១ ពង្សាវតារក្សត្រ 19:3-10
១ ពង្សាវតារក្សត្រ 19:3-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលលោកបានជ្រាបដូច្នោះហើយ លោកក៏ក្រោករត់ទៅឲ្យរួចជីវិត បានទៅដល់បៀរ-សេបា ជាស្រុករបស់ពួកយូដា លោកក៏ទុកអ្នកបម្រើនៅទីនោះ។ ប៉ុន្តែ លោកដើរពេញមួយថ្ងៃ ចូលក្នុងទីរហោស្ថាន ទៅអង្គុយនៅក្រោមដើមដង្កោ រួចទូលសូមឲ្យខ្លួនស្លាប់ទៅ ដោយពាក្យថា៖ «ល្មមហើយ ឱព្រះយេហូវ៉ាអើយ សូមយកព្រលឹងទូលបង្គំទៅឥឡូវចុះ ដ្បិតទូលបង្គំមិនវិសេសជាងបុព្វបុរសទូលបង្គំទេ»។ លោកក៏ប្រះខ្លួនដេកលក់ នៅក្រោមដើមដង្កោនោះ មានទេវតាមកដាស់លោកប្រាប់ថា៖ «ចូរក្រោកឡើង បរិភោគសិន»។ លោកឃើញមាននំដុតឆ្អិនទៅលើធ្យូងភ្លើង នៅលើក្បាលដំណេក ហើយមានទឹកមួយក្អមផង លោកក៏បរិភោគនំ និងទឹកនោះ រួចដេកទៅវិញ។ ទេវតានៃព្រះយេហូវ៉ាក៏មកដាស់ម្តងទៀតប្រាប់ថា៖ «ចូរក្រោកឡើង បរិភោគទៅ ដ្បិតផ្លូវដែលត្រូវដើរ នោះហួសកម្លាំងឯងណាស់»។ លោកក៏ក្រោកឡើង បរិភោគទៅ ហើយដោយសារកម្លាំងដែលបានពីអាហារនោះ លោកក៏ដើរទៅអស់សែសិបថ្ងៃសែសិបយប់ បានទៅដល់ភ្នំហោរែប ជាភ្នំនៃព្រះ។ កាលលោកបានទៅដល់ហើយ ក៏ចូលទៅអាស្រ័យក្នុងរអាងមួយនៅទីនោះ។ មើល៍! ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោក ហើយសួរលោកថា៖ «អេលីយ៉ាអើយ តើធ្វើអីនៅទីនេះ?» លោកទូលថា៖ «ទូលបង្គំបានមានចិត្តឈឺឆ្អាលនឹងព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារជាខ្លាំង ដ្បិតពួកកូនចៅអ៊ីស្រាអែលបានបោះបង់ចោលសេចក្ដីសញ្ញាព្រះអង្គ គេបានរំលំអស់ទាំងអាសនារបស់ព្រះអង្គ ហើយបានសម្លាប់ពួកហោរាព្រះអង្គដោយដាវ នៅសល់តែទូលបង្គំម្នាក់ឯងប៉ុណ្ណោះ ហើយគេចង់យកជីវិតទូលបង្គំថែមទៀត»។
១ ពង្សាវតារក្សត្រ 19:3-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអេលីយ៉ាភ័យខ្លាច ហើយក្រោកឡើង រត់ចេញទៅ ដើម្បីឲ្យរួចជីវិត។ លោកទៅដល់បៀរ-សេបា ក្នុងស្រុកយូដា លោកទុកអ្នកបម្រើឲ្យនៅទីនោះ។ រីឯលោកវិញ លោកធ្វើដំណើរកាត់វាលរហោស្ថានពេញមួយថ្ងៃ ហើយទៅអង្គុយក្រោមដើមដង្កោមួយ រួចទូលអង្វរសុំស្លាប់ ទាំងពោលថា៖ «ព្រះអម្ចាស់អើយ! ទូលបង្គំទ្រាំលែងបានទៀតហើយ! ឥឡូវនេះ សូមព្រះអង្គដកជីវិតទូលបង្គំចុះ! ដ្បិតទូលបង្គំមិនប្រសើរជាងដូនតារបស់ទូលបង្គំទេ»។ បន្ទាប់មក លោកទម្រេតខ្លួន សម្រាន្ដលង់លក់ក្រោមដើមដង្កោនោះទៅ។ ពេលនោះ មានទេវតា*មួយរូបមកដាស់លោក ទាំងពោលថា៖ «ចូរក្រោកឡើង បរិភោគទៅ!»។ លោកអេលីយ៉ាក្រឡេកទៅ ឃើញមាននំបុ័ងដែលគេទើបនឹងដុតលើថ្មក្ដៅៗ និងទឹកមួយក្អម នៅលើក្បាលដំណេក លោកក៏ពិសានំបុ័ង និងទឹករួច សម្រាន្ដលក់ជាថ្មី។ ពេលនោះ ទេវតារបស់ព្រះអម្ចាស់មកដាស់លោកម្ដងទៀត ទាំងពោលថា៖ «ចូរក្រោកឡើង បរិភោគទៅ ដ្បិតលោកត្រូវធ្វើដំណើរយ៉ាងឆ្ងាយ»។ លោកក៏ក្រោកឡើង ពិសានំបុ័ង និងទឹក។ អាហារនេះធ្វើឲ្យលោកមានកម្លាំង ដើរបានសែសិបថ្ងៃសែសិបយប់ រហូតដល់ភ្នំហោរែប ជាភ្នំរបស់ព្រះជាម្ចាស់។ ព្រះអម្ចាស់ កាលទៅដល់ភ្នំហោរែបហើយ លោកអេលីយ៉ាចូលទៅស្នាក់ក្នុងគុហានៅពេលយប់។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកដូចតទៅ៖ «អេលីយ៉ាអើយ អ្នកមកទីនេះធ្វើអ្វី?»។ លោកទូលថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល! ទូលបង្គំស្រឡាញ់ព្រះអង្គខ្លាំងណាស់។ រីឯជនជាតិអ៊ីស្រាអែលបានផ្ដាច់សម្ពន្ធមេត្រីរបស់ព្រះអង្គ ពួកគេរំលំអាសនៈរបស់ព្រះអង្គ និងសម្លាប់ព្យាការីទាំងអស់របស់ព្រះអង្គ ដោយមុខដាវ គឺនៅសល់តែទូលបង្គំម្នាក់ប៉ុណ្ណោះ ហើយពួកគេក៏តាមប្រហារជីវិតទូលបង្គំទៀត»។
១ ពង្សាវតារក្សត្រ 19:3-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលលោកបានជ្រាបដូច្នោះហើយ នោះក៏ក្រោកឡើងរត់ទៅឲ្យរួចជីវិត បានដល់ទៅបៀរ-សេបា ជាស្រុករបស់ពួកយូដា លោកក៏ទុកអ្នកបំរើនៅទីនោះ តែខ្លួនលោកដើរពេញ១ថ្ងៃ ចូលក្នុងទីរហោស្ថាន ទៅអង្គុយនៅក្រោមដើមដង្កោ រួចទូលសូមឲ្យខ្លួនស្លាប់ទៅ ដោយពាក្យថា ល្មមហើយ ឱព្រះយេហូវ៉ាអើយ សូមយកព្រលឹងទូលបង្គំទៅឥឡូវចុះ ដ្បិតទូលបង្គំមិនវិសេសជាងពួកឰយុកោទូលបង្គំទេ លោកក៏ប្រះខ្លួនដេកលក់ នៅក្រោមដើមដង្កោនោះទៅ នោះមានទេវតាមកដាស់លោកប្រាប់ថា ចូរក្រោកឡើងបរិភោគសិន លោកក្រឡេកមើលទៅឃើញនៅក្បាលដំណេក មាននំដុតឆ្អិននៅលើធ្យូងភ្លើង ហើយមានទឹក១ក្អមផង នោះលោកក៏បរិភោគនំ នឹងទឹកនោះ រួចដេកទៅវិញ ទេវតានៃព្រះយេហូវ៉ាក៏មកដាស់ម្តងទៀតប្រាប់ថា ចូរក្រោកឡើងបរិភោគទៅ ដ្បិតផ្លូវដែលត្រូវដើរ នោះហួសកំឡាំងឯងណាស់ លោកក៏ក្រោកឡើងបរិភោគទៅ ហើយដោយសារកំឡាំង ដែលបានពីអាហារនោះ លោកក៏ដើរទៅអស់៤០ថ្ងៃ៤០យប់ បានដល់ទៅភ្នំហោរែប ជាភ្នំនៃព្រះ។ កាលលោកបានទៅដល់ហើយ នោះក៏ចូលទៅអាស្រ័យក្នុងរអាង១នៅទីនោះ គ្រានោះ ឮព្រះបន្ទូលនៃព្រះយេហូវ៉ាមកសួរថា អេលីយ៉ាអើយ តើធ្វើអីនៅទីនេះ លោកទូលថា ទូលបង្គំបានមានចិត្តឈឺឆ្អាលនឹងព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារជាខ្លាំង ដ្បិតពួកកូនចៅអ៊ីស្រាអែលគេបានបោះបង់ចោលសេចក្ដីសញ្ញាទ្រង់ គេបានរំលំអស់ទាំងអាសនារបស់ទ្រង់ ហើយបានសំឡាប់ពួកហោរាទ្រង់ដោយដាវផង នៅសល់តែទូលបង្គំម្នាក់ឯងប៉ុណ្ណោះ ហើយគេរកជីវិតទូលបង្គំថែមទៀត