១ ពង្សាវតារក្សត្រ 2:13-35
១ ពង្សាវតារក្សត្រ 2:13-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ អ័ដូនីយ៉ាជាបុត្រនាងហាគីត ចូលមកគាល់បាតសេបា ជាមាតាសាឡូម៉ូន ព្រះនាងសួរថា៖ «តើទ្រង់មកនេះដោយមេត្រីឬ?» ទ្រង់ទូលឆ្លើយថា៖ «ដោយមេត្រីទេ»។ បន្ទាប់មក ទ្រង់ទូលទៀតថា៖ «ទូលបង្គំមានការចង់ទូលព្រះនាងបន្តិច» ព្រះនាងក៏ប្រាប់ថា៖ «ចូរនិយាយមកចុះ»។ ទ្រង់ទូលថា៖ «ព្រះនាងជ្រាបហើយថា រាជ្យនេះជារបស់ទូលបង្គំ ហើយថា សាសន៍អ៊ីស្រាអែលទាំងអស់បានមើលចំទូលបង្គំ ដោយសង្ឃឹមនឹងគ្រងរាជ្យឡើង ប៉ុន្តែ រាជ្យបានត្រឡប់វិលទៅជារបស់ប្អូនទូលបង្គំវិញ ដ្បិតគឺព្រះយេហូវ៉ាដែលទ្រង់ប្រទានទៅឲ្យ។ ឥឡូវនេះ ទូលបង្គំសូមតែសេចក្ដីមួយពីព្រះនាងប៉ុណ្ណោះ សូមកុំប្រកែកឡើយ» ព្រះនាងឆ្លើយតបថា៖ «ចូរពោលឲ្យអស់សេចក្ដីទៅចុះ»។ ទ្រង់ទូលថា៖ «ទូលបង្គំសូមព្រះនាងទូលដល់ព្រះបាទសាឡូម៉ូន ដ្បិតទ្រង់នឹងមិនប្រកែកចំពោះព្រះនាងទេ គឺសូមឲ្យទ្រង់ប្រទាននាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែមមកធ្វើជាភរិយារបស់ទូលបង្គំ»។ បាតសេបាទទួលថា៖ «មិនអីទេ យើងនឹងទូលស្តេចឲ្យ»។ ដូច្នេះ បាតសេបាក៏ចូលទៅគាល់ព្រះបាទសាឡូម៉ូន ដើម្បីទូលទ្រង់ឲ្យអ័ដូនីយ៉ា ស្តេចបានក្រោកឡើងទទួល ដោយឱនគោរព រួចគង់ទ្រង់លើបល្ល័ង្កវិញ ហើយបង្គាប់ឲ្យគេយកបល្ល័ង្កមួយមកដាក់ថ្វាយមាតា ព្រះនាងក៏គង់ខាងស្តាំទ្រង់ ទូលថា៖ «មាតាចង់សូមការតូចមួយពីបុត្រ សូមកុំប្រកែកឡើយ»។ ស្តេចមានរាជឱង្ការតបថា៖ «សូមមាតាមានព្រះសវនីយ៍មកចុះ ទូលបង្គំមិនប្រកែកទេ»។ ព្រះនាងទូលថា៖ «សូមប្រទាននាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ឲ្យទៅធ្វើជាភរិយារបស់អ័ដូនីយ៉ាជាជេដ្ឋាទៅ» ព្រះបាទសាឡូម៉ូនឆ្លើយតបទៅមាតាថា៖ «ហេតុអ្វីបានជាមាតាសូមនាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ឲ្យអ័ដូនីយ៉ាដូច្នេះ? ត្រូវសូមទាំងរាជសម្បត្តិឲ្យទ្រង់ផង ដ្បិតទ្រង់ជាបងរបស់ទូលបង្គំស្រាប់ បើសូមឲ្យអ័ដូនីយ៉ា ត្រូវសូមឲ្យសង្ឃអ័បៀថើរ និងយ៉ូអាប់ ជាកូនសេរូយ៉ាដែរទៅ»។ នោះព្រះបាទសាឡូម៉ូនក៏ស្បថដោយនូវព្រះយេហូវ៉ាថា៖ «បើអ័ដូនីយ៉ាមិនត្រូវស្លាប់ ដោយព្រោះពោលពាក្យនេះទេ នោះសូមឲ្យព្រះប្រព្រឹត្តនឹងទូលបង្គំយ៉ាងនេះ ហើយលើសទៅទៀតផង ដូច្នេះ ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ដែលទ្រង់បានតាំងទូលបង្គំឡើងឲ្យអង្គុយលើបល្ល័ង្ករបស់ស្ដេចដាវីឌ ជាបិតា ហើយបានឲ្យទូលបង្គំមានជំនួរវង្ស ដូចជាទ្រង់បានសន្យាទុក គឺស្បថថា នៅថ្ងៃនេះ អ័ដូនីយ៉ាត្រូវស្លាប់ជាពិត»។ ស្តេចក៏ចាត់បេណាយ៉ា ជាកូនយេហូយ៉ាដា ឲ្យទៅប្រហារជីវិតអ័ដូនីយ៉ា ហើយទ្រង់ក៏សុគតទៅ។ ខណៈនោះ ស្តេចក៏មានរាជឱង្ការទៅសង្ឃអ័បៀថើរថា៖ «ចូរឯងត្រឡប់ទៅស្រែចម្ការរបស់ឯង ដែលនៅស្រុកអាណាថោតវិញទៅ ដ្បិតឯងគួរនឹងស្លាប់ហើយ ប៉ុន្តែ យើងមិនសម្លាប់នៅវេលានេះទេ ព្រោះឯងជាអ្នកសែងហិបរបស់ព្រះអម្ចាស់យេហូវ៉ា នៅចំពោះស្ដេចដាវីឌជាបិតារបស់យើង ហើយដោយព្រោះឯងបានរងទុក្ខ ក្នុងគ្រប់ទាំងសេចក្ដីលំបាករបស់បិតាយើងដែរ»។ ដូច្នេះ ព្រះបាទសាឡូម៉ូនបានបណ្តេញអ័បៀថើរ ចេញពីដំណែងជាសង្ឃនៃព្រះយេហូវ៉ាទៅ ដើម្បីឲ្យបានសម្រេចព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលព្រះអង្គបានមានព្រះបន្ទូលពីដំណើរវង្សាអេលីនៅត្រង់ស៊ីឡូរ។ ដំណឹងនោះក៏ឮទៅដល់យ៉ូអាប់ ហើយលោកក៏រត់ទៅត្រសាលរបស់ព្រះយេហូវ៉ា ចាប់កាន់ស្នែងអាសនា ដ្បិតទោះបើលោកមិនបានទៅតាមអាប់សាឡុមក៏ពិត ប៉ុន្តែ បាននិយមតាមអ័ដូនីយ៉ាដែរ។ មានគេមកក្រាបទូលព្រះបាទសាឡូម៉ូនថា៖ «យ៉ូអាប់បានរត់ទៅត្រសាលរបស់ព្រះយេហូវ៉ាហើយ ក៏នៅជិតអាសនា» ព្រះបាទសាឡូម៉ូនបានចាត់បេណាយ៉ា ជាកូនយេហូយ៉ាដា ឲ្យទៅដោយមានព្រះបន្ទូលថា៖ «ចូរទៅប្រហារជីវិតយ៉ូអាប់ទៅ»។ បេណាយ៉ាក៏ទៅត្រសាលនៃព្រះយេហូវ៉ាប្រាប់យ៉ូអាប់ថា៖ «ស្តេចបង្គាប់ឲ្យចេញមក» តែលោកប្រកែកថា៖ «ទេ ខ្ញុំនឹងស្លាប់នៅទីនេះវិញ» ដូច្នេះ បេណាយ៉ាក៏ទៅក្រាបទូលដល់ស្តេចតាមពាក្យដែលយ៉ូអាប់ប្រាប់។ ស្តេចមានរាជឱង្ការតបថា៖ «ចូរធ្វើតាមពាក្យគាត់ចុះ ចូរសម្លាប់គាត់ ហើយកប់គាត់ទៅ ដើម្បីលុបឈាមដែលយ៉ូអាប់បានកម្ចាយ ដោយឥតហេតុចេញពីយើង និងពីជំនួរវង្សរបស់បិតាយើងទៅ។ ព្រះយេហូវ៉ានឹងទម្លាក់ឈាមរបស់គាត់ ទៅលើក្បាលរបស់គាត់វិញ ព្រោះគាត់បានប្រហារជីវិតមនុស្សពីរនាក់ ដែលសុចរិត ហើយល្អជាងគាត់ ដោយកាប់នឹងដាវ តែព្រះបាទដាវីឌជាបិតារបស់យើងមិនបានជ្រាបសោះ គឺអ័ប៊ីនើរ កូននើរ ជាមេទ័ពពួកអ៊ីស្រាអែល និងអ័ម៉ាសា កូនយេធើ ជាមេទ័ពពួកយូដា។ ឈាមរបស់គេនឹងធ្លាក់មកលើក្បាលយ៉ូអាប់ និងពូជពង្សរបស់គាត់ជាដរាបតទៅ តែចំណែកព្រះបាទដាវីឌ និងពូជពង្សរបស់ទ្រង់ ព្រមទាំងជំនួរវង្ស រាជ្យរបស់ទ្រង់ នោះនឹងបានសេចក្ដីសុខសាន្ត មកពីព្រះយេហូវ៉ាជានិច្ចតទៅ»។ ដូច្នេះ បេណាយ៉ាជាកូនយេហូយ៉ាដា ក៏ឡើងទៅសម្លាប់យ៉ូអាប់ ហើយគេបញ្ចុះក្នុងម៉ុងរបស់លោកនៅទីរហោស្ថាន។ ស្តេចបានតាំងបេណាយ៉ាជាកូនយេហូយ៉ាដា ឲ្យធ្វើជាមេទ័ពជំនួសលោក ហើយតាំងសង្ឃសាដុកជំនួសអ័បៀថើរដែរ។
១ ពង្សាវតារក្សត្រ 2:13-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃមួយ សម្ដេចអដូនីយ៉ា ជាបុត្ររបស់ព្រះបាទដាវីឌ និងនាងហាគីត យាងទៅជួបនាងបាតសេបា ជាមាតារបស់ព្រះបាទសាឡូម៉ូន។ នាងបាតសេបាសួរសម្ដេចអដូនីយ៉ាថា៖ «តើសម្ដេចយាងមកទីនេះ ក្នុងបំណងល្អឬ?»។ សម្ដេចតបថា៖ «ទូលបង្គំមក ដោយបំណងល្អទេ!»។ សម្ដេចអដូនីយ៉ាពោលថា៖ «ទូលបង្គំមានការមួយចង់ទូលថ្វាយ»។ នាងតបថា៖ «សូមមានរាជឱង្ការមកចុះ»។ សម្ដេចអដូនីយ៉ាឆ្លើយដូចតទៅ៖ «សម្ដេចមាតាជ្រាបហើយថា រាជសម្បត្តិត្រូវបានមកទូលបង្គំ ហើយប្រជាជនអ៊ីស្រាអែលទាំងមូលសង្ឃឹមថា ទូលបង្គំនឹងឡើងគ្រងរាជ្យ។ ប៉ុន្តែ រាជសម្បត្តិបែរជាបានទៅព្រះបាទសាឡូម៉ូន ជាអនុជរបស់ទូលបង្គំទៅវិញ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យដូច្នេះ។ ឥឡូវនេះ ទូលបង្គំមានការមួយចង់ទូលថ្វាយ សូមកុំបដិសេធឡើយ»។ នាងពោលថា៖ «សូមមានរាជឱង្ការមកចុះ»។ សម្ដេចអដូនីយ៉ាទូលថា៖ «សូមសម្ដេចមាតាទូលព្រះបាទសាឡូម៉ូន សុំនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម ឲ្យមកធ្វើជាមហេសីផង ដ្បិតព្រះរាជាមិនបដិសេធនឹងសំណូមពររបស់សម្ដេចមាតាទេ»។ នាងបាតសេបាឆ្លើយថា៖ «មាតានឹងទៅទូលព្រះរាជាឲ្យ»។ នាងបាតសេបាក៏ចូលទៅគាល់ព្រះបាទសាឡូម៉ូន ដើម្បីទូលថ្វាយពីសំណូមពររបស់សម្ដេចអដូនីយ៉ា។ ព្រះរាជាយាងចុះពីបល្ល័ង្ក មករកនាង ហើយថ្វាយបង្គំ។ បន្ទាប់មក ព្រះរាជាគង់លើបល្ល័ង្កវិញ ហើយបញ្ជាឲ្យគេដាក់បល្ល័ង្កមួយថ្វាយមាតា នៅខាងស្ដាំ។ នាងបាតសេបាទូលព្រះរាជាថា៖ «មាតាមានសំណូមពរដ៏តូចមួយចំពោះបុត្រ សូមបុត្រកុំបដិសេធឡើយ!»។ ស្ដេចមានរាជឱង្ការថា៖ «សូមមាតាមានសវនីយ៍មកចុះ បុត្រមិនបដិសេធទេ»។ នាងពោលថា៖ «សូមបុត្រប្រគល់នាងអប៊ីសាក ជាអ្នកភូមិស៊ូណែម ឲ្យសម្ដេចអដូនីយ៉ាបងរបស់បុត្រ ធ្វើជាមហេសី»។ ព្រះបាទសាឡូម៉ូនមានរាជឱង្ការថា៖ «ហេតុអ្វីបានជាមាតាមកសុំនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម ឲ្យសម្ដេចអដូនីយ៉ាបែបនេះ? ម្ដេចមិនសុំរាជសម្បត្តិឲ្យសម្ដេចតែម្ដងទៅ ដ្បិតសម្ដេចជាបងរបស់ទូលបង្គំស្រាប់! សូមមាតាប្រគល់រាជ្យនេះឲ្យសម្ដេចអដូនីយ៉ា និងលោកបូជាចារ្យអបៀថើរ ព្រមទាំងលោកមេទ័ពយ៉ូអាប់ ជាកូនអ្នកស្រីសេរូយ៉ាទៅ!»។ ព្រះបាទសាឡូម៉ូនស្បថក្នុងនាមព្រះអម្ចាស់ថា៖ «ប្រសិនបើទូលបង្គំមិនប្រហារជីវិតសម្ដេចអដូនីយ៉ា ដែលហ៊ានធ្វើសំណូមពរបែបនេះទេ សូមព្រះជាម្ចាស់ដាក់ទោសទូលបង្គំ យ៉ាងធ្ងន់ចុះ! ទូលបង្គំសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ហើយដែលបានឲ្យទូលបង្គំឡើងគ្រងរាជ្យ លើបល្ល័ង្ករបស់ព្រះបាទដាវីឌជាបិតា ព្រមទាំងសន្យាប្រទានសន្តតិវង្សមួយមកទូលបង្គំថា នៅថ្ងៃនេះ សម្ដេចអដូនីយ៉ាត្រូវតែទទួលទោសដល់ជីវិត!»។ ព្រះបាទសាឡូម៉ូន ចាត់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ឲ្យទៅប្រហារជីវិតសម្ដេចអដូនីយ៉ា។ សម្ដេចអដូនីយ៉ាក៏សោយទិវង្គតទៅ។ បន្ទាប់មក ព្រះរាជាមានរាជឱង្ការទៅកាន់លោកបូជាចារ្យអបៀថើរថា៖ «ចូរវិលត្រឡប់ទៅកាន់ភូមិស្រុករបស់លោក នៅអាណាថោតវិញចុះ។ លោកគួរតែស្លាប់ ប៉ុន្តែ យើងមិនចង់សម្លាប់លោកក្នុងថ្ងៃនេះទេ ព្រោះលោកធ្លាប់សែងហិបសម្ពន្ធមេត្រីរបស់ព្រះជាអម្ចាស់ ដើរពីមុខព្រះបាទដាវីឌ ជាបិតារបស់យើង ហើយលោកក៏ធ្លាប់រួមសុខទុក្ខជាមួយបិតារបស់យើង ក្នុងពេលលំបាកវេទនាដែរ»។ ព្រះបាទសាឡូម៉ូនបណ្ដេញលោកអបៀថើរចេញពីតំណែងជាបូជាចារ្យរបស់ព្រះអម្ចាស់ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទុក ស្ដីអំពីក្រុមគ្រួសាររបស់លោកអេលី នៅស៊ីឡូ។ ពេលលោកយ៉ូអាប់ជ្រាបដំណឹងនេះ លោករត់គេចខ្លួនទៅពន្លារបស់ព្រះអម្ចាស់ ហើយតោងស្នែងអាសនៈ។ ទោះបីលោកមិនបានចូលរួមក្បត់ជាមួយសម្ដេចអាប់សាឡុមពីមុនមែន តែពេលនេះ លោកបានចូលដៃជាមួយសម្ដេចអដូនីយ៉ា។ មានគេនាំដំណឹងទៅទូលព្រះបាទសាឡូម៉ូនថា លោកយ៉ូអាប់រត់គេចខ្លួនទៅពន្លារបស់ព្រះអម្ចាស់ ហើយជ្រកនៅក្បែរអាសនៈ។ ពេលនោះ ព្រះបាទសាឡូម៉ូនចាត់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដោយមានរាជឱង្ការថា៖ «ចូរទៅប្រហារលោកយ៉ូអាប់ទៅ!»។ លោកបេណាយ៉ាទៅដល់ពន្លារបស់ព្រះអម្ចាស់ ហើយពោលទៅកាន់លោកយ៉ូអាប់ថា៖ «ព្រះរាជាបញ្ជាឲ្យលោកចេញពីទីនេះ»។ លោកយ៉ូអាប់ឆ្លើយថា៖ «ទេ! ខ្ញុំចង់ស្លាប់នៅទីនេះ»។ លោកបេណាយ៉ាត្រឡប់ទៅដំណាក់ស្ដេចវិញ ហើយទូលស្ដេចតាមពាក្យដែលលោកយ៉ូអាប់ប្រាប់។ ព្រះរាជាមានរាជឱង្ការថា៖ «ចូរធ្វើតាមពាក្យគាត់ គឺសម្លាប់គាត់នៅនឹងកន្លែង ហើយបញ្ចុះសពនៅទីនោះទៅ។ ដូច្នេះ លោកធ្វើឲ្យយើង និងរាជវង្សរបស់យើង រួចផុតពីទោសពៃរ៍ចំពោះឃាតកម្ម ដែលលោកយ៉ូអាប់ប្រព្រឹត្តទៅលើជនស្លូតត្រង់។ ព្រះអម្ចាស់ធ្វើឲ្យបំណុលឈាមនេះធ្លាក់ទៅលើលោកយ៉ូអាប់ ព្រោះគាត់បានប្រហារជីវិតមនុស្សសុចរិតពីរនាក់ដែលល្អជាងគាត់ ដោយមិនឲ្យព្រះបាទដាវីឌជាបិតារបស់យើងជ្រាប គឺគាត់បានសម្លាប់លោកអប៊ីនើរ ជាកូនរបស់លោកនើរ ជាមេទ័ពអ៊ីស្រាអែល និងលោកអម៉ាសា ជាកូនរបស់លោកយេធើរជាមេទ័ពយូដា ដោយមុខដាវ។ បំណុលឈាមនេះ នឹងធ្លាក់ទៅលើលោកយ៉ូអាប់ និងពូជពង្សរបស់គាត់រហូតតទៅ។ ប៉ុន្តែ ព្រះអម្ចាស់ប្រោសប្រទានឲ្យរាជវង្ស សន្តតិវង្ស និងរាជសម្បត្តិរបស់ព្រះបាទដាវីឌ បានប្រកបដោយសេចក្ដីសុខសាន្តរហូតតទៅ»។ លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ក៏ទៅសម្លាប់លោកយ៉ូអាប់ ហើយបញ្ចុះសពក្នុងដីភូមិដែលជាកម្មសិទ្ធិរបស់លោកយ៉ូអាប់នៅវាលរហោស្ថាន។ ព្រះរាជាតែងតាំងលោកបេណាយ៉ា ជាមេទ័ពជំនួសលោកយ៉ូអាប់ ហើយតែងតាំងលោកសាដុកជាបូជាចារ្យ ជំនួសលោកអបៀថើរ។
១ ពង្សាវតារក្សត្រ 2:13-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រា១អ័ដូនីយ៉ា ជាបុត្រនាងហាគីត ចូលមកគាល់បាតសេបា ជាមាតាសាឡូម៉ូន ព្រះនាងសួរថា ឯងមកនេះដោយមេត្រីឬអី ទ្រង់ទូលឆ្លើយថា ដោយមេត្រីទេ រួចទ្រង់ទូលទៀតថា ទូលបង្គំមានការចង់ទូលនឹងព្រះនាងបន្តិច ព្រះនាងក៏ប្រាប់ថា ចូរនិយាយមកចុះ នោះទ្រង់ទូលថា ព្រះនាងជ្រាបហើយ ថារាជ្យនេះជារបស់ផងទូលបង្គំ ហើយថា សាសន៍អ៊ីស្រាអែលទាំងអស់បានមើលចំទូលបង្គំ ដោយសង្ឃឹមនឹងគ្រងរាជ្យឡើង ប៉ុន្តែ រាជ្យបានត្រឡប់វិលទៅជារបស់ផងប្អូនទូលបង្គំវិញ ដ្បិតគឺព្រះយេហូវ៉ាដែលទ្រង់ប្រទានទៅឲ្យ ឥឡូវនេះ ទូលបង្គំសូមតែសេចក្ដី១ចំពោះព្រះនាងប៉ុណ្ណោះ សូមកុំប្រកែកឡើយ ព្រះនាងឆ្លើយតបថា ចូរពោលឲ្យអស់សេចក្ដីទៅចុះ ដូច្នេះ ទ្រង់ទូលថា ទូលបង្គំសូមព្រះនាងទូលដល់ស្តេចសាឡូម៉ូន ដ្បិតទ្រង់នឹងមិនប្រកែកចំពោះព្រះនាងទេ គឺសូមឲ្យទ្រង់ប្រទាននាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែមមកឲ្យធ្វើជាប្រពន្ធរបស់ទូលបង្គំ បាតសេបាទទួលថាអើ អញនឹងទូលដល់ស្តេចឲ្យឯង។ ដូច្នេះ បាតសេបាក៏ចូលទៅគាល់ស្តេចសាឡូម៉ូន ដើម្បីទូលទ្រង់ឲ្យអ័ដូនីយ៉ា ឯស្តេចទ្រង់ក្រោកឡើងទទួល ក៏ឱនព្រះអង្គគោរព រួចគង់លើបល្ល័ង្កទ្រង់វិញ ហើយបង្គាប់ឲ្យគេយកបល្ល័ង្ក១មកដាក់ថ្វាយមាតាទ្រង់ ព្រះនាងក៏គង់ខាងស្តាំទ្រង់ ទូលថា មាតាចង់សូមការតូច១ពីបុត្រ សូមកុំប្រកែកឡើយ ស្តេចទ្រង់មានបន្ទូលតបថា សូមព្រះមាតាមានព្រះសវនីយ៍មកចុះ ដ្បិតទូលបង្គំមិនប្រកែកទេ ដូច្នេះ ព្រះនាងទូលថា សូមប្រទាននាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ឲ្យទៅធ្វើជាប្រពន្ធអ័ដូនីយ៉ាជាជេដ្ឋាទៅ ស្តេចសាឡូម៉ូន ទ្រង់ឆ្លើយតបទៅមាតាថា ហេតុអ្វីបានជាព្រះមាតាសូមនាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ឲ្យអ័ដូនីយ៉ាដូច្នេះ ត្រូវសូមទាំងរាជសម្បត្តិឲ្យវាផង ដ្បិតវាជាបងរបស់ទូលបង្គំស្រាប់ គឺសូមឲ្យវានឹងអ័បៀថើរដ៏ជាសង្ឃ ហើយនឹងយ៉ូអាប់ ជាកូនសេរូយ៉ាដែរ នោះស្តេចសាឡូម៉ូនក៏ស្បថដោយនូវព្រះយេហូវ៉ាថា បើអ័ដូនីយ៉ាមិនត្រូវស្លាប់ ដោយព្រោះពោលពាក្យនេះទេ នោះសូមឲ្យព្រះទ្រង់ប្រព្រឹត្តនឹងទូលបង្គំយ៉ាងនេះ ហើយលើសទៅទៀតផង ដូច្នេះ ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ដែលទ្រង់បានតាំងទូលបង្គំឡើងឲ្យអង្គុយលើបល្ល័ង្កនៃដាវីឌ ជាព្រះវរបិតា ហើយបានឲ្យទូលបង្គំមានជំនួរវង្ស ដូចជាទ្រង់បានសន្យាទុក គឺស្បថថា នៅថ្ងៃនេះអ័ដូនីយ៉ាត្រូវស្លាប់ជាពិត ស្តេចក៏ចាត់បេណាយ៉ា ជាកូនយេហូយ៉ាដា ឲ្យទៅប្រហារជីវិតអ័ដូនីយ៉ា ហើយទ្រង់ក៏សុគតទៅ។ ខណនោះ ស្តេចក៏មានបន្ទូលទៅអ័បៀថើរដ៏ជាសង្ឃថា ចូរឯងត្រឡប់ទៅឯស្រែចំការរបស់ឯង ដែលនៅស្រុកអាន៉ាថោតវិញទៅ ដ្បិតឯងគួរនឹងស្លាប់ហើយ ប៉ុន្តែយើងមិនសំឡាប់នៅវេលានេះទេ ព្រោះឯងជាអ្នកសែងហឹបនៃព្រះអម្ចាស់យេហូវ៉ា នៅចំពោះដាវីឌ ជាព្រះវរបិតាយើង ហើយដោយព្រោះឯងបានរងទុក្ខ ក្នុងគ្រប់ទាំងសេចក្ដីលំបាករបស់ព្រះវរបិតាយើងដែរ ដូច្នេះ សាឡូម៉ូនបានបណ្តេញអ័បៀថើរ ចេញពីដំណែងងារជាសង្ឃនៃព្រះយេហូវ៉ាទៅ ដើម្បីឲ្យបានសំរេចព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់បានមានបន្ទូលពីដំណើរវង្សាអេលីនៅត្រង់ស៊ីឡូរ។ ដំណឹងនោះក៏ឮទៅដល់យ៉ូអាប់ ហើយលោកក៏រត់ទៅឯត្រសាលនៃព្រះយេហូវ៉ា ចាប់កាន់ស្នែងអាសនា ដ្បិតទោះបើលោកមិនបានទៅតាមអាប់សាឡំមក៏ពិត ប៉ុន្តែ បាននិយមតាមអ័ដូនីយ៉ាដែរ មានគេមកក្រាបទូលស្តេចសាឡូម៉ូនថា យ៉ូអាប់បានរត់ទៅឯត្រសាលនៃព្រះយេហូវ៉ាហើយ ក៏នៅជិតអាសនា នោះសាឡូម៉ូនចាត់បេណាយ៉ា ជាកូនយេហូយ៉ាដា ឲ្យទៅដោយបន្ទូលថា ចូរទៅប្រហារជីវិតវាទៅ បេណាយ៉ាក៏ទៅឯត្រសាលនៃព្រះយេហូវ៉ាប្រាប់យ៉ូអាប់ថា ស្តេចទ្រង់បង្គាប់ឲ្យចេញមក តែលោកប្រកែកថា ទេ ខ្ញុំនឹងស្លាប់នៅទីនេះវិញ ដូច្នេះ បេណាយ៉ាក៏ទៅក្រាបទូលដល់ស្តេចថា យ៉ូអាប់បានឆ្លើយមកទូលបង្គំយ៉ាងនោះ ស្តេចមានបន្ទូលតបថា ចូរធ្វើតាមពាក្យវាចុះ ចូរសំឡាប់វា ហើយកប់វាទៅ ដើម្បីនឹងលុបឈាមដែលយ៉ូអាប់បានកំចាយ ដោយឥតហេតុចេញពីយើង ហើយពីជំនួរវង្ស នៃព្រះវរបិតាយើងទៅ ព្រះយេហូវ៉ាទ្រង់នឹងទំលាក់ឈាមវា ទៅលើក្បាលខ្លួនវាវិញ ពីព្រោះវាបានប្រហារជីវិតមនុស្ស២នាក់ ដែលសុចរិត ហើយល្អជាងវា ដោយកាប់នឹងដាវ តែដាវីឌជាព្រះវរបិតាយើងទ្រង់មិនបានជ្រាបសោះ គឺអ័ប៊ីនើរ កូននើរ ជាមេទ័ពពួកអ៊ីស្រាអែល នឹងអ័ម៉ាសា កូនយេធើ ជាមេទ័ពពួកយូដា ឈាមរបស់គេនឹងធ្លាក់មកលើក្បាលយ៉ូអាប់ ហើយនឹងពូជពង្សវាជាដរាបទៅ តែចំណែកឯដាវីឌ នឹងពូជពង្សទ្រង់ ព្រមទាំងជំនួរវង្សទ្រង់ ហើយរាជ្យរបស់ទ្រង់នោះនឹងបានសេចក្ដីសុខសាន្ត មកអំពីព្រះយេហូវ៉ា ជានិច្ចតទៅវិញ ដូច្នេះ បេណាយ៉ាជាកូនយេហូយ៉ាដា ក៏ឡើងទៅប្រហារសំឡាប់យ៉ូអាប់បង់ រួចគេបញ្ចុះក្នុងម៉ុងរបស់លោកនៅទីរហោស្ថាន ស្តេចទ្រង់ក៏តាំងបេណាយ៉ាជាកូនយេហូយ៉ាដា ឲ្យធ្វើជាមេទ័ពជំនួសលោក ហើយតាំងសាដុកដ៏ជាសង្ឃ ជំនួសអ័បៀថើរដែរ។