១ ពង្សាវតារក្សត្រ 3:1-15

១ ពង្សាវតារក្សត្រ 3:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះបាទ​សាឡូម៉ូន​បាន​ចង​ញាតិ‌ពន្ធ​នឹង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដោយ​យក​បុត្រី​ផារ៉ោន​ធ្វើ​ជា​ភរិយា ហើយ​នាំ​នាង​មក​ក្នុង​ក្រុង​ដាវីឌ ទាល់​តែ​ទ្រង់​បាន​សង់​ដំណាក់​របស់​ទ្រង់ និង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កំផែង​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម​ចប់​សព្វ​គ្រប់។ នៅ​គ្រា​នោះ ប្រជាជន​គេ​ថ្វាយ​យញ្ញ‌បូជា​នៅ​តែ​លើ​ទី​ខ្ពស់ៗ ព្រោះ​មិន​ទាន់​បាន​ស្អាង​ព្រះ‌វិហារ​ណា ថ្វាយ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នៅ​ឡើយ។ ព្រះបាទ​សាឡូម៉ូន​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ខ្លាំង​ណាស់ ហើយ​បាន​ប្រព្រឹត្ត​តាម​ដំបូន្មាន​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​ដាវីឌ​ជា​បិតា​របស់​ទ្រង់ ប៉ុន្តែ ការ​ដែល​ថ្វាយ​យញ្ញ‌បូជា និង​ការ​ដុត​កំញាន​នោះ គឺ​ធ្វើ​នៅ​លើ​ទី​ខ្ពស់ៗ​ប៉ុណ្ណោះ។ ព្រះបាទ​សាឡូម៉ូន​បាន​យាង​ទៅ​គីបៀន ដើម្បី​ថ្វាយ​យញ្ញ‌បូជា​នៅ​ទី​នោះ ព្រោះ​ទី​ខ្ពស់​នោះ​ជា​ទី​កន្លែង​ប្រសើរ​វិសេស​ជាង​គេ ទ្រង់​បាន​ថ្វាយ​តង្វាយ​ដុត​អស់​មួយ​ពាន់ នៅ​លើ​អាស‌នា​នៅ​ទី​នោះ។ នៅ​ត្រង់​គីបៀន​នោះ ព្រះ‌យេហូវ៉ា​បាន​លេច​មក ឲ្យ​សាឡូម៉ូន​ឃើញ​ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​សូម​អ្វី​ដែល​ចង់​ឲ្យ​យើង​ប្រទាន​ដល់​អ្នក​ចុះ!»។ ព្រះបាទ​សាឡូម៉ូន​ទូល​ឆ្លើយ​ថា៖ «ព្រះ‌អង្គ​បាន​សម្ដែង​សេចក្ដី​សប្បុរស​យ៉ាង​ធំ​ដល់​អ្នក​បម្រើ​របស់​ព្រះ‌អង្គ គឺ​ព្រះបាទ​ដាវីឌ​ជា​បិតា​របស់​ទូល‌បង្គំ តាម​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​សេចក្ដី​ពិត និង​សេចក្ដី​សុចរិត ហើយ​ដោយ​មាន​ចិត្ត​ទៀង​ត្រង់​ដល់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​បាន​បម្រុង​ទុក​សេចក្ដី​សប្បុរស​ដ៏​ធំ​នេះ​ឲ្យ​ទ្រង់​ទៀត គឺ​បាន​ប្រទាន​ឲ្យ​ទ្រង់​មាន​កូន សម្រាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ទ្រង់ ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ។ ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ព្រះ‌អង្គ​បាន​តាំង​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ឡើង​ធ្វើ​ជា​ស្តេច​ជំនួស​ដាវីឌ​បិតា​ទូល‌បង្គំ តែ​ទូល‌បង្គំ​ដូច​ជា​ក្មេង​តូច ឥត​ដឹង​ជា​ត្រូវ​ចេញ​ចូល​យ៉ាង​ណា​ឡើយ។ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ នៅ​កណ្ដាល​ប្រជាជន​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស ជា​សាសន៍​មួយ​ធំ មាន​គ្នា​ច្រើន​ហួស​កំណត់​នឹង​រាប់​បាន។ ដូច្នេះ សូម​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា ដើម្បី​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ប្រយោជន៍​ឲ្យ​ទូល‌បង្គំ​បាន​ពិចារ‌ណា​ដឹង​ខុស​ត្រូវ ដ្បិត​តើ​មាន​អ្នក​ណា​អាច​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​មាន​គ្នា​ច្រើន​ទាំង​នេះ​បាន?»។ ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចំពោះ​សេចក្ដី​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​សូម​នោះ។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ដោយ​ព្រោះ​ឯង​បាន​សូម​សេចក្ដី​នេះ គឺ​មិន​បាន​សូម​ឲ្យ​បាន​អាយុ​វែង ឬ​ឲ្យ​បាន​ទ្រព្យ​សម្បត្តិ ឬ​ឲ្យ​បាន​យក​ជីវិត​របស់​ពួក​ខ្មាំង​សត្រូវ​ឡើយ គឺ​បាន​សូម​ឲ្យ​មាន​យោបល់​សម្រាប់​នឹង​យល់​សេចក្ដី​យុត្តិ‌ធម៌​វិញ ដូច្នេះ យើង​នឹង​ធ្វើ​តាម​ពាក្យ​របស់​អ្នក គឺ​យើង​ឲ្យ​អ្នក​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា និង​យោបល់ ដែល​គ្មាន​អ្នក​ណា​ដូច​អ្នក​ឡើយ តាំង​ពី​មុន ឬ​ទៅ​អនាគត ក៏​នឹង​គ្មាន​អ្នក​ណា​មួយ​កើត​ឡើង​ឲ្យ​ដូច​អ្នក​ដែរ។ យើង​ក៏​បាន​ឲ្យ​នូវ​អ្វី​ដែល​អ្នក​មិន​បាន​សូម​ផង​ដែរ គឺ​ទាំង​ទ្រព្យ​សម្បត្តិ និង​កេរ្តិ៍‌ឈ្មោះ សម្រាប់​មួយ​ជីវិត​របស់​អ្នក គ្មាន​ស្តេច​ណា​មួយ​ដែល​អាច​ប្រៀបផ្ទឹម​នឹង​អ្នក​បាន​ឡើយ។ ប្រសិន‌បើ​អ្នក​ប្រព្រឹត្ត​តាម​អស់​ទាំង​ផ្លូវ​របស់​យើង កាន់​តាម​បញ្ញត្តិ និង​ក្រឹត្យ‌ក្រម​របស់​យើង​ទាំង​ប៉ុន្មាន ដូច​ជា​ដាវីឌ បិតា​របស់​អ្នក​បាន​ប្រព្រឹត្ត នោះ​យើង​នឹង​ចម្រើន​ឲ្យ​អ្នក​មាន​អាយុ​វែង​ថែម​ទៀត»។ បន្ទាប់​មក ព្រះបាទ​សាឡូម៉ូន​ក៏​តើន​ឡើង ហើយ​ជ្រាប​ថា នោះ​ជា​សុបិន​និមិត្ត​ទេ ដូច្នេះ ទ្រង់​យាង​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ ក៏​ឈរ​នៅ​ចំពោះ​ហិប​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ហើយ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី រួច​ក៏​ជប់‌លៀង​បណ្ដា​ពួក​អ្នក​រាជ‌ការ​របស់​ទ្រង់​គ្រប់​គ្នា។

១ ពង្សាវតារក្សត្រ 3:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​សាឡូម៉ូន​បាន​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប ដោយ​រៀប​អភិសេក​ជា​មួយ​បុត្រី​របស់​ព្រះ​បាទ​ផារ៉ោន។ ព្រះ‌រាជា​នាំ​មហេសី​មក​គង់​ក្នុង​បុរី​ព្រះ‌បាទ​ដាវីឌ រហូត​ទាល់​តែ​វាំង​របស់​ស្ដេច ព្រម​ទាំង​ព្រះ​ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​កំពែង​ក្រុង​យេរូ‌សាឡឹម​ត្រូវ​បាន​សង់​ចប់​សព្វ​គ្រប់។ នៅ​គ្រា​នោះ ប្រជា‌ជន​តែងតែ​ថ្វាយ​យញ្ញ‌បូជា​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ព្រោះ​គេ​ពុំ​ទាន់​បាន​សង់​ព្រះ​ដំណាក់​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​ឡើយ។ ព្រះ‌បាទ​សាឡូម៉ូន​ស្រឡាញ់​ព្រះ‌អម្ចាស់ និង​ប្រព្រឹត្ត​តាម​ដំបូន្មាន​ដែល​ព្រះ‌បាទ​ដាវីឌ ជា​បិតា​បាន​ផ្ដែ‌ផ្ដាំ ប៉ុន្តែ ព្រះ‌រាជា​ក៏​ធ្វើ​ពិធី​ថ្វាយ​យញ្ញ‌បូជា និង​គ្រឿង​ក្រអូប នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដែរ។ ថ្ងៃ​មួយ ព្រះ‌រាជា​យាង​ទៅ​គីបៀន ដើម្បី​ថ្វាយ​យញ្ញ‌បូជា ដ្បិត​ទី​នោះ​ជា​កន្លែង​សក្ការៈ​សំខាន់​ជាង​គេ។ ព្រះ‌បាទ​សាឡូម៉ូន​បាន​ថ្វាយ​សត្វ​មួយ​ពាន់ ជា​តង្វាយ​ដុត​ទាំង​មូល នៅ​លើ​អាសនៈ​នោះ។ ក្នុង​ពេល​ដែល​ព្រះ‌បាទ​សាឡូម៉ូន​គង់​នៅ​គីបៀន ព្រះ‌អម្ចាស់​បាន​សម្តែង​ឲ្យ​ស្ដេច​ឃើញ ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី ចូរ​សុំ​មក​ចុះ យើង​នឹង​ប្រគល់​ឲ្យ!»។ ព្រះ‌បាទ​សាឡូម៉ូន​ទូល​ថា៖ «ព្រះអង្គ​បាន​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​ធំ‌ធេង​ចំពោះ​បិតា​ទូលបង្គំ គឺ​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ព្រោះ​បិតា​ទូលបង្គំ​រស់​នៅ​ដោយ​ភក្ដី‌ភាព សុចរិត និង​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះអង្គ។ ព្រះអង្គ​នៅ​តែ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​ធំ‌ធេង​ចំពោះ​បិតា​ទូលបង្គំ ដោយ​ប្រោស​ប្រទាន​ឲ្យ​ស្ដេច​មាន​បុត្រ​មួយ​អង្គ ឡើង​ស្នង​រាជ្យ​នៅ​ថ្ងៃ​នេះ។ បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ ព្រះអង្គ​បាន​តែង‌តាំង​ទូលបង្គំ​ឲ្យ​ឡើង​ស្នង​រាជ្យ​របស់​ព្រះ‌បាទ​ដាវីឌ ជា​បិតា​ទូលបង្គំ។ ប៉ុន្តែ ទូលបង្គំ​នៅ​ក្មេង​ខ្ចី​ពេក មិន​ទាន់​ចេះ​គ្រប់‌គ្រង​ស្រុក​នៅ​ឡើយ។ ទូលបង្គំ​ត្រូវ​ដឹក​នាំ​ប្រជា‌ជន​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស គឺ​ប្រជា‌ជន​ដ៏​ច្រើន​ឥត​គណនា។ ហេតុ​នេះ សូម​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា​ឈ្លាស​វៃ ដើម្បី​គ្រប់‌គ្រង​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ហើយ​ឲ្យ​ទូលបង្គំ​ចេះ​វិនិច្ឆ័យ ស្គាល់​ការ​ល្អ ការ​អាក្រក់ បើ​មិន​ដូច្នោះ​ទេ តើ​នរណា​អាច​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​ដ៏​ច្រើន​ឥត​គណនា​របស់​ព្រះអង្គ​បាន?»។ ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ការ​ទូល​សូម​របស់​ព្រះ‌បាទ​សាឡូម៉ូន​ណាស់ ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​មិន​បាន​ទូល​សូម​ឲ្យ​មាន​អាយុ​វែង មាន​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ ឬ​ឲ្យ​ខ្មាំង​សត្រូវ​របស់​អ្នក​ត្រូវ​វិនាស​ឡើយ តែ​អ្នក​ទូល​សូម​ឲ្យ​មាន​ប្រាជ្ញា​ឈ្លាស‌វៃ និង​ការ​យល់​ដឹង ដើម្បី​គ្រប់‌គ្រង​ប្រជា‌រាស្ត្រ ដោយ​យុត្តិធម៌។ ដូច្នេះ យើង​នឹង​ធ្វើ​តាម​ការ​ទូល​សូម​របស់​អ្នក គឺ​យើង​ឲ្យ​អ្នក​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ដែល​គ្មាន​នរណា​ម្នាក់​អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ ទោះ​បី​ពី​មុន​ក្ដី ឬ​ទៅ​អនាគត​ក្ដី។ លើស​ពី​នេះ យើង​ក៏​ផ្ដល់​ឲ្យ​អ្នក​មាន​អ្វីៗ​ដែល​អ្នក​មិន​បាន​ទូល​សូម​យើង​ដែរ គឺ​ទ្រព្យ​សម្បត្តិ ភាព​ថ្កុំ‌ថ្កើង​រុងរឿង។ ក្នុង​មួយ​ជីវិត​របស់​អ្នក គ្មាន​ស្ដេច​ណា​មួយ​អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ។ មួយ​វិញ​ទៀត ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង ហើយ​ប្រតិបត្តិ​តាម​ច្បាប់ និង​បទ‌បញ្ជា​របស់​យើង ដូច​ដាវីឌ ជា​បិតា​របស់​អ្នក នោះ​យើង​នឹង​ឲ្យ​អ្នក​មាន​អាយុ​វែង»។ ព្រះ‌បាទ​សាឡូម៉ូន​តើន​ឡើង ហើយ​ជ្រាប​ថា​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ស្ដេច តាម​រយៈ​សុបិន​និមិត្ត​នេះ។ ព្រះ‌រាជា​យាង​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី*។ ព្រះ‌រាជា​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព រួច​ជប់‌លៀង​នាម៉ឺន​មន្ត្រី​ទាំង​អស់។

១ ពង្សាវតារក្សត្រ 3:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​សាឡូម៉ូន ទ្រង់​ចង​ញាតិ‌ពន្ធ​នឹង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដោយ​យក​បុត្រី​ផារ៉ោន​ធ្វើ​ជា​ភរិយា ហើយ​នាំ​នាង​មក​ក្នុង​ក្រុង​ដាវីឌ ទាល់​តែ​ទ្រង់​បាន​សង់​ដំណាក់​របស់​ទ្រង់ នឹង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កំផែង​ជុំវិញ​ក្រុង​យេរូ‌សាឡិម​រួច​ជា​ស្រេច នៅ​គ្រា​នោះ បណ្តាជន​គេ​ថ្វាយ​យញ្ញ‌បូជា នៅ​តែ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ពី​ព្រោះ​មិន​ទាន់​បាន​ស្អាង​ព្រះ‌វិហារ​ណា ថ្វាយ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នៅ​ឡើយ រីឯ​សាឡូម៉ូន ទ្រង់​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា ហើយ​បាន​កាន់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ដាវីឌ ជា​ព្រះវរ‌បិតា​ទ្រង់ វៀរ​តែ​ការ​ដែល​ថ្វាយ​យញ្ញ‌បូជា នឹង​ដុត​កំញាន នៅ​លើ​អស់​ទាំង​ទី​ខ្ពស់​ប៉ុណ្ណោះ។ ស្តេច​សាឡូម៉ូន ទ្រង់​ក៏​យាង​ទៅ​ឯ​គីបៀន ដើម្បី​ថ្វាយ​យញ្ញ‌បូជា​នៅ​ទី​នោះ ពី​ព្រោះ​ទី​ខ្ពស់​នោះ ជា​ទី​យ៉ាង​ប្រសើរ​វិសេស​ជាង​គេ ទ្រង់​បាន​ថ្វាយ​ដង្វាយ​ដុត​អស់​១​ពាន់ នៅ​លើ​អាសនា​នៅ​ទី​នោះ ហើយ​នៅ​ត្រង់​គីបៀន​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​លេច​មក ឲ្យ​សាឡូម៉ូន​ឃើញ​ក្នុង​សុបិន​និមិត្ត​នៅ​វេលា​យប់ ដោយ​បន្ទូល​ថា ចូរ​សូម​អ្វី​ដែល​ចង់​ឲ្យ​អញ​ប្រទាន​ដល់​ឯង​ចុះ នោះ​សាឡូម៉ូន​ទ្រង់​ទូល​ឆ្លើយ​ថា ព្រះ‌អង្គ​បាន​សំដែង​សេចក្ដី​សប្បុរស​ដ៏​ធំ​ដល់​បាវ​បំរើ​ទ្រង់ គឺ​ដាវីឌ ជា​ព្រះវរ‌បិតា​នៃ​ទូលបង្គំ តាម​ដែល​លោក​បាន​ប្រព្រឹត្ត​នៅ​ចំពោះ​ទ្រង់ ដោយ​សេចក្ដី​ពិត នឹង​សេចក្ដី​សុចរិត ហើយ​ដោយ​មាន​ចិត្ត​ទៀង​ត្រង់​ដល់​ទ្រង់ ព្រះ‌អង្គ​ក៏​បាន​បំរុង​ទុក​សេចក្ដី​សប្បុរស​ដ៏​ធំ​នេះ ឲ្យ​លោក​ទៀត គឺ​បាន​ប្រទាន​ឲ្យ​លោក​មាន​កូន សំរាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​លោក ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទ្រង់​បាន​តាំង​ទូលបង្គំ​ជា​បាវ​បំរើ​ទ្រង់​ឡើង ធ្វើ​ជា​ស្តេច​ជំនួស​ដាវីឌ​ព្រះ‌បិតា​ទូលបង្គំ តែ​ទូលបង្គំ​ដូច​ជា​ក្មេង​តូច ឥត​ដឹង​ជា​ត្រូវ​ចេញ​ចូល​យ៉ាង​ណា​ឡើយ ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ នៅ​កណ្តាល​ប្រជា‌ជន ដែល​ទ្រង់​បាន​ជ្រើស‌រើស ជា​សាសន៍​១​ធំ មាន​គ្នា​ច្រើន​ហួស​កំណត់​នឹង​រាប់​បាន ដូច្នេះ សូម​ទ្រង់​ប្រទាន​ឲ្យ​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា ដើម្បី​នឹង​គ្រប់‌គ្រង​លើ​រាស្ត្រ​ទ្រង់ ប្រយោជន៍​ឲ្យ​ទូលបង្គំ​បាន​ពិចារណា​ដឹង​ខុស​ត្រូវ ដ្បិត​តើ​មាន​អ្នក​ណា​អាច​នឹង​គ្រប់‌គ្រង​លើ​រាស្ត្រ​ទ្រង់ ដែល​មាន​គ្នា​ច្រើន​ទាំង​នេះ​បាន។ ព្រះ‌អម្ចាស់ ទ្រង់​ក៏​សព្វ​ព្រះ‌ហឫទ័យ​ចំពោះ​សេចក្ដី​ដែល​សាឡូម៉ូន​បាន​សូម​នោះ ហើយ​ទ្រង់​មាន​បន្ទូល​តប​ថា ដោយ​ព្រោះ​ឯង​បាន​សូម​សេចក្ដី​នេះ គឺ​មិន​បាន​សូម​ឲ្យ​បាន​អាយុ​វែង ឬ​ឲ្យ​បាន​ទ្រព្យ​សម្បត្តិ ឬ​ឲ្យ​បាន​យក​ជីវិត​នៃ​ពួក​ខ្មាំង​សត្រូវ​ឯង គឺ​បាន​សូម​ឲ្យ​មាន​យោបល់​សំរាប់​នឹង​យល់​សេចក្ដី​យុត្តិ‌ធម៌​វិញ ដូច្នេះ អញ​បាន​ធ្វើ​តាម​ពាក្យ​ឯង​ហើយ មើល អញ​បាន​ឲ្យ​ឯង​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា នឹង​យោបល់ ដល់​ម៉្លេះ​បាន​ជា​មុន​ឯង​ឥត​មាន​អ្នក​ណា​ឲ្យ​ដូច​ឯង​ឡើយ ហើយ​ក្រោយ​ឯង ក៏​នឹង​គ្មាន​អ្នក​ណា​មួយ​កើត​ឡើង​ឲ្យ​ដូច​ឯង​ដែរ អញ​ក៏​បាន​ឲ្យ​សេចក្ដី​ដែល​ឯង​មិន​បាន​សូម​ផង គឺ​ទាំង​ទ្រព្យ​សម្បត្តិ នឹង​កេរ្តិ៍‌ឈ្មោះ ដល់​ម៉្លេះ​បាន​ជា​ក្នុង​ពួក​ស្តេច​ទាំង​ប៉ុន្មាន​នឹង​គ្មាន​អ្នក​ណា​មួយ​ដូច​ឯង ដរាប​ដល់​គ្រប់​១​ជីវិត​ឯង​ឡើយ បើ‌សិន​ជា​ឯង​ប្រព្រឹត្ត​តាម​អស់​ទាំង​ផ្លូវ​របស់​អញ ដើម្បី​នឹង​កាន់​តាម​បញ្ញត្ត នឹង​ក្រឹត្យ‌ក្រម​អញ​ទាំង​ប៉ុន្មាន ដូច​ជា​ដាវីឌ ជា​ឪពុក​ឯង បាន​ប្រព្រឹត្ត នោះ​អញ​នឹង​ចំរើន​អាយុ​ឯង ឲ្យ​បាន​វែង​ថែម​ទៀត​ដែរ រួច​សាឡូម៉ូន​ក៏​តើន​ឡើង ហើយ​មើល នោះ​ជា​សុបិន​និមិត្ត​ទេ ដូច្នេះ ទ្រង់​យាង​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ក៏​ឈរ​នៅ​ចំពោះ​ហឹប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ហើយ​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី រួច​ក៏​ជប់‌លៀង​បណ្តា​ពួក​អ្នក​រាជ‌ការ​របស់​ទ្រង់​គ្រប់​គ្នា។