១ ពង្សាវតារក្សត្រ 3:5-10
១ ពង្សាវតារក្សត្រ 3:5-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅត្រង់គីបៀននោះ ព្រះយេហូវ៉ាបានលេចមក ឲ្យសាឡូម៉ូនឃើញក្នុងសុបិននិមិត្តនៅពេលយប់ ដោយមានព្រះបន្ទូលថា៖ «ចូរសូមអ្វីដែលចង់ឲ្យយើងប្រទានដល់អ្នកចុះ!»។ ព្រះបាទសាឡូម៉ូនទូលឆ្លើយថា៖ «ព្រះអង្គបានសម្ដែងសេចក្ដីសប្បុរសយ៉ាងធំដល់អ្នកបម្រើរបស់ព្រះអង្គ គឺព្រះបាទដាវីឌជាបិតារបស់ទូលបង្គំ តាមដែលទ្រង់បានប្រព្រឹត្តនៅចំពោះព្រះអង្គ ដោយសេចក្ដីពិត និងសេចក្ដីសុចរិត ហើយដោយមានចិត្តទៀងត្រង់ដល់ព្រះអង្គ ព្រះអង្គក៏បានបម្រុងទុកសេចក្ដីសប្បុរសដ៏ធំនេះឲ្យទ្រង់ទៀត គឺបានប្រទានឲ្យទ្រង់មានកូន សម្រាប់អង្គុយលើបល្ល័ង្ករបស់ទ្រង់ ដូចជាមានសព្វថ្ងៃនេះ។ ឥឡូវនេះ ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ ព្រះអង្គបានតាំងទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ឡើងធ្វើជាស្តេចជំនួសដាវីឌបិតាទូលបង្គំ តែទូលបង្គំដូចជាក្មេងតូច ឥតដឹងជាត្រូវចេញចូលយ៉ាងណាឡើយ។ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ នៅកណ្ដាលប្រជាជនដែលព្រះអង្គបានជ្រើសរើស ជាសាសន៍មួយធំ មានគ្នាច្រើនហួសកំណត់នឹងរាប់បាន។ ដូច្នេះ សូមព្រះអង្គប្រទានឲ្យទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ មានចិត្តប្រកបដោយប្រាជ្ញា ដើម្បីនឹងគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះអង្គ ប្រយោជន៍ឲ្យទូលបង្គំបានពិចារណាដឹងខុសត្រូវ ដ្បិតតើមានអ្នកណាអាចនឹងគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះអង្គ ដែលមានគ្នាច្រើនទាំងនេះបាន?»។ ព្រះអម្ចាស់សព្វព្រះហឫទ័យចំពោះសេចក្ដីដែលព្រះបាទសាឡូម៉ូនបានសូមនោះ។
១ ពង្សាវតារក្សត្រ 3:5-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្នុងពេលដែលព្រះបាទសាឡូម៉ូនគង់នៅគីបៀន ព្រះអម្ចាស់បានសម្តែងឲ្យស្ដេចឃើញ ក្នុងសុបិននិមិត្តនៅពេលយប់។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «បើអ្នកចង់បានអ្វី ចូរសុំមកចុះ យើងនឹងប្រគល់ឲ្យ!»។ ព្រះបាទសាឡូម៉ូនទូលថា៖ «ព្រះអង្គបានសម្តែងព្រះហឫទ័យសប្បុរសដ៏ធំធេងចំពោះបិតាទូលបង្គំ គឺព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រោះបិតាទូលបង្គំរស់នៅដោយភក្ដីភាព សុចរិត និងមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ។ ព្រះអង្គនៅតែសម្តែងព្រះហឫទ័យសប្បុរសដ៏ធំធេងចំពោះបិតាទូលបង្គំ ដោយប្រោសប្រទានឲ្យស្ដេចមានបុត្រមួយអង្គ ឡើងស្នងរាជ្យនៅថ្ងៃនេះ។ បពិត្រព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ ព្រះអង្គបានតែងតាំងទូលបង្គំឲ្យឡើងស្នងរាជ្យរបស់ព្រះបាទដាវីឌ ជាបិតាទូលបង្គំ។ ប៉ុន្តែ ទូលបង្គំនៅក្មេងខ្ចីពេក មិនទាន់ចេះគ្រប់គ្រងស្រុកនៅឡើយ។ ទូលបង្គំត្រូវដឹកនាំប្រជាជនដែលព្រះអង្គបានជ្រើសរើស គឺប្រជាជនដ៏ច្រើនឥតគណនា។ ហេតុនេះ សូមព្រះអង្គប្រោសប្រទានឲ្យទូលបង្គំមានប្រាជ្ញាឈ្លាសវៃ ដើម្បីគ្រប់គ្រងប្រជារាស្ត្ររបស់ព្រះអង្គ ហើយឲ្យទូលបង្គំចេះវិនិច្ឆ័យ ស្គាល់ការល្អ ការអាក្រក់ បើមិនដូច្នោះទេ តើនរណាអាចគ្រប់គ្រងលើប្រជារាស្ត្រដ៏ច្រើនឥតគណនារបស់ព្រះអង្គបាន?»។ ព្រះអម្ចាស់សព្វព្រះហឫទ័យនឹងការទូលសូមរបស់ព្រះបាទសាឡូម៉ូនណាស់
១ ពង្សាវតារក្សត្រ 3:5-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយនៅត្រង់គីបៀននោះ ព្រះយេហូវ៉ាទ្រង់ក៏លេចមក ឲ្យសាឡូម៉ូនឃើញក្នុងសុបិននិមិត្តនៅវេលាយប់ ដោយបន្ទូលថា ចូរសូមអ្វីដែលចង់ឲ្យអញប្រទានដល់ឯងចុះ នោះសាឡូម៉ូនទ្រង់ទូលឆ្លើយថា ព្រះអង្គបានសំដែងសេចក្ដីសប្បុរសដ៏ធំដល់បាវបំរើទ្រង់ គឺដាវីឌ ជាព្រះវរបិតានៃទូលបង្គំ តាមដែលលោកបានប្រព្រឹត្តនៅចំពោះទ្រង់ ដោយសេចក្ដីពិត នឹងសេចក្ដីសុចរិត ហើយដោយមានចិត្តទៀងត្រង់ដល់ទ្រង់ ព្រះអង្គក៏បានបំរុងទុកសេចក្ដីសប្បុរសដ៏ធំនេះ ឲ្យលោកទៀត គឺបានប្រទានឲ្យលោកមានកូន សំរាប់អង្គុយលើបល្ល័ង្ករបស់លោក ដូចជាមានសព្វថ្ងៃនេះ ឥឡូវនេះ ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ ទ្រង់បានតាំងទូលបង្គំជាបាវបំរើទ្រង់ឡើង ធ្វើជាស្តេចជំនួសដាវីឌព្រះបិតាទូលបង្គំ តែទូលបង្គំដូចជាក្មេងតូច ឥតដឹងជាត្រូវចេញចូលយ៉ាងណាឡើយ ទូលបង្គំ ជាបាវបំរើទ្រង់ នៅកណ្តាលប្រជាជន ដែលទ្រង់បានជ្រើសរើស ជាសាសន៍១ធំ មានគ្នាច្រើនហួសកំណត់នឹងរាប់បាន ដូច្នេះ សូមទ្រង់ប្រទានឲ្យទូលបង្គំ ជាបាវបំរើទ្រង់ មានចិត្តប្រកបដោយប្រាជ្ញា ដើម្បីនឹងគ្រប់គ្រងលើរាស្ត្រទ្រង់ ប្រយោជន៍ឲ្យទូលបង្គំបានពិចារណាដឹងខុសត្រូវ ដ្បិតតើមានអ្នកណាអាចនឹងគ្រប់គ្រងលើរាស្ត្រទ្រង់ ដែលមានគ្នាច្រើនទាំងនេះបាន។ ព្រះអម្ចាស់ ទ្រង់ក៏សព្វព្រះហឫទ័យចំពោះសេចក្ដីដែលសាឡូម៉ូនបានសូមនោះ