១ ពង្សាវតារក្សត្រ 22:1-52

១ ពង្សាវតារក្សត្រ 22:1-52 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្នុង​រវាង​បី​ឆ្នាំ​នោះ សាសន៍​ស៊ីរី និង​សាសន៍​អ៊ីស្រា‌អែល ឥត​មាន​ចម្បាំង​នឹង​គ្នា​ឡើយ តែ​ដល់​ឆ្នាំ​ទី​បី​នោះ​យេ‌ហូសា‌ផាត ជា​ស្តេច​យូដា ទ្រង់​យាង​ចុះ​មក​គាល់​ស្តេច​អ៊ីស្រា‌អែល ហើយ​ស្តេច​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ពួក​ជំនិត​ទ្រង់​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ក្រុង​រ៉ាម៉ូត-កាឡាត​ជា​របស់​យើង ចុះ​ហេតុ​អ្វី​បាន​ជា​យើង​នៅ​តែ​ស្ងៀម ឥត​ទៅ​ចាប់​យក​ពី​កណ្ដាប់​ដៃ​ស្តេច​ស៊ីរី​មក​វិញ​ដូច្នេះ» រួច​ទ្រង់​ទូល​សួរ​យេ‌ហូសា‌ផាត​ថា៖ «តើ​ទ្រង់​នឹង​ទៅ​ច្បាំង​នឹង​ក្រុង​រ៉ាម៉ូត-កាឡាត​ជា‌មួយ​ទូល‌បង្គំ​ឬ​ទេ?»។ យេ‌ហូសា‌ផាត​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​ក៏​ដូច​ជា​ទ្រង់ រាស្ត្រ​របស់​ទូល‌បង្គំ​ក៏​ដូច​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ហើយ​សេះ​របស់​ទូល‌បង្គំ​ទាំង​ប៉ុន្មាន ក៏​ដូច​ជា​សេះ​របស់​ទ្រង់​ដែរ»។ ប៉ុន្តែ យេ‌ហូសា‌ផាត​ទូល​ដល់​ស្តេច​អ៊ីស្រា‌អែល​ថា៖ «សូម​ទ្រង់​ទូល​សួរ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​មុន​សិន»។ ដូច្នេះ ស្តេច​អ៊ីស្រា‌អែល​ក៏​ប្រមូល​ពួក​ហោរា​ប្រហែល​ជា​បួនរយ​នាក់​មក​សួរ​ថា៖ «តើ​យើង​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​រ៉ាម៉ូត-កាឡាត ឬ​ឈប់​ខាន?» គេ​ទូល​ឆ្លើយ​ថា៖ «សូម​យាង​ឡើង​ទៅ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រគល់​គេ មក​ក្នុង​កណ្ដាប់​ព្រះ‌ហស្ត​របស់​ព្រះ‌ករុណា​ហើយ» តែ​យេ‌ហូសា‌ផាត​សួរ​ថា៖ «នៅ​ទី​នេះ តើ​គ្មាន​ហោរា​ណា​ម្នាក់​របស់​ព្រះ‌យេហូវ៉ា ល្មម​ឲ្យ​យើង​សួរ​គាត់​ដែរ​ទេ​ឬ?» ស្តេច​អ៊ីស្រា‌អែល​ទូល​ឆ្លើយ​ថា៖ «មាន​ម្នាក់​ទៀត ដែល​ល្មម​ឲ្យ​យើង​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​បាន គឺ​ឈ្មោះ​មីកា‌យ៉ា ជា​កូន​យីមឡា តែ​ទូល‌បង្គំ​ស្អប់​គាត់ ដ្បិត​គាត់​មិន​ដែល​ថ្លែង​ទំនាយ​ល្អ​ពី​ទូល‌បង្គំ​សោះ គឺ​ចេះ​តែ​ថ្លែងទំនាយ​អាក្រក់​ប៉ុណ្ណោះ»។ យេ‌ហូសា‌ផាត​ទូល​ថា៖ «សូម​ទ្រង់​កុំ​មាន​រាជ‌ឱង្ការ​ដូច្នេះ»។ ពេល​នោះ ស្តេច​អ៊ីស្រា‌អែល​បាន​ហៅ​មហា‌តលិក​ម្នាក់​មក ហើយ​បង្គាប់​ថា៖ «ចូរ​ទៅ​នាំ​មីកា‌យ៉ា ជា​កូន​យីមឡា មក​នេះ​ជា​ឆាប់ៗ»។ ឯ​ស្តេច​អ៊ីស្រា‌អែល និង​យេ‌ហូសា‌ផាត ជា​ស្តេច​ស្រុក​យូដា ទ្រង់​ព្រះ‌ពស្ត្រ‌រាជ្យ​គង់​លើ​បល្ល័ង្ក​រៀង​ខ្លួ​ន ត្រង់​ទី​ធ្លា នៅ​ទ្វារ​ក្រុង​សាម៉ារី ហើយ​ពួក​ហោរា​ក៏​ឈរ​ទាយ​នៅ​ចំពោះ​ទ្រង់។ សេដេ‌គា​ជា​កូន​ក្នាណា គាត់​បាន​ធ្វើ​ស្នែង​ដែក ហើយ​ក៏​ទូល​ថា៖ «ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ "ព្រះ‌ករុណា​នឹង​ជល់​ពួក​ស៊ីរី​ដោយ​ស្នែង​នេះ ដរាប​ដល់​វិនាស​សូន្យ​ទៅ"»។ ហើយ​ពួក​ហោរា​ទាំង​អស់​ក៏​ថ្លែងទំនាយ​ដូច្នោះ​ដែរ​ថា៖ «សូម​យាង​ឡើង​ទៅ​រ៉ាម៉ូត-កាឡាត ហើយ​មាន​ជ័យ‌ជម្នះ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​ក្រុង​នោះ មក​ក្នុង​កណ្ដាប់​ព្រះ‌ហស្ត​របស់​ព្រះ‌ករុណា​ហើយ»។ រីឯ​អ្នក​ដែល​ទៅ​ហៅ​មីកា‌យ៉ា​មក ក៏​ប្រាប់​គាត់​ថា៖ «មើល៍! ពួក​ហោរា​ទាំង​អស់ សុទ្ធ​តែ​ថ្លែងទំនាយ​ល្អ​ដល់​ស្តេច​ព្រម​គ្នា ដូច្នេះ សូម​ឲ្យ​ពាក្យ​លោក​បាន​ដូច​ជា​ពាក្យ​របស់​ហោរា​ទាំង​នោះ​ដែរ ដោយ​ពោល​តែ​សេចក្ដី​ល្អ​ចុះ»។ ប៉ុន្តែ មីកា‌យ៉ា​ឆ្លើយ​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ នោះ​ខ្ញុំ​នឹង​បញ្ចេញ​តាម​សេចក្ដី​នោះ»។ ពេល​គាត់​បាន​ចូល​ទៅ​គាល់​ស្តេច​ហើយ ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «មីកា‌យ៉ា​អើយ តើ​យើង​ត្រូវ​ទៅ​ច្បាំង​នឹង​រ៉ាម៉ូត-កាឡាត ឬ​មិន​ត្រូវ​ទៅ?» គាត់​ទូល​ឆ្លើយ​ថា៖ «សូម​យាង​ទៅ ហើយ​មាន​ជ័យ‌ជម្នះ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ព្រះ‌ហស្ត​របស់​ព្រះ‌ករុណា​ហើយ»។ ប៉ុន្តែ ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «តើ​ប៉ុន្មាន​ដង​ហើយ ដែល​យើង​ឲ្យ​អ្នក​ស្បថ​ថា អ្នក​ត្រូវ​តែ​និយាយ​ការ​ពិត​ប្រាប់​យើង ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា?» មីកា‌យ៉ា ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​បាន​ឃើញ​ពួក​អ៊ីស្រា‌អែល​ត្រូវ​ខ្ចាត់‌ខ្ចាយ​នៅ​លើ​ភ្នំ ប្រៀប​ដូច​ជា​ហ្វូង​ចៀម​ដែល​គ្មាន​គង្វាល ហើយ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា "ពួក​ទាំង​នេះ​គ្មាន​ចៅ‌ហ្វាយ​ទេ ចូរ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ ដោយ​សេចក្ដី​សុខ​ចុះ"»។ ស្តេច​អ៊ីស្រា‌អែល​បាន​ទូល​ទៅ​យេ‌ហូសា‌ផាត​ថា៖ «តើ​ទូល‌បង្គំ​មិន​បាន​ទូល​ទ្រង់​ទេ​ឬ ថា​គាត់​មិន​ដែល​ថ្លែងទំនាយ​ល្អ​ពី​ទូល‌បង្គំ​ទេ គឺ​ថ្លែងទំនាយ​តែ​អាក្រក់​ប៉ុណ្ណោះ»។ នោះ​មីកា‌យ៉ា ទូល​ថា៖ «ដូច្នេះ សូម​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​សិន ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌យេហូវ៉ា ទ្រង់​គង់​លើ​បល្ល័ង្ក មាន​ទាំង​ពួក​ពល​បរិវារ​នៃ​ស្ថាន​សួគ៌​ទាំង​អស់ ឈរ​អម​អង្គ ទាំង​ខាង​ស្តាំ និង​ខាង​ឆ្វេង ហើយ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា តើ​អ្នក​ណា​នឹង​ទៅ​បបួល​អ័ហាប់ ឲ្យ​ឡើង​ទៅ​ច្បាំង ហើយ​ដួល​ស្លាប់​នៅ​ត្រង់​រ៉ាម៉ូត-កាឡាត ម្នាក់​ក៏​ថា​យ៉ាង​នេះ ម្នាក់​ក៏​ថា​យ៉ាង​នោះ រួច​មាន​វិញ្ញាណ​មួយ​ចេញ​មក​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទូល​ថា ទូល‌បង្គំ​ចង់​ទៅ ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​ថា នឹង​ធ្វើ​យ៉ាង​ណា​ទៅ វិញ្ញាណ​នោះ​ទូល​ថា ទូល‌បង្គំ​នឹង​ចេញ​ទៅ​ធ្វើ​ជា​វិញ្ញាណ​ភូត​កុហក នៅ​ក្នុង​មាត់​នៃ​ពួក​ហោរា​ទាំង​ប៉ុន្មាន​របស់​ស្តេច ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា "ចូរ​ចេញ​ទៅ​ធ្វើ​ដូច្នោះ​ចុះ ឯង​នឹង​បបួល​វា​ឲ្យ​សម្រេច​បាន"។ ដូច្នេះ មើល៍! ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ដាក់​វិញ្ញាណ​ភូត​កុហក​នៅ​ក្នុង​មាត់​នៃ​ពួក​ហោរា​របស់​ព្រះ‌ករុណា​ទាំង​នេះ ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ពីមហន្តរាយ ដែល​នឹង​កើត​ដល់​ព្រះ‌ករុណា​ហើយ»។ ពេល​នោះ សេដេ‌គា​ជា​កូន​ក្នាណា ក៏​ចូល​ទៅ​ទះ​កំផ្លៀង​មីកា‌យ៉ា​សួរ​ថា៖ «ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចេញ​ពី​ខ្ញុំ ទៅ​មាន​ព្រះ‌បន្ទូល​នឹង​ឯង​តាម​ណា?» មីកា‌យ៉ា​ឆ្លើយ​ថា៖ «ចាំ​មើល នៅ​ថ្ងៃ​នោះ​ឯង​នឹង​បាន​ឃើញ ក្នុង​កាល​ដែល​ឯង​រត់​ទៅ​ពួន​នៅ​ក្នុង​បន្ទប់​ខាង​ក្នុង»។ ស្តេច​អ៊ីស្រា‌អែល​ទ្រង់​បង្គាប់​ថា៖ «ចូរ​នាំ​យក​មីកា‌យ៉ា​ត្រឡប់​ទៅ​ឯ​អាំម៉ូន ជា​ចៅ‌ហ្វាយ​ទី​ក្រុង និង​យ៉ូអាស ជា​ព្រះ‌រាជ‌បុត្រ​ទៅ ហើយ​បង្គាប់​ថា ស្ដេច​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​ឲ្យ​ដាក់​មនុស្ស​នេះ​ក្នុង​គុក ចិញ្ចឹម​ដោយ​នំបុ័ង​នឹង​ទឹក​ដ៏​វេទនា ដរាប​ដល់​យើង​មក​វិញ​ដោយ​សុខ‌សាន្ត»។ នោះ​មីកា‌យ៉ា​ទូល​ថា៖ «ប្រសិន‌បើ​ទ្រង់​ដែល​យាង​មក​វិញ ដោយ​សុខ‌សាន្ត នោះ​គឺ​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​ទូល‌បង្គំ​ទេ» រួច​គាត់​ថែម​ពាក្យ​នេះ​ថា៖ «ឱ​ជន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ចុះ»។ ដូច្នេះ ស្តេច​អ៊ីស្រា‌អែល និង​យេ‌ហូសា‌ផាត ជា​ស្តេច​យូដា ក៏​ឡើង​ទៅ​ក្រុង​រ៉ាម៉ូត-កាឡាត។ ស្តេច​អ៊ីស្រា‌អែល​ទូល​ទៅ​យេ‌ហូសា‌ផាត​ថា៖ «ទូល‌បង្គំ​នឹង​ក្លែង​ខ្លួន​ចូល​ទៅ​ច្បាំង តែ​សូម​ឲ្យ​ព្រះ​ករុណា​ទ្រង់​គ្រឿង​ព្រះ‌ពស្ត្រ‌រាជ្យ​របស់​ទូលបង្គំ​ចុះ!»។ ស្តេច​អ៊ីស្រា‌អែល​ក៏​ក្លែង​ខ្លួន​ចូល​ទៅ​ច្បាំង​នឹង​គេ រីឯ​ខាង​ស្តេច​ស៊ីរី បាន​បង្គាប់​ដល់​ពួក​មេ‌ទ័ព​រទេះ​ចម្បាំង​ទាំង​សាម​សិប​ពីរ​នាក់​ថា៖ «កុំ​ត​នឹង​អ្នក​ណា ទោះ​តូច ឬ​ធំ​ក្តី ចូរ​ត​តែ​នឹង​ស្តេច​អ៊ីស្រា‌អែល​មួយ​ប៉ុណ្ណោះ»។ ពេល​ពួក​មេ‌ទ័ព​ទាំង​នោះ​បាន​ឃើញ​យេ‌ហូសា‌ផាត គេ​និយាយ​ថា៖ «នេះ​ប្រាកដ​ជា​ស្តេច​អ៊ីស្រា‌អែល​ហើយ» ដូច្នេះ ពួក​គេ​បាន​បែរ​ទៅបម្រុង​នឹងវាយ​ប្រហារ​ទ្រង់ តែ​យេ‌ហូសា‌ផាត​ស្រែក​ឡើង កាល​ពួក​មេ‌ទ័ព​ឃើញ​ថា មិន​មែន​ជា​ស្តេច​អ៊ីស្រា‌អែល​ទេ ក៏​លែង​តាម​ទៅ។ ប៉ុន្តែ មាន​មនុស្ស​ម្នាក់​យឹត​ធ្នូរ បាញ់​ព្រាវ​ទៅ ត្រូវ​ស្តេច​អ៊ីស្រា‌អែល ត្រង់​ប្រឡោះ​អាវ‌ក្រោះ ដូច្នេះ ស្ដេច​មាន​រាជ‌ឱង្ការ​បង្គាប់​អ្នក​បរ​ព្រះ‌រាជ‌រថ​ថា៖ «ចូរ​បក​ត្រឡប់​ក្រោយ នាំ​យើង​ចេញ​ពី​ពល‌ទ័ព​ទៅ យើង​មាន​របួស​ហើយ»។ នៅ​ថ្ងៃ​នោះ ចម្បាំង​ក៏​កាន់​តែ​ខ្លាំង​ឡើង គេ​គ្រាហ៍​ស្តេច​នៅ​ក្នុង​ព្រះ‌រាជ‌រថ ដើម្បី​តស៊ូ​នឹង​ពួក​ស៊ីរី លុះ​ដល់​ពេល​ល្ងាច ទ្រង់​សុគត​ទៅ ហើយ​ឈាម​ក៏​ហូរ​ពី​របួស​ទៅ​ក្នុង​បាត​ព្រះ‌រាជ‌រថ។ ដល់​ពេល​ថ្ងៃ​លិច មាន​ឮ​សម្រែក​នៅ​ពេញ​ក្នុង​ពួក​ទ័ព​ថា៖ «ចូរ​គ្រប់​គ្នា​ត្រឡប់​ទៅ​ឯ​ទី​ក្រុង និង​ស្រុក​របស់​ខ្លួន​វិញ​ទៅ»។ ដូច្នេះ ស្ដេច​សុគត ហើយ​គេ​ក៏​នាំ​សព​ទ្រង់​មក​វិញ បញ្ចុះ​នៅ​ក្នុង​ក្រុង​សាម៉ារី។ គេ​លាង​ព្រះ‌រាជ‌រថ​នៅ​ស្រះ​ទឹក​នៃ​ក្រុង​សាម៉ារី ហើយ​មាន​ឆ្កែ​លិឍ​ឈាម រីឯ​ពួក​ស្រី​ពេស្យា​តែង​ងូត​ទឹក​នៅ​ទី​នោះ តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក។ ឯ​កិច្ច‌ការ​ឯ​ទៀត​ពី​ព្រះ​បាទ​អ័ហាប់ និង​រាជ​កិច្ច​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ ព្រម​ទាំង​ដំណាក់​ភ្លុក​ដែល​ទ្រង់​បាន​ធ្វើ និង​អស់​ទាំង​ទី​ក្រុង​ដែល​ទ្រង់​បាន​សង់ តើ​គេ​មិន​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ទេ​ឬ? ដូច្នេះ ព្រះបាទ​អ័ហាប់​បាន​ផ្ទំ​លក់​ទៅ ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ រួច​អ័ហា‌ស៊ីយ៉ា ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។ យេ‌ហូសា‌ផាត ជា​កូន​អេសា បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​យូដា នៅ​ឆ្នាំ​ទី​បួន ក្នុង​រាជ្យ​ព្រះ​បាទ​អ័ហាប់ ជា​ស្តេច​អ៊ីស្រា‌អែល។ ព្រះបាទ​យេ‌ហូសា‌ផាត​មាន​ព្រះ‌ជន្ម​សាមសិប​ប្រាំ​ឆ្នាំ ពេល​ឡើង​សោយ‌រាជ្យ ទ្រង់សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ម្ភៃប្រាំ​ឆ្នាំ។ មាតា​ទ្រង់ គឺ​ព្រះ‌នាង​អ័ស៊ូ‌បា បុត្រី​ស៊ីល‌ហ៊ី។ ទ្រង់​ក៏​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​អេសា ជា​បិតា​ទ្រង់ ឥត​ងាក​បែរ​ចេញ​ឡើយ គឺ​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ប៉ុន្តែ មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ​ទេ ពួក​ប្រជាជន​គេ​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ។ យេ‌ហូសា‌ផាត​ក៏​បាន​ចង​ស្ពាន​មេត្រី​នឹង​ស្តេច​អ៊ីស្រា‌អែល​ដែរ។ រីឯកិច្ច​ការ​ឯ​ទៀត​ពី​យេ‌ហូសា‌ផាត និង​អំណាច​ដែល​ទ្រង់​បាន​សម្ដែង ហើយ​ពី​ការ​សង្គ្រាម តើ​មិន​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវ‌តារ​របស់​ពួក​ស្តេច​យូដា​ឬ​ទេ? ឯ​សំណល់​ពួក​រួម​សង្វាស់​ភេទ​ដូច​គ្នា ដែល​នៅ​សល់​ពី​ក្នុង​រាជ្យ​អេសា ជា‌បិតា ទ្រង់​ក៏​បណ្តេញ​គេ​ចេញ​ពី​ស្រុក។ គ្រា​នោះ នៅ​ស្រុក​អេដុម​គ្មាន​ស្តេច​ទេ មាន​តែ​អ្នក​តំណាង​រាជ‌ការ ដែល​កាន់‌កាប់​ត្រួត‌ត្រា​ប៉ុណ្ណោះ។ យេ‌ហូសា‌ផាត​ក៏​បាន​ធ្វើ​ក្រុម​នាវា​តើស៊ីស ដើម្បី​ទៅ​យក​មាស​ពី​ស្រុក​អូភារ​មក តែ​នាវា​ទាំង​នោះ​មិន​បាន​ចេញ​ទៅ​ទេ ព្រោះ​ត្រូវ​បាក់​បែក​ទាំង​អស់ នៅ​ត្រង់​ក្រុង​អេស៊ាន-គេប៊ើរ។ ពេល​នោះ អ័ហា‌ស៊ីយ៉ា ជា​បុត្រ​អ័ហាប់ ក៏​ទូល​ដល់​យេ‌ហូសា‌ផាត​ថា៖ «សូម​ឲ្យ​ពួក​បម្រើ​ទូល‌បង្គំ បាន​ចុះ​នាវា​ទៅ​ជា‌មួយ​ពួក​បម្រើ​ទ្រង់​ផង»។ ប៉ុន្តែ យេ‌ហូសា‌ផាត​មិន​ព្រម​ទេ។ យេ‌ហូសា‌ផាត​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់​នៅ​ជា‌មួយ​បុព្វ‌បុរស ក្នុង​ក្រុង​របស់​ដាវីឌ ជា​បុព្វបុរស រួច​យេ‌ហូរ៉ាម ជា​‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។ អ័ហា‌ស៊ីយ៉ា ជា​បុត្រ​អ័ហាប់ ចាប់​ផ្ដើម​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ក្នុង​ឆ្នាំ​ទី​ដប់ប្រាំ​ពីរ​នៃ​រាជ្យ​យេ‌ហូសា‌ផាត ជា​ស្តេច​យូដា ក៏​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល​បាន​ពីរ​ឆ្នាំ។ ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា គឺ​បាន​ដើរ​តាម​ផ្លូវ​របស់​បិតា និង​មាតា​ទ្រង់ ហើយ​តាម​ផ្លូវ​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​បណ្ដាល​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​នោះ​ដែរ។

១ ពង្សាវតារក្សត្រ 22:1-52 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​អំឡុង​ពេល​បី​ឆ្នាំ គ្មាន​សង្គ្រាម​កើត​ឡើង​រវាង​ស្រុក​ស៊ីរី និង​ស្រុក​អ៊ីស្រា‌អែល​ទេ។ នៅ​ឆ្នាំ​ទី​បី ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា បាន​យាង​ទៅ​សួរ​សុខ​ទុក្ខ​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ ពេល​នោះ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​មន្ត្រី​ថា៖ «អស់​លោក​ជ្រាប​ច្បាស់​ហើយ​ថា ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ ជា​ក្រុង​របស់​យើង។ ហេតុ​អ្វី​បាន​ជា​យើង​នៅ​រារែក មិន​ព្រម​ដណ្ដើម​យក​ក្រុង​នោះ​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​ស៊ីរី​មក​វិញ?»។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ចេញ​ទៅ​ច្បាំង​យក​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ជា​មួយ​ទូលបង្គំ​ឬ​ទេ?»។ ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​វិញ​ថា៖ «ទូលបង្គំ​ក៏​ដូច​ព្រះ‌ករុណា​ដែរ ប្រជា‌រាស្ត្រ​របស់​ទូលបង្គំ​ក៏​ដូច​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌ករុណា ហើយ​ទ័ព​សេះ​របស់​ទូលបង្គំ​ក៏​ដូច​ជា​ទ័ព​សេះ​របស់​ព្រះ‌ករុណា​ដែរ!»។ ព្រះ‌បាទ​យ៉ូសា‌ផាត​ទូល​ទៀត​ថា៖ «សូម​ព្រះ‌ករុណា​ទូល​សួរ​ព្រះ‌អម្ចាស់​សិន»។ ស្ដេច​អ៊ីស្រា‌អែល​កោះ​ហៅ​ព្យាការី​ប្រមាណ​បួន​រយ​នាក់​មក ហើយ​សួរ​ពួក​គេ​ថា៖ «តើ​យើង​ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ ពួក​គេ​ទូល​ថា៖ «សូម​ព្រះ‌ករុណា​យាង​ទៅ​ចុះ។ ព្រះ‌អម្ចាស់​នឹង​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា»។ ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​នៅ​ទី​នេះ គ្មាន​ព្យាការី​របស់​ព្រះ‌អម្ចាស់ ដែល​យើង​អាច​ទូល​សួរ​ព្រះអង្គ​ទេ​ឬ?»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទូល​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «នៅ​មាន​ម្នាក់​ទៀត ដែល​អាច​ទូល​សួរ​ព្រះ‌អម្ចាស់​បាន តែ​ទូលបង្គំ​ស្អប់​អ្នក​នោះ​ណាស់ ព្រោះ​គាត់​មិន​ដែល​ទាយ​ពី​សេចក្ដី​ល្អ​ឲ្យ​ទូលបង្គំ​ទេ គឺ​ទាយ​តែ​ពី​សេចក្ដី​អាក្រក់​ប៉ុណ្ណោះ។ អ្នក​នោះ​ឈ្មោះ​មីកា‌យ៉ា ជា​កូន​របស់​លោក​យីមឡា»។ ព្រះ‌បាទ​យ៉ូសា‌ផាត​ទូល​ថា៖ «សូម​ព្រះ‌ករុណា​កុំ​មាន​រាជ‌ឱង្ការ​បែប​នេះ!»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ហៅ​មហា‌តលិក​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ហៅ​លោក​មីកា‌យ៉ា ជា​កូន​របស់​លោក​យីម‌ឡា​មក​ជា​ប្រញាប់!»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល និង​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា ស្លៀក​ពាក់​យ៉ាង​រុងរឿង គង់​លើ​បល្ល័ង្ក​រៀងៗ​ខ្លួន ត្រង់​ព្រលាន​ដែល​នៅ​មុខ​ទ្វារ​ក្រុង​សាម៉ារី។ ពួក​ព្យាការី​កំពុង​នាំ​គ្នា​ទាយ​ថ្វាយ​ព្រះ‌រាជា​ទាំង​ពីរ​អង្គ។ លោក​សេ‌ដេ‌គា ជា​កូន​របស់​លោក​ក្នាណា បាន​ធ្វើ​ស្នែង​ដែក ហើយ​ពោល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ដោយ​ស្នែង​ដែក​ទាំង​នេះ អ្នក​នឹង​វាយ​កង‌ទ័ព​ស៊ីរី​ឲ្យ​វិនាស​សូន្យ!»។ ព្យាការី​ទាំង​អស់​ក៏​ទាយ​បែប​នោះ​ដែរ ពួក​គេ​ទូល​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​យាង​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ចុះ ព្រះ‌ករុណា​មុខ​ជា​ទទួល​ជ័យ‌ជម្នះ​មិន​ខាន។ ព្រះ‌អម្ចាស់​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​ហើយ»។ មហា‌តលិក​ដែល​ស្ដេច​ចាត់​ឲ្យ​ទៅ​ហៅ​លោក​មីកា‌យ៉ា បាន​ប្រាប់​លោក​ថា៖ «ព្យាការី​ទាំង​អស់​សុទ្ធ​តែ​ព្រម​គ្នា ទាយ​សេចក្ដី​ល្អ​ថ្វាយ​ព្រះ‌រាជា ដូច្នេះ សូម​លោក​ទាយ​សេចក្ដី​ល្អ​ថ្វាយ​ព្រះ‌រាជា​ដូច​គេ​ដែរ​ទៅ!»។ លោក​មីកា‌យ៉ា​ឆ្លើយ​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​យ៉ាង​ណា ខ្ញុំ​នឹង​ប្រកាស​យ៉ាង​នោះ!»។ លោក​ចូល​ទៅ​គាល់​ព្រះ‌រាជា ហើយ​ស្ដេច​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​ថា៖ «មីកា‌យ៉ា​អើយ តើ​យើង​ទាំង​ពីរ​ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុងរ៉ាម៉ូត​នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ លោក​មីកា‌យ៉ា​ទូល​ថា៖ «សូម​ព្រះ‌ករុណា​យាង​ទៅ​ចុះ! ព្រះ‌ករុណា​មុខ​ជា​ទទួល​ជ័យ‌ជម្នះ​មិន​ខាន! ព្រះ‌អម្ចាស់​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​ហើយ​តើ!»។ ប៉ុន្តែ ស្ដេច​មាន​រាជ‌ឱង្ការ​មក​លោក​វិញ​ថា៖ «តើ​យើង​ត្រូវ​ប្រាប់​អ្នក​ប៉ុន្មាន​ដង​ទៀត​ថា ឲ្យ​អ្នក​និយាយ​តែ​ការ​ពិត​ប្រាប់​យើង ក្នុង​នាម​ព្រះ‌អម្ចាស់?»។ លោក​មីកា‌យ៉ា​ទូល​ថា៖ «ទូលបង្គំ​បាន​ឃើញ​ពល​ទាហាន​អ៊ីស្រា‌អែល ទាំង​មូល​បាក់​ទ័ព រត់​ខ្ចាត់‌ខ្ចាយ​នៅ​លើ​ភ្នំ ពួក​គេ​ប្រៀប​ដូច​ជា​ហ្វូង​ចៀម ដែល​គ្មាន​នរណា​ឃ្វាល។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: អ្នក​ទាំង​នោះ​គ្មាន​មេ​ដឹក​នាំ​ទេ ចូរ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន ដោយ​សុខ‌សាន្ត​ចុះ!»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «ទូលបង្គំ​បាន​ទូល​ព្រះ‌ករុណា​ហើយ​ថា គាត់​មិន​ដែល​ទាយ​ពី​សេចក្ដី​ល្អ​ឲ្យ​ទូលបង្គំ​ទេ គឺ​ទាយ​តែ​ពី​សេចក្ដី​អាក្រក់​ប៉ុណ្ណោះ!»។ លោក​មីកា‌យ៉ា​ទូល​ថា៖ «ពិត​មែន​ហើយ! ដូច្នេះ សូម​សណ្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ទូលបង្គំ​បាន​ឃើញ​ព្រះ‌អម្ចាស់​គង់​លើ​រាជ‌បល្ល័ង្ក ហើយ​មាន​កង‌ពល​នៃ​ស្ថាន​បរម‌សុខ​ទាំង​មូល​ឈរ​គាល់​ព្រះអង្គ ទាំង​ឆ្វេង ទាំង​ស្ដាំ​ផង។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: “តើ​អ្នក​ណា​ចង់​ល្បួង​អហាប់​ឲ្យ​ទៅ​ច្បាំង​យក​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ ដើម្បី​ឲ្យ​អហាប់​ដួល​ស្លាប់​នៅ​ទី​នោះ?”។ អ្នក​ខ្លះ​ពោល​យ៉ាង​នេះ អ្នក​ខ្លះ​ពោល​យ៉ាង​នោះ។ ពេល​នោះ មាន​វិញ្ញាណ​មួយ​ចេញ​មក​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ទូល​ថា“ទូលបង្គំ​ចង់​ទៅ​ល្បួង!”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សួរ​ថា “តើ​អ្នក​ធ្វើ​ដូច​ម្ដេច?” វិញ្ញាណ​នោះ​ទូល​ថា “ទូលបង្គំ​នឹង​បណ្ដាល​ចិត្ត​ព្យាការី​ទាំង​អស់​របស់​ស្ដេច​ឲ្យ​ពោល​តែ​ពាក្យ​ភូត​កុហក”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “នេះ​ជា​មធ្យោ‌បាយ​ដ៏​ប្រសើរ​សម្រាប់​ល្បួង​គេ ដូច្នេះ ចូរ​ទៅ​ធ្វើ​ចុះ!”។ ព្រះ‌អម្ចាស់​ដាក់​វិញ្ញាណ​ភូត​កុហក នៅ​ក្នុង​មាត់​ព្យាការី​ទាំង​អស់​របស់​ព្រះ‌ករុណា ដ្បិត​ព្រះ‌អម្ចាស់​បាន​សម្រេច​ព្រះ‌ហឫទ័យ​ឲ្យ​ព្រះ‌ករុណា​រង​ទុក្ខ​វេទនា​ហើយ!»។ ពេល​នោះ លោក​សេ‌ដេ‌គា ជា​កូន​របស់​លោក​ក្នាណា ចូល​មក​ជិត ហើយ​ទះ​កំផ្លៀង​លោក​មីកា‌យ៉ា ទាំង​ពោល​ថា៖ «តើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​ចេញ​ពី​ខ្លួន​ខ្ញុំ មក​និយាយ​ជា​មួយ​អ្នក​តាម​ណា?»។ លោក​មីកា‌យ៉ា​ឆ្លើយ​ថា៖ «ថ្ងៃ​ដែល​អ្នក​រត់​ទៅ​ពួន​នៅ​បន្ទប់​ខាង​ក្នុង​ផ្ទះ​របស់​អ្នក នោះ​អ្នក​គង់​តែ​ដឹង​ទេ!»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ចាប់​លោក​មីកា‌យ៉ា​នាំ​យក​ទៅ​ប្រគល់​ឲ្យ​លោក​អាំម៉ូន ជា​ចៅហ្វាយ​ក្រុង និង​សម្ដេច​យ៉ូអាស ជា​បុត្រ​របស់​យើង​ទៅ! រួច​ប្រាប់​គេ​ថា “ព្រះ‌ករុណា​បញ្ជា​ឲ្យ​យក​មនុស្ស​នេះ​ទៅ​ដាក់​គុក ហើយ​ផ្ដល់​នំបុ័ង និង​ទឹក​តែ​បន្តិច‌បន្តួច​ប៉ុណ្ណោះ រហូត​ដល់​ថ្ងៃ​ព្រះ‌ករុណា​វិល​ត្រឡប់​មក​ពី​ច្បាំង​វិញ ដោយ​សុខ‌សាន្ត”»។ លោក​មីកា‌យ៉ា​ទូល​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​ពិត​ជា​យាង​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត​មែន​នោះ បាន​សេចក្ដី​ថា​ព្រះ‌អម្ចាស់​ពុំ​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ទូលបង្គំ​ទេ»។ បន្ទាប់​មក លោក​ពោល​ទៀត​ថា៖ «ប្រជា‌ជន​ទាំង​អស់​គ្នា ចូរ​ស្ដាប់​ចុះ!»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល និង​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា នាំ​គ្នា​យាង​ទៅ​វាយ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «ទូលបង្គំ​នឹង​ក្លែង​ខ្លួន​ជា​ពល​ទាហាន រីឯ​ព្រះ‌ករុណា​វិញ សូម​គ្រង​ព្រះ‌ភូសា​យ៉ាង​រុង​រឿង​ចុះ!»។ ដូច្នេះ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ក្លែង​ខ្លួន​ជា​ពល​ទាហាន ចេញ​ទៅ​ច្បាំង។ ស្ដេច​ស្រុក​ស៊ីរី​បញ្ជា​ដល់​មេ​បញ្ជា‌ការ​កង​រទេះ​ចម្បាំង​ទាំង​សាម‌សិប‌ពីរ​រូប​ថា៖ «មិន​បាច់​ប្រយុទ្ធ​នឹង​ពល​ទាហាន ឬ​នាយ​ទាហាន​ទេ ចូរ​ប្រយុទ្ធ​តែ​នឹង​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ប៉ុណ្ណោះ»។ កាល​មេ​បញ្ជា‌ការ​រទេះ​ចម្បាំង​ទាំង​នោះ​ឃើញ​ព្រះ‌បាទ​យ៉ូសា‌ផាត ក៏​ពោល​ថា “ប្រាកដ​ជា​ស្ដេច​អ៊ីស្រា‌អែល​ហើយ” ពួក​គេ​សម្រុក​ទៅ​វាយ​ប្រហារ​ស្ដេច។ ប៉ុន្តែ ពេល​ព្រះ‌បាទ​យ៉ូសា‌ផាត​ស្រែក​ឡើង ពួក​មេ​បញ្ជា‌ការ​រទេះ​ចម្បាំង​ដឹង​ថា មិន​មែន​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទេ ពួក​គេ​ឈប់​ដេញ​តាម។ ប៉ុន្តែ មាន​ទាហាន​ស៊ីរី​ម្នាក់​យឹត​ធ្នូ​បាញ់​ព្រាវ​ទៅ ក៏​ត្រូវ​ចំ​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ត្រង់​ចន្លោះ​អាវ‌ក្រោះ។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​បរ​រាជ‌រថ​ថា៖ «ចូរ​បក​ក្រោយ នាំ​យើង​ចេញ​ពី​សមរ‌ភូមិ​ភ្លាម ព្រោះ​យើង​ត្រូវ​របួស​ហើយ»។ នៅ​ថ្ងៃ​នោះ ការ​ប្រយុទ្ធ​មាន​សភាព​ធ្ងន់‌ធ្ងរ​កាន់​តែ​ខ្លាំង​ឡើង គេ​ពុំ​អាច​នាំ​ស្ដេច​ចេញ​ពី​សមរ‌ភូមិ​បាន​ឡើយ។ ដូច្នេះ ស្ដេច​ស្ថិត​នៅ​ក្នុង​រាជ‌រថ​រហូត ហើយ​ឈាម​ដែល​ហូរ​ចេញ​ពី​មុខ​របួស បាន​ធ្លាក់​ទៅ​ដល់​បាត​រាជ‌រថ លុះ​ដល់​ល្ងាច​ស្ដេច ក៏​សោយ​ទិវង្គត​ទៅ។ នៅ​ពេល​ថ្ងៃ​លិច គេ​ឮ​សម្រែក​ពេញ​ក្នុង​សមរ‌ភូមិ​ថា៖ «ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ទីក្រុង និង​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ!»។ គេ​បាន​នាំ​សព​ព្រះ‌រាជា​មក​កាន់​ក្រុង​សាម៉ារី ហើយ​បញ្ចុះ​នៅ​ទី​នោះ។ កាល​គេ​យក​រាជ‌រថ​ទៅ​លាង​នៅ​ស្រះ​នៃ​ក្រុង​សាម៉ារី ឆ្កែ​ក៏​មក​លិទ្ធ​ឈាម​ព្រះ‌បាទ​អហាប់ ហើយ​ពួក​ស្រី​ពេស្យា​ក៏​នាំ​គ្នា​មុជ​ទឹក​នៅ​ទី​នោះ​ដែរ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​ទុក។ រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អហាប់ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ គឺ​ការ​សង់​ដំណាក់​អំពី​ភ្លុក និង​ក្រុង​នានា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ កាល​ព្រះ‌បាទ​អហាប់​សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។ នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អហាប់ ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​យ៉ូសា‌ផាត ជា​បុត្រ​របស់​ព្រះ‌បាទ​អេសា បាន​ឡើង​សោយ‌រាជ្យ​នៅ​ស្រុក​យូដា។ កាល​ព្រះ‌បាទ​យ៉ូសា‌ផាត​ឡើង​គ្រង​រាជ្យ​នោះ ទ្រង់​មាន​ជន្មាយុ‌សាម‌សិប‌ប្រាំ​វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា អស៊ូ‌បា ជា​កូន​របស់​លោក​ស៊ីល‌ហ៊ី។ ព្រះ‌បាទ​យ៉ូសា‌ផាត​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​អេសា ជា​បិតា ដោយ​មិន​ងាក‌រេ​ឡើយ ស្ដេច​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ ប៉ុន្តែ ទ្រង់​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​ទេ គឺ​ប្រជា‌ជន​នៅ​តែ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប​នៅ​តាម​កន្លែង​នោះ​ដដែល។ ព្រះ‌បាទ​យ៉ូសា‌ផាត​បាន​ចុះ​សន្ធិ‌សញ្ញា​សន្តិ‌ភាព​ជា​មួយ​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត គឺ​វីរ‌ភាព​ដ៏​អង់‌អាច​ក្នុង​កិច្ចការ​ដែល​ស្ដេច​បាន​ធ្វើ និង​ក្នុង​សង្គ្រាម សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។ ស្ដេច​បាន​កម្ចាត់​ប្រុសៗ​ទាំង​ប៉ុន្មាន​ដែល​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ្យ​សក្ការៈ គឺ​ពួក​ដែល​នៅ​សេស‌សល់​ពី​ជំនាន់​ព្រះ‌បាទ​អេសា ជា​បិតា។ គ្រា​នោះ នៅ​ស្រុក​អេដុម គ្មាន​ស្ដេច​សោយ​រាជ្យ​ទេ គឺ​មាន​តែ​រាជ​ប្រតិភូ​ម្នាក់ ដែល​ស្ដេច​យូដា​តែង‌តាំង។ ព្រះ‌បាទ​យ៉ូសា‌ផាត​បាន​ឲ្យ​គេ​សង់​សំពៅ​ធំៗ ដើម្បី​ទៅ​ស្វែង​រក​មាស​នៅ​ស្រុក​អូភារ ប៉ុន្តែ គម្រោង‌ការ​នេះ​ពុំ​បាន​សម្រេច​ទេ ព្រោះ​សំពៅ​ទាំង​នោះ​លិច​នៅ​ក្រុង​អេស៊ាន-‌គេប៊ើរ។ ពេល​នោះ ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់ មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «សូម​ឲ្យ​រាជ‌បម្រើ​របស់​ទូលបង្គំ ចុះ​សំពៅ​ទៅ​ជា​មួយ​រាជ‌បម្រើ​របស់​ព្រះ‌ករុណា​ផង!»។ ប៉ុន្តែ ព្រះ‌បាទ​យ៉ូសា‌ផាត​ពុំ​យល់​ព្រម​ឡើយ។ កាល​ព្រះ‌បាទ​យ៉ូសា‌ផាត​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។ នៅ​ឆ្នាំ​ទី​ដប់​ប្រាំ‌ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់ ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សា‌ម៉ារី ទ្រង់​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ នៅ​ស្រុក​អ៊ីស្រា‌អែល។ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ ស្ដេច​ដើរ​តាម​ផ្លូវ​របស់​បិតា និង​មាតា ព្រម​ទាំង​ផ្លូវ​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ដែល​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប។

១ ពង្សាវតារក្សត្រ 22:1-52 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្នុង​រវាង​៣​ឆ្នាំ​នោះ សាសន៍​ស៊ីរី នឹង​សាសន៍​អ៊ីស្រាអែល ឥត​មាន​ចំបាំង​នឹង​គ្នា​ឡើយ តែ​ដល់​ឆ្នាំ​ទី​៣ នោះ​យ៉ូសា‌ផាត ជា​ស្តេច​យូដា ទ្រង់​យាង​ចុះ​មក​គាល់​ស្តេច​អ៊ីស្រាអែល ហើយ​ស្តេច​អ៊ីស្រាអែល​ទ្រង់​មាន​បន្ទូល​នឹង​ពួក​ជំនិត​ទ្រង់​ថា អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ក្រុង​រ៉ាម៉ូត-កាឡាត​ជា​របស់​ផង​យើង ចុះ​ហេតុ​អ្វី​បាន​ជា​យើង​នៅ​តែ​ស្ងៀម ឥត​ទៅ​ចាប់​យក​ពី​កណ្តាប់​ដៃ​ស្តេច​ស៊ីរី​មក​វិញ​ដូច្នេះ រួច​ទ្រង់​ទូល​សួរ​យ៉ូសា‌ផាត​ថា តើ​ទ្រង់​នឹង​ទៅ​ច្បាំង​នឹង​ក្រុង​រ៉ាម៉ូត-កាឡាត ជា​មួយ​នឹង​ទូលបង្គំ​ឬ​ទេ យ៉ូសា‌ផាត​ទូល​ឆ្លើយ​ថា ទូលបង្គំ​ក៏​ដូច​ជា​ទ្រង់ រាស្ត្រ​របស់​ទូលបង្គំ​ក៏​ដូច​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​សេះ​របស់​ទូលបង្គំ​ទាំង​ប៉ុន្មាន ក៏​ដូច​ជា​សេះ​របស់​ទ្រង់​ដែរ។ តែ​យ៉ូសា‌ផាត​ទូល​ដល់​ស្តេច​អ៊ីស្រាអែល​ថា សូម​ទ្រង់​ទូល​សួរ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​មុន​សិន ដូច្នេះ ស្តេច​អ៊ីស្រាអែល​ក៏​ប្រមូល​ពួក​ហោរា​ប្រហែល​ជា​៤០០​នាក់​មក​សួរ​ថា តើ​ត្រូវ​ឲ្យ​យើង​ចេញ​ទៅ ច្បាំង​នឹង​រ៉ាម៉ូត-កាឡាត ឬ​ឈប់​ខាន គេ​ទូល​ឆ្លើយ​ថា សូម​យាង​ឡើង​ទៅ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​នឹង​ប្រគល់​គេ មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ តែ​យ៉ូសា‌ផាត​សួរ​ថា នៅ​ទី​នេះ តើ​គ្មាន​ហោរា​ណា​ម្នាក់​របស់​ព្រះ‌យេហូវ៉ា ល្មម​ឲ្យ​យើង​សួរ​គាត់​ដែរ​ទេ​ឬ ស្តេច​អ៊ីស្រាអែល​ទូល​ឆ្លើយ​ថា មាន​ម្នាក់​ទៀត ដែល​ល្មម​ឲ្យ​យើង​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​បាន គឺ​ឈ្មោះ​មីកាយ៉ា ជា​កូន​យីមឡា តែ​ទូលបង្គំ​ស្អប់​វា ដ្បិត​វា​មិន​ដែល​ទាយ​ល្អ​ពី​ទូលបង្គំ​សោះ គឺ​ចេះ​តែ​ទាយ​អាក្រក់​វិញ យ៉ូសា‌ផាត​ទូល​ថា សូម​ទ្រង់​កុំ​មាន​បន្ទូល​ដូច្នោះ​ឡើយ នោះ​ស្តេច​អ៊ីស្រាអែល ទ្រង់​ហៅ​មហា‌តលិក​ម្នាក់​មក​បង្គាប់​ថា ចូរ​ទៅ​នាំ​មីកាយ៉ា ជា​កូន​យីមឡា មក​នេះ​ជា​ឆាប់ៗ ឯ​ស្តេច​អ៊ីស្រាអែល នឹង​យ៉ូសា‌ផាត ជា​ស្តេច​ស្រុក​យូដា ទ្រង់​ព្រះ‌ពស្ត្រ‌រាជ្យ​គង់​លើ​បល្ល័ង្ក​រៀង​អង្គ ត្រង់​ទី‌ធ្លា នៅ​ទ្វារ​ក្រុង​សាម៉ារី ហើយ​ពួក​ហោរា​ក៏​ឈរ​ទាយ​នៅ​ចំពោះ​ទ្រង់ ឯ​សេដេគា ជា​កូន​ក្នាណា គាត់​បាន​ធ្វើ​ស្នែង​ដែក ហើយ​ក៏​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ព្រះ‌ករុណា​នឹង​ជល់​ពួក​ស៊ីរី​ដោយ​ស្នែង​នេះ ដរាប​ដល់​វិនាស​សូន្យ​ទៅ ហើយ​ពួក​ហោរា​ទាំង​អស់​ក៏​ទាយ​ដូច្នោះ​ដែរ​ថា សូម​យាង​ឡើង​ទៅ​ឯ​រ៉ាម៉ូត-កាឡាត ហើយ​មាន​ជ័យ‌ជំនះ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រគល់​ក្រុង​នោះ មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ។ រីឯ​អ្នក​ដែល​ទៅ​ហៅ​មីកាយ៉ា​មក ក៏​ប្រាប់​គាត់​ថា មើល ពួក​ហោរា​ទាំង​អស់ សុទ្ធ​តែ​ទាយ​ល្អ​ដល់​ស្តេច​ព្រម​គ្នា ដូច្នេះ សូម​ឲ្យ​ពាក្យ​លោក​បាន​ដូច​ជា​ពាក្យ​របស់​ហោរា​ទាំង​នោះ​ដែរ ដោយ​ពោល​តែ​សេចក្ដី​ល្អ​ចុះ តែ​មីកាយ៉ា​ឆ្លើយ​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​មក​ខ្ញុំ នោះ​ខ្ញុំ​នឹង​បញ្ចេញ​តាម​សេចក្ដី​នោះ រួច​កាល​បាន​ចូល​ទៅ​គាល់​ស្តេច​ហើយ នោះ​ទ្រង់​មាន​បន្ទូល​សួរ​ថា មីកាយ៉ា​អើយ តើ​ត្រូវ​ឲ្យ​យើង​ទៅ​ច្បាំង​នឹង​រ៉ាម៉ូត-កាឡាត ឬ​ឈប់​ខាន គាត់​ទូល​ឡក​ថា សូម​យាង​ទៅ ហើយ​មាន​ជ័យ‌ជំនះ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ ដូច្នេះ ស្តេច​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ស្តី​ឯង​ប៉ុន្មាន​ដង​ហើយ ឲ្យ​និយាយ​តែ​សេចក្ដី​ពិត​ប៉ុណ្ណោះ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា គាត់​ទូល​ឆ្លើយ​ថា ទូលបង្គំ​បាន​ឃើញ​ពួក​អ៊ីស្រាអែល​ត្រូវ​ខ្ចាត់​ខ្ចាយ​នៅ​លើ​ភ្នំ ប្រៀប​ដូច​ជា​ហ្វូង​ចៀម​ដែល​គ្មាន​អ្នក​គង្វាល ហើយ​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ថា ពួក​ទាំង​នេះ​គ្មាន​ចៅហ្វាយ​ទេ ចូរ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ ដោយ​សេចក្ដី​សុខ​ចុះ ដូច្នេះ ស្តេច​អ៊ីស្រាអែល​ទ្រង់​ទូល​ទៅ​យ៉ូសា‌ផាត​ថា តើ​ទូលបង្គំ​មិន​បាន​ទូល​ទ្រង់​ទេ​ឬ​អី ថា​វា​មិន​ដែល​ទាយ​ល្អ​ពី​ទូលបង្គំ​ទេ គឺ​ទាយ​តែ​អាក្រក់​ប៉ុណ្ណោះ នោះ​មីកាយ៉ា​ទូល​ថា ដូច្នេះ សូម​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​សិន ទូលបង្គំ​បាន​ឃើញ​ព្រះ‌យេហូវ៉ា ទ្រង់​គង់​លើ​បល្ល័ង្ក មាន​ទាំង​ពួក​ពល​បរិវារ​នៃ​ស្ថាន​សួគ៌​ទាំង​អស់ ឈរ​អម​អង្គ ទាំង​ខាង​ស្តាំ នឹង​ខាង​ឆ្វេង ហើយ​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា តើ​អ្នក​ណា​នឹង​ទៅ​បបួល​អ័ហាប់ ឲ្យ​ឡើង​ទៅ​ច្បាំង ហើយ​ដួល​ស្លាប់​នៅ​ត្រង់​រ៉ាម៉ូត-កាឡាត ម្នាក់​ក៏​ថា​យ៉ាង​នេះ ម្នាក់​ក៏​ថា​យ៉ាង​នោះ រួច​មាន​វិញ្ញាណ​១​ចេញ​មក​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទូល​ថា ទូលបង្គំ​ចង់​ទៅ ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​ថា នឹង​ធ្វើ​យ៉ាង​ណា​ទៅ វិញ្ញាណ​នោះ​ទូល​ថា ទូលបង្គំ​នឹង​ចេញ​ទៅ​ធ្វើ​ជា​វិញ្ញាណ​ភូត‌កុហក នៅ​ក្នុង​មាត់​នៃ​ពួក​ហោរា​ទាំង​ប៉ុន្មាន​របស់​ស្តេច ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ចូរ​ចេញ​ទៅ​ធ្វើ​ដូច្នោះ​ចុះ ឯង​នឹង​បបួល​វា​ឲ្យ​សំរេច​បាន ដូច្នេះ មើល ឥឡូវ​នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​ដាក់​វិញ្ញាណ​ភូត‌កុហក​នៅ​ក្នុង​មាត់​នៃ​ពួក​ហោរា​របស់​ព្រះ‌ករុណា​ទាំង​នេះ ហើយ​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ពី​សេចក្ដី​អន្តរាយ ដែល​នឹង​កើត​ដល់​ព្រះ‌ករុណា​វិញ។ លំដាប់​នោះ​សេដេគា​ជា​កូន​ក្នាណា ក៏​ចូល​ទៅ​ទះ​កំផ្លៀង​មីកាយ៉ា​សួរ​ថា ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចេញ​ពី​អញ ទៅ​មាន​បន្ទូល​នឹង​ឯង​តាម​ណា មីកាយ៉ា​ឆ្លើយ​ថា ចាំ​មើល នៅ​ថ្ងៃ​នោះ​ឯង​នឹង​បាន​ឃើញ ក្នុង​កាល​ដែល​ឯង​រត់​ទៅ​ពួន​នៅ​ក្នុង​បន្ទប់​ខាង​ក្នុង ស្តេច​អ៊ីស្រាអែល​ទ្រង់​បង្គាប់​ថា ចូរ​នាំ​យក​មីកាហ៉ាត្រឡប់​ទៅ​ឯ​អាំម៉ូន ជា​ចៅហ្វាយ​ទី​ក្រុង នឹង​យ៉ូអាស ជា​ព្រះ‌រាជ‌បុត្រ​ទៅ ហើយ​បង្គាប់​ថា ស្តេច​ទ្រង់​មាន​បន្ទូល​ដូច្នេះ គឺ​ឲ្យ​ដាក់​មនុស្ស​នេះ​ក្នុង​គុក ចិញ្ចឹម​ដោយ​នំបុ័ងនឹង​ទឹក​ដ៏​វេទនា ដរាប​ដល់​អញ​មក​វិញ​ដោយ​សុខ‌សាន្ត នោះ​មីកាយ៉ា​ទូល​ថា បើ‌សិន​ជា​ទ្រង់​ដែល​យាង​មក​វិញ ដោយ​សុខ‌សាន្ត នោះ​គឺ​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​បន្ទូល ដោយ‌សារ​ទូលបង្គំ​ទេ រួច​គាត់​ថែម​ពាក្យ​នេះ​ថា ឱ​ជន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ចុះ។ ដូច្នេះ ស្តេច​អ៊ីស្រាអែលនឹង​យ៉ូសា‌ផាត ជា​ស្តេច​យូដា ក៏​ឡើង​ទៅ​ឯ​ក្រុង​រ៉ាម៉ូត-កាឡាត ស្តេច​អ៊ីស្រាអែល​ទ្រង់​ទូល​ទៅ​យ៉ូសា‌ផាត​ថា ទូលបង្គំ​នឹង​ក្លែង​ខ្លួន​ចូល​ទៅ​ច្បាំង តែ​ព្រះ‌អង្គ សូម​ឲ្យ​ទ្រង់​គ្រឿង​ព្រះ‌ពស្ត្រ‌រាជ្យ​របស់​ទ្រង់​វិញ ស្តេច​អ៊ីស្រាអែល​ក៏​ក្លែង​ខ្លួន​ចូល​ទៅ​ច្បាំង​នឹង​គេ រីឯ​ខាង​ស្តេច​ស៊ីរី បាន​បង្គាប់​ដល់​ពួក​មេ‌ទ័ព​រទេះ​ចំបាំង​ទ្រង់​ទាំង​៣២​នាក់​ថា កុំ​ឲ្យ​ត​នឹង​អ្នក​ណា ទោះ​តូចឬ​ធំ​ក្តី ចូរ​ត​តែ​នឹង​ស្តេច​អ៊ីស្រាអែល​១​ប៉ុណ្ណោះ ដូច្នេះ កាល​ពួក​មេ‌ទ័ព​ទាំង​នោះ​បាន​ឃើញ​យ៉ូសា‌ផាត គេ​ក៏​បែរ​ទៅ​បំរុង​ត​នឹង​ទ្រង់ ដោយ​ស្មាន​ថា នេះ​ប្រាកដ​ជា​ស្តេច​អ៊ីស្រាអែល​ហើយ តែ​យ៉ូសា‌ផាត​ទ្រង់​ស្រែក​ឡើង កាល​ពួក​មេ‌ទ័ព​ឃើញ​ថា មិន​មែន​ជា​ស្តេច​អ៊ីស្រាអែល​ទេ នោះ​ក៏​លែង​តាម​ត​ទៅ តែ​មាន​មនុស្ស​ម្នាក់​យឹត​ធ្នូ បាញ់​ព្រាវ​ទៅ ត្រូវ​ស្តេច​អ៊ីស្រាអែល ត្រង់​ប្រឡោះ​អាវ‌ក្រោះ​ទ្រង់ ដូច្នេះ ទ្រង់​មាន​បន្ទូល​បង្គាប់ ដល់​អ្នក​បរ​ព្រះ‌រាជ‌រថ​ទ្រង់​ថា ចូរ​ញាក់​បង្ហៀរ​ត្រឡប់​រថ នាំ​យើង​ចេញ​ពី​ពល‌ទ័ព​ទៅ ដ្បិត​យើង​មាន​របួស​ជា​ទំងន់ នៅ​ថ្ងៃ​នោះ ចំបាំង​ក៏​កាន់​តែ​ខ្លាំង​ឡើង តែ​គេ​គ្រាហ៍​គាំ​ស្តេច​នៅ​ក្នុង​ព្រះ‌រាជ‌រថ ដើម្បី​តស៊ូ​នឹង​ពួក​ស៊ីរី លុះ​ដល់​ពេល​ល្ងាចទ្រង់​សុគត​ទៅ ហើយ​ឈាម​ពី​របួស​នោះ​ក៏​ហូរ​ទៅ​ក្នុង​បាត​ព្រះ‌រាជ‌រថ រួច​ដល់​ពេល​ថ្ងៃ​លិច នោះ​ក៏​មាន​ឮ​សំរែក នៅ​ពេញ​ក្នុង​ពួក​ទ័ព​ថា ចូរ​គ្រប់​គ្នា​ត្រឡប់​ទៅ​ឯ​ទី​ក្រុង នឹង​ស្រុក​របស់​ខ្លួន​វិញ​ទៅ។ គឺ​យ៉ាង​នោះ​ដែល​ស្តេច​ទ្រង់​សុគត ហើយ​គេ​ក៏​នាំ​សព​ទ្រង់​មក​វិញ បញ្ចុះ​នៅ​ក្នុង​ក្រុង​សាម៉ារី គេ​លាង​ព្រះ‌រាជ‌រថ​នៅ​ត្រង់​ស្រះ​ទឹក​នៃ​ក្រុង​សាម៉ារី ហើយ​មាន​ឆ្កែ​លិទ្ធ​ឈាម (រីឯ​នៅ​ទី​នោះ​ពួក​ស្រី​សំផឹង​តែង​ងូត​ទឹក) តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ទុក ឯ​ដំណើរ​ឯ​ទៀត​ពី​អ័ហាប់ នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ ព្រម​ទាំង​ដំណាក់​ភ្លុក​ដែល​ទ្រង់​បាន​ធ្វើ នឹង​អស់​ទាំង​ទី​ក្រុង​ដែល​ទ្រង់​បាន​សង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ គឺ​យ៉ាង​នោះ ដែល​អ័ហាប់​បាន​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ រួច​អ័ហា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។ រីឯ​នៅ​ឆ្នាំ​ទី​៤ ក្នុង​រាជ្យ​អ័ហាប់ ស្តេច​អ៊ីស្រាអែល នោះ​យ៉ូសា‌ផាត ជា​កូន​អេសា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង​លើ​ស្រុក​យូដា កាល​យ៉ូសា‌ផាត​ចាប់​តាំង​សោយ‌រាជ្យ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៣៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​២៥​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា​អ័ស៊ូបា បុត្រី​ស៊ីលហ៊ី ទ្រង់​ក៏​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​អេសា ជា​ព្រះ‌បិតា​ទ្រង់ ឥត​ងាក​បែរ​ចេញ​ឡើយ គឺ​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ប៉ុន្តែមិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ​ទេ ពួក​បណ្តាជន​គេ​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ យ៉ូសា‌ផាត​ទ្រង់​ក៏​បាន​ចង​ស្ពាន​មេត្រី​នឹង​ស្តេច​អ៊ីស្រាអែល​ដែរ។ រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូសា‌ផាត នឹង​អំណាច​ដែល​ទ្រង់​បាន​សំដែង ហើយ​ពី​ការ​សង្គ្រាម​របស់​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ ឯ​សំណល់​ពួក​កូន​ជឹង ដែល​នៅ​សល់ ពី​ក្នុង​រាជ្យ​អេសា ជា​ព្រះ‌បិតា នោះ​ទ្រង់​ក៏​បណ្តេញ​គេ​ចេញ​ពី​ស្រុក​ទៅ គ្រា​នោះ នៅ​ស្រុក​អេដំម​គ្មាន​ស្តេច​ទេ មាន​តែ​អ្នក​ដំណាង​រាជ‌ការ ដែល​កាន់‌កាប់​ត្រួត‌ត្រា​ប៉ុណ្ណោះ យ៉ូសា‌ផាត​ក៏​បាន​ធ្វើ​ក្រុម​នាវា​តើស៊ីស ដើម្បី​នឹង​ទៅ​យក​មាស​ពី​ស្រុក​អូភារ​មក តែ​នាវា​ទាំង​នោះ​មិន​បាន​ចេញ​ទៅ​ទេ ពី​ព្រោះ​ត្រូវ​បាក់​បែក​ទាំង​អស់ នៅ​ត្រង់​ក្រុង​អេស៊ាន-គេប៊ើរ​វិញ គ្រា​នោះ អ័ហា‌ស៊ីយ៉ា ជា​បុត្រ​អ័ហាប់ ក៏​ទូល​ដល់​យ៉ូសា‌ផាត​ថា សូម​ឲ្យ​ពួក​បំរើ​ទូលបង្គំ បាន​ចុះ​នាវា​ទៅ​ជា​មួយ​នឹង​ពួក​បំរើ​ទ្រង់​ផង តែ​យ៉ូសា‌ផាត​ទ្រង់​មិន​ព្រម​ទេ រួច​មក​យ៉ូសា‌ផាត​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់​នៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ ក្នុង​ក្រុង​របស់​ដាវីឌ ជា​ឰយុកោ រួច​យ៉ូរ៉ាម ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។ ឯ​អ័ហា‌ស៊ីយ៉ា ជា​បុត្រ​អ័ហាប់ ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​នៅ​ក្រុង​សាម៉ារី លើ​ពួក​អ៊ីស្រាអែល ក្នុង​ឆ្នាំ​ទី​១៧​នៃ​រាជ្យ​យ៉ូសា‌ផាត ជា​ស្តេច​យូដា ក៏​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រាអែល​បាន​២​ឆ្នាំ ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ក៏​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌បិតា នឹង​ព្រះ‌មាតា​ទ្រង់ ហើយ​តាម​ផ្លូវ​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​បណ្តាល​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​នោះ​ដែរ