១ ពង្សាវតារក្សត្រ 19:5-9

១ ពង្សាវតារក្សត្រ 19:5-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ក៏​ប្រះ​ខ្លួន​ដេក​លក់ នៅ​ក្រោម​ដើម​ដង្កោ​នោះ មាន​ទេវតា​មក​ដាស់​លោក​ប្រាប់​ថា៖ «ចូរ​ក្រោក​ឡើង បរិ‌ភោគ​សិន»។ លោក​ឃើញ​មាន​នំ​ដុត​ឆ្អិន​ទៅ​លើ​ធ្យូង​ភ្លើង នៅ​លើ​ក្បាល​ដំណេក ហើយ​មាន​ទឹក​មួយ​ក្អម​ផង លោក​ក៏​បរិ‌ភោគ​នំ និង​ទឹក​នោះ រួច​ដេក​ទៅ​វិញ។ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដាស់​ម្តង​ទៀត​ប្រាប់​ថា៖ «ចូរ​ក្រោក​ឡើង បរិ‌ភោគ​ទៅ ដ្បិត​ផ្លូវ​ដែល​ត្រូវ​ដើរ នោះ​ហួស​កម្លាំង​ឯង​ណាស់»។ លោក​ក៏​ក្រោក​ឡើង បរិ‌ភោគ​ទៅ ហើយ​ដោយ‌សារ​កម្លាំង​ដែល​បាន​ពី​អាហារ​នោះ លោក​ក៏​ដើរ​ទៅ​អស់​សែសិប​ថ្ងៃ​សែសិប​យប់ បាន​ទៅ​ដល់​ភ្នំ​ហោរែប ជា​ភ្នំ​នៃ​ព្រះ។ កាល​លោក​បាន​ទៅ​ដល់​ហើយ ក៏​ចូល​ទៅ​អាស្រ័យ​ក្នុង​រអាង​មួយ​នៅ​ទី​នោះ។ មើល៍! ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​លោក ហើយ​សួរ​លោក​ថា៖ «អេលីយ៉ា​អើយ តើ​ធ្វើ​អី​នៅ​ទី​នេះ?»

១ ពង្សាវតារក្សត្រ 19:5-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក លោក​ទម្រេត​ខ្លួន សម្រាន្ដ​លង់‌លក់​ក្រោម​ដើម​ដង្កោ​នោះ​ទៅ។ ពេល​នោះ មាន​ទេវតា*​មួយ​រូប​មក​ដាស់​លោក ទាំង​ពោល​ថា៖ «ចូរ​ក្រោក​ឡើង បរិភោគ​ទៅ!»។ លោក​អេលីយ៉ា​ក្រឡេក​ទៅ ឃើញ​មាន​នំបុ័ង​ដែល​គេ​ទើប​នឹង​ដុត​លើ​ថ្ម​ក្ដៅៗ និង​ទឹក​មួយ​ក្អម នៅ​លើ​ក្បាល​ដំណេក លោក​ក៏​ពិសា​នំបុ័ង និង​ទឹក​រួច សម្រាន្ដ​លក់​ជា​ថ្មី។ ពេល​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​មក​ដាស់​លោក​ម្ដង​ទៀត ទាំង​ពោល​ថា៖ «ចូរ​ក្រោក​ឡើង បរិភោគ​ទៅ ដ្បិត​លោក​ត្រូវ​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ»។ លោក​ក៏​ក្រោក​ឡើង ពិសា​នំបុ័ង និង​ទឹក។ អាហារ​នេះ​ធ្វើ​ឲ្យ​លោក​មាន​កម្លាំង ដើរ​បាន​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ រហូត​ដល់​ភ្នំ​ហោរែប ជា​ភ្នំ​របស់​ព្រះ‌ជាម្ចាស់។ ព្រះ‌អម្ចាស់ កាល​ទៅ​ដល់​ភ្នំ​ហោរែប​ហើយ លោក​អេលីយ៉ា​ចូល​ទៅ​ស្នាក់​ក្នុង​គុហា​នៅ​ពេល​យប់។ ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ដូច​ត​ទៅ៖ «អេលីយ៉ា​អើយ អ្នក​មក​ទី​នេះ​ធ្វើ​អ្វី?»។

១ ពង្សាវតារក្សត្រ 19:5-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លោក​ក៏​ប្រះ​ខ្លួន​ដេក​លក់ នៅ​ក្រោម​ដើម​ដង្កោ​នោះ​ទៅ នោះ​មាន​ទេវតា​មក​ដាស់​លោក​ប្រាប់​ថា ចូរ​ក្រោក​ឡើង​បរិភោគ​សិន លោក​ក្រឡេក​មើល​ទៅ​ឃើញ​នៅ​ក្បាល​ដំណេក មាន​នំ​ដុត​ឆ្អិន​នៅ​លើ​ធ្យូង​ភ្លើង ហើយ​មាន​ទឹក​១​ក្អម​ផង នោះ​លោក​ក៏​បរិភោគ​នំ នឹង​ទឹក​នោះ រួច​ដេក​ទៅ​វិញ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដាស់​ម្តង​ទៀត​ប្រាប់​ថា ចូរ​ក្រោក​ឡើង​បរិភោគ​ទៅ ដ្បិត​ផ្លូវ​ដែល​ត្រូវ​ដើរ នោះ​ហួស​កំឡាំង​ឯង​ណាស់ លោក​ក៏​ក្រោក​ឡើង​បរិភោគ​ទៅ ហើយ​ដោយ‌សារ​កំឡាំង ដែល​បាន​ពី​អាហារ​នោះ លោក​ក៏​ដើរ​ទៅ​អស់​៤០​ថ្ងៃ​៤០​យប់ បាន​ដល់​ទៅ​ភ្នំ​ហោរែប ជា​ភ្នំ​នៃ​ព្រះ។ កាល​លោក​បាន​ទៅ​ដល់​ហើយ នោះ​ក៏​ចូល​ទៅ​អាស្រ័យ​ក្នុង​រអាង​១​នៅ​ទី​នោះ គ្រា​នោះ ឮ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​មក​សួរ​ថា អេលីយ៉ា​អើយ តើ​ធ្វើ​អី​នៅ​ទី​នេះ