១ ពង្សាវតារក្សត្រ 2:1-12

១ ពង្សាវតារក្សត្រ 2:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ពេល​ដែល​ព្រះបាទ​ដាវីឌ​ជិត​សុគត ទ្រង់​ផ្តាំ​សាឡូម៉ូន​ជា​បុត្រា​ថា៖ «បិតា​ជិត​នឹង​លា​ចាក​លោក​នេះ​ហើយ ដូច្នេះ ចូរ​រឹង​មាំ ហើយ​ធ្វើ​ខ្លួន​ឲ្យ​ក្លាហាន​ឡើង ចូរ​ស្ដាប់​បង្គាប់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​បុត្រ ចូរ​ប្រព្រឹត្ត​តាម​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ព្រម​ទាំង​ស្ដាប់​តាម​បញ្ជា តាម​បញ្ញត្តិ និង​បន្ទាល់​របស់​ព្រះ‌អង្គ ដូច​ដែល​បាន​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ដើម្បី​ឲ្យ​បុត្រ​មាន​ជោគ‌ជ័យ​ក្នុង​គ្រប់​កិច្ច‌ការ​ដែល​បុត្រ​ធ្វើ និង​នៅ​កន្លែង​ណា​ដែល​បុត្រ​ទៅ។ ធ្វើ​ដូច្នោះ ព្រះ‌យេហូវ៉ា​នឹង​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​នឹង​បិតា​ថា "បើ​កូន​ចៅ​របស់​ឯង​រក្សា​ផ្លូវ​របស់​គេ ឲ្យ​បាន​ដើរ​នៅ​ចំពោះ​មុខ​យើង ដោយ​ស្មោះ‌ត្រង់ អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​គេ នោះ​នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើយ"។ មួយ​ទៀត បុត្រ​ដឹង​ហើយ​ថា យ៉ូអាប់​ជា​កូន​សេរូយ៉ា បាន​ប្រព្រឹត្ត​នឹង​បិតា​យ៉ាង​ណា ដោយ​បាន​សម្លាប់​មេ‌ទ័ព​សាសន៍​អ៊ីស្រា‌អែល​ពីរ​នាក់ គឺ​អ័ប៊ី‌នើរ ជា​កូន​នើរ និង​អ័ម៉ា‌សា​ជា​កូន​យេធើ ទាំង​បាន​កម្ចាយ​ឈាម​នៅ​វេលា​ដែល​ស្រុក​កំពុង​សុខ‌សាន្ត​ត្រាណ ឈាម​ចម្បាំង​បាន​ប្រឡាក់​សំពត់​ក្រវាត់​ដែល​នៅ​ចង្កេះ​ខ្លួន និង​ស្បែក​ជើង​ដែល​គេ​ពាក់។ ដូច្នេះ ចូរ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​របស់​បុត្រ កុំ​ឲ្យ​សក់​ស្កូវ​របស់​គាត់​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដោយ​សុខ‌សាន្ត​ឡើយ។ ប៉ុន្តែ ចូរ​សម្ដែង​សេចក្ដី​សប្បុរស​ដល់​ពួក​កូន​បារស៊ី‌ឡាយ អ្នក​ស្រុក​កាឡាត​វិញ ហើយ​ឲ្យ​គេ​នៅ​ក្នុង​ពួក​អ្នក​ដែល​បរិ‌ភោគ​នៅ​តុ​របស់​បុត្រ ដ្បិត​គេ​បាន​មក​ទទួល​បិតា នៅ​គ្រា​ដែល​បិតា​បាន​រត់​ពី​អាប់សា‌ឡុម​បង​របស់​បុត្រ​ទៅ។ មួយ​ទៀត មាន​ស៊ីម៉ាយ ជា​កូន​កេរ៉ា ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន ជា​អ្នក​ស្រុក​បា‌ហ៊ូ‌រីម នៅ​ជា‌មួយ​បុត្រ​ដែរ គេ​បាន​ជេរ​ប្រមាថ​ដល់​បិតា ដោយ​ពាក្យ​ជេរ​យ៉ាង​ធ្ងន់ នៅ​ថ្ងៃ​ដែល​បិតា​បាន​ទៅ​ឯ​ស្រុក​ម៉ា‌ហា‌ណែម ប៉ុន្តែ គេ​បាន​ចុះ​មក​ក្រាប​ទទួល​បិតា​នៅ​ទន្លេ​យ័រដាន់​វិញ ហើយ​បិតា​បាន​ស្បថ​នឹង​គេ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា "យើង​នឹង​មិន​សម្លាប់​អ្នក​ដោយ​ដាវ​ទេ"។ ដូច្នេះ កុំ​លើក​លែង​ទោស​ឲ្យ​គេ​ឡើយ ដ្បិត​បុត្រ​ជា​អ្នក​មាន​ប្រាជ្ញា បុត្រ​ដឹង​ហើយ​ថា ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​គេ ត្រូវ​ឲ្យ​សក់​ស្កូវ​គេ​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​ឈាម»។ ព្រះបាទ​ដាវីឌ​ក៏​បាន​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ស្ដេច​នៅ​ក្នុង​ទី​ក្រុង​ដាវីឌ។ ព្រះបាទ​ដាវីឌ​បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​សែសិប​ឆ្នាំ គឺ​សោយ‌រាជ្យ​នៅ​ក្រុង​ហេប្រុន​បាន​ប្រាំពីរ​ឆ្នាំ និង​នៅ​ក្រុង​យេរូ‌សាឡិម​សាមសិប​បី​ឆ្នាំ។ ព្រះបាទ​សាឡូម៉ូន​បាន​ឡើង​គង់​លើ​បល្ល័ង្ក​របស់​ព្រះបាទ​ដាវីឌ​ជា​បិតា ហើយ​រាជ្យ​ទ្រង់​ក៏​បាន​រឹងមាំ​ឡើង។

១ ពង្សាវតារក្សត្រ 2:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ព្រះ‌បាទ​ដាវីឌ​ជិត​សោយ​ទិវង្គត ទ្រង់​ផ្ដែ‌ផ្ដាំ​ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ​ថា៖ «បិតា​ជិត​លា​ចាក​លោក​នេះ​ហើយ ចូរ​បុត្រ​មាន​ចិត្ត​ក្លាហាន​ឲ្យ​សម​ជា​មនុស្ស​ពេញ​លក្ខណៈ! ចូរ​ស្ដាប់​តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​បុត្រ។ ចូរ​ដើរ​ក្នុង​មាគ៌ា​របស់​ព្រះអង្គ​ជានិច្ច ហើយ​កាន់​តាម​ច្បាប់ តាម​បញ្ជា តាម​វិន័យ និង​តាម​ដំបូន្មាន ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ*​របស់​លោក​ម៉ូសេ ដើម្បី​ឲ្យ​បុត្រ​មាន​ជោគ‌ជ័យ​ក្នុង​គ្រប់​កិច្ចការ​ដែល​បុត្រ​ធ្វើ និង​គ្រប់​ទី​កន្លែង​ដែល​បុត្រ​ទៅ។ ពេល​បុត្រ​ប្រព្រឹត្ត​ដូច្នេះ ព្រះ‌អម្ចាស់​នឹង​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បិតា​ថា “បើ​ពូជ‌ពង្ស​របស់​អ្នក​ប្រុង​ប្រយ័ត្ន​ចំពោះ​មាគ៌ា​ដែល​ខ្លួន​ដើរ ហើយ​មាន​ចិត្ត​ភក្ដី​ចំពោះ​យើង ព្រម​ទាំង​ប្រតិបត្តិ​តាម​យើង​ដោយ​ស្មោះ និង​គ្មាន​ចិត្ត​វៀច‌វេរ នោះ​ក្នុង​ចំណោម​ពួក​គេ តែងតែ​មាន​ម្នាក់​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ជានិច្ច”។ បុត្រ​ដឹង​ស្រាប់​ហើយ​នូវ​អំពើ​ដែល​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា បាន​ប្រព្រឹត្ត​ចំពោះ​បិតា ដោយ​ធ្វើ​ឃាត​មេ‌ទ័ព​ពីរ​រូប​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ និង​លោក​អម៉ា‌សា ជា​កូន​របស់​លោក​យេធើរ។ ក្នុង​ពេល​ដែល​ស្រុក​កំពុង​តែ​សុខ‌សាន្ត‌ត្រាណ លោក​យ៉ូអាប់​បាន​បង្ហូរ​ឈាម​ដូច​ពេល​មាន​សង្គ្រាម។ ដូច្នេះ លោក​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ឈាម​ដែល​ប្រឡាក់​ជាប់​ខ្សែ​ក្រវាត់ និង​ស្បែក​ជើង​របស់​លោក។ ចូរ​ប្រព្រឹត្ត​ចំពោះ​លោក​យ៉ូអាប់​ដោយ​ប្រាជ្ញា​ដ៏​ឈ្លាស‌វៃ​របស់​បុត្រ មិន​ត្រូវ​ទុក​ឲ្យ​លោក​ស្លាប់​ដោយ​សុខ‌សាន្ត ព្រោះ​តែ​ចាស់​ជរា​ឡើយ។ ចូរ​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​របស់​លោក​បាស៊ី‌ឡៃ ជា​អ្នក​ស្រុក​កាឡាដ ដោយ​សប្បុរស ត្រូវ​ឲ្យ​ពួក​គេ​បរិភោគ​រួម​តុ​ជា​មួយ​បុត្រ ដ្បិត​នៅ​គ្រា​ដែល​បិតា​រត់​ភៀស​ខ្លួន​ពី​អាប់‌សា‌ឡុម ជា​បង​របស់​បុត្រ នោះ​ពួក​គេ​បាន​មក​ជួយ​គាំទ្រ​បិតា។ ចូរ​កុំ​ភ្លេច​លោក​ស៊ី‌ម៉ៃ ជា​កូន​របស់​លោក​កេរ៉ា ជា​អ្នក​ភូមិ​បា‌ហ៊ូ‌រីម ក្នុង​ទឹក​ដី​បេន‌យ៉ាមីន គេ​បាន​ជេរ​ប្រមាថ និង​ដាក់​បណ្ដាសា​បិតា នៅ​ពេល​បិតា​ភៀស​ខ្លួន​ទៅ​ដល់​ម៉ាហា‌ណែម។ ប៉ុន្តែ ពេល​បិតា​ត្រឡប់​មក​វិញ គេ​បាន​មក​ទទួល​បិតា​នៅ​មាត់​ទន្លេ​យ័រដាន់។ ពេល​នោះ បិតា​បាន​ស្បថ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ថា មិន​សម្លាប់​គេ​ដោយ​មុខ​ដាវ​ឡើយ។ ឥឡូវ​នេះ កុំ​លើក‌លែង​ទោស​ឲ្យ​គេ​ឡើយ។ បុត្រ​ជា​មនុស្ស​មាន​ប្រាជ្ញា​ឈ្លាស‌វៃ ដូច្នេះ បុត្រ​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ចំពោះ​គេ ទោះ​បី​គេ​មាន​វ័យ​ចាស់​ជរា​ក៏​ដោយ ក៏​ត្រូវ​ប្រហារ​ជីវិត​គេ​ដែរ»។ ព្រះ‌បាទ​ដាវីឌ​សោយ​ទិវង្គត ហើយ​គេ​បញ្ចុះ​សព​ស្ដេច​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ គឺ​ប្រាំ‌ពីរ​ឆ្នាំ​នៅ​ក្រុង​ហេប្រូន និង​សាម‌សិប​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ ឡើង​ស្នង​រាជ្យ​ព្រះ‌បាទ​ដាវីឌ ហើយ​រាជ្យ​របស់​ព្រះ‌បាទ​សាឡូម៉ូន​រឹង‌មាំ​ណាស់។

១ ពង្សាវតារក្សត្រ 2:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ពេល​កំណត់ ដែល​ដាវីឌ​ត្រូវ​សុគត បាន​ជិត​ដល់ ទ្រង់​ក៏​ផ្តាំ​សាឡូម៉ូន ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់​ថា អញ​រៀប​នឹង​ទៅ​តាម​ផ្លូវ​របស់​មនុស្ស​លោក​ទាំង‌ឡាយ​ហើយ ដូច្នេះ ចូរ​ឯង​ខំ​ប្រឹង​ឡើង ហើយ​សំដែង​ខ្លួន​ឲ្យ​បាន​ពេញ​ជា​ប្រុស​ចុះ ចូរ​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដើម្បី​ប្រព្រឹត្ត​តាម​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ព្រម​ទាំង​កាន់​តាម​សេចក្ដី​បង្គាប់នឹង​ក្រិត្យ‌ក្រម ហើយ​នឹង​សេចក្ដី​បន្ទាល់​របស់​ទ្រង់ តាម​សេចក្ដី ដែល​បាន​កត់​ទុក​ហើយ ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ប្រយោជន៍​ឲ្យ​ឯង​បាន​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ក្នុង​គ្រប់​ទាំង​ការ​ដែល​ឯង​ធ្វើ ហើយ​នៅ​កន្លែង​ណា​ដែល​ឯង​ទៅ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​សំរេច​តាម​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​មាន​បន្ទូល​នឹង​អញ​ថា បើ​កូន​ចៅ​ឯង​រក្សា​ផ្លូវ​របស់​គេ ឲ្យ​បាន​ដើរ​នៅ​ចំពោះ​មុខ​អញ ដោយ​ស្មោះ‌ត្រង់ អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​គេ នោះ​នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង អង្គុយ​លើ​បល្ល័ង្ក​រាជ្យ នៃ​សាសន៍​អ៊ីស្រាអែល​ឡើយ។ មួយ​ទៀតឯង​ដឹង​ការ ដែល​យ៉ូអាប់ ជា​កូន​សេរូយ៉ា​បាន​ប្រព្រឹត្ត​នឹង​អញ ជា​ការ​ដែល​វា​បាន​ធ្វើ​ដល់​មេ‌ទ័ព​សាសន៍​អ៊ីស្រាអែល​២​នាក់​នោះ គឺ​អ័ប៊ី‌នើរ ជា​កូន​នើរ ហើយ​នឹង​អ័ម៉ាសា ជា​កូន​យេធើ ដែល​វា​បាន​សំឡាប់​បង់ ទាំង​កំចាយ​ឈាម​ចំបាំង នៅ​វេលា​សុខ‌សាន្ត‌ត្រាណ ក៏​បាន​ប្រឡាក់​សំពត់​ក្រវាត់ ដែល​នៅ​ចង្កេះ​ខ្លួន នឹង​ស្បែក​ជើង​ដែល​វា​ពាក់ ដោយ​ឈាម​ចំបាំង ដូច្នេះ ចូរ​ឯង​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​របស់​ឯង កុំ​ឲ្យ​សក់​ស្កូវ​របស់​វា​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដោយ​សុខ‌សាន្ត​ឡើយ តែ​ចូរ​សំដែង​សេចក្ដី​សប្បុរស ដល់​ពួក​កូន​បារស៊ី‌ឡាយ ជា​ពួក​ស្រុក​កាឡាត​វិញ ហើយ​ឲ្យ​គេ​នៅ​ក្នុង​ពួក​អ្នក​ដែល​បរិភោគ​នៅ​តុ​ឯង ដ្បិត​គេ​បាន​មក​ទទួល​អញ នៅ​គ្រា​ដែល​អញ​បាន​រត់​ពី​អាប់‌សា‌ឡំម ជា​បង​ឯង​ទៅ មួយ​ទៀត​មាន​ស៊ីម៉ាយ ជា​កូន​កេរ៉ា ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន ជា​អ្នក​ស្រុក​បាហ៊ូរីម នៅ​ជា​មួយ​នឹង​ឯង​ដែរ វា​បាន​ជេរ​ប្រមាថ​ដល់​អញ ដោយ​ពាក្យ​ជេរ​យ៉ាង​ធ្ងន់ នៅ​ថ្ងៃ​ដែល​អញ​បាន​ទៅ​ឯ​ស្រុក​ម៉ាហា‌ណែម ប៉ុន្តែវា​បាន​ចុះ​មក​ក្រាប​ទទួល​អញ​នៅ​ទន្លេ​យ័រដាន់​វិញ ហើយ​អញ​បាន​ស្បថ​នឹង​វា​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា អញ​មិន​សំឡាប់​វា​ដោយ​ដាវ​ទេ ដូច្នេះ កុំ​ទុក​ឲ្យ​វា​នៅ​ជា​ឥត​ទោស​ឡើយ ដ្បិត​ឯង​ជា​អ្នក​ប្រាជ្ញ ឯង​ដឹង​ជា​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា​ដល់​វា ត្រូវ​ឲ្យ​សក់​ស្កូវ​វា​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​ឈាម។ ស្រេច​ហើយ ដាវីឌ​ក៏​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ទី​ក្រុង​ដាវីឌ ឯ​ពេល​វេលា​ដែល​ស្តេច​ដាវីឌ​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រាអែល ទាំង​អស់​បាន​៤០​ឆ្នាំ គឺ​សោយ‌រាជ្យ​នៅ​ក្រុង​ហេប្រុន​បាន​៧​ឆ្នាំ ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៣៣​ឆ្នាំ រួច​សាឡូម៉ូន​ក៏​ឡើង​គង់​លើ​បល្ល័ង្ក​របស់​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់ ហើយ​រាជ្យ​ទ្រង់​ក៏​បាន​ខ្ជាប់‌ខ្ជួន​មាំ‌មួន​ឡើង។