១ ពង្សាវតារក្សត្រ 5:1-12

១ ពង្សាវតារក្សត្រ 5:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ស្តេច​ហ៊ីរ៉ាម នៅ​ស្រុក​ទីរ៉ុស ទ្រង់​បាន​ចាត់​ពួក​មហា‌តលិក​ឲ្យ​មក​គាល់​ព្រះបាទ​សាឡូម៉ូន ពេល​ដែល​ឮ​ថា គេ​បាន​ចាក់​ប្រេង​តាំង​សាឡូម៉ូន​ឡើង​ជា​សេ្តច​ជំនួស​បិតា ព្រោះ​ហ៊ីរ៉ាម​ជា​មិត្ត‌ភក្ដិ​ជិត​ស្និទ្ធ​នឹង​ព្រះបាទ​ដាវីឌ​តាំង​តែ​ពី​ដើម​មក។ ព្រះបាទ​សាឡូម៉ូន​ក៏​បាន​ចាត់​គេ​ឲ្យ​ទៅ​គាល់​ស្ដេច​ហ៊ីរ៉ាម​វិញ​ដែរ ដោយ​ទូល​ថា៖ «ព្រះ‌ករុណា​ជ្រាប​ហើយ​ថា ព្រះ​បាទ​ដាវីឌ បិតា​របស់​ទូល‌បង្គំ ចង់​សាងសង់​ព្រះ‌វិហារ ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទ្រង់​មិន​បាន ដោយ​ព្រោះ​ចេះ​តែ​មាន​ចម្បាំង​នៅ​គ្រប់​ទិស​ជុំ‌វិញ ដរាប​ដល់​ព្រះ‌យេហូវ៉ា​បាន​បង្ក្រាប​គេ​នៅ​ក្រោម​បាទា​របស់​ទ្រង់ ។ ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ទូល‌បង្គំ ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​បាន​ឈប់​សម្រាក​នៅ​គ្រប់​ទិស ឥត​មាន​សត្រូវ ឬ​ហេតុ​អាក្រក់​ណា​កើត​ឡើង​ទៀត​ឡើយ។ ដូច្នេះ ទូល‌បង្គំ​មាន​បំណង​នឹង​សង់​ព្រះ‌ដំណាក់​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទូល‌បង្គំ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះបាទ​ដាវីឌ ជា​បិតា​ទូល‌បង្គំ​ថា "បុត្រ​របស់​អ្នក ដែល​យើង​នឹង​តាំង​ឲ្យ​សោយ‌រាជ្យ​ជំនួស​អ្នក នោះ​នឹង​ស្អាង​វិហារ​មួយ​សម្រាប់​ឈ្មោះ​យើង"។ ហេតុ​នេះ សូម​ព្រះ‌រាជា​បង្គាប់​ឲ្យ​គេ​កាប់​ដើម​តា‌ត្រៅ​នៅ​លើ​ភ្នំ​ល្បាណូន​ឲ្យ​ទូល‌បង្គំ​ផង។ ឯ​ពួក​អ្នក​បម្រើ​របស់​ទូល‌បង្គំ​នឹង​ធ្វើ​ការ​ជា‌មួយ​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​ទូល‌បង្គំ​នឹង​ចេញ​ឈ្នួល​ថ្វាយ​ទ្រង់​សម្រាប់​ពួក​អ្នក​បម្រើ​នោះ តាម​តែ​ទ្រង់​មាន​ព្រះ‌បន្ទូល ដ្បិត​ទ្រង់​ជ្រាប​ហើយ​ថា នៅ​ក្នុង​ពួក​សាសន៍​របស់​ទូល‌បង្គំ គ្មាន​អ្នក​ណា​ចេះ​កាប់​ឈើ​ដូច​ជា​ពួក​ស៊ីដូន​ទេ»។ ពេល​ស្ដេច​ហ៊ីរ៉ាម​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះបាទ​សាឡូម៉ូន ទ្រង់​មាន​អំណរ​ជា​ខ្លាំង ក៏​មាន​រាជ‌ឱង្ការ​ថា៖ «នៅ​ថ្ងៃ​នេះ សូម​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​ព្រះបាទ​ដាវីឌ​មាន​បុត្រ​មួយ​អង្គ ដែល​មាន​ប្រាជ្ញា​អាច​ត្រួត​លើ​សាសន៍​ដ៏​ធំ​យ៉ាង​នេះ​បាន»។ ស្ដេច​ហ៊ីរ៉ាម​បាន​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះបាទ​សាឡូម៉ូន​ថា៖ «ទូល‌បង្គំ​បាន​ឮ​សេចក្ដី​ដែល​ទ្រង់​ផ្ញើ​ទៅ​ទូល‌បង្គំ​ហើយ ទូល‌បង្គំ​ទទួល​ធ្វើ​ឈើ​តា‌ត្រៅ និង​ឈើ​កកោះ តាម​បំណង​ព្រះ‌ហឫ‌ទ័យ​របស់​ទ្រង់។ ពួក​អ្នក​បម្រើ​របស់​ទូល‌បង្គំ​នឹង​យក​ដុល​ឈើ​ចុះ​ពី​ភ្នំ​ល្បាណូន​ដល់​សមុទ្រ ចង​ជា​ក្បូន​បណ្តែត​ទៅ​តាម​សមុទ្រ រហូត​ដល់​កន្លែង​ណា​ដែល​ទ្រង់​កំណត់​ទុក រួច​ទូល‌បង្គំ​នឹង​ឲ្យ​គេ​ស្រាយ​ថ្វាយ​ដល់​ទ្រង់​នៅ​ទី​នោះ បើ​ទ្រង់​ចង់​ធ្វើ​សម្រេច​តាម​បំណង​ចិត្ត​ទូល‌បង្គំ​វិញ នោះ​ត្រូវ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សម្រាប់​ពួក​នៅ​ដំណាក់​ទូល‌បង្គំ​ផង»។ ដូច្នេះ ស្ដេច​ហ៊ីរ៉ាម​ក៏​បាន​ថ្វាយ​ឈើ​តា‌ត្រៅ និង​ឈើ​កកោះ​ដល់​ព្រះបាទ​សាឡូម៉ូន តាម​សេចក្ដី​ត្រូវ​ការ​របស់​ទ្រង់ ហើយ​ព្រះបាទ​សាឡូម៉ូន​បាន​ថ្វាយ​ស្រូវ​ភោជ្ជ‌សាលី​ពីរ​ម៉ឺន​រង្វាល់​ដល់​ស្ដេច​ហ៊ីរ៉ាម ទុក​ជា​ស្បៀង​អាហារ​សម្រាប់​ពួក​ដំណាក់​របស់​ទ្រង់ និង​ប្រេង​សម្រាំង​ម្ភៃ​រង្វាល់ គឺ​ព្រះបាទ​សាឡូម៉ូន​បញ្ជូន​ទៅ​ជូន​ស្ដេច​ហ៊ីរ៉ាម​រាល់​ឆ្នាំ។ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ប្រាជ្ញា​ឲ្យ​ព្រះបាទ​សាឡូម៉ូន ដូច​ជា​ទ្រង់​បាន​សន្យា ហើយ​ស្ដេច​ហ៊ីរ៉ាម និង​ព្រះបាទ​សាឡូម៉ូន​ក៏​មាន​មេត្រី​នឹង​គ្នា ព្រម​ទាំង​ចុះ​សញ្ញា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។

១ ពង្សាវតារក្សត្រ 5:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​ហ៊ីរ៉ាម ជា​ស្ដេច​ក្រុង​ទីរ៉ុស និង​ជា​មិត្ត‌ភក្ដិ​ដ៏​ជិត​ស្និទ្ធ​របស់​ព្រះ‌បាទ​ដាវីឌ​ជ្រាប​ថា គេ​បាន​អភិ‌សេក​ព្រះ‌បាទ​សាឡូម៉ូន​ឲ្យ​ស្នង​រាជ្យ​របស់​ព្រះ‌បាទ​ដាវីឌ​ជា​បិតា ស្ដេច​ក៏​ចាត់​រាជ​បម្រើ​ទៅ​គាល់​ព្រះ‌បាទ​សាឡូម៉ូន។ ព្រះ‌បាទ​សាឡូម៉ូន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ហ៊ីរ៉ាម​ដូច​ត​ទៅ៖ «ព្រះ‌ករុណា​ជ្រាប​ហើយ​ថា ព្រោះ​តែ​សង្គ្រាម​កើត​មាន​ឥត​ស្រាក‌ស្រាន្ត​ពី​គ្រប់​ទិស‌ទី ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ ពុំ​អាច​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​បាន​ទេ រហូត​ទាល់​តែ​ព្រះ‌អម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​ឲ្យ​នៅ​ក្រោម​បាទា​របស់​លោក។ ឥឡូវ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ទូលបង្គំ​ប្រោស​ប្រទាន​សេចក្ដី​សុខ‌សាន្ត នៅ​គ្រប់​ទិស‌ទី គឺ​គ្មាន​មារ​សត្រូវ គ្មាន​គ្រោះ​កាច​ទៀត​ទេ។ ដូច្នេះ ទូលបង្គំ​មាន​បំណង​សង់​ព្រះ‌ដំណាក់​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ទូលបង្គំ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ​ថា “បុត្រ​របស់​អ្នក ដែល​យើង​នឹង​តែង‌តាំង​ឲ្យ​ឡើង​ស្នង​រាជ្យ​បន្ត​ពី​អ្នក នឹង​សង់​ដំណាក់​សម្រាប់​យើង”។ សូម​ព្រះ‌ករុណា​បញ្ជា​គេ​កាប់​ដើម​តាត្រៅ​នៅ​ភ្នំ​លីបង់ ឲ្យ​ទូលបង្គំ​ផង។ អ្នក​បម្រើ​របស់​ទូលបង្គំ​នឹង​ធ្វើ​ការ​រួម​ជា​មួយ​អ្នក​បម្រើ​របស់​ព្រះ‌ករុណា ដ្បិត​ព្រះ‌ករុណា​ជ្រាប​ហើយ​ថា ក្នុង​ចំណោម​ពួក​ទូលបង្គំ គ្មាន​នរណា​ម្នាក់​ប្រសប់​កាប់​ឈើ ដូច​អ្នក​ស្រុក​ស៊ីដូន​ទេ។ ទូលបង្គំ​នឹង​បង់​ប្រាក់​ឈ្នួល​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌ករុណា តាម​ព្រះ‌ករុណា​បង្គាប់»។ កាល​ព្រះ‌បាទ​ហ៊ីរ៉ាម​ទទួល​សារ​ពី​ព្រះ‌បាទ​សាឡូម៉ូន ទ្រង់​មាន​អំណរ​ជា​ខ្លាំង រួច​មាន​រាជ‌ឱង្ការ​ថា៖ «ថ្ងៃ​នេះ សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​បាន​ប្រោស​ប្រទាន​បុត្រ​មួយ​អង្គ​ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស‌វៃ​ដល់​ព្រះ‌បាទ​ដាវីឌ ដើម្បី​គ្រប់‌គ្រង​លើ​ប្រជា‌ជន​ដ៏​ច្រើន​នេះ»។ បន្ទាប់​មក ព្រះ‌បាទ​ហ៊ីរ៉ាម​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​សាឡូម៉ូន​ថា៖ «ទូលបង្គំ​បាន​ទទួល​សារ​របស់​ព្រះ‌ករុណា​ហើយ ទូលបង្គំ​នឹង​ផ្ដល់​ឈើ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌ករុណា​ត្រូវ​ការ គឺ​ឈើ​តាត្រៅ និង​ឈើ​កកោះ។ ពួក​អ្នក​បម្រើ​របស់​ទូលបង្គំ​នឹង​ដឹក​ឈើ​ហ៊ុប​ទាំង​នោះ​ពី​ភ្នំ​លីបង់​ទៅ​ដល់​មាត់​សមុទ្រ ហើយ​ចង​ជា​ក្បូន បណ្តែត​តាម​សមុទ្រ រហូត​ដល់​កន្លែង​ដែល​ព្រះ‌ករុណា​កំណត់​ទុក។ នៅ​ទី​នោះ ពួក​អ្នក​បម្រើ​របស់​ទូលបង្គំ​នឹង​ស្រាយ​ក្បូន ហើយ​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​មក​ទទួល​យក​ឈើ​ហ៊ុប​ទាំង​នោះ។ រីឯ​ថ្លៃ​ឈ្នួល​វិញ សូម​ព្រះ‌ករុណា​ផ្គត់‌ផ្គង់​ស្បៀង​អាហារ ដែល​ទូលបង្គំ​ត្រូវ​ការ​សម្រាប់​ចិញ្ចឹម​អ្នក​បម្រើ​ក្នុង​វាំង​របស់​ទូលបង្គំ​ផង»។ ព្រះ‌បាទ​ហ៊ីរ៉ាម​ថ្វាយ​ឈើ​តាត្រៅ និង​ឈើ​កកោះ​ទាំង​ប៉ុន្មាន តាម​សេចក្ដី​ត្រូវ​ការ​របស់​ព្រះ‌បាទ​សាឡូម៉ូន។ ព្រះ‌បាទ​សាឡូម៉ូន​បាន​ផ្ដល់​ស្បៀង​អាហារ​រៀង​រាល់​ឆ្នាំ មាន​ស្រូវ​ចំនួន​ប្រាំ​មួយ​ពាន់​តោន និង​ប្រេង​ឆា​គុណ‌ភាព​ល្អ​ចំនួន​ប្រាំ​បួន​ពាន់​លីត្រ សម្រាប់​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​ក្នុង​វាំង​របស់​ព្រះ‌បាទ​ហ៊ីរ៉ាម។ ព្រះ‌អម្ចាស់​ប្រទាន​ប្រាជ្ញា​ដល់​ព្រះ‌បាទ​សាឡូម៉ូន តាម​ព្រះ‌បន្ទូល​សន្យា។ ព្រះ‌បាទ​សាឡូម៉ូន និង​ព្រះ‌បាទ​ហ៊ីរ៉ាម ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​គ្នា ហើយ​មាន​ទំនាក់‌ទំនង​ទៅ​វិញ​ទៅ​មក​ដោយ​សុខ‌សាន្ត។

១ ពង្សាវតារក្សត្រ 5:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ហ៊ីរ៉ាម ជា​ស្តេច​ស្រុក​ទីរ៉ុស ទ្រង់​ចាត់​ពួក​មហា‌តលិក​ឲ្យ​មក​គាល់​សាឡូម៉ូន ដោយ​ឮ​ថា គេ​បាន​ចាក់​ប្រេង​តាំង​សាឡូម៉ូន​ឡើង ជា​ស្ដេច​ជំនួស​បិតា​ទ្រង់ ពី​ព្រោះ​ហ៊ីរ៉ាម​ទ្រង់​បាន​ស្រឡាញ់​ដាវីឌ តាំង​តែ​ពី​ដើម​មក ចំណែក​សាឡូម៉ូន ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ឯ​ហ៊ីរ៉ាម​ទូល​ថា ទ្រង់​ជ្រាប​ហើយ​ថា ដាវីឌ ជា​បិតា​នៃ​ទូលបង្គំ រក​ស្អាង​ព្រះ‌វិហារ ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក​មិន​បាន ដោយ​ព្រោះ​ចេះ​តែ​មាន​ចំបាំង​នៅ​គ្រប់​ទិស​ជុំវិញ ដរាប​ដល់​ព្រះ‌យេហូវ៉ា​បាន​បង្ក្រាប​គេ​នៅ​ក្រោម​បាទា​លោក តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ ទ្រង់​បាន​ប្រោស​ប្រទាន ឲ្យ​ទូលបង្គំ​បាន​ឈប់​សំរាក នៅ​គ្រប់​ទិស​ឥត​មាន​សត្រូវ ឬ​ហេតុ​អាក្រក់​ណា​កើត​ឡើង​ឡើយ ដូច្នេះ មើល ទូលបង្គំ​បាន​គិត​សំរេច​នឹង​ស្អាង​ព្រះ‌វិហារ​១​ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​នឹង​ដាវីឌ ជា​បិតា​ទូលបង្គំ​ថា កូន​ឯង​ដែល​អញ​នឹង​តាំង​ឲ្យ​សោយ‌រាជ្យ​ជំនួស​ឯង នោះ​នឹង​ស្អាង​វិហារ​១​សំរាប់​ឈ្មោះ​អញ ហេតុ​នេះ សូម​ព្រះ‌រាជា​បង្គាប់​ឲ្យ​គេ​កាប់​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​ល្បាណូន​ឲ្យ​ទូលបង្គំ ឯ​ពួក​បាវ​ទូលបង្គំ​គេ​នឹង​ធ្វើ​ការ​ជា​មួយ​នឹង​ពួក​បាវ​របស់​ទ្រង់ ហើយ​ទូលបង្គំ​នឹង​ចេញ​ឈ្នួល​ថ្វាយ​ទ្រង់​សំរាប់​ពួក​បាវ​ទ្រង់ តាម​តែ​ទ្រង់​មាន​បន្ទូល ដ្បិត​ទ្រង់​ជ្រាប​ហើយ​ថា នៅ​ក្នុង​ពួក​សាសន៍​នៃ​ទូលបង្គំ គ្មាន​អ្នក​ណា​ចេះ​កាប់​ឈើ​ដូច​ជា​ពួក​ស៊ីដូន​ទេ។ កាល​ហ៊ីរ៉ាម​បាន​ឮ​ព្រះ‌បន្ទូល​របស់​សាឡូម៉ូន នោះ​ទ្រង់​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង ក៏​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នេះ សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​ដាវីឌ​មាន​បុត្រ​១ ដែល​មាន​ប្រាជ្ញា​ឲ្យ​ត្រួត​លើ​សាសន៍​ដ៏​ធំ​ម៉្លេះ​នេះ ហ៊ីរ៉ាម​ក៏​ចាត់​គេ​ឲ្យ​ទៅ​ទូល​សាឡូម៉ូន​ថា ទូលបង្គំ​បាន​ឮ​សេចក្ដី​ដែល​ទ្រង់​ផ្ញើ​ទៅ​ទូលបង្គំ​ហើយ ទូលបង្គំ​ទទួល​ធ្វើ​ឈើ​តាត្រៅនឹង​ឈើ​កកោះ តាម​បំណង​ព្រះ‌ទ័យ​ទ្រង់​គ្រប់​ចំពូក ពួក​បាវ​របស់​ទូលបង្គំ​នឹង​យក​ដុល​ឈើ​ចុះ​ពី​ភ្នំ​ល្បាណូន​ដល់​សមុទ្រ ចង​ជា​ក្បូន​បណ្តែត​ទៅ​តាម​សមុទ្រ រហូត​ដល់​កន្លែង​ណា​ដែល​ទ្រង់​កំណត់​ទុក រួច​ទូលបង្គំ​នឹង​ឲ្យ​គេ​ស្រាយ​ថ្វាយ​ដល់​ទ្រង់​នៅ​ទី​នោះ បើ​ទ្រង់​ចង់​ធ្វើ​សំរេច​តាម​បំណង​ចិត្ត​ទូលបង្គំ​វិញ នោះ​ត្រូវ​ឲ្យ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សំរាប់​ពួក​នៅ​ដំណាក់​ទូលបង្គំ​ផង ដូច្នេះ ហ៊ីរ៉ាម​ក៏​ថ្វាយ​ឈើ​តាត្រៅ នឹង​ឈើ​កកោះ​ដល់​សាឡូម៉ូន តាម​បំណង​ព្រះ‌ទ័យ​ទ្រង់​គ្រប់​ចំពូក ហើយ​សាឡូម៉ូន​ក៏​ថ្វាយ​ស្រូវ​ភោជ្ជ‌សាលី​២​ម៉ឺន​រង្វាល់ ដល់​ហ៊ីរ៉ាម ទុក​ជា​ស្បៀង​អាហារ​នៃ​ពួក​ដំណាក់​ទ្រង់ នឹង​ប្រេង​សំរាំង​២០​រង្វាល់ គឺ​យ៉ាង​នោះ​ដែល​សាឡូម៉ូន​បញ្ជូន​ទៅ​ហ៊ីរ៉ាម​រាល់ៗ​តែ​ឆ្នាំ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រទាន​ឲ្យ​សាឡូម៉ូន​មាន​ប្រាជ្ញា ដូច​ជា​ទ្រង់​បាន​សន្យា ហើយ​ហ៊ីរ៉ាម នឹង​សាឡូម៉ូន​ក៏​មាន​មេត្រី​នឹង​គ្នា ព្រម​ទាំង​ចុះ​សញ្ញា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ផង។