នឹង​ជញ្ជាំង​ម្ខាង​ដូច​គ្នា ហើយ​ចុង​ស្លាប​ចេរូប៊ីន​ទាំង​២​នៅ​ប្រទល់​គ្នា​ត្រង់​កណ្តាល​ព្រះ‌វិហារ ទ្រង់​ក៏​ស្រោប​ចេរូប៊ីន​ទាំង​២​ដោយ​មាស​ដែរ។ ទ្រង់​ឆ្លាក់​ជា​រូប​ចេរូប៊ីន ជា​ដើម​លម៉ើ ហើយ​ជា​ផ្កា​រីក​នៅ​នា​ជញ្ជាំង​ព្រះ‌វិហារ​ជុំវិញ ទាំង​ខាង​ក្នុង​ខាង​ក្រៅ ហើយ​ក្តារ​ក្រាល​ព្រះ‌វិហារ ទាំង​ខាង​ក្នុង​ខាង​ក្រៅ ទ្រង់​ក៏​ស្រោប​ដោយ​មាស​ដែរ ត្រង់​កន្លែង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត នោះ​ទ្រង់​ធ្វើ​ទ្វារ​ពី​ឈើ​អូលីវ ឯ​ក្រប​ទ្វារ​នោះ​មាន​កំពស់​១​ភាគ​ក្នុង​៥​នៃ​ជញ្ជាំង ទ្វារ​ទាំង​២​នោះ​ធ្វើ​ពី​ឈើ​អូលីវ ហើយ​ទ្រង់​ក៏​ឆ្លាក់​ជា​រូប​ចេរូប៊ីន ជា​ដើម​លម៉ើ ហើយ​នឹង​ផ្កា​រីក​ដែរ រួច​ស្រោប​ដោយ​មាស​ទាំង​អស់ គឺ​ស្រោប​មាស​ទាំង​ចេរូប៊ីន នឹង​ដើម​លម៉ើ​ផង នៅ​ត្រង់​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ នោះ​ទ្រង់​ធ្វើ​ក្រប​ទ្វារ​ពី​ឈើ​អូលីវ​បែប​ដូច្នោះ​ដែរ ឯ​ក្រប​ទ្វារ​នោះ​មាន​កំពស់​១​ភាគ​ក្នុង​៥​នៃ​ជញ្ជាំង ហើយ​ផ្ទាំង​ទ្វារ​ទាំង​២ នោះ​ធ្វើ​ពី​ឈើ​កកោះ ឲ្យ​បត់​បាន​គ្រប់​សន្ធឹក​ទាំង​សង​ខាង ទ្រង់​ក៏​ឆ្លាក់​ជា​រូប​ចេរូប៊ីន ជា​ដើម​លម៉ើ នឹង​ផ្កា​រីក ហើយ​ស្រោប​មាស​ទ្វារ​ទាំង​នោះ ព្រម​ទាំង​ចំឡាក់​ផង ទ្រង់​ធ្វើ​ទីលាន​ខាង​ក្នុង​ដោយ​ថ្ម​ដាប់​៣​ជាន់ នឹង​ឈើ​តាត្រៅ​១​ជាន់។ នៅ​ឆ្នាំ​ទី​៤ ខែ​ពិសាខ នោះ​គេ​បាន​ដាក់​ចុះ​ជើង​ជញ្ជាំង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា រួច​ដល់​ឆ្នាំ​១១ ខែ​កត្តិក គឺ​ជា​ខែ​ទី​៨ គេ​បាន​ស្អាង​ព្រះ‌វិហារ​រួច​ជា​ស្រេច​សព្វ​គ្រប់ តាម​ផែន​ទី​គ្រប់ចំពូក ដូច្នេះ ទ្រង់​ស្អាង​ព្រះ‌វិហារ​នោះ​អស់​៧​ឆ្នាំ​ទើប​បាន​ហើយ។