១ ពង្សាវតារក្សត្រ 4:1-34
១ ពង្សាវតារក្សត្រ 4:1-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាទសាឡូម៉ូនជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងអស់ ហើយពួកមន្ត្រីជាន់ខ្ពស់របស់ទ្រង់ មានរាយដូចតទៅនេះ គឺអ័សារា កូនសាដុក លោកជាសម្ដេចសង្ឃ អេលីហូរែប និងអ័ហ៊ីយ៉ា កូនស៊ីសា ជាស្មៀនហ្លួង យេហូសាផាត កូនអ័ហ៊ីលូឌ ជាអ្នកតែងពង្សាវតារ បេណាយ៉ា កូនយេហូយ៉ាដា ជាមេបញ្ជាការ សាដុក និងអ័បៀថើរ ជាសង្ឃ អ័សារា កូនណាថាន់ ជាចាងហ្វាងលើពួកសេនាបតី សាប៊ុត កូនណាថាន់ ជារដ្ឋនាយក ហើយជាមិត្តសម្លាញ់នឹងស្តេច អ័ហ៊ីសា ជាឧកញ៉ាវាំង អ័ដូនីរ៉ាម កូនអាប់ដា ជាមេកំណែន។ ព្រះបាទសាឡូម៉ូនក៏មាននាយកដប់ពីរនាក់ ត្រួតលើពួកអ៊ីស្រាអែលទាំងអស់ ជាអ្នកសម្រាប់ផ្គត់ផ្គង់ស្បៀងអាហារថ្វាយស្តេច និងពួកដំណាក់របស់ទ្រង់ ម្នាក់ៗត្រូវផ្គត់ផ្គង់ស្បៀងអាហារអស់មួយខែក្នុងមួយឆ្នាំ។ ឈ្មោះអស់លោកទាំងនោះមានរាយនាមដូចតទៅ៖ បេន-ហ៊ើរ នៅស្រុកភ្នំអេប្រាអិម បេន-ដេកើរ នៅស្រុកម៉ាកាស ស្រុកស្អាលប៊ីម ស្រុកបេត-សេមែស និងស្រុកហេឡូន-បេត-ហាណាន។ បេន-ហេសេឌ នៅស្រុកអារូបូត (ឯស្រុកសូកូរ និងស្រុកអេភើរទាំងមូល ក៏នៅក្រោមអំណាចលោកដែរ) បេន-អ័ប៊ីណាដាប់ នៅស្រុកដោរទាំងមូល (លោកនោះបានយកនាងថាផាត ជាបុត្រីព្រះបាទសាឡូម៉ូនធ្វើជាភរិយា)។ ប្អាណាជាកូនអ័ហ៊ីលូឌ លោកនោះត្រួតលើស្រុកត្អាណាក ស្រុកមេគីដោ ហើយគ្រប់ស្រុកបេត-សៀន ដែលនៅជិតសារថាន ខាងក្រោមក្រុងយេសរាល ចាប់តាំងពីបេត-សៀនរហូតដល់អេបិល-មហូឡា ខាងនាយយ៉ុកមាម។ បេន-កេប៊ើរនៅរ៉ាម៉ូត-កាឡាត (លោកនោះត្រួតលើភូមិទាំងអស់របស់យ៉ាអ៊ារជាកូនម៉ាណាសេ ដែលនៅស្រុកកាឡាត ហើយលើស្រុកនៅជុំវិញអើកុប ដែលនៅស្រុកបាសាន ទាំងអស់មានទីក្រុងធំៗហុកសិប ដែលមានកំផែង និងរនុកលង្ហិន)។ អ័ហ៊ីណាដាប់ជាកូនអ៊ីដោ នៅស្រុកម៉ាហាណែម។ អ័ហ៊ីម៉ាសនៅខេត្តណែបថាលី (លោកនោះបានយកនាងបាសម៉ាត ជាបុត្រីព្រះបាទសាឡូម៉ូនធ្វើជាភរិយា)។ ប្អាណា ជាកូនហ៊ូសាយ នៅខេត្តអេស៊ើរ និងស្រុកអាឡូត។ យេហូសាផាតជាកូនផារូអា នៅខេត្តអ៊ីសាខារ។ ស៊ីម៉ាយជាកូនអេឡា នៅខេត្តបេនយ៉ាមីន។ កេប៊ើរជាកូនអ៊ូរី ដែលនៅស្រុកកាឡាតជាស្រុករបស់ស៊ីហុន ស្តេចសាសន៍អាម៉ូរី និងស្រុករបស់អុក ជាស្តេចបាសាន លោកនោះជានាយកតែមួយនៅក្នុងស្រុកនោះ។ ពួកយូដា និងពួកអ៊ីស្រាអែល មានគ្នាសន្ធឹកដូចជាខ្សាច់ដែលនៅមាត់សមុទ្រ ពួកគេតែងតែបរិភោគ ហើយលេងសប្បាយ។ ព្រះបាទសាឡូម៉ូនបានសោយរាជ្យលើអស់ទាំងនគរ ចាប់តាំងពីទន្លេអ៊ើប្រាត រហូតដល់ស្រុកភីលីស្ទីន ហើយទៅដល់ព្រំប្រទល់អេស៊ីព្ទទៀត នគរទាំងនោះតែងនាំយកសួយអាករមកថ្វាយព្រះបាទសាឡូម៉ូន ព្រមទាំងគោរពដល់ទ្រង់ រហូតដល់អស់ព្រះជន្ម។ ឯស្បៀងអាហារដែលចាត់ចែងសម្រាប់ព្រះរាជវាំងក្នុងមួយថ្ងៃ នោះគឺជាម្សៅយ៉ាងម៉ដ្តសាមសិបរង្វាល់ ម្សៅធម្មតាហុកសិបរង្វាល់ គោធាត់ៗដប់ គោដែលរកស៊ីនៅវាលម្ភៃ ចៀមមួយរយ ព្រមទាំងប្រើស ឈ្លូស ក្តាន់ និងសត្វស្លាបធាត់ៗផង។ ដ្បិតទ្រង់មានអំណាចលើគ្រប់ទាំងអស់ នៅខាងអាយទន្លេ ចាប់តាំងពីក្រុងធីពសារហូតដល់ក្រុងកាសា ហើយលើអស់ទាំងស្តេចនៅខាងអាយទន្លេដែរ ក៏មានសេចក្ដីសុខនៅគ្រប់ទិសជុំវិញ ពួកយូដា និងពួកអ៊ីស្រាអែល រស់នៅដោយសុខសាន្តត្រាណ គ្រប់គ្នានៅក្រោមដើមទំពាំងបាយជូរ និងក្រោមដើមល្វារបស់ខ្លួន ចាប់តាំងពីក្រុងដាន់រហូតដល់បៀរ-សេបា ដរាបដល់ព្រះបាទសាឡូម៉ូនអស់ព្រះជន្ម។ ទ្រង់ក៏មានរោងសម្រាប់សេះបួនម៉ឺន ដែលទឹមរទេះចម្បាំង ហើយមានពលសេះមួយម៉ឺនពីរពាន់នាក់។ ពួកនាយកទាំងនោះ គេផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ព្រះបាទសាឡូម៉ូន និងអស់អ្នកដែលចូលមកបរិភោគនៅតុរបស់ស្ដេច ហើយគ្រប់គ្នាបានផ្គត់ផ្គង់តាមកំណត់ខែរបស់ខ្លួនឥតមានខ្វះអ្វីឡើយ។ បណ្ដាមនុស្សទាំងប៉ុន្មានក៏ដឹកស្រូវឱក និងចំបើងសម្រាប់សេះ និងសត្វជំនិះផ្សេងៗ មកដល់កន្លែងដែលពួកនាយកទាំងនោះតាំងនៅ តាមដែលលោកបង្គាប់រៀងៗខ្លួន។ ព្រះបានប្រទានឲ្យសាឡូម៉ូនមានប្រាជ្ញា និងយោបល់ច្រើនក្រៃលែង ព្រមទាំងព្រះហឫទ័យធំទូលាយដូចជាបណ្ដាខ្សាច់ដែលនៅមាត់សមុទ្រ ប្រាជ្ញារបស់សាឡូម៉ូនមានលើសហួសជាងប្រាជ្ញារបស់អស់ទាំងពួកស្រុកខាងកើត និងអស់ទាំងប្រាជ្ញារបស់ស្រុកអេស៊ីព្ទផង។ ដ្បិតទ្រង់មានប្រាជ្ញាលើសជាងមនុស្សទាំងអស់ គឺលើសជាងអេថាន ជាពូជសេរ៉ាគីត និងលើសជាងហេម៉ាន កាល់កូល និងដារដា ជាកូនទាំងបីរបស់ម៉ាហូលទៅទៀត កិត្តិនាមរបស់ទ្រង់ បានឮសុសសាយរហូតដល់អស់ទាំងនគរនៅជុំវិញ។ ទ្រង់បាននិពន្ធពាក្យសុភាសិតបីពាន់ខ ហើយក៏លើកទំនុកចម្រៀងមួយពាន់ប្រាំបទ។ ទ្រង់មានរាជឱង្ការពីដើមឈើទាំងពួង ចាប់តាំងពីដើមតាត្រៅ ដែលនៅលើភ្នំល្បាណូន រហូតដល់ដើមហ៊ីសុបដែលដុះលើកកំផែង ក៏មានរាជឱង្ការពីសត្វផ្សេងៗ សត្វស្លាប សត្វលូនវារ និងត្រីផង។ មានមនុស្សគ្រប់សាសន៍មកស្តាប់ប្រាជ្ញារបស់សាឡូម៉ូន គឺមកពីអស់ទាំងស្តេចនៅផែនដី ជាកន្លែងដែលគេបានឮថ្លែងប្រាប់ពីប្រាជ្ញារបស់ទ្រង់។
១ ពង្សាវតារក្សត្រ 4:1-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទសាឡូម៉ូនគ្រងរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល។ មន្ត្រីជាន់ខ្ពស់របស់ស្ដេចមានរាយនាមដូចតទៅ: លោកអសារា ជាកូនរបស់លោកបូជាចារ្យសាដុក លោកអេលីហូរែប និងលោកអហ៊ីយ៉ា ជាកូនរបស់លោកស៊ីសា ជាលេខាធិការ។ លោកយេហូសាផាត ជាកូនរបស់លោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស្ដេច។ លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការរបស់កងទ័ព លោកសាដុក និងលោកអបៀថើរ ជាបូជាចារ្យ។ លោកអសារា ជាកូនរបស់លោកណាថាន់ ជាប្រមុខលើពួករាជប្រតិភូ។ លោកសាប៊ូដ ជាកូនរបស់លោកណាថាន ជាបូជាចារ្យ និងជាមន្ត្រីជំនិតរបស់ស្ដេច។ លោកអហ៊ីសាជាអ្នកទទួលខុសត្រូវលើព្រះរាជវាំង។ លោកអដូនីរ៉ាម ជាកូនរបស់លោកអាប់ដា ជាអ្នកទទួលខុសត្រូវលើកំណែន។ ព្រះបាទសាឡូម៉ូនតែងតាំងរាជប្រតិភូដប់ពីររូប ឲ្យគ្រប់គ្រងលើស្រុកអ៊ីស្រាអែលទាំងមូល អស់លោកទាំងនោះមានភារកិច្ចផ្គត់ផ្គង់ស្បៀងអាហារថ្វាយស្ដេច និងអស់អ្នកនៅក្នុងវាំង គឺម្នាក់ៗត្រូវផ្គត់ផ្គង់ស្បៀងអាហារមួយខែ ក្នុងមួយឆ្នាំ។ រាជប្រតិភូទាំងនោះមានរាយនាមដូចតទៅ: កូនរបស់លោកបេន-ហ៊ើរគ្រប់គ្រងលើតំបន់ភ្នំអេប្រាអ៊ីម។ កូនរបស់លោកបេន-ដេកើរគ្រប់គ្រងលើតំបន់ម៉ាកាស ស្អាលប៊ីម បេតសេមែស ហេឡូន និងបេតហាណាន។ កូនរបស់លោកបេន-ហេសេឌគ្រប់គ្រងលើតំបន់អារូបូត ព្រមទាំងស្រុកសូកូ និងស្រុកអេភើរទាំងមូល។ កូនរបស់លោកបេន-អប៊ីណាដាប់ គ្រប់គ្រងលើស្រុកដោរទាំងមូល លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងថាផាត ជាបុត្រីព្រះបាទសាឡូម៉ូន។ លោកបាណា ជាកូនរបស់លោកអហ៊ីលូដ គ្រប់គ្រងលើតំបន់តាណាក់ និងមេគីដោ ព្រមទាំងតំបន់បេតសៀនទាំងមូល។ តំបន់បេតសៀនមានព្រំប្រទល់រហូតដល់សារថាន ដែលស្ថិតនៅខាងក្រោមយេសរាល។ តំបន់នេះលាតសន្ធឹងពីបេតសៀនរហូតដល់អេបិល-មហូឡា និងរហូតទៅដល់ខាងនាយយ៉ុកមាម។ កូនរបស់លោកបេន-កេប៊ើរគ្រប់គ្រងនៅរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ លោកគ្រប់គ្រងភូមិទាំងប៉ុន្មានរបស់លោកយ៉ាអ៊ារ ជាកូនរបស់លោកម៉ាណាសេ នៅស្រុកកាឡាដ និងតំបន់អើកុប ក្នុងស្រុកបាសាន ដែលមានក្រុងធំៗចំនួនហុកសិប ជាទីក្រុងមានកំពែងដ៏រឹងមាំ និងមានរនុកធ្វើពីលង្ហិន។ លោកអហ៊ីណាដាប់ ជាកូនរបស់លោកអ៊ីដោ គ្រប់គ្រងលើតំបន់ម៉ាហាណែម។ លោកអហ៊ីម៉ាស់គ្រប់គ្រងលើទឹកដីណែបថាលី។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងបាសម៉ាត ជាបុត្រីរបស់ព្រះបាទសាឡូម៉ូន។ លោកបាណា ជាកូនរបស់លោកហ៊ូសាយ គ្រប់គ្រងលើទឹកដីអេស៊ើរ និងអាឡុត។ លោកយេហូសាផាត ជាកូនរបស់លោកបារូអា គ្រប់គ្រងលើទឹកដីអ៊ីសាខារ។ លោកស៊ីម៉ៃ ជាកូនរបស់លោកអេឡា គ្រប់គ្រងលើទឹកដីបេនយ៉ាមីន។ លោកកេប៊ើរ ជាកូនរបស់លោកអ៊ូរី គ្រប់គ្រងលើស្រុកកាឡាដ ព្រមទាំងទឹកដីរបស់ព្រះបាទស៊ីហុន ស្ដេចនៃជនជាតិអាម៉ូរី និងស្រុករបស់ព្រះបាទអុក ស្ដេចស្រុកបាសាន។ ក្នុងតំបន់នេះទាំងមូលមានរាជប្រតិភូតែមួយរូបប៉ុណ្ណោះ។ ប្រជាជននៅស្រុកយូដា និងស្រុកអ៊ីស្រាអែល មានចំនួនច្រើនឥតគណនា ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ។ ពួកគេមានស្បៀងអាហារបរិបូណ៌ ហើយរស់នៅយ៉ាងសប្បាយរីករាយ។ ព្រះបាទសាឡូម៉ូនគ្រប់គ្រងលើនគរទាំងប៉ុន្មាន ចាប់ពីទន្លេអឺប្រាតរហូតដល់ស្រុកភីលីស្ទីន និងព្រំប្រទល់ស្រុកអេស៊ីប នគរទាំងនោះនាំសួយសារអាករមកថ្វាយព្រះបាទសាឡូម៉ូន ហើយនៅជាចំណុះស្ដេច រហូតដល់ទ្រង់អស់ព្រះជន្ម។ ស្បៀងអាហារប្រចាំថ្ងៃសម្រាប់ផ្គត់ផ្គង់ក្នុងវាំងរបស់ព្រះបាទសាឡូម៉ូន មានដូចតទៅ: ម្សៅម៉ដ្ដប្រាំបួនតោន ម្សៅធម្មតាដប់ប្រាំបីតោន គោបំប៉នដប់ក្បាល គោធម្មតាម្ភៃក្បាល ចៀមមួយរយក្បាល ព្រមទាំងសត្វផ្សេងៗជាច្រើនទៀត ដូចជាប្រើស ឈ្លូស ក្ដាន់ និងមាន់ទាបំប៉ន។ ព្រះបាទសាឡូម៉ូនត្រួតត្រាលើទឹកដីទាំងប៉ុន្មាន ដែលស្ថិតនៅត្រើយខាងនាយទន្លេអឺប្រាត ចាប់ពីក្រុងធីពសារហូតដល់ក្រុងកាសា។ ស្ដេចទាំងប៉ុន្មាននៅត្រើយខាងនាយទន្លេអឺប្រាត ស្ថិតនៅក្រោមអំណាចព្រះបាទសាឡូម៉ូនទាំងអស់។ ពេលនោះ មានសុខសន្តិភាពគ្រប់ទិសទី។ ក្នុងរជ្ជកាលរបស់ព្រះបាទសាឡូម៉ូន ប្រជាជននៅស្រុកយូដា និងស្រុកអ៊ីស្រាអែល ចាប់ពីក្រុងដាន់រហូតដល់ក្រុងបៀរសេបា រស់នៅដោយសុខសាន្ត ក្រោមដើមទំពាំងបាយជូរ និងដើមឧទុម្ពររបស់ខ្លួន។ ព្រះបាទសាឡូម៉ូនមានសេះបួនម៉ឺនក្បាល សម្រាប់ទឹមរទេះចម្បាំង និងសេះមួយម៉ឺនពីរពាន់ក្បាលទៀត សម្រាប់ពលទ័ពសេះ។ រៀងរាល់ខែ មានរាជប្រតិភូមួយរូប ទទួលភារកិច្ចផ្គត់ផ្គង់ស្បៀងអាហារ សម្រាប់ព្រះបាទសាឡូម៉ូន និងអស់អ្នកដែលបរិភោគរួមតុជាមួយព្រះរាជា។ រាជប្រតិភូទាំងនោះពុំបានឲ្យស្ដេចខ្វះខាតអ្វីឡើយ។ រាជប្រតិភូទាំងនោះផ្ដល់ស្រូវ និងចំបើងសម្រាប់សេះ ព្រមទាំងសត្វផ្សេងៗទៀតដែលជាជំនិះ នៅតាមកន្លែងដែលគេត្រូវការ ដូចស្ដេចបានកំណត់ទុក។ ព្រះជាម្ចាស់ប្រទានប្រាជ្ញា និងសុភនិច្ឆ័យយ៉ាងលើសលុបដល់ព្រះបាទសាឡូម៉ូន ធ្វើឲ្យស្ដេចមានការយល់ដឹងទូលំទូលាយ ដូចខ្សាច់នៅតាមឆ្នេរសមុទ្រ។ ព្រះរាជាមានប្រាជ្ញាឈ្លាសវៃលើសអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកខាងកើត និងនៅស្រុកអេស៊ីប។ ព្រះរាជាមានប្រាជ្ញាលើសមនុស្សផងទាំងពួង គឺលើសលោកអេថាន ពីអំបូរសេរ៉ាគីត លោកហេម៉ាន ព្រមទាំងលោកកាល់កូល និងលោកដារដា ជាកូនរបស់លោកម៉ាហូល។ កិត្តិនាមរបស់ព្រះរាជាល្បីសុសសាយ រហូតដល់ប្រជាជាតិនានាដែលនៅជុំវិញ។ ព្រះបាទសាឡូម៉ូនថ្លែងសុភាសិត បីពាន់ឃ្លា និងតែងចម្រៀងមួយពាន់ប្រាំបទ។ ព្រះរាជារៀបរាប់អំពីរុក្ខជាតិគ្រប់ប្រភេទ តាំងពីដើមតាត្រៅនៅស្រុកលីបង់ រហូតដល់ដើមហ៊ីសុបដែលដុះនៅតាមកំពែង។ ព្រះរាជារៀបរាប់អំពីសត្វចតុប្បាទ សត្វស្លាប សត្វលូនវារ និងត្រីផងដែរ។ ស្ដេចទាំងឡាយនៅលើផែនដីបានឮគេនិយាយអំពីប្រាជ្ញាញាណរបស់ព្រះបាទសាឡូម៉ូន ក៏ចាត់មនុស្សម្នាពីគ្រប់ជាតិសាសន៍ ឲ្យមកស្ដាប់រាជឱង្ការរបស់ព្រះបាទសាឡូម៉ូន ដែលប្រកបដោយប្រាជ្ញាឈ្លាសវៃ។
១ ពង្សាវតារក្សត្រ 4:1-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯសាឡូម៉ូន ទ្រង់ជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ហើយទ្រង់មានពួកអ្នកដែលជាប្រធាន ដូចកត់ទុកនេះ គឺអ័សារា កូនសាដុក លោកជាសំដេចសង្ឃ អេលីហូរែប នឹងអ័ហ៊ីយ៉ា កូនស៊ីសា ជាស្មៀនហ្លួង យេហូសាផាត កូនអ័ហ៊ីលូឌ ជាអ្នកតែងពង្សាវតារ បេណាយ៉ា កូនយេហូយ៉ាដា ជាមេទ័ព សាដុក នឹងអ័បៀថើរជាសង្ឃ អ័សារា កូនណាថាន់ ជាចាងហ្វាងលើពួកសេនាបតី សាប៊ុត កូនណាថាន់ ជារដ្ឋនាយក ហើយជាមិត្រសំឡាញ់នឹងស្តេច អ័ហ៊ីសា ជាឧកញ៉ាវាំង អ័ដូនីរ៉ាម កូនអាប់ដា ជាមេកំណែន។ សាឡូម៉ូនទ្រង់ក៏មាននាយក១២នាក់ ត្រួតលើពួកអ៊ីស្រាអែលទាំងអស់ ជាអ្នកសំរាប់ផ្គត់ផ្គង់ស្បៀងអាហារថ្វាយស្តេច នឹងពួកដំណាក់ទ្រង់ ម្នាក់ៗត្រូវផ្គត់ផ្គង់ស្បៀងអាហារអស់១ខែក្នុង១ឆ្នាំ ឯឈ្មោះនៃលោកទាំងនោះដូចមាននៅខាងក្រោមនេះ គឺបេន-ហ៊ើរ នៅស្រុកភ្នំអេប្រាអិម១ បេន-ដេកើរ នៅស្រុកម៉ាកាស ស្រុកស្អាលប៊ីម ស្រុកបេត-សេមែស នឹងស្រុកហេឡូន-បេត-ហាណាន១ បេន-ហេសេឌ នៅស្រុកអារូបូត១ (ឯស្រុកសូកូរ នឹងស្រុកអេភើរទាំងមូល ក៏នៅក្រោមអំណាចលោកដែរ) បេន-អ័ប៊ីណាដាប់ នៅស្រុកដោរទាំងមូល១ (លោកនោះបានយកនាងថាផាត ជាបុត្រីសាឡូម៉ូនធ្វើជាប្រពន្ធ) ប្អាណា ជាកូនអ័ហ៊ីលូឌ១ លោកនោះត្រួតលើស្រុកត្អាណាក ស្រុកមេគីដោ ហើយគ្រប់ស្រុកបេត-សៀន ដែលនៅជិតសារថាន ខាងក្រោមក្រុងយេសរាល ចាប់តាំងពីបេត-សៀន រហូតដល់អេបិល-មហូឡា ខាងនាយយ៉ុកមាម បេន-កេប៊ើរនៅរ៉ាម៉ូត-កាឡាត១ (លោកនោះត្រួតលើអស់ទាំងភូមិរបស់យ៉ាអ៊ារជាកូនម៉ាន៉ាសេ ដែលនៅស្រុកកាឡាត ហើយលើស្រុកនៅជុំវិញអើកុប ដែលនៅស្រុកបាសាន ទាំងអស់មានទីក្រុងយ៉ាងធំ៦០ ដែលមានកំផែង ហើយនឹងរនុកលង្ហិន) អ័ហ៊ីណាដាប់ ជាកូនអ៊ីដោ នៅស្រុកម៉ាហាណែម១ អ័ហ៊ីម៉ាស នៅខែត្រណែបថាលី១ (លោកនោះបានយកនាងបាសម៉ាត ជាបុត្រីសាឡូម៉ូន ធ្វើជាប្រពន្ធ) ប្អាណា ជាកូនហ៊ូសាយ នៅខែត្រអេស៊ើរ នឹងស្រុកអាឡូត១ យេហូសាផាត ជាកូនផារូអា នៅខែត្រអ៊ីសាខារ១ ស៊ីម៉ាយ ជាកូនអេឡា នៅខែត្របេនយ៉ាមីន១ កេប៊ើរ ជាកូនអ៊ូរី១ ដែលនៅស្រុកកាឡាតជាស្រុករបស់ស៊ីហុន ស្តេចសាសន៍អាម៉ូរី នឹងស្រុករបស់អុក ជាស្តេចបាសាន លោកនោះជានាយកតែ១នៅក្នុងស្រុកនោះ។ ឯពួកយូដា នឹងពួកអ៊ីស្រាអែល គេមានគ្នាសន្ធឹកដូចជាខ្សាច់ដែលនៅមាត់សមុទ្រ ក៏តែងតែបរិភោគ ហើយលេងសប្បាយ ចំណែកសាឡូម៉ូនទ្រង់សោយរាជ្យលើអស់ទាំងនគរ ចាប់តាំងពីទន្លេអ៊ើប្រាត រហូតដល់ស្រុកភីលីស្ទីន ហើយទៅដល់ព្រំស្រុកអេស៊ីព្ទទៀត នគរទាំងនោះ ក៏នាំយកសួយអាករមកថ្វាយសាឡូម៉ូន ព្រមទាំងគោរពដល់ទ្រង់ រហូតដល់អស់ព្រះជន្ម ឯស្បៀងអាហារដែលចាត់ចែងសំរាប់ព្រះរាជវាំងក្នុង១ថ្ងៃ នោះគឺជាម្សៅយ៉ាងម៉ដ្ត៣០រង្វាល់ ម្សៅធម្មតា៦០រង្វាល់ គោយ៉ាងធាត់១០ គោដែលរកស៊ីនៅវាល២០ ចៀម១០០ ព្រមទាំងប្រើស ឈ្លូស ក្តាន់ នឹងសត្វស្លាបធាត់ៗផង ដ្បិតទ្រង់មានអំណាចលើគ្រប់ទាំងអស់ នៅខាងអាយទន្លេ ចាប់តាំងពីក្រុងធីពសា រហូតដល់ក្រុងកាសា ហើយលើអស់ទាំងស្តេចនៅខាងអាយទន្លេដែរ ក៏មានសេចក្ដីសុខនៅគ្រប់ទិសជុំវិញ ពួកយូដា នឹងពួកអ៊ីស្រាអែល គេនៅដោយសុខសាន្តត្រាណ គ្រប់គ្នានៅក្រោមទ្រើងទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបា ដរាបដល់អស់ព្រះជន្មនៃសាឡូម៉ូន ទ្រង់ក៏មានរោងសំរាប់សេះ៤ម៉ឺន ដែលទឹមរទេះចំបាំង ហើយមានពលសេះ១ម៉ឺន២ពាន់នាក់ ឯពួកនាយកទាំងនោះ គេផ្គត់ផ្គង់ស្បៀងអាហារ សំរាប់ស្តេចសាឡូម៉ូន នឹងអស់ពួកអ្នកដែលចូលមកបរិភោគនៅតុរបស់ទ្រង់ គ្រប់គ្នាបានផ្គត់ផ្គង់តាមកំណត់ខែរបស់ខ្លួនឥតមានខ្វះអ្វីឡើយ បណ្តាមនុស្សទាំងប៉ុន្មាន ក៏ដឹកស្រូវឱក នឹងចំបើងសំរាប់សេះ នឹងសត្វជំនិះផ្សេងៗ មកដល់កន្លែងដែលពួកនាយកទាំងនោះតាំងនៅ តាមដែលលោកបង្គាប់រៀងខ្លួន។ ព្រះទ្រង់បានប្រទានឲ្យសាឡូម៉ូនមានប្រាជ្ញា នឹងយោបល់ច្រើនក្រៃលែង ព្រមទាំងព្រះហឫទ័យធំទូលាយដូចជាបណ្តាខ្សាច់ដែលនៅមាត់សមុទ្រ ប្រាជ្ញារបស់សាឡូម៉ូនក៏លើសហួសជាងប្រាជ្ញារបស់អស់ទាំងពួកស្រុកខាងកើត ហើយនឹងអស់ទាំងប្រាជ្ញារបស់ស្រុកអេស៊ីព្ទផង ដ្បិតទ្រង់មានប្រាជ្ញា លើសជាងមនុស្សទាំងអស់ គឺលើសជាងអេថាន ជាពូជសេរ៉ាគីត ហើយលើសជាងហេម៉ាន កាល់កូល នឹងដារដា ជាកូនទាំង៣របស់ម៉ាហូលទៅទៀត កិត្តិនាមរបស់ទ្រង់ ក៏ឮសុសសាយទួទៅក្នុងគ្រប់ទាំងនគរនៅជុំវិញ ទ្រង់បាននិពន្ធពាក្យសុភាសិត៣ពាន់ខ ហើយក៏លើកទំនុកចំរៀង១ពាន់៥បទ ទ្រង់មានបន្ទូលពីដើមឈើទាំងពួង ចាប់តាំងពីដើមតាត្រៅ ដែលនៅលើភ្នំល្បាណូន រហូតដល់ដើមហ៊ីសុបដែលដុះលើកំផែង ក៏មានបន្ទូលពីសត្វផ្សេងៗ សត្វស្លាប សត្វលូនវារ ហើយនឹងត្រីផង មានមនុស្សមូលមកពីគ្រប់ទាំងសាសន៍ ដើម្បីស្តាប់ប្រាជ្ញារបស់សាឡូម៉ូន គឺមកពីអស់ទាំងស្តេចនៅផែនដី ជាកន្លែងដែលគេបានឮថ្លែងប្រាប់ពីប្រាជ្ញាទ្រង់។