១ ពង្សាវតារក្សត្រ 3:10-13

១ ពង្សាវតារក្សត្រ 3:10-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចំពោះ​សេចក្ដី​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​សូម​នោះ។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ដោយ​ព្រោះ​ឯង​បាន​សូម​សេចក្ដី​នេះ គឺ​មិន​បាន​សូម​ឲ្យ​បាន​អាយុ​វែង ឬ​ឲ្យ​បាន​ទ្រព្យ​សម្បត្តិ ឬ​ឲ្យ​បាន​យក​ជីវិត​របស់​ពួក​ខ្មាំង​សត្រូវ​ឡើយ គឺ​បាន​សូម​ឲ្យ​មាន​យោបល់​សម្រាប់​នឹង​យល់​សេចក្ដី​យុត្តិ‌ធម៌​វិញ ដូច្នេះ យើង​នឹង​ធ្វើ​តាម​ពាក្យ​របស់​អ្នក គឺ​យើង​ឲ្យ​អ្នក​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា និង​យោបល់ ដែល​គ្មាន​អ្នក​ណា​ដូច​អ្នក​ឡើយ តាំង​ពី​មុន ឬ​ទៅ​អនាគត ក៏​នឹង​គ្មាន​អ្នក​ណា​មួយ​កើត​ឡើង​ឲ្យ​ដូច​អ្នក​ដែរ។ យើង​ក៏​បាន​ឲ្យ​នូវ​អ្វី​ដែល​អ្នក​មិន​បាន​សូម​ផង​ដែរ គឺ​ទាំង​ទ្រព្យ​សម្បត្តិ និង​កេរ្តិ៍‌ឈ្មោះ សម្រាប់​មួយ​ជីវិត​របស់​អ្នក គ្មាន​ស្តេច​ណា​មួយ​ដែល​អាច​ប្រៀបផ្ទឹម​នឹង​អ្នក​បាន​ឡើយ។

១ ពង្សាវតារក្សត្រ 3:10-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ការ​ទូល​សូម​របស់​ព្រះ‌បាទ​សាឡូម៉ូន​ណាស់ ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​មិន​បាន​ទូល​សូម​ឲ្យ​មាន​អាយុ​វែង មាន​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ ឬ​ឲ្យ​ខ្មាំង​សត្រូវ​របស់​អ្នក​ត្រូវ​វិនាស​ឡើយ តែ​អ្នក​ទូល​សូម​ឲ្យ​មាន​ប្រាជ្ញា​ឈ្លាស‌វៃ និង​ការ​យល់​ដឹង ដើម្បី​គ្រប់‌គ្រង​ប្រជា‌រាស្ត្រ ដោយ​យុត្តិធម៌។ ដូច្នេះ យើង​នឹង​ធ្វើ​តាម​ការ​ទូល​សូម​របស់​អ្នក គឺ​យើង​ឲ្យ​អ្នក​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ដែល​គ្មាន​នរណា​ម្នាក់​អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ ទោះ​បី​ពី​មុន​ក្ដី ឬ​ទៅ​អនាគត​ក្ដី។ លើស​ពី​នេះ យើង​ក៏​ផ្ដល់​ឲ្យ​អ្នក​មាន​អ្វីៗ​ដែល​អ្នក​មិន​បាន​ទូល​សូម​យើង​ដែរ គឺ​ទ្រព្យ​សម្បត្តិ ភាព​ថ្កុំ‌ថ្កើង​រុងរឿង។ ក្នុង​មួយ​ជីវិត​របស់​អ្នក គ្មាន​ស្ដេច​ណា​មួយ​អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ។

១ ពង្សាវតារក្សត្រ 3:10-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌អម្ចាស់ ទ្រង់​ក៏​សព្វ​ព្រះ‌ហឫទ័យ​ចំពោះ​សេចក្ដី​ដែល​សាឡូម៉ូន​បាន​សូម​នោះ ហើយ​ទ្រង់​មាន​បន្ទូល​តប​ថា ដោយ​ព្រោះ​ឯង​បាន​សូម​សេចក្ដី​នេះ គឺ​មិន​បាន​សូម​ឲ្យ​បាន​អាយុ​វែង ឬ​ឲ្យ​បាន​ទ្រព្យ​សម្បត្តិ ឬ​ឲ្យ​បាន​យក​ជីវិត​នៃ​ពួក​ខ្មាំង​សត្រូវ​ឯង គឺ​បាន​សូម​ឲ្យ​មាន​យោបល់​សំរាប់​នឹង​យល់​សេចក្ដី​យុត្តិ‌ធម៌​វិញ ដូច្នេះ អញ​បាន​ធ្វើ​តាម​ពាក្យ​ឯង​ហើយ មើល អញ​បាន​ឲ្យ​ឯង​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា នឹង​យោបល់ ដល់​ម៉្លេះ​បាន​ជា​មុន​ឯង​ឥត​មាន​អ្នក​ណា​ឲ្យ​ដូច​ឯង​ឡើយ ហើយ​ក្រោយ​ឯង ក៏​នឹង​គ្មាន​អ្នក​ណា​មួយ​កើត​ឡើង​ឲ្យ​ដូច​ឯង​ដែរ អញ​ក៏​បាន​ឲ្យ​សេចក្ដី​ដែល​ឯង​មិន​បាន​សូម​ផង គឺ​ទាំង​ទ្រព្យ​សម្បត្តិ នឹង​កេរ្តិ៍‌ឈ្មោះ ដល់​ម៉្លេះ​បាន​ជា​ក្នុង​ពួក​ស្តេច​ទាំង​ប៉ុន្មាន​នឹង​គ្មាន​អ្នក​ណា​មួយ​ដូច​ឯង ដរាប​ដល់​គ្រប់​១​ជីវិត​ឯង​ឡើយ