១ ពង្សាវតារក្សត្រ 2:1-46
១ ពង្សាវតារក្សត្រ 2:1-46 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅពេលដែលព្រះបាទដាវីឌជិតសុគត ទ្រង់ផ្តាំសាឡូម៉ូនជាបុត្រាថា៖ «បិតាជិតនឹងលាចាកលោកនេះហើយ ដូច្នេះ ចូររឹងមាំ ហើយធ្វើខ្លួនឲ្យក្លាហានឡើង ចូរស្ដាប់បង្គាប់ព្រះយេហូវ៉ា ជាព្រះរបស់បុត្រ ចូរប្រព្រឹត្តតាមអស់ទាំងផ្លូវរបស់ទ្រង់ ព្រមទាំងស្ដាប់តាមបញ្ជា តាមបញ្ញត្តិ និងបន្ទាល់របស់ព្រះអង្គ ដូចដែលបានកត់ទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ដើម្បីឲ្យបុត្រមានជោគជ័យក្នុងគ្រប់កិច្ចការដែលបុត្រធ្វើ និងនៅកន្លែងណាដែលបុត្រទៅ។ ធ្វើដូច្នោះ ព្រះយេហូវ៉ានឹងសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានមានព្រះបន្ទូលនឹងបិតាថា "បើកូនចៅរបស់ឯងរក្សាផ្លូវរបស់គេ ឲ្យបានដើរនៅចំពោះមុខយើង ដោយស្មោះត្រង់ អស់ពីចិត្ត អស់ពីព្រលឹងគេ នោះនឹងមិនដែលខានមានពូជឯង អង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែលឡើយ"។ មួយទៀត បុត្រដឹងហើយថា យ៉ូអាប់ជាកូនសេរូយ៉ា បានប្រព្រឹត្តនឹងបិតាយ៉ាងណា ដោយបានសម្លាប់មេទ័ពសាសន៍អ៊ីស្រាអែលពីរនាក់ គឺអ័ប៊ីនើរ ជាកូននើរ និងអ័ម៉ាសាជាកូនយេធើ ទាំងបានកម្ចាយឈាមនៅវេលាដែលស្រុកកំពុងសុខសាន្តត្រាណ ឈាមចម្បាំងបានប្រឡាក់សំពត់ក្រវាត់ដែលនៅចង្កេះខ្លួន និងស្បែកជើងដែលគេពាក់។ ដូច្នេះ ចូរប្រព្រឹត្តដោយប្រាជ្ញារបស់បុត្រ កុំឲ្យសក់ស្កូវរបស់គាត់ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ដោយសុខសាន្តឡើយ។ ប៉ុន្តែ ចូរសម្ដែងសេចក្ដីសប្បុរសដល់ពួកកូនបារស៊ីឡាយ អ្នកស្រុកកាឡាតវិញ ហើយឲ្យគេនៅក្នុងពួកអ្នកដែលបរិភោគនៅតុរបស់បុត្រ ដ្បិតគេបានមកទទួលបិតា នៅគ្រាដែលបិតាបានរត់ពីអាប់សាឡុមបងរបស់បុត្រទៅ។ មួយទៀត មានស៊ីម៉ាយ ជាកូនកេរ៉ា ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ជាអ្នកស្រុកបាហ៊ូរីម នៅជាមួយបុត្រដែរ គេបានជេរប្រមាថដល់បិតា ដោយពាក្យជេរយ៉ាងធ្ងន់ នៅថ្ងៃដែលបិតាបានទៅឯស្រុកម៉ាហាណែម ប៉ុន្តែ គេបានចុះមកក្រាបទទួលបិតានៅទន្លេយ័រដាន់វិញ ហើយបិតាបានស្បថនឹងគេដោយនូវព្រះយេហូវ៉ាថា "យើងនឹងមិនសម្លាប់អ្នកដោយដាវទេ"។ ដូច្នេះ កុំលើកលែងទោសឲ្យគេឡើយ ដ្បិតបុត្រជាអ្នកមានប្រាជ្ញា បុត្រដឹងហើយថា ត្រូវប្រព្រឹត្តយ៉ាងណាចំពោះគេ ត្រូវឲ្យសក់ស្កូវគេចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយឈាម»។ ព្រះបាទដាវីឌក៏បានផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពស្ដេចនៅក្នុងទីក្រុងដាវីឌ។ ព្រះបាទដាវីឌបានសោយរាជ្យលើសាសន៍អ៊ីស្រាអែលអស់រយៈពេលសែសិបឆ្នាំ គឺសោយរាជ្យនៅក្រុងហេប្រុនបានប្រាំពីរឆ្នាំ និងនៅក្រុងយេរូសាឡិមសាមសិបបីឆ្នាំ។ ព្រះបាទសាឡូម៉ូនបានឡើងគង់លើបល្ល័ង្ករបស់ព្រះបាទដាវីឌជាបិតា ហើយរាជ្យទ្រង់ក៏បានរឹងមាំឡើង។ ពេលនោះ អ័ដូនីយ៉ាជាបុត្រនាងហាគីត ចូលមកគាល់បាតសេបា ជាមាតាសាឡូម៉ូន ព្រះនាងសួរថា៖ «តើទ្រង់មកនេះដោយមេត្រីឬ?» ទ្រង់ទូលឆ្លើយថា៖ «ដោយមេត្រីទេ»។ បន្ទាប់មក ទ្រង់ទូលទៀតថា៖ «ទូលបង្គំមានការចង់ទូលព្រះនាងបន្តិច» ព្រះនាងក៏ប្រាប់ថា៖ «ចូរនិយាយមកចុះ»។ ទ្រង់ទូលថា៖ «ព្រះនាងជ្រាបហើយថា រាជ្យនេះជារបស់ទូលបង្គំ ហើយថា សាសន៍អ៊ីស្រាអែលទាំងអស់បានមើលចំទូលបង្គំ ដោយសង្ឃឹមនឹងគ្រងរាជ្យឡើង ប៉ុន្តែ រាជ្យបានត្រឡប់វិលទៅជារបស់ប្អូនទូលបង្គំវិញ ដ្បិតគឺព្រះយេហូវ៉ាដែលទ្រង់ប្រទានទៅឲ្យ។ ឥឡូវនេះ ទូលបង្គំសូមតែសេចក្ដីមួយពីព្រះនាងប៉ុណ្ណោះ សូមកុំប្រកែកឡើយ» ព្រះនាងឆ្លើយតបថា៖ «ចូរពោលឲ្យអស់សេចក្ដីទៅចុះ»។ ទ្រង់ទូលថា៖ «ទូលបង្គំសូមព្រះនាងទូលដល់ព្រះបាទសាឡូម៉ូន ដ្បិតទ្រង់នឹងមិនប្រកែកចំពោះព្រះនាងទេ គឺសូមឲ្យទ្រង់ប្រទាននាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែមមកធ្វើជាភរិយារបស់ទូលបង្គំ»។ បាតសេបាទទួលថា៖ «មិនអីទេ យើងនឹងទូលស្តេចឲ្យ»។ ដូច្នេះ បាតសេបាក៏ចូលទៅគាល់ព្រះបាទសាឡូម៉ូន ដើម្បីទូលទ្រង់ឲ្យអ័ដូនីយ៉ា ស្តេចបានក្រោកឡើងទទួល ដោយឱនគោរព រួចគង់ទ្រង់លើបល្ល័ង្កវិញ ហើយបង្គាប់ឲ្យគេយកបល្ល័ង្កមួយមកដាក់ថ្វាយមាតា ព្រះនាងក៏គង់ខាងស្តាំទ្រង់ ទូលថា៖ «មាតាចង់សូមការតូចមួយពីបុត្រ សូមកុំប្រកែកឡើយ»។ ស្តេចមានរាជឱង្ការតបថា៖ «សូមមាតាមានព្រះសវនីយ៍មកចុះ ទូលបង្គំមិនប្រកែកទេ»។ ព្រះនាងទូលថា៖ «សូមប្រទាននាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ឲ្យទៅធ្វើជាភរិយារបស់អ័ដូនីយ៉ាជាជេដ្ឋាទៅ» ព្រះបាទសាឡូម៉ូនឆ្លើយតបទៅមាតាថា៖ «ហេតុអ្វីបានជាមាតាសូមនាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ឲ្យអ័ដូនីយ៉ាដូច្នេះ? ត្រូវសូមទាំងរាជសម្បត្តិឲ្យទ្រង់ផង ដ្បិតទ្រង់ជាបងរបស់ទូលបង្គំស្រាប់ បើសូមឲ្យអ័ដូនីយ៉ា ត្រូវសូមឲ្យសង្ឃអ័បៀថើរ និងយ៉ូអាប់ ជាកូនសេរូយ៉ាដែរទៅ»។ នោះព្រះបាទសាឡូម៉ូនក៏ស្បថដោយនូវព្រះយេហូវ៉ាថា៖ «បើអ័ដូនីយ៉ាមិនត្រូវស្លាប់ ដោយព្រោះពោលពាក្យនេះទេ នោះសូមឲ្យព្រះប្រព្រឹត្តនឹងទូលបង្គំយ៉ាងនេះ ហើយលើសទៅទៀតផង ដូច្នេះ ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ដែលទ្រង់បានតាំងទូលបង្គំឡើងឲ្យអង្គុយលើបល្ល័ង្ករបស់ស្ដេចដាវីឌ ជាបិតា ហើយបានឲ្យទូលបង្គំមានជំនួរវង្ស ដូចជាទ្រង់បានសន្យាទុក គឺស្បថថា នៅថ្ងៃនេះ អ័ដូនីយ៉ាត្រូវស្លាប់ជាពិត»។ ស្តេចក៏ចាត់បេណាយ៉ា ជាកូនយេហូយ៉ាដា ឲ្យទៅប្រហារជីវិតអ័ដូនីយ៉ា ហើយទ្រង់ក៏សុគតទៅ។ ខណៈនោះ ស្តេចក៏មានរាជឱង្ការទៅសង្ឃអ័បៀថើរថា៖ «ចូរឯងត្រឡប់ទៅស្រែចម្ការរបស់ឯង ដែលនៅស្រុកអាណាថោតវិញទៅ ដ្បិតឯងគួរនឹងស្លាប់ហើយ ប៉ុន្តែ យើងមិនសម្លាប់នៅវេលានេះទេ ព្រោះឯងជាអ្នកសែងហិបរបស់ព្រះអម្ចាស់យេហូវ៉ា នៅចំពោះស្ដេចដាវីឌជាបិតារបស់យើង ហើយដោយព្រោះឯងបានរងទុក្ខ ក្នុងគ្រប់ទាំងសេចក្ដីលំបាករបស់បិតាយើងដែរ»។ ដូច្នេះ ព្រះបាទសាឡូម៉ូនបានបណ្តេញអ័បៀថើរ ចេញពីដំណែងជាសង្ឃនៃព្រះយេហូវ៉ាទៅ ដើម្បីឲ្យបានសម្រេចព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលព្រះអង្គបានមានព្រះបន្ទូលពីដំណើរវង្សាអេលីនៅត្រង់ស៊ីឡូរ។ ដំណឹងនោះក៏ឮទៅដល់យ៉ូអាប់ ហើយលោកក៏រត់ទៅត្រសាលរបស់ព្រះយេហូវ៉ា ចាប់កាន់ស្នែងអាសនា ដ្បិតទោះបើលោកមិនបានទៅតាមអាប់សាឡុមក៏ពិត ប៉ុន្តែ បាននិយមតាមអ័ដូនីយ៉ាដែរ។ មានគេមកក្រាបទូលព្រះបាទសាឡូម៉ូនថា៖ «យ៉ូអាប់បានរត់ទៅត្រសាលរបស់ព្រះយេហូវ៉ាហើយ ក៏នៅជិតអាសនា» ព្រះបាទសាឡូម៉ូនបានចាត់បេណាយ៉ា ជាកូនយេហូយ៉ាដា ឲ្យទៅដោយមានព្រះបន្ទូលថា៖ «ចូរទៅប្រហារជីវិតយ៉ូអាប់ទៅ»។ បេណាយ៉ាក៏ទៅត្រសាលនៃព្រះយេហូវ៉ាប្រាប់យ៉ូអាប់ថា៖ «ស្តេចបង្គាប់ឲ្យចេញមក» តែលោកប្រកែកថា៖ «ទេ ខ្ញុំនឹងស្លាប់នៅទីនេះវិញ» ដូច្នេះ បេណាយ៉ាក៏ទៅក្រាបទូលដល់ស្តេចតាមពាក្យដែលយ៉ូអាប់ប្រាប់។ ស្តេចមានរាជឱង្ការតបថា៖ «ចូរធ្វើតាមពាក្យគាត់ចុះ ចូរសម្លាប់គាត់ ហើយកប់គាត់ទៅ ដើម្បីលុបឈាមដែលយ៉ូអាប់បានកម្ចាយ ដោយឥតហេតុចេញពីយើង និងពីជំនួរវង្សរបស់បិតាយើងទៅ។ ព្រះយេហូវ៉ានឹងទម្លាក់ឈាមរបស់គាត់ ទៅលើក្បាលរបស់គាត់វិញ ព្រោះគាត់បានប្រហារជីវិតមនុស្សពីរនាក់ ដែលសុចរិត ហើយល្អជាងគាត់ ដោយកាប់នឹងដាវ តែព្រះបាទដាវីឌជាបិតារបស់យើងមិនបានជ្រាបសោះ គឺអ័ប៊ីនើរ កូននើរ ជាមេទ័ពពួកអ៊ីស្រាអែល និងអ័ម៉ាសា កូនយេធើ ជាមេទ័ពពួកយូដា។ ឈាមរបស់គេនឹងធ្លាក់មកលើក្បាលយ៉ូអាប់ និងពូជពង្សរបស់គាត់ជាដរាបតទៅ តែចំណែកព្រះបាទដាវីឌ និងពូជពង្សរបស់ទ្រង់ ព្រមទាំងជំនួរវង្ស រាជ្យរបស់ទ្រង់ នោះនឹងបានសេចក្ដីសុខសាន្ត មកពីព្រះយេហូវ៉ាជានិច្ចតទៅ»។ ដូច្នេះ បេណាយ៉ាជាកូនយេហូយ៉ាដា ក៏ឡើងទៅសម្លាប់យ៉ូអាប់ ហើយគេបញ្ចុះក្នុងម៉ុងរបស់លោកនៅទីរហោស្ថាន។ ស្តេចបានតាំងបេណាយ៉ាជាកូនយេហូយ៉ាដា ឲ្យធ្វើជាមេទ័ពជំនួសលោក ហើយតាំងសង្ឃសាដុកជំនួសអ័បៀថើរដែរ។ បន្ទាប់មក ស្តេចបានចាត់គេឲ្យទៅហៅស៊ីម៉ាយមក បង្គាប់ថា៖ «ចូរឯងសង់ផ្ទះមួយនៅក្រុងយេរូសាឡិមទៅ ហើយអាស្រ័យនៅទីនោះចុះ កុំចេញទៅណាទៀតឡើយ ដ្បិតនៅថ្ងៃណាដែលឯងចេញទៅ ឆ្លងជ្រោះកេដ្រុន នោះចូរឯងដឹងខ្លួនថា ឯងនឹងត្រូវស្លាប់ជាមិនខាន ឈាមឯងនឹងធ្លាក់លើក្បាលឯងវិញ»។ ស៊ីម៉ាយទូលឆ្លើយថា៖ «រាជឱង្ការល្អណាស់ ទូលបង្គំជាអ្នកបម្រើរបស់ទ្រង់ នឹងធ្វើដូចជាព្រះករុណា ជាអម្ចាស់នៃទូលបង្គំ បានមានរាជឱង្ការ»។ ស៊ីម៉ាយក៏នៅក្នុងក្រុងយេរូសាឡិមយ៉ាងយូរ។ ប៉ុន្តែ បីឆ្នាំក្រោយមក មានអ្នកបម្រើរបស់ស៊ីម៉ាយពីរនាក់បានរត់ទៅឯព្រះបាទអ័គីស ជាស្តេចក្រុងកាថ ជាបុត្ររបស់ម្អាកា រួចមានគេប្រាប់ដល់ស៊ីម៉ាយថា៖ «អ្នកបម្រើរបស់អ្នកនៅឯក្រុងកាថ» ស៊ីម៉ាយក៏បានចាត់ចែងចងកែបលា ចេញទៅជួបព្រះបាទអ័គីសនៅក្រុងកាថ ដើម្បីរកអ្នកបម្រើរបស់ខ្លួន ក៏ទៅនាំយកពីក្រុងកាថមកវិញ។ ពេលព្រះបាទសាឡូម៉ូនបានឮថា ស៊ីម៉ាយបានចេញពីក្រុងយេរូសាឡិមទៅដល់ក្រុងកាថ ឥឡូវត្រឡប់មកវិញហើយ ស្តេចបានចាត់គេឲ្យទៅហៅស៊ីម៉ាយមក មានរាជឱង្ការសួរថា៖ «តើយើងមិនបានឲ្យឯងស្បថដោយនូវព្រះយេហូវ៉ាទេឬ? តើមិនបានប្រាប់បញ្ជាក់ដល់ឯងឲ្យដឹងជាប្រាកដថា "នៅថ្ងៃណាដែលឯងនឹងចេញដំណើរទៅឯស្រុកដទៃណាមួយ នោះឯងនឹងត្រូវស្លាប់ជាមិនខានទេឬ"? ហើយឯងបានទទួលព្រមថា "ព្រះបន្ទូលល្អណាស់ ទូលបង្គំនឹងធ្វើតាម"។ ដូច្នេះ ហេតុអ្វីបានជាឯងមិនបានកាន់តាមសម្បថនៃព្រះយេហូវ៉ា និងសេចក្ដីដែលយើងបានបង្គាប់នោះ?» ស្តេចមានរាជឱង្ការទៅស៊ីម៉ាយទៀតថា៖ «ឯងស្គាល់ការអាក្រក់ទាំងប៉ុន្មាន ដែលលាក់ក្នុងចិត្តឯង គឺជាការដែលឯងបានប្រព្រឹត្តចំពោះព្រះបាទដាវីឌ ជាបិតារបស់យើងហើយ ដូច្នេះ ព្រះយេហូវ៉ានឹងទម្លាក់ការអាក្រក់របស់ឯងនោះ មកលើក្បាលឯងវិញ។ ប៉ុន្តែ ព្រះបាទសាឡូម៉ូននឹងបានពរ ហើយរាជ្យរបស់ព្រះបាទដាវីឌនឹងបានតាំងនៅចំពោះព្រះយេហូវ៉ាជាដរាបតទៅ»។ ពេលនោះ ស្តេចបានបង្គាប់បេណាយ៉ាជាកូនយេហូយ៉ាដា ហើយលោកក៏ចេញទៅប្រហារជីវិតស៊ីម៉ាយឲ្យស្លាប់ទៅ។ ដូច្នេះ រាជ្យនោះបានតាំងជាមាំមួន ក្នុងអំណាចព្រះបាទសាឡូម៉ូនហើយ។
១ ពង្សាវតារក្សត្រ 2:1-46 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលព្រះបាទដាវីឌជិតសោយទិវង្គត ទ្រង់ផ្ដែផ្ដាំព្រះបាទសាឡូម៉ូន ជាបុត្រថា៖ «បិតាជិតលាចាកលោកនេះហើយ ចូរបុត្រមានចិត្តក្លាហានឲ្យសមជាមនុស្សពេញលក្ខណៈ! ចូរស្ដាប់តាមបង្គាប់របស់ព្រះអម្ចាស់ ជាព្រះរបស់បុត្រ។ ចូរដើរក្នុងមាគ៌ារបស់ព្រះអង្គជានិច្ច ហើយកាន់តាមច្បាប់ តាមបញ្ជា តាមវិន័យ និងតាមដំបូន្មាន ដូចមានចែងទុកក្នុងក្រឹត្យវិន័យ*របស់លោកម៉ូសេ ដើម្បីឲ្យបុត្រមានជោគជ័យក្នុងគ្រប់កិច្ចការដែលបុត្រធ្វើ និងគ្រប់ទីកន្លែងដែលបុត្រទៅ។ ពេលបុត្រប្រព្រឹត្តដូច្នេះ ព្រះអម្ចាស់នឹងសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយបិតាថា “បើពូជពង្សរបស់អ្នកប្រុងប្រយ័ត្នចំពោះមាគ៌ាដែលខ្លួនដើរ ហើយមានចិត្តភក្ដីចំពោះយើង ព្រមទាំងប្រតិបត្តិតាមយើងដោយស្មោះ និងគ្មានចិត្តវៀចវេរ នោះក្នុងចំណោមពួកគេ តែងតែមានម្នាក់ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែលជានិច្ច”។ បុត្រដឹងស្រាប់ហើយនូវអំពើដែលលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា បានប្រព្រឹត្តចំពោះបិតា ដោយធ្វើឃាតមេទ័ពពីររូបរបស់ជនជាតិអ៊ីស្រាអែល គឺលោកអប៊ីនើរ ជាកូនរបស់លោកនើរ និងលោកអម៉ាសា ជាកូនរបស់លោកយេធើរ។ ក្នុងពេលដែលស្រុកកំពុងតែសុខសាន្តត្រាណ លោកយ៉ូអាប់បានបង្ហូរឈាមដូចពេលមានសង្គ្រាម។ ដូច្នេះ លោកត្រូវទទួលខុសត្រូវចំពោះឈាមដែលប្រឡាក់ជាប់ខ្សែក្រវាត់ និងស្បែកជើងរបស់លោក។ ចូរប្រព្រឹត្តចំពោះលោកយ៉ូអាប់ដោយប្រាជ្ញាដ៏ឈ្លាសវៃរបស់បុត្រ មិនត្រូវទុកឲ្យលោកស្លាប់ដោយសុខសាន្ត ព្រោះតែចាស់ជរាឡើយ។ ចូរប្រព្រឹត្តចំពោះកូនចៅរបស់លោកបាស៊ីឡៃ ជាអ្នកស្រុកកាឡាដ ដោយសប្បុរស ត្រូវឲ្យពួកគេបរិភោគរួមតុជាមួយបុត្រ ដ្បិតនៅគ្រាដែលបិតារត់ភៀសខ្លួនពីអាប់សាឡុម ជាបងរបស់បុត្រ នោះពួកគេបានមកជួយគាំទ្របិតា។ ចូរកុំភ្លេចលោកស៊ីម៉ៃ ជាកូនរបស់លោកកេរ៉ា ជាអ្នកភូមិបាហ៊ូរីម ក្នុងទឹកដីបេនយ៉ាមីន គេបានជេរប្រមាថ និងដាក់បណ្ដាសាបិតា នៅពេលបិតាភៀសខ្លួនទៅដល់ម៉ាហាណែម។ ប៉ុន្តែ ពេលបិតាត្រឡប់មកវិញ គេបានមកទទួលបិតានៅមាត់ទន្លេយ័រដាន់។ ពេលនោះ បិតាបានស្បថនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ថា មិនសម្លាប់គេដោយមុខដាវឡើយ។ ឥឡូវនេះ កុំលើកលែងទោសឲ្យគេឡើយ។ បុត្រជាមនុស្សមានប្រាជ្ញាឈ្លាសវៃ ដូច្នេះ បុត្រដឹងថាត្រូវធ្វើយ៉ាងដូចម្ដេចចំពោះគេ ទោះបីគេមានវ័យចាស់ជរាក៏ដោយ ក៏ត្រូវប្រហារជីវិតគេដែរ»។ ព្រះបាទដាវីឌសោយទិវង្គត ហើយគេបញ្ចុះសពស្ដេចនៅបុរីព្រះបាទដាវីឌ។ ព្រះបាទដាវីឌគ្រងរាជ្យលើស្រុកអ៊ីស្រាអែលអស់រយៈពេលសែសិបឆ្នាំ គឺប្រាំពីរឆ្នាំនៅក្រុងហេប្រូន និងសាមសិបបីឆ្នាំនៅក្រុងយេរូសាឡឹម។ ព្រះបាទសាឡូម៉ូន ជាបុត្រ ឡើងស្នងរាជ្យព្រះបាទដាវីឌ ហើយរាជ្យរបស់ព្រះបាទសាឡូម៉ូនរឹងមាំណាស់។ ថ្ងៃមួយ សម្ដេចអដូនីយ៉ា ជាបុត្ររបស់ព្រះបាទដាវីឌ និងនាងហាគីត យាងទៅជួបនាងបាតសេបា ជាមាតារបស់ព្រះបាទសាឡូម៉ូន។ នាងបាតសេបាសួរសម្ដេចអដូនីយ៉ាថា៖ «តើសម្ដេចយាងមកទីនេះ ក្នុងបំណងល្អឬ?»។ សម្ដេចតបថា៖ «ទូលបង្គំមក ដោយបំណងល្អទេ!»។ សម្ដេចអដូនីយ៉ាពោលថា៖ «ទូលបង្គំមានការមួយចង់ទូលថ្វាយ»។ នាងតបថា៖ «សូមមានរាជឱង្ការមកចុះ»។ សម្ដេចអដូនីយ៉ាឆ្លើយដូចតទៅ៖ «សម្ដេចមាតាជ្រាបហើយថា រាជសម្បត្តិត្រូវបានមកទូលបង្គំ ហើយប្រជាជនអ៊ីស្រាអែលទាំងមូលសង្ឃឹមថា ទូលបង្គំនឹងឡើងគ្រងរាជ្យ។ ប៉ុន្តែ រាជសម្បត្តិបែរជាបានទៅព្រះបាទសាឡូម៉ូន ជាអនុជរបស់ទូលបង្គំទៅវិញ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យដូច្នេះ។ ឥឡូវនេះ ទូលបង្គំមានការមួយចង់ទូលថ្វាយ សូមកុំបដិសេធឡើយ»។ នាងពោលថា៖ «សូមមានរាជឱង្ការមកចុះ»។ សម្ដេចអដូនីយ៉ាទូលថា៖ «សូមសម្ដេចមាតាទូលព្រះបាទសាឡូម៉ូន សុំនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម ឲ្យមកធ្វើជាមហេសីផង ដ្បិតព្រះរាជាមិនបដិសេធនឹងសំណូមពររបស់សម្ដេចមាតាទេ»។ នាងបាតសេបាឆ្លើយថា៖ «មាតានឹងទៅទូលព្រះរាជាឲ្យ»។ នាងបាតសេបាក៏ចូលទៅគាល់ព្រះបាទសាឡូម៉ូន ដើម្បីទូលថ្វាយពីសំណូមពររបស់សម្ដេចអដូនីយ៉ា។ ព្រះរាជាយាងចុះពីបល្ល័ង្ក មករកនាង ហើយថ្វាយបង្គំ។ បន្ទាប់មក ព្រះរាជាគង់លើបល្ល័ង្កវិញ ហើយបញ្ជាឲ្យគេដាក់បល្ល័ង្កមួយថ្វាយមាតា នៅខាងស្ដាំ។ នាងបាតសេបាទូលព្រះរាជាថា៖ «មាតាមានសំណូមពរដ៏តូចមួយចំពោះបុត្រ សូមបុត្រកុំបដិសេធឡើយ!»។ ស្ដេចមានរាជឱង្ការថា៖ «សូមមាតាមានសវនីយ៍មកចុះ បុត្រមិនបដិសេធទេ»។ នាងពោលថា៖ «សូមបុត្រប្រគល់នាងអប៊ីសាក ជាអ្នកភូមិស៊ូណែម ឲ្យសម្ដេចអដូនីយ៉ាបងរបស់បុត្រ ធ្វើជាមហេសី»។ ព្រះបាទសាឡូម៉ូនមានរាជឱង្ការថា៖ «ហេតុអ្វីបានជាមាតាមកសុំនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម ឲ្យសម្ដេចអដូនីយ៉ាបែបនេះ? ម្ដេចមិនសុំរាជសម្បត្តិឲ្យសម្ដេចតែម្ដងទៅ ដ្បិតសម្ដេចជាបងរបស់ទូលបង្គំស្រាប់! សូមមាតាប្រគល់រាជ្យនេះឲ្យសម្ដេចអដូនីយ៉ា និងលោកបូជាចារ្យអបៀថើរ ព្រមទាំងលោកមេទ័ពយ៉ូអាប់ ជាកូនអ្នកស្រីសេរូយ៉ាទៅ!»។ ព្រះបាទសាឡូម៉ូនស្បថក្នុងនាមព្រះអម្ចាស់ថា៖ «ប្រសិនបើទូលបង្គំមិនប្រហារជីវិតសម្ដេចអដូនីយ៉ា ដែលហ៊ានធ្វើសំណូមពរបែបនេះទេ សូមព្រះជាម្ចាស់ដាក់ទោសទូលបង្គំ យ៉ាងធ្ងន់ចុះ! ទូលបង្គំសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ហើយដែលបានឲ្យទូលបង្គំឡើងគ្រងរាជ្យ លើបល្ល័ង្ករបស់ព្រះបាទដាវីឌជាបិតា ព្រមទាំងសន្យាប្រទានសន្តតិវង្សមួយមកទូលបង្គំថា នៅថ្ងៃនេះ សម្ដេចអដូនីយ៉ាត្រូវតែទទួលទោសដល់ជីវិត!»។ ព្រះបាទសាឡូម៉ូន ចាត់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ឲ្យទៅប្រហារជីវិតសម្ដេចអដូនីយ៉ា។ សម្ដេចអដូនីយ៉ាក៏សោយទិវង្គតទៅ។ បន្ទាប់មក ព្រះរាជាមានរាជឱង្ការទៅកាន់លោកបូជាចារ្យអបៀថើរថា៖ «ចូរវិលត្រឡប់ទៅកាន់ភូមិស្រុករបស់លោក នៅអាណាថោតវិញចុះ។ លោកគួរតែស្លាប់ ប៉ុន្តែ យើងមិនចង់សម្លាប់លោកក្នុងថ្ងៃនេះទេ ព្រោះលោកធ្លាប់សែងហិបសម្ពន្ធមេត្រីរបស់ព្រះជាអម្ចាស់ ដើរពីមុខព្រះបាទដាវីឌ ជាបិតារបស់យើង ហើយលោកក៏ធ្លាប់រួមសុខទុក្ខជាមួយបិតារបស់យើង ក្នុងពេលលំបាកវេទនាដែរ»។ ព្រះបាទសាឡូម៉ូនបណ្ដេញលោកអបៀថើរចេញពីតំណែងជាបូជាចារ្យរបស់ព្រះអម្ចាស់ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទុក ស្ដីអំពីក្រុមគ្រួសាររបស់លោកអេលី នៅស៊ីឡូ។ ពេលលោកយ៉ូអាប់ជ្រាបដំណឹងនេះ លោករត់គេចខ្លួនទៅពន្លារបស់ព្រះអម្ចាស់ ហើយតោងស្នែងអាសនៈ។ ទោះបីលោកមិនបានចូលរួមក្បត់ជាមួយសម្ដេចអាប់សាឡុមពីមុនមែន តែពេលនេះ លោកបានចូលដៃជាមួយសម្ដេចអដូនីយ៉ា។ មានគេនាំដំណឹងទៅទូលព្រះបាទសាឡូម៉ូនថា លោកយ៉ូអាប់រត់គេចខ្លួនទៅពន្លារបស់ព្រះអម្ចាស់ ហើយជ្រកនៅក្បែរអាសនៈ។ ពេលនោះ ព្រះបាទសាឡូម៉ូនចាត់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដោយមានរាជឱង្ការថា៖ «ចូរទៅប្រហារលោកយ៉ូអាប់ទៅ!»។ លោកបេណាយ៉ាទៅដល់ពន្លារបស់ព្រះអម្ចាស់ ហើយពោលទៅកាន់លោកយ៉ូអាប់ថា៖ «ព្រះរាជាបញ្ជាឲ្យលោកចេញពីទីនេះ»។ លោកយ៉ូអាប់ឆ្លើយថា៖ «ទេ! ខ្ញុំចង់ស្លាប់នៅទីនេះ»។ លោកបេណាយ៉ាត្រឡប់ទៅដំណាក់ស្ដេចវិញ ហើយទូលស្ដេចតាមពាក្យដែលលោកយ៉ូអាប់ប្រាប់។ ព្រះរាជាមានរាជឱង្ការថា៖ «ចូរធ្វើតាមពាក្យគាត់ គឺសម្លាប់គាត់នៅនឹងកន្លែង ហើយបញ្ចុះសពនៅទីនោះទៅ។ ដូច្នេះ លោកធ្វើឲ្យយើង និងរាជវង្សរបស់យើង រួចផុតពីទោសពៃរ៍ចំពោះឃាតកម្ម ដែលលោកយ៉ូអាប់ប្រព្រឹត្តទៅលើជនស្លូតត្រង់។ ព្រះអម្ចាស់ធ្វើឲ្យបំណុលឈាមនេះធ្លាក់ទៅលើលោកយ៉ូអាប់ ព្រោះគាត់បានប្រហារជីវិតមនុស្សសុចរិតពីរនាក់ដែលល្អជាងគាត់ ដោយមិនឲ្យព្រះបាទដាវីឌជាបិតារបស់យើងជ្រាប គឺគាត់បានសម្លាប់លោកអប៊ីនើរ ជាកូនរបស់លោកនើរ ជាមេទ័ពអ៊ីស្រាអែល និងលោកអម៉ាសា ជាកូនរបស់លោកយេធើរជាមេទ័ពយូដា ដោយមុខដាវ។ បំណុលឈាមនេះ នឹងធ្លាក់ទៅលើលោកយ៉ូអាប់ និងពូជពង្សរបស់គាត់រហូតតទៅ។ ប៉ុន្តែ ព្រះអម្ចាស់ប្រោសប្រទានឲ្យរាជវង្ស សន្តតិវង្ស និងរាជសម្បត្តិរបស់ព្រះបាទដាវីឌ បានប្រកបដោយសេចក្ដីសុខសាន្តរហូតតទៅ»។ លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ក៏ទៅសម្លាប់លោកយ៉ូអាប់ ហើយបញ្ចុះសពក្នុងដីភូមិដែលជាកម្មសិទ្ធិរបស់លោកយ៉ូអាប់នៅវាលរហោស្ថាន។ ព្រះរាជាតែងតាំងលោកបេណាយ៉ា ជាមេទ័ពជំនួសលោកយ៉ូអាប់ ហើយតែងតាំងលោកសាដុកជាបូជាចារ្យ ជំនួសលោកអបៀថើរ។ ព្រះបាទសាឡូម៉ូនចាត់គេឲ្យទៅហៅលោកស៊ីម៉ៃមក ហើយមានរាជឱង្ការទៅកាន់លោកថា៖ «លោកត្រូវសង់ផ្ទះមួយ នៅក្រុងយេរូសាឡឹម ហើយរស់នៅក្នុងផ្ទះនោះ តែមិនត្រូវចេញពីក្រុងឡើយ។ តោងដឹងថា ថ្ងៃណាមួយ ប្រសិនបើលោកហ៊ានឈានជើងចេញពីក្រុងនេះឆ្លងកាត់ជ្រោះកេដ្រូន នោះលោកមុខជាស្លាប់ ហើយលោកទទួលខុសត្រូវខ្លួនឯងចំពោះការស្លាប់នេះ»។ លោកស៊ីម៉ៃទូលថា៖ «បពិត្រព្រះករុណា! ទូលបង្គំនឹងធ្វើតាមរាជឱង្ការរបស់ព្រះករុណា»។ លោកស៊ីម៉ៃស្នាក់នៅក្រុងយេរូសាឡឹមយ៉ាងយូរ។ បីឆ្នាំក្រោយមក មានបាវបម្រើពីរនាក់របស់លោកស៊ីម៉ៃ រត់ភៀសខ្លួនទៅជ្រកកោននឹងស្ដេចអគីស ជាបុត្ររបស់ស្ដេចម៉ាកា នៅក្រុងកាថ។ មានគេប្រាប់លោកស៊ីម៉ៃថា បាវបម្រើរបស់គាត់រត់ទៅនៅក្រុងកាថ។ លោកស៊ីម៉ៃក៏ប្រញាប់ឡើងជិះលា ចេញដំណើរទៅក្រុងកាថ។ លោកទាមទារយកបាវបម្រើពីស្ដេចអគីស នាំត្រឡប់មកវិញ។ មានគេទូលព្រះបាទសាឡូម៉ូនថា លោកស៊ីម៉ៃបានចេញពីក្រុងយេរូសាឡឹមទៅក្រុងកាថ រួចត្រឡប់មកវិញ។ ព្រះរាជាក៏ចាត់គេឲ្យទៅហៅលោកស៊ីម៉ៃមក ហើយមានរាជឱង្ការថា៖ «យើងបានឲ្យលោកស្បថ ក្នុងនាមព្រះអម្ចាស់ ហើយយើងបានបញ្ជាក់ប្រាប់លោកថា ប្រសិនបើថ្ងៃណាមួយលោកចាកចេញពីទីក្រុង ទៅណាមកណា លោកមុខជាស្លាប់ពុំខាន។ លោកបានឆ្លើយមកយើងថា លោកយល់ព្រមធ្វើតាម។ ហេតុអ្វីបានជាលោកមិនគោរពតាមពាក្យដែលលោកបានស្បថក្នុងនាមព្រះអម្ចាស់? ហេតុអ្វីបានជាលោកមិនធ្វើតាមបទបញ្ជាដែលយើងបានបង្គាប់លោក?»។ ព្រះរាជាមានរាជឱង្ការទៀតថា៖ «តើលោកនឹកឃើញអំពើអាក្រក់ទាំងប៉ុន្មាន ដែលលោកបានប្រព្រឹត្តចំពោះព្រះបាទដាវីឌ ជាបិតារបស់យើងឬទេ? ព្រះអម្ចាស់នឹងដាក់ទោសលោក តាមអំពើអាក្រក់ដែលលោកបានប្រព្រឹត្ត។ ប៉ុន្តែ យើងសាឡូម៉ូននឹងទទួលព្រះពរ ហើយរាជសម្បត្តិរបស់ព្រះបាទដាវីឌនឹងរឹងមាំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់រហូតតរៀងទៅ»។ ស្ដេចចេញបញ្ជាឲ្យលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ចេញទៅប្រហារជីវិតលោកស៊ីម៉ៃ។ រាជសម្បត្តិរបស់ព្រះបាទសាឡូម៉ូនក៏នៅស្ថិតស្ថេរយ៉ាងរឹងមាំ។
១ ពង្សាវតារក្សត្រ 2:1-46 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯពេលកំណត់ ដែលដាវីឌត្រូវសុគត បានជិតដល់ ទ្រង់ក៏ផ្តាំសាឡូម៉ូន ជាព្រះរាជបុត្រាទ្រង់ថា អញរៀបនឹងទៅតាមផ្លូវរបស់មនុស្សលោកទាំងឡាយហើយ ដូច្នេះ ចូរឯងខំប្រឹងឡើង ហើយសំដែងខ្លួនឲ្យបានពេញជាប្រុសចុះ ចូររក្សាបញ្ញើរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង ដើម្បីប្រព្រឹត្តតាមអស់ទាំងផ្លូវរបស់ទ្រង់ ព្រមទាំងកាន់តាមសេចក្ដីបង្គាប់នឹងក្រិត្យក្រម ហើយនឹងសេចក្ដីបន្ទាល់របស់ទ្រង់ តាមសេចក្ដី ដែលបានកត់ទុកហើយ ក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ប្រយោជន៍ឲ្យឯងបានប្រព្រឹត្តដោយប្រាជ្ញាក្នុងគ្រប់ទាំងការដែលឯងធ្វើ ហើយនៅកន្លែងណាដែលឯងទៅ ដើម្បីឲ្យព្រះយេហូវ៉ាបានសំរេចតាមព្រះបន្ទូលដែលទ្រង់បានមានបន្ទូលនឹងអញថា បើកូនចៅឯងរក្សាផ្លូវរបស់គេ ឲ្យបានដើរនៅចំពោះមុខអញ ដោយស្មោះត្រង់ អស់ពីចិត្ត អស់ពីព្រលឹងគេ នោះនឹងមិនដែលខានមានពូជឯង អង្គុយលើបល្ល័ង្ករាជ្យ នៃសាសន៍អ៊ីស្រាអែលឡើយ។ មួយទៀតឯងដឹងការ ដែលយ៉ូអាប់ ជាកូនសេរូយ៉ាបានប្រព្រឹត្តនឹងអញ ជាការដែលវាបានធ្វើដល់មេទ័ពសាសន៍អ៊ីស្រាអែល២នាក់នោះ គឺអ័ប៊ីនើរ ជាកូននើរ ហើយនឹងអ័ម៉ាសា ជាកូនយេធើ ដែលវាបានសំឡាប់បង់ ទាំងកំចាយឈាមចំបាំង នៅវេលាសុខសាន្តត្រាណ ក៏បានប្រឡាក់សំពត់ក្រវាត់ ដែលនៅចង្កេះខ្លួន នឹងស្បែកជើងដែលវាពាក់ ដោយឈាមចំបាំង ដូច្នេះ ចូរឯងប្រព្រឹត្តដោយប្រាជ្ញារបស់ឯង កុំឲ្យសក់ស្កូវរបស់វាចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ដោយសុខសាន្តឡើយ តែចូរសំដែងសេចក្ដីសប្បុរស ដល់ពួកកូនបារស៊ីឡាយ ជាពួកស្រុកកាឡាតវិញ ហើយឲ្យគេនៅក្នុងពួកអ្នកដែលបរិភោគនៅតុឯង ដ្បិតគេបានមកទទួលអញ នៅគ្រាដែលអញបានរត់ពីអាប់សាឡំម ជាបងឯងទៅ មួយទៀតមានស៊ីម៉ាយ ជាកូនកេរ៉ា ក្នុងពូជអំបូរបេនយ៉ាមីន ជាអ្នកស្រុកបាហ៊ូរីម នៅជាមួយនឹងឯងដែរ វាបានជេរប្រមាថដល់អញ ដោយពាក្យជេរយ៉ាងធ្ងន់ នៅថ្ងៃដែលអញបានទៅឯស្រុកម៉ាហាណែម ប៉ុន្តែវាបានចុះមកក្រាបទទួលអញនៅទន្លេយ័រដាន់វិញ ហើយអញបានស្បថនឹងវាដោយនូវព្រះយេហូវ៉ាថា អញមិនសំឡាប់វាដោយដាវទេ ដូច្នេះ កុំទុកឲ្យវានៅជាឥតទោសឡើយ ដ្បិតឯងជាអ្នកប្រាជ្ញ ឯងដឹងជាត្រូវប្រព្រឹត្តយ៉ាងណាដល់វា ត្រូវឲ្យសក់ស្កូវវាចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយឈាម។ ស្រេចហើយ ដាវីឌក៏ផ្ទំលក់ទៅ ជាមួយនឹងពួកឰយុកោទ្រង់ទៅ ហើយគេបញ្ចុះសពទ្រង់នៅក្នុងទីក្រុងដាវីឌ ឯពេលវេលាដែលស្តេចដាវីឌសោយរាជ្យលើសាសន៍អ៊ីស្រាអែល ទាំងអស់បាន៤០ឆ្នាំ គឺសោយរាជ្យនៅក្រុងហេប្រុនបាន៧ឆ្នាំ ហើយនៅក្រុងយេរូសាឡិមបាន៣៣ឆ្នាំ រួចសាឡូម៉ូនក៏ឡើងគង់លើបល្ល័ង្ករបស់ដាវីឌ ជាព្រះបិតាទ្រង់ ហើយរាជ្យទ្រង់ក៏បានខ្ជាប់ខ្ជួនមាំមួនឡើង។ គ្រា១អ័ដូនីយ៉ា ជាបុត្រនាងហាគីត ចូលមកគាល់បាតសេបា ជាមាតាសាឡូម៉ូន ព្រះនាងសួរថា ឯងមកនេះដោយមេត្រីឬអី ទ្រង់ទូលឆ្លើយថា ដោយមេត្រីទេ រួចទ្រង់ទូលទៀតថា ទូលបង្គំមានការចង់ទូលនឹងព្រះនាងបន្តិច ព្រះនាងក៏ប្រាប់ថា ចូរនិយាយមកចុះ នោះទ្រង់ទូលថា ព្រះនាងជ្រាបហើយ ថារាជ្យនេះជារបស់ផងទូលបង្គំ ហើយថា សាសន៍អ៊ីស្រាអែលទាំងអស់បានមើលចំទូលបង្គំ ដោយសង្ឃឹមនឹងគ្រងរាជ្យឡើង ប៉ុន្តែ រាជ្យបានត្រឡប់វិលទៅជារបស់ផងប្អូនទូលបង្គំវិញ ដ្បិតគឺព្រះយេហូវ៉ាដែលទ្រង់ប្រទានទៅឲ្យ ឥឡូវនេះ ទូលបង្គំសូមតែសេចក្ដី១ចំពោះព្រះនាងប៉ុណ្ណោះ សូមកុំប្រកែកឡើយ ព្រះនាងឆ្លើយតបថា ចូរពោលឲ្យអស់សេចក្ដីទៅចុះ ដូច្នេះ ទ្រង់ទូលថា ទូលបង្គំសូមព្រះនាងទូលដល់ស្តេចសាឡូម៉ូន ដ្បិតទ្រង់នឹងមិនប្រកែកចំពោះព្រះនាងទេ គឺសូមឲ្យទ្រង់ប្រទាននាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែមមកឲ្យធ្វើជាប្រពន្ធរបស់ទូលបង្គំ បាតសេបាទទួលថាអើ អញនឹងទូលដល់ស្តេចឲ្យឯង។ ដូច្នេះ បាតសេបាក៏ចូលទៅគាល់ស្តេចសាឡូម៉ូន ដើម្បីទូលទ្រង់ឲ្យអ័ដូនីយ៉ា ឯស្តេចទ្រង់ក្រោកឡើងទទួល ក៏ឱនព្រះអង្គគោរព រួចគង់លើបល្ល័ង្កទ្រង់វិញ ហើយបង្គាប់ឲ្យគេយកបល្ល័ង្ក១មកដាក់ថ្វាយមាតាទ្រង់ ព្រះនាងក៏គង់ខាងស្តាំទ្រង់ ទូលថា មាតាចង់សូមការតូច១ពីបុត្រ សូមកុំប្រកែកឡើយ ស្តេចទ្រង់មានបន្ទូលតបថា សូមព្រះមាតាមានព្រះសវនីយ៍មកចុះ ដ្បិតទូលបង្គំមិនប្រកែកទេ ដូច្នេះ ព្រះនាងទូលថា សូមប្រទាននាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ឲ្យទៅធ្វើជាប្រពន្ធអ័ដូនីយ៉ាជាជេដ្ឋាទៅ ស្តេចសាឡូម៉ូន ទ្រង់ឆ្លើយតបទៅមាតាថា ហេតុអ្វីបានជាព្រះមាតាសូមនាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ឲ្យអ័ដូនីយ៉ាដូច្នេះ ត្រូវសូមទាំងរាជសម្បត្តិឲ្យវាផង ដ្បិតវាជាបងរបស់ទូលបង្គំស្រាប់ គឺសូមឲ្យវានឹងអ័បៀថើរដ៏ជាសង្ឃ ហើយនឹងយ៉ូអាប់ ជាកូនសេរូយ៉ាដែរ នោះស្តេចសាឡូម៉ូនក៏ស្បថដោយនូវព្រះយេហូវ៉ាថា បើអ័ដូនីយ៉ាមិនត្រូវស្លាប់ ដោយព្រោះពោលពាក្យនេះទេ នោះសូមឲ្យព្រះទ្រង់ប្រព្រឹត្តនឹងទូលបង្គំយ៉ាងនេះ ហើយលើសទៅទៀតផង ដូច្នេះ ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ដែលទ្រង់បានតាំងទូលបង្គំឡើងឲ្យអង្គុយលើបល្ល័ង្កនៃដាវីឌ ជាព្រះវរបិតា ហើយបានឲ្យទូលបង្គំមានជំនួរវង្ស ដូចជាទ្រង់បានសន្យាទុក គឺស្បថថា នៅថ្ងៃនេះអ័ដូនីយ៉ាត្រូវស្លាប់ជាពិត ស្តេចក៏ចាត់បេណាយ៉ា ជាកូនយេហូយ៉ាដា ឲ្យទៅប្រហារជីវិតអ័ដូនីយ៉ា ហើយទ្រង់ក៏សុគតទៅ។ ខណនោះ ស្តេចក៏មានបន្ទូលទៅអ័បៀថើរដ៏ជាសង្ឃថា ចូរឯងត្រឡប់ទៅឯស្រែចំការរបស់ឯង ដែលនៅស្រុកអាន៉ាថោតវិញទៅ ដ្បិតឯងគួរនឹងស្លាប់ហើយ ប៉ុន្តែយើងមិនសំឡាប់នៅវេលានេះទេ ព្រោះឯងជាអ្នកសែងហឹបនៃព្រះអម្ចាស់យេហូវ៉ា នៅចំពោះដាវីឌ ជាព្រះវរបិតាយើង ហើយដោយព្រោះឯងបានរងទុក្ខ ក្នុងគ្រប់ទាំងសេចក្ដីលំបាករបស់ព្រះវរបិតាយើងដែរ ដូច្នេះ សាឡូម៉ូនបានបណ្តេញអ័បៀថើរ ចេញពីដំណែងងារជាសង្ឃនៃព្រះយេហូវ៉ាទៅ ដើម្បីឲ្យបានសំរេចព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់បានមានបន្ទូលពីដំណើរវង្សាអេលីនៅត្រង់ស៊ីឡូរ។ ដំណឹងនោះក៏ឮទៅដល់យ៉ូអាប់ ហើយលោកក៏រត់ទៅឯត្រសាលនៃព្រះយេហូវ៉ា ចាប់កាន់ស្នែងអាសនា ដ្បិតទោះបើលោកមិនបានទៅតាមអាប់សាឡំមក៏ពិត ប៉ុន្តែ បាននិយមតាមអ័ដូនីយ៉ាដែរ មានគេមកក្រាបទូលស្តេចសាឡូម៉ូនថា យ៉ូអាប់បានរត់ទៅឯត្រសាលនៃព្រះយេហូវ៉ាហើយ ក៏នៅជិតអាសនា នោះសាឡូម៉ូនចាត់បេណាយ៉ា ជាកូនយេហូយ៉ាដា ឲ្យទៅដោយបន្ទូលថា ចូរទៅប្រហារជីវិតវាទៅ បេណាយ៉ាក៏ទៅឯត្រសាលនៃព្រះយេហូវ៉ាប្រាប់យ៉ូអាប់ថា ស្តេចទ្រង់បង្គាប់ឲ្យចេញមក តែលោកប្រកែកថា ទេ ខ្ញុំនឹងស្លាប់នៅទីនេះវិញ ដូច្នេះ បេណាយ៉ាក៏ទៅក្រាបទូលដល់ស្តេចថា យ៉ូអាប់បានឆ្លើយមកទូលបង្គំយ៉ាងនោះ ស្តេចមានបន្ទូលតបថា ចូរធ្វើតាមពាក្យវាចុះ ចូរសំឡាប់វា ហើយកប់វាទៅ ដើម្បីនឹងលុបឈាមដែលយ៉ូអាប់បានកំចាយ ដោយឥតហេតុចេញពីយើង ហើយពីជំនួរវង្ស នៃព្រះវរបិតាយើងទៅ ព្រះយេហូវ៉ាទ្រង់នឹងទំលាក់ឈាមវា ទៅលើក្បាលខ្លួនវាវិញ ពីព្រោះវាបានប្រហារជីវិតមនុស្ស២នាក់ ដែលសុចរិត ហើយល្អជាងវា ដោយកាប់នឹងដាវ តែដាវីឌជាព្រះវរបិតាយើងទ្រង់មិនបានជ្រាបសោះ គឺអ័ប៊ីនើរ កូននើរ ជាមេទ័ពពួកអ៊ីស្រាអែល នឹងអ័ម៉ាសា កូនយេធើ ជាមេទ័ពពួកយូដា ឈាមរបស់គេនឹងធ្លាក់មកលើក្បាលយ៉ូអាប់ ហើយនឹងពូជពង្សវាជាដរាបទៅ តែចំណែកឯដាវីឌ នឹងពូជពង្សទ្រង់ ព្រមទាំងជំនួរវង្សទ្រង់ ហើយរាជ្យរបស់ទ្រង់នោះនឹងបានសេចក្ដីសុខសាន្ត មកអំពីព្រះយេហូវ៉ា ជានិច្ចតទៅវិញ ដូច្នេះ បេណាយ៉ាជាកូនយេហូយ៉ាដា ក៏ឡើងទៅប្រហារសំឡាប់យ៉ូអាប់បង់ រួចគេបញ្ចុះក្នុងម៉ុងរបស់លោកនៅទីរហោស្ថាន ស្តេចទ្រង់ក៏តាំងបេណាយ៉ាជាកូនយេហូយ៉ាដា ឲ្យធ្វើជាមេទ័ពជំនួសលោក ហើយតាំងសាដុកដ៏ជាសង្ឃ ជំនួសអ័បៀថើរដែរ។ រួមមក ស្តេចទ្រង់ចាត់គេទៅ ឲ្យហៅស៊ីម៉ាយមកបង្គាប់ថា ចូរឯងសង់ផ្ទះ១នៅក្រុងយេរូសាឡិមទៅ ហើយអាស្រ័យនៅទីនោះចុះ កុំឲ្យចេញទៅឯណាទៀតឡើយ ដ្បិតនៅថ្ងៃណាដែលឯងចេញទៅ ឆ្លងជ្រោះកេដ្រុន នោះចូរឯងដឹងខ្លួនថា ឯងនឹងត្រូវស្លាប់ជាមិនខាន ឈាមឯងនឹងធ្លាក់លើក្បាលឯងវិញ ស៊ីម៉ាយទូលឆ្លើយថា ព្រះបន្ទូលទ្រង់ល្អណាស់ ទូលបង្គំ ជាបាវបំរើទ្រង់ នឹងធ្វើដូចជាព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ បានមានបន្ទូលហើយ ស៊ីម៉ាយក៏នៅក្នុងក្រុងយេរូសាឡិមជាយូរ។ លុះកន្លងទៅ៣ឆ្នាំហើយ នោះបាវរបស់ស៊ីម៉ាយ២នាក់រត់ទៅឯអ័គីស ជាស្តេចក្រុងកាថ ជាបុត្រនៃម្អាកា រួចមានគេប្រាប់ដល់ស៊ីម៉ាយថា មើល បាវរបស់អ្នកនៅឯក្រុងកាថ ដូច្នេះ ស៊ីម៉ាយក៏ចាត់ចែងចងកែបលា ចេញទៅឯអ័គីសនៅក្រុងកាថ ដើម្បីរកបាវរបស់ខ្លួន ក៏ទៅនាំយកបាវពីក្រុងកាថមកវិញ មានគេក្រាបទូលដល់សាឡូម៉ូនថា ស៊ីម៉ាយបានចេញពីក្រុងយេរូសាឡិមទៅដល់ក្រុងកាថ ឥឡូវមកវិញហើយ ស្តេចទ្រង់ក៏ចាត់គេឲ្យទៅហៅស៊ីម៉ាយមក មានបន្ទូលសួរថា តើយើងមិនបានឲ្យឯងស្បថដោយនូវព្រះយេហូវ៉ាទេឬអី តើមិនបានប្រាប់បញ្ជាក់ដល់ឯងឲ្យដឹងជាប្រាកដថា នៅថ្ងៃណា ដែលឯងនឹងចេញដំណើរ ទៅឯស្រុកដទៃណាមួយ នោះឯងនឹងត្រូវស្លាប់ជាមិនខានទេឬអី ហើយឯងបានទទួលព្រមថា ព្រះបន្ទូលនៃទ្រង់ ដែលទូលបង្គំបានឮនេះល្អណាស់ដែរ ដូច្នេះ ហេតុអ្វីបានជាឯងមិនបានកាន់តាមសំបថនៃព្រះយេហូវ៉ា នឹងសេចក្ដីដែលយើងបានបង្គាប់នោះ ស្តេចក៏មានបន្ទូលនឹងស៊ីម៉ាយទៀតថា ឯងស្គាល់ការអាក្រក់ទាំងប៉ុន្មាន ដែលលាក់ក្នុងចិត្តឯង គឺជាការដែលឯងបានប្រព្រឹត្តដល់ដាវីឌ ជាព្រះបិតាយើងហើយ ដូច្នេះ ព្រះយេហូវ៉ានឹងទំលាក់ការអាក្រក់របស់ឯងនោះ មកលើក្បាលឯងវិញ តែស្តេចសាឡូម៉ូននឹងបានពរ ហើយរាជ្យរបស់ដាវីឌនឹងបានតាំងនៅចំពោះព្រះយេហូវ៉ាជាដរាបទៅ នោះស្តេចទ្រង់បង្គាប់ទៅបេណាយ៉ាជាកូនយេហូយ៉ាដា ហើយលោកក៏ចេញទៅប្រហារជីវិតឲ្យវាស្លាប់ទៅ ឯរាជ្យ នោះបានតាំងជាមាំមួន ក្នុងអំណាចសាឡូម៉ូនហើយ។