១ ពង្សាវតារក្សត្រ 22:1-18

១ ពង្សាវតារក្សត្រ 22:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្នុង​រវាង​បី​ឆ្នាំ​នោះ សាសន៍​ស៊ីរី និង​សាសន៍​អ៊ីស្រា‌អែល ឥត​មាន​ចម្បាំង​នឹង​គ្នា​ឡើយ តែ​ដល់​ឆ្នាំ​ទី​បី​នោះ​យេ‌ហូសា‌ផាត ជា​ស្តេច​យូដា ទ្រង់​យាង​ចុះ​មក​គាល់​ស្តេច​អ៊ីស្រា‌អែល ហើយ​ស្តេច​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ពួក​ជំនិត​ទ្រង់​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ក្រុង​រ៉ាម៉ូត-កាឡាត​ជា​របស់​យើង ចុះ​ហេតុ​អ្វី​បាន​ជា​យើង​នៅ​តែ​ស្ងៀម ឥត​ទៅ​ចាប់​យក​ពី​កណ្ដាប់​ដៃ​ស្តេច​ស៊ីរី​មក​វិញ​ដូច្នេះ» រួច​ទ្រង់​ទូល​សួរ​យេ‌ហូសា‌ផាត​ថា៖ «តើ​ទ្រង់​នឹង​ទៅ​ច្បាំង​នឹង​ក្រុង​រ៉ាម៉ូត-កាឡាត​ជា‌មួយ​ទូល‌បង្គំ​ឬ​ទេ?»។ យេ‌ហូសា‌ផាត​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​ក៏​ដូច​ជា​ទ្រង់ រាស្ត្រ​របស់​ទូល‌បង្គំ​ក៏​ដូច​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ហើយ​សេះ​របស់​ទូល‌បង្គំ​ទាំង​ប៉ុន្មាន ក៏​ដូច​ជា​សេះ​របស់​ទ្រង់​ដែរ»។ ប៉ុន្តែ យេ‌ហូសា‌ផាត​ទូល​ដល់​ស្តេច​អ៊ីស្រា‌អែល​ថា៖ «សូម​ទ្រង់​ទូល​សួរ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​មុន​សិន»។ ដូច្នេះ ស្តេច​អ៊ីស្រា‌អែល​ក៏​ប្រមូល​ពួក​ហោរា​ប្រហែល​ជា​បួនរយ​នាក់​មក​សួរ​ថា៖ «តើ​យើង​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​រ៉ាម៉ូត-កាឡាត ឬ​ឈប់​ខាន?» គេ​ទូល​ឆ្លើយ​ថា៖ «សូម​យាង​ឡើង​ទៅ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រគល់​គេ មក​ក្នុង​កណ្ដាប់​ព្រះ‌ហស្ត​របស់​ព្រះ‌ករុណា​ហើយ» តែ​យេ‌ហូសា‌ផាត​សួរ​ថា៖ «នៅ​ទី​នេះ តើ​គ្មាន​ហោរា​ណា​ម្នាក់​របស់​ព្រះ‌យេហូវ៉ា ល្មម​ឲ្យ​យើង​សួរ​គាត់​ដែរ​ទេ​ឬ?» ស្តេច​អ៊ីស្រា‌អែល​ទូល​ឆ្លើយ​ថា៖ «មាន​ម្នាក់​ទៀត ដែល​ល្មម​ឲ្យ​យើង​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​បាន គឺ​ឈ្មោះ​មីកា‌យ៉ា ជា​កូន​យីមឡា តែ​ទូល‌បង្គំ​ស្អប់​គាត់ ដ្បិត​គាត់​មិន​ដែល​ថ្លែង​ទំនាយ​ល្អ​ពី​ទូល‌បង្គំ​សោះ គឺ​ចេះ​តែ​ថ្លែងទំនាយ​អាក្រក់​ប៉ុណ្ណោះ»។ យេ‌ហូសា‌ផាត​ទូល​ថា៖ «សូម​ទ្រង់​កុំ​មាន​រាជ‌ឱង្ការ​ដូច្នេះ»។ ពេល​នោះ ស្តេច​អ៊ីស្រា‌អែល​បាន​ហៅ​មហា‌តលិក​ម្នាក់​មក ហើយ​បង្គាប់​ថា៖ «ចូរ​ទៅ​នាំ​មីកា‌យ៉ា ជា​កូន​យីមឡា មក​នេះ​ជា​ឆាប់ៗ»។ ឯ​ស្តេច​អ៊ីស្រា‌អែល និង​យេ‌ហូសា‌ផាត ជា​ស្តេច​ស្រុក​យូដា ទ្រង់​ព្រះ‌ពស្ត្រ‌រាជ្យ​គង់​លើ​បល្ល័ង្ក​រៀង​ខ្លួ​ន ត្រង់​ទី​ធ្លា នៅ​ទ្វារ​ក្រុង​សាម៉ារី ហើយ​ពួក​ហោរា​ក៏​ឈរ​ទាយ​នៅ​ចំពោះ​ទ្រង់។ សេដេ‌គា​ជា​កូន​ក្នាណា គាត់​បាន​ធ្វើ​ស្នែង​ដែក ហើយ​ក៏​ទូល​ថា៖ «ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ "ព្រះ‌ករុណា​នឹង​ជល់​ពួក​ស៊ីរី​ដោយ​ស្នែង​នេះ ដរាប​ដល់​វិនាស​សូន្យ​ទៅ"»។ ហើយ​ពួក​ហោរា​ទាំង​អស់​ក៏​ថ្លែងទំនាយ​ដូច្នោះ​ដែរ​ថា៖ «សូម​យាង​ឡើង​ទៅ​រ៉ាម៉ូត-កាឡាត ហើយ​មាន​ជ័យ‌ជម្នះ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​ក្រុង​នោះ មក​ក្នុង​កណ្ដាប់​ព្រះ‌ហស្ត​របស់​ព្រះ‌ករុណា​ហើយ»។ រីឯ​អ្នក​ដែល​ទៅ​ហៅ​មីកា‌យ៉ា​មក ក៏​ប្រាប់​គាត់​ថា៖ «មើល៍! ពួក​ហោរា​ទាំង​អស់ សុទ្ធ​តែ​ថ្លែងទំនាយ​ល្អ​ដល់​ស្តេច​ព្រម​គ្នា ដូច្នេះ សូម​ឲ្យ​ពាក្យ​លោក​បាន​ដូច​ជា​ពាក្យ​របស់​ហោរា​ទាំង​នោះ​ដែរ ដោយ​ពោល​តែ​សេចក្ដី​ល្អ​ចុះ»។ ប៉ុន្តែ មីកា‌យ៉ា​ឆ្លើយ​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ នោះ​ខ្ញុំ​នឹង​បញ្ចេញ​តាម​សេចក្ដី​នោះ»។ ពេល​គាត់​បាន​ចូល​ទៅ​គាល់​ស្តេច​ហើយ ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «មីកា‌យ៉ា​អើយ តើ​យើង​ត្រូវ​ទៅ​ច្បាំង​នឹង​រ៉ាម៉ូត-កាឡាត ឬ​មិន​ត្រូវ​ទៅ?» គាត់​ទូល​ឆ្លើយ​ថា៖ «សូម​យាង​ទៅ ហើយ​មាន​ជ័យ‌ជម្នះ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ព្រះ‌ហស្ត​របស់​ព្រះ‌ករុណា​ហើយ»។ ប៉ុន្តែ ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «តើ​ប៉ុន្មាន​ដង​ហើយ ដែល​យើង​ឲ្យ​អ្នក​ស្បថ​ថា អ្នក​ត្រូវ​តែ​និយាយ​ការ​ពិត​ប្រាប់​យើង ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា?» មីកា‌យ៉ា ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​បាន​ឃើញ​ពួក​អ៊ីស្រា‌អែល​ត្រូវ​ខ្ចាត់‌ខ្ចាយ​នៅ​លើ​ភ្នំ ប្រៀប​ដូច​ជា​ហ្វូង​ចៀម​ដែល​គ្មាន​គង្វាល ហើយ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា "ពួក​ទាំង​នេះ​គ្មាន​ចៅ‌ហ្វាយ​ទេ ចូរ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ ដោយ​សេចក្ដី​សុខ​ចុះ"»។ ស្តេច​អ៊ីស្រា‌អែល​បាន​ទូល​ទៅ​យេ‌ហូសា‌ផាត​ថា៖ «តើ​ទូល‌បង្គំ​មិន​បាន​ទូល​ទ្រង់​ទេ​ឬ ថា​គាត់​មិន​ដែល​ថ្លែងទំនាយ​ល្អ​ពី​ទូល‌បង្គំ​ទេ គឺ​ថ្លែងទំនាយ​តែ​អាក្រក់​ប៉ុណ្ណោះ»។

១ ពង្សាវតារក្សត្រ 22:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​អំឡុង​ពេល​បី​ឆ្នាំ គ្មាន​សង្គ្រាម​កើត​ឡើង​រវាង​ស្រុក​ស៊ីរី និង​ស្រុក​អ៊ីស្រា‌អែល​ទេ។ នៅ​ឆ្នាំ​ទី​បី ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា បាន​យាង​ទៅ​សួរ​សុខ​ទុក្ខ​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ ពេល​នោះ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​មន្ត្រី​ថា៖ «អស់​លោក​ជ្រាប​ច្បាស់​ហើយ​ថា ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ ជា​ក្រុង​របស់​យើង។ ហេតុ​អ្វី​បាន​ជា​យើង​នៅ​រារែក មិន​ព្រម​ដណ្ដើម​យក​ក្រុង​នោះ​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​ស៊ីរី​មក​វិញ?»។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ចេញ​ទៅ​ច្បាំង​យក​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ជា​មួយ​ទូលបង្គំ​ឬ​ទេ?»។ ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​វិញ​ថា៖ «ទូលបង្គំ​ក៏​ដូច​ព្រះ‌ករុណា​ដែរ ប្រជា‌រាស្ត្រ​របស់​ទូលបង្គំ​ក៏​ដូច​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌ករុណា ហើយ​ទ័ព​សេះ​របស់​ទូលបង្គំ​ក៏​ដូច​ជា​ទ័ព​សេះ​របស់​ព្រះ‌ករុណា​ដែរ!»។ ព្រះ‌បាទ​យ៉ូសា‌ផាត​ទូល​ទៀត​ថា៖ «សូម​ព្រះ‌ករុណា​ទូល​សួរ​ព្រះ‌អម្ចាស់​សិន»។ ស្ដេច​អ៊ីស្រា‌អែល​កោះ​ហៅ​ព្យាការី​ប្រមាណ​បួន​រយ​នាក់​មក ហើយ​សួរ​ពួក​គេ​ថា៖ «តើ​យើង​ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ ពួក​គេ​ទូល​ថា៖ «សូម​ព្រះ‌ករុណា​យាង​ទៅ​ចុះ។ ព្រះ‌អម្ចាស់​នឹង​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា»។ ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​នៅ​ទី​នេះ គ្មាន​ព្យាការី​របស់​ព្រះ‌អម្ចាស់ ដែល​យើង​អាច​ទូល​សួរ​ព្រះអង្គ​ទេ​ឬ?»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទូល​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «នៅ​មាន​ម្នាក់​ទៀត ដែល​អាច​ទូល​សួរ​ព្រះ‌អម្ចាស់​បាន តែ​ទូលបង្គំ​ស្អប់​អ្នក​នោះ​ណាស់ ព្រោះ​គាត់​មិន​ដែល​ទាយ​ពី​សេចក្ដី​ល្អ​ឲ្យ​ទូលបង្គំ​ទេ គឺ​ទាយ​តែ​ពី​សេចក្ដី​អាក្រក់​ប៉ុណ្ណោះ។ អ្នក​នោះ​ឈ្មោះ​មីកា‌យ៉ា ជា​កូន​របស់​លោក​យីមឡា»។ ព្រះ‌បាទ​យ៉ូសា‌ផាត​ទូល​ថា៖ «សូម​ព្រះ‌ករុណា​កុំ​មាន​រាជ‌ឱង្ការ​បែប​នេះ!»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ហៅ​មហា‌តលិក​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ហៅ​លោក​មីកា‌យ៉ា ជា​កូន​របស់​លោក​យីម‌ឡា​មក​ជា​ប្រញាប់!»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល និង​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា ស្លៀក​ពាក់​យ៉ាង​រុងរឿង គង់​លើ​បល្ល័ង្ក​រៀងៗ​ខ្លួន ត្រង់​ព្រលាន​ដែល​នៅ​មុខ​ទ្វារ​ក្រុង​សាម៉ារី។ ពួក​ព្យាការី​កំពុង​នាំ​គ្នា​ទាយ​ថ្វាយ​ព្រះ‌រាជា​ទាំង​ពីរ​អង្គ។ លោក​សេ‌ដេ‌គា ជា​កូន​របស់​លោក​ក្នាណា បាន​ធ្វើ​ស្នែង​ដែក ហើយ​ពោល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ដោយ​ស្នែង​ដែក​ទាំង​នេះ អ្នក​នឹង​វាយ​កង‌ទ័ព​ស៊ីរី​ឲ្យ​វិនាស​សូន្យ!»។ ព្យាការី​ទាំង​អស់​ក៏​ទាយ​បែប​នោះ​ដែរ ពួក​គេ​ទូល​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​យាង​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ចុះ ព្រះ‌ករុណា​មុខ​ជា​ទទួល​ជ័យ‌ជម្នះ​មិន​ខាន។ ព្រះ‌អម្ចាស់​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​ហើយ»។ មហា‌តលិក​ដែល​ស្ដេច​ចាត់​ឲ្យ​ទៅ​ហៅ​លោក​មីកា‌យ៉ា បាន​ប្រាប់​លោក​ថា៖ «ព្យាការី​ទាំង​អស់​សុទ្ធ​តែ​ព្រម​គ្នា ទាយ​សេចក្ដី​ល្អ​ថ្វាយ​ព្រះ‌រាជា ដូច្នេះ សូម​លោក​ទាយ​សេចក្ដី​ល្អ​ថ្វាយ​ព្រះ‌រាជា​ដូច​គេ​ដែរ​ទៅ!»។ លោក​មីកា‌យ៉ា​ឆ្លើយ​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​យ៉ាង​ណា ខ្ញុំ​នឹង​ប្រកាស​យ៉ាង​នោះ!»។ លោក​ចូល​ទៅ​គាល់​ព្រះ‌រាជា ហើយ​ស្ដេច​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​ថា៖ «មីកា‌យ៉ា​អើយ តើ​យើង​ទាំង​ពីរ​ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុងរ៉ាម៉ូត​នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ លោក​មីកា‌យ៉ា​ទូល​ថា៖ «សូម​ព្រះ‌ករុណា​យាង​ទៅ​ចុះ! ព្រះ‌ករុណា​មុខ​ជា​ទទួល​ជ័យ‌ជម្នះ​មិន​ខាន! ព្រះ‌អម្ចាស់​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​ហើយ​តើ!»។ ប៉ុន្តែ ស្ដេច​មាន​រាជ‌ឱង្ការ​មក​លោក​វិញ​ថា៖ «តើ​យើង​ត្រូវ​ប្រាប់​អ្នក​ប៉ុន្មាន​ដង​ទៀត​ថា ឲ្យ​អ្នក​និយាយ​តែ​ការ​ពិត​ប្រាប់​យើង ក្នុង​នាម​ព្រះ‌អម្ចាស់?»។ លោក​មីកា‌យ៉ា​ទូល​ថា៖ «ទូលបង្គំ​បាន​ឃើញ​ពល​ទាហាន​អ៊ីស្រា‌អែល ទាំង​មូល​បាក់​ទ័ព រត់​ខ្ចាត់‌ខ្ចាយ​នៅ​លើ​ភ្នំ ពួក​គេ​ប្រៀប​ដូច​ជា​ហ្វូង​ចៀម ដែល​គ្មាន​នរណា​ឃ្វាល។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: អ្នក​ទាំង​នោះ​គ្មាន​មេ​ដឹក​នាំ​ទេ ចូរ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន ដោយ​សុខ‌សាន្ត​ចុះ!»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «ទូលបង្គំ​បាន​ទូល​ព្រះ‌ករុណា​ហើយ​ថា គាត់​មិន​ដែល​ទាយ​ពី​សេចក្ដី​ល្អ​ឲ្យ​ទូលបង្គំ​ទេ គឺ​ទាយ​តែ​ពី​សេចក្ដី​អាក្រក់​ប៉ុណ្ណោះ!»។

១ ពង្សាវតារក្សត្រ 22:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្នុង​រវាង​៣​ឆ្នាំ​នោះ សាសន៍​ស៊ីរី នឹង​សាសន៍​អ៊ីស្រាអែល ឥត​មាន​ចំបាំង​នឹង​គ្នា​ឡើយ តែ​ដល់​ឆ្នាំ​ទី​៣ នោះ​យ៉ូសា‌ផាត ជា​ស្តេច​យូដា ទ្រង់​យាង​ចុះ​មក​គាល់​ស្តេច​អ៊ីស្រាអែល ហើយ​ស្តេច​អ៊ីស្រាអែល​ទ្រង់​មាន​បន្ទូល​នឹង​ពួក​ជំនិត​ទ្រង់​ថា អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ក្រុង​រ៉ាម៉ូត-កាឡាត​ជា​របស់​ផង​យើង ចុះ​ហេតុ​អ្វី​បាន​ជា​យើង​នៅ​តែ​ស្ងៀម ឥត​ទៅ​ចាប់​យក​ពី​កណ្តាប់​ដៃ​ស្តេច​ស៊ីរី​មក​វិញ​ដូច្នេះ រួច​ទ្រង់​ទូល​សួរ​យ៉ូសា‌ផាត​ថា តើ​ទ្រង់​នឹង​ទៅ​ច្បាំង​នឹង​ក្រុង​រ៉ាម៉ូត-កាឡាត ជា​មួយ​នឹង​ទូលបង្គំ​ឬ​ទេ យ៉ូសា‌ផាត​ទូល​ឆ្លើយ​ថា ទូលបង្គំ​ក៏​ដូច​ជា​ទ្រង់ រាស្ត្រ​របស់​ទូលបង្គំ​ក៏​ដូច​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​សេះ​របស់​ទូលបង្គំ​ទាំង​ប៉ុន្មាន ក៏​ដូច​ជា​សេះ​របស់​ទ្រង់​ដែរ។ តែ​យ៉ូសា‌ផាត​ទូល​ដល់​ស្តេច​អ៊ីស្រាអែល​ថា សូម​ទ្រង់​ទូល​សួរ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​មុន​សិន ដូច្នេះ ស្តេច​អ៊ីស្រាអែល​ក៏​ប្រមូល​ពួក​ហោរា​ប្រហែល​ជា​៤០០​នាក់​មក​សួរ​ថា តើ​ត្រូវ​ឲ្យ​យើង​ចេញ​ទៅ ច្បាំង​នឹង​រ៉ាម៉ូត-កាឡាត ឬ​ឈប់​ខាន គេ​ទូល​ឆ្លើយ​ថា សូម​យាង​ឡើង​ទៅ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​នឹង​ប្រគល់​គេ មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ តែ​យ៉ូសា‌ផាត​សួរ​ថា នៅ​ទី​នេះ តើ​គ្មាន​ហោរា​ណា​ម្នាក់​របស់​ព្រះ‌យេហូវ៉ា ល្មម​ឲ្យ​យើង​សួរ​គាត់​ដែរ​ទេ​ឬ ស្តេច​អ៊ីស្រាអែល​ទូល​ឆ្លើយ​ថា មាន​ម្នាក់​ទៀត ដែល​ល្មម​ឲ្យ​យើង​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​បាន គឺ​ឈ្មោះ​មីកាយ៉ា ជា​កូន​យីមឡា តែ​ទូលបង្គំ​ស្អប់​វា ដ្បិត​វា​មិន​ដែល​ទាយ​ល្អ​ពី​ទូលបង្គំ​សោះ គឺ​ចេះ​តែ​ទាយ​អាក្រក់​វិញ យ៉ូសា‌ផាត​ទូល​ថា សូម​ទ្រង់​កុំ​មាន​បន្ទូល​ដូច្នោះ​ឡើយ នោះ​ស្តេច​អ៊ីស្រាអែល ទ្រង់​ហៅ​មហា‌តលិក​ម្នាក់​មក​បង្គាប់​ថា ចូរ​ទៅ​នាំ​មីកាយ៉ា ជា​កូន​យីមឡា មក​នេះ​ជា​ឆាប់ៗ ឯ​ស្តេច​អ៊ីស្រាអែល នឹង​យ៉ូសា‌ផាត ជា​ស្តេច​ស្រុក​យូដា ទ្រង់​ព្រះ‌ពស្ត្រ‌រាជ្យ​គង់​លើ​បល្ល័ង្ក​រៀង​អង្គ ត្រង់​ទី‌ធ្លា នៅ​ទ្វារ​ក្រុង​សាម៉ារី ហើយ​ពួក​ហោរា​ក៏​ឈរ​ទាយ​នៅ​ចំពោះ​ទ្រង់ ឯ​សេដេគា ជា​កូន​ក្នាណា គាត់​បាន​ធ្វើ​ស្នែង​ដែក ហើយ​ក៏​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ព្រះ‌ករុណា​នឹង​ជល់​ពួក​ស៊ីរី​ដោយ​ស្នែង​នេះ ដរាប​ដល់​វិនាស​សូន្យ​ទៅ ហើយ​ពួក​ហោរា​ទាំង​អស់​ក៏​ទាយ​ដូច្នោះ​ដែរ​ថា សូម​យាង​ឡើង​ទៅ​ឯ​រ៉ាម៉ូត-កាឡាត ហើយ​មាន​ជ័យ‌ជំនះ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រគល់​ក្រុង​នោះ មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ។ រីឯ​អ្នក​ដែល​ទៅ​ហៅ​មីកាយ៉ា​មក ក៏​ប្រាប់​គាត់​ថា មើល ពួក​ហោរា​ទាំង​អស់ សុទ្ធ​តែ​ទាយ​ល្អ​ដល់​ស្តេច​ព្រម​គ្នា ដូច្នេះ សូម​ឲ្យ​ពាក្យ​លោក​បាន​ដូច​ជា​ពាក្យ​របស់​ហោរា​ទាំង​នោះ​ដែរ ដោយ​ពោល​តែ​សេចក្ដី​ល្អ​ចុះ តែ​មីកាយ៉ា​ឆ្លើយ​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​មក​ខ្ញុំ នោះ​ខ្ញុំ​នឹង​បញ្ចេញ​តាម​សេចក្ដី​នោះ រួច​កាល​បាន​ចូល​ទៅ​គាល់​ស្តេច​ហើយ នោះ​ទ្រង់​មាន​បន្ទូល​សួរ​ថា មីកាយ៉ា​អើយ តើ​ត្រូវ​ឲ្យ​យើង​ទៅ​ច្បាំង​នឹង​រ៉ាម៉ូត-កាឡាត ឬ​ឈប់​ខាន គាត់​ទូល​ឡក​ថា សូម​យាង​ទៅ ហើយ​មាន​ជ័យ‌ជំនះ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ ដូច្នេះ ស្តេច​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ស្តី​ឯង​ប៉ុន្មាន​ដង​ហើយ ឲ្យ​និយាយ​តែ​សេចក្ដី​ពិត​ប៉ុណ្ណោះ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា គាត់​ទូល​ឆ្លើយ​ថា ទូលបង្គំ​បាន​ឃើញ​ពួក​អ៊ីស្រាអែល​ត្រូវ​ខ្ចាត់​ខ្ចាយ​នៅ​លើ​ភ្នំ ប្រៀប​ដូច​ជា​ហ្វូង​ចៀម​ដែល​គ្មាន​អ្នក​គង្វាល ហើយ​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ថា ពួក​ទាំង​នេះ​គ្មាន​ចៅហ្វាយ​ទេ ចូរ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ ដោយ​សេចក្ដី​សុខ​ចុះ ដូច្នេះ ស្តេច​អ៊ីស្រាអែល​ទ្រង់​ទូល​ទៅ​យ៉ូសា‌ផាត​ថា តើ​ទូលបង្គំ​មិន​បាន​ទូល​ទ្រង់​ទេ​ឬ​អី ថា​វា​មិន​ដែល​ទាយ​ល្អ​ពី​ទូលបង្គំ​ទេ គឺ​ទាយ​តែ​អាក្រក់​ប៉ុណ្ណោះ