១ ពង្សាវតារក្សត្រ 18:36-41

១ ពង្សាវតារក្សត្រ 18:36-41 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ដល់​ពេល​ថ្វាយ​តង្វាយ​ល្ងាច ហោរា​អេលីយ៉ា​ក៏​ចូល​មក​ជិត​ទូល​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​អ៊ីស្រា‌អែល សូម​ឲ្យ​មនុស្ស​បាន​ដឹង​នៅ​ថ្ងៃ​នេះ​ថា ព្រះ‌អង្គ​ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល ហើយ​ថា ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ព្រម​ទាំង​ថា ទូល‌បង្គំ​បាន​ធ្វើ​ការ​ទាំង​នេះ ដោយ​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង សូម​ស្តាប់​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​ទូល‌បង្គំ ដើម្បី​ឲ្យ​ប្រជាជន​នេះ​បាន​ដឹង​ថា គឺ​ព្រះ‌អង្គ ឱ​ព្រះ‌យេហូវ៉ា​អើយ ដែល​ជា​ព្រះ គឺ​ព្រះ‌អង្គ​ដែល​នាំ​ចិត្ត​គេ​ត្រឡប់​មក​វិញ»។ ខណៈ​នោះ ភ្លើង​របស់​ព្រះ‌យេហូវ៉ា​ក៏​ធ្លាក់​ចុះ​មក​បញ្ឆេះ​តង្វាយ ព្រម​ទាំង​ឧស ថ្ម និង​ធូលី​ដី ហើយ​ក៏​លិឍ​ទឹក​ដែល​នៅ​ក្នុង​ប្រឡាយ​អស់​ទៅ​ដែរ។ កាល​ប្រជា​ជន​ទាំង‌ឡាយ​បាន​ឃើញ គេ​ក៏​ក្រាប​ផ្កាប់​មុខ​ពោល​ថា៖ «ព្រះ‌យេហូវ៉ា​ជា​ព្រះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​ពិត​ហើយ»។ រួច​លោក​អេលីយ៉ា​ប្រាប់​គេ​ថា៖ «ចូរ​ចាប់​ពួក​ហោរា​របស់​ព្រះ‌បាល​ទៅ កុំ​ឲ្យ​អ្នក​ណា​មួយ​រួច​ឡើយ»។ គេ​ក៏​ចាប់ ហើយ​លោក​អេលីយ៉ា​នាំ​ចុះ​ទៅ​ឯ​ជ្រោះ​គីសុន សម្លាប់​ចោល​នៅ​ទី​នោះ​ទៅ។ រួច​មក លោក​អេលីយ៉ា​ទូល​ព្រះបាទ​អ័ហាប់​ថា៖ «សូម​ស្តេច​ឡើង​ទៅ​សោយ​ព្រះ‌ស្ងោយ​ចុះ ដ្បិត​មាន​សូរ​សន្ធឹក​ភ្លៀង​ជា​ធំ​មក​ហើយ»។

១ ពង្សាវតារក្សត្រ 18:36-41 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ដល់​ពេល​ថ្វាយ​សក្ការៈ‌បូជា​វេលា​ល្ងាច លោក​អេលីយ៉ា​ចូល​មក​ជិត​អាសនៈ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​អ៊ីស្រា‌អែល នៅ​ថ្ងៃ​នេះ សូម​បង្ហាញ​ឲ្យ​ប្រជា‌ជន​ដឹង​ថា ព្រះអង្គ​ពិត​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។ សូម​ឲ្យ​ពួក​គេ​ឃើញ​ថា ទូលបង្គំ​ធ្វើ​ការ​ទាំង​នេះ​តាម​បញ្ជា​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​អើយ សូម​មេត្តា​ឆ្លើយ​តប​មក​ទូលបង្គំ​ផង ដើម្បី​ឲ្យ​ប្រជា‌ជន​នេះ​ទទួល​ស្គាល់​ថា ព្រះអង្គ​ពិត​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ពិត​ប្រាកដ មាន​តែ​ព្រះអង្គ​ទេ ដែល​អាច​នាំ​ចិត្ត​ពួក​គេ​ឲ្យ​វិល​មក​រក​ព្រះអង្គ​វិញ​បាន»។ ខណៈ​នោះ ស្រាប់​តែ​ភ្លើង​របស់​ព្រះ‌អម្ចាស់​ធ្លាក់​ចុះ​មក ឆេះ​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​អុស ថ្ម ដី និង​ធ្វើ​ឲ្យ​ទឹក​នៅ​ក្នុង​ចង្អូរ​រីង​ស្ងួត​ផង។ កាល​ប្រជា‌ជន​ទាំង​មូល​ឃើញ​ដូច្នេះ ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ ឱន​មុខ​ដល់​ដី ហើយ​ពោល​ថា៖ «គឺ​ព្រះ‌អម្ចាស់​ហើយ​ជា​ព្រះ​ដ៏​ពិត​ប្រាកដ!»។ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​ចាប់​ព្យាការី​របស់​ព្រះ​បាល កុំ​ឲ្យ​នរណា​ម្នាក់​រត់​រួច​ឡើយ!»។ ប្រជា‌ជន​ក៏​ចាប់​ព្យាការី​របស់​ព្រះ​បាល ហើយ​លោក​អេលីយ៉ា​បញ្ជា​ឲ្យ​នាំ​ពួក​គេ​ទៅ​កាន់​ជ្រោះ​គីសូន រួច​លោក​ក៏​អារ‌ក​ព្យាការី​ទាំង​អស់​នៅ​ទី​នោះ​ទៅ។ លោក​អេលីយ៉ា​ទូល​ព្រះ‌បាទ​អហាប់​ថា៖ «សូម​ព្រះ‌ករុណា​យាង​សោយ​ព្រះ‌ស្ងោយ ដ្បិត​ទូលបង្គំ​ឮ​សូរ​សន្ធឹក​ភ្លៀង​ជិត​មក​ដល់​ហើយ»។

១ ពង្សាវតារក្សត្រ 18:36-41 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ដល់​ពេល​ថ្វាយ​ដង្វាយ​ល្ងាច នោះ​ហោរា​អេលីយ៉ា​ក៏​ចូល​មក​ជិត​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ័ប្រា‌ហាំ នៃ​អ៊ីសាក ហើយ​នៃ​អ៊ីស្រាអែល​អើយ សូម​ឲ្យ​មនុស្ស​បាន​ដឹង​នៅ​ថ្ងៃ​នេះ​ថា ទ្រង់​ជា​ព្រះ​នៃ​ពួក​អ៊ីស្រាអែល ហើយ​ថា ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់ ព្រម​ទាំង​ថា ទូលបង្គំ​បាន​ធ្វើ​ការ​ទាំង​នេះ ដោយ​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​ផង សូម​ស្តាប់​ទូលបង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​ទូលបង្គំ ដើម្បី​ឲ្យ​ប្រជា‌ជន​នេះ​បាន​ដឹង​ថា គឺ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ដែល​ជា​ព្រះ ហើយ​ថា គឺ​ទ្រង់​ដែល​នាំ​ចិត្ត​គេ​ត្រឡប់​មក​វិញ ខណ​នោះ ភ្លើង​នៃ​ព្រះ‌យេហូវ៉ា​ក៏​ធ្លាក់​ចុះ​មក​បញ្ឆេះ​ដង្វាយ ព្រម​ទាំង​ឧស ថ្ម នឹង​ធូលី​ដី ហើយ​ក៏​លិទ្ធ​ទឹក​ដែល​នៅ​ក្នុង​ប្រឡាយ​អស់​ទៅ​ដែរ កាល​ពួក​ជន​ទាំង‌ឡាយ​បាន​ឃើញ នោះ​គេ​ក៏​ក្រាប​ផ្កាប់​មុខ​ពោល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ពិត​ហើយ រួច​អេលីយ៉ា​ប្រាប់​គេ​ថា ចូរ​ចាប់​ពួក​ហោរា​របស់​ព្រះ‌បាល​ទៅ កុំ​ឲ្យ​អ្នក​ណា​មួយ​រួច​ឡើយ គេ​ក៏​ចាប់ ហើយ​អេលីយ៉ា​លោក​នាំ​ចុះ​ទៅ​ឯ​ជ្រោះ​គីសុន​សំឡាប់​ចោល​ទាំង​អស់​នៅ​ទី​នោះ​ទៅ។ រួច​មក​អេលីយ៉ា​ទូល​ដល់​អ័ហាប់​ថា សូម​ស្តេច​ឡើង​ទៅ​សោយ​ព្រះ‌ស្ងោយ​ចុះ ដ្បិត​មាន​សូរ​សន្ធឹក​ភ្លៀង​ជា​ធំ​មក​ហើយ

១ ពង្សាវតារក្សត្រ 18:36-41

១ ពង្សាវតារក្សត្រ 18:36-41 គខប