១ ពង្សាវតារក្សត្រ 19:13-18
១ ពង្សាវតារក្សត្រ 19:13-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលអេលីយ៉ាបានឮហើយ លោកយកក្រមាឃ្លុំមុខ ចេញមកឈរនៅមាត់រអាង មានឮសំឡេងមកដល់លោកថា៖ «អេលីយ៉ាអើយ តើឯងធ្វើអ្វីនៅទីនេះ?» លោកទូលឆ្លើយថា៖ «ទូលបង្គំមានចិត្តឈឺឆ្អាលនឹងព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារយ៉ាងខ្លាំង ដ្បិតពួកកូនចៅអ៊ីស្រាអែលបានបោះបង់ចោលសេចក្ដីសញ្ញាព្រះអង្គ គេបានរំលំអស់ទាំងអាសនាព្រះអង្គ ហើយបានសម្លាប់ពួកហោរាដោយដាវ នៅសល់តែទូលបង្គំម្នាក់ឯងប៉ុណ្ណោះ ហើយគេចង់យកជីវិតទូលបង្គំថែមទៀត»។ ព្រះយេហូវ៉ាមានព្រះបន្ទូលទៅលោកថា៖ «ចូរឯងត្រឡប់ទៅតាមផ្លូវ ដែលកាត់ទីរហោស្ថាន ទៅឯក្រុងដាម៉ាសទៅ កាលណាទៅដល់ហើយ ចូរចាក់ប្រេងតាំងហាសែលឲ្យឡើងធ្វើជាស្តេចស្រុកស៊ីរីចុះ។ បន្ទាប់មក ត្រូវចាក់ប្រេងតាំងយេហ៊ូវ ជាកូននីមស៊ីឲ្យឡើងធ្វើជាស្តេច សោយរាជ្យលើស្រុកអ៊ីស្រាអែលដែរ ឯអេលីសេ ជាកូនសាផាត ដែលនៅអេបិល-មហូឡា ត្រូវចាក់ប្រេងតាំងឲ្យធ្វើជាហោរាជំនួសឯង។ ដូច្នេះ អ្នកណាដែលរួចពីដាវរបស់ហាសែល យេហ៊ូវនឹងសម្លាប់គេវិញ ហើយអ្នកណាដែលរួចពីដាវរបស់យេហូវ៉ា អេលីសេនឹងសម្លាប់ចោល។ ប៉ុន្តែ យើងនឹងទុកឲ្យមានមនុស្សប្រាំពីរពាន់នាក់នៅសល់ក្នុងពួកអ៊ីស្រាអែល ជាពួកអ្នកដែលមិនបានលុតជង្គង់ក្រាបនៅចំពោះព្រះបាល ឬថើបវាឡើយ»។
១ ពង្សាវតារក្សត្រ 19:13-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្យាការីអេលីយ៉ាឮសំឡេងនោះ លោកយកអាវធំមកគ្របមុខ ហើយចេញទៅឈរនៅមាត់គុហា។ លោកឮព្រះសូរសៀងថា៖ «អេលីយ៉ាអើយ អ្នកមកទីនេះធ្វើអ្វី?»។ លោកទូលថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល! ទូលបង្គំស្រឡាញ់ព្រះអង្គខ្លាំងណាស់។ រីឯជនជាតិអ៊ីស្រាអែលផ្ដាច់សម្ពន្ធមេត្រីរបស់ព្រះអង្គ ពួកគេរំលំអាសនៈរបស់ព្រះអង្គ និងសម្លាប់ព្យាការីទាំងអស់របស់ព្រះអង្គ ដោយមុខដាវ គឺនៅសល់តែទូលបង្គំម្នាក់ប៉ុណ្ណោះ ហើយពួកគេក៏តាមប្រហារជីវិតទូលបង្គំទៀត»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «ចូរធ្វើដំណើរកាត់វាលរហោស្ថាន ឆ្ពោះទៅកាន់ក្រុងដាម៉ាសចុះ! កាលទៅដល់ហើយ ត្រូវចាក់ប្រេងអភិសេកហាសែលឲ្យធ្វើជាស្ដេចលើស្រុកស៊ីរី។ បន្ទាប់មក ត្រូវចាក់ប្រេងអភិសេកយេហ៊ូវ ជាកូនរបស់នឹមស៊ី ឲ្យធ្វើជាស្ដេចលើស្រុកអ៊ីស្រាអែល រួចចាក់ប្រេងតែងតាំងអេលីសេ ជាកូនរបស់សាផាត នៅអេបិល-មហូឡា ឲ្យធ្វើជាព្យាការីជំនួសអ្នក។ ពេលនោះ នរណាគេចផុតពីមុខដាវរបស់ហាសែល នឹងត្រូវយេហ៊ូវសម្លាប់ ហើយនរណាគេចផុតពីមុខដាវរបស់យេហ៊ូវ នឹងត្រូវអេលីសេសម្លាប់។ ប៉ុន្តែ យើងនឹងទុកជីវិតមនុស្សប្រាំពីរពាន់នាក់ នៅស្រុកអ៊ីស្រាអែល គឺអស់អ្នកដែលពុំបានលុតជង្គង់ថ្វាយបង្គំព្រះបាល ហើយមិនបានថើបព្រះនេះទេ»។
១ ពង្សាវតារក្សត្រ 19:13-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលអេលីយ៉ាបានឮហើយ នោះលោកក៏យកក្រមាគ្រលុំមុខ ចេញមកឈរនៅមាត់រអាង នោះមានឮសំឡេងមកដល់លោកថា អេលីយ៉ាអើយ តើឯងធ្វើអ្វីនៅទីនេះ លោកទូលឆ្លើយថា ទូលបង្គំបានមានចិត្តឈឺឆ្អាលនឹងព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារជាខ្លាំង ដ្បិតពួកកូនចៅអ៊ីស្រាអែល គេបានបោះបង់ចោលសេចក្ដីសញ្ញាទ្រង់ គេបានរំលំអស់ទាំងអាសនាទ្រង់ ហើយបានសំឡាប់ពួកហោរាទ្រង់ ដោយដាវផង នៅសល់តែទូលបង្គំម្នាក់ឯងប៉ុណ្ណោះ ហើយគេស្វែងរកជីវិតទូលបង្គំថែមទៀត។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅលោកថា ចូរឯងត្រឡប់ទៅតាមផ្លូវ ដែលកាត់ទីរហោស្ថាន ទៅឯក្រុងដាម៉ាសទៅ កាលណាបានដល់ហើយ នោះចូរចាក់ប្រេងតាំងហាសែលឡើង ឲ្យធ្វើជាស្តេចស្រុកស៊ីរីចុះ ហើយត្រូវចាក់ប្រេង តាំងយេហ៊ូវ ជាកូននីមស៊ីឡើង ឲ្យធ្វើជាស្តេច សោយរាជ្យលើស្រុកអ៊ីស្រាអែលដែរ ឯអេលីសេ ជាកូនសាផាត ដែលនៅអេបិល-មហូឡា នោះត្រូវចាក់ប្រេងតាំងឲ្យធ្វើជាហោរាជំនួសឯង ដូច្នេះ អ្នកណាដែលរួចពីដាវរបស់ហាសែល នោះយេហ៊ូវនឹងសំឡាប់គេវិញ ហើយអ្នកណាដែលរួចពីដាវរបស់យេហ៊ូវ នោះអេលីសេនឹងសំឡាប់បង់ ប៉ុន្តែ អញនឹងទុកឲ្យមានមនុស្ស៧ពាន់នាក់សល់នៅ ក្នុងពួកអ៊ីស្រាអែល ជាពួកអ្នកដែលមិនបានលុតជង្គង់ក្រាប នៅចំពោះព្រះបាល ឬថើបវាឡើយ។