១ ពង្សាវតារក្សត្រ 18:23-28
១ ពង្សាវតារក្សត្រ 18:23-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ សូមយកគោឈ្មោលពីរមកឲ្យយើង ឲ្យគេរើសយកមួយសម្រាប់ពួកគេ ហើយកាប់ជាដុំៗដាក់លើឧសទៅ តែកុំឲ្យដាក់ភ្លើងឡើយ រួចខ្ញុំនឹងរៀបគោមួយទៀតដាក់លើឧស ឥតដាក់ភ្លើងដែរ ហើយចូរអ្នករាល់គ្នាអំពាវនាវដល់ព្រះនាមព្រះរបស់អ្នករាល់គ្នាចុះ ឯខ្ញុំក៏នឹងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាវិញ បើព្រះណាឆ្លើយមកដោយសារភ្លើង នោះចូរឲ្យរាប់ព្រះនោះទុកជាព្រះពិតចុះ»។ ពួកប្រជាជនក៏ឆ្លើយឡើងថា៖ «ស្រួលហើយ»។ ដូច្នេះ លោកអេលីយ៉ាក៏ប្រាប់ដល់ពួកហោរារបស់ព្រះបាលថា៖ «ចូររើសគោមួយសម្រាប់អ្នករាល់គ្នាចុះ ហើយរៀបដាក់មុនទៅ ដ្បិតខាងអ្នករាល់គ្នាមានគ្នាច្រើន រួចចូរអំពាវនាវដល់ព្រះនាមនៃព្រះរបស់អ្នករាល់គ្នាចុះ តែកុំឲ្យដាក់ភ្លើងឡើយ»។ គេក៏ទទួលយកគោមួយ ដែលបានឲ្យដល់គេ រួចគេរៀបចំ ហើយអំពាវនាវដល់ព្រះនាមនៃព្រះបាល ចាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ថា៖ «ឱព្រះបាលអើយ សូមឆ្លើយមកយើងខ្ញុំរាល់គ្នាផង»។ ប៉ុន្តែ គ្មានឮសំឡេង ឬចម្លើយណាឆ្លើយមកសោះ គេក៏លោតព័ទ្ធជុំវិញអាសនាដែលគេបានធ្វើនោះ គ្រាដល់ពេលថ្ងៃត្រង់ហើយ នោះលោកអេលីយ៉ាពោលចំអកថា៖ «ចូរស្រែកឲ្យខ្លាំងឡើង ដ្បិតលោកជាព្រះ ប្រហែលជាកំពុងរំពឹងគិត ឬបានថយចេញមួយភ្លែត ឬធ្វើដំណើរ ឬប្រហែលជាដេកលក់ទេដឹង ត្រូវដាស់លោកឡើង»។ គេក៏ស្រែកខ្លាំងឡើង ព្រមទាំងយកកាំបិតឆូតសាច់តាមទម្លាប់របស់គេ ទាល់តែឈាមហូរប្រឡាក់កាយ
១ ពង្សាវតារក្សត្រ 18:23-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរយកគោបាពីរក្បាលមក ហើយសូមអស់លោកព្យាការីជ្រើសរើសយកគោមួយក្បាល រួចកាប់ជាដុំៗ ដាក់លើគំនរអុស តែមិនបង្កាត់ភ្លើងទេ។ រីឯខ្ញុំវិញ ខ្ញុំនឹងរៀបចំគោមួយក្បាលទៀត ដាក់លើគំនរអុស តែមិនបង្កាត់ភ្លើងទេ។ បន្ទាប់មក ចូរអង្វររកព្រះនាមនៃព្រះរបស់អ្នករាល់គ្នា រីឯខ្ញុំវិញ ខ្ញុំអង្វររកព្រះនាមព្រះអម្ចាស់ដែរ។ ព្រះណាឆ្លើយតប ដោយធ្វើឲ្យមានភ្លើងឆេះ គឺព្រះនោះហើយដែលជាព្រះដ៏ពិតប្រាកដ»។ ប្រជាជនទាំងមូលឆ្លើយថា៖ «យល់ព្រម»។ លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់ពួកព្យាការីរបស់ព្រះបាលថា៖ «ចូរជ្រើសរើសយកគោបាមួយក្បាលសម្រាប់អស់លោក ហើយចាប់ផ្ដើមមុនចុះ ដ្បិតអស់លោកមានគ្នាច្រើន។ ចូរអង្វររកព្រះនាមនៃព្រះរបស់អស់លោក ប៉ុន្តែ កុំបង្កាត់ភ្លើងឡើយ»។ ពួកគេយកគោបាមួយក្បាលមករៀបចំ រួចចាប់ផ្ដើមអង្វររកព្រះនាមរបស់ព្រះបាល តាំងពីព្រលឹមរហូតដល់ថ្ងៃត្រង់ ដោយពោលថា៖ «ឱព្រះបាលអើយ សូមមេត្តាឆ្លើយតបមកយើងខ្ញុំផង!»។ ប៉ុន្តែ គ្មានឮសូរសំឡេង ឬចម្លើយអ្វីសោះ។ ពួកគេរាំជុំវិញអាសនៈដែលពួកគេបានសង់។ លុះដល់ថ្ងៃត្រង់ លោកអេលីយ៉ាក៏ចំអកទៅពួកគេថា៖ «ចូរខំប្រឹងស្រែកឲ្យខ្លាំងឡើង ដ្បិតព្រះបាលជាព្រះ ហេតុនេះហើយបានជាទ្រង់កំពុងជាប់រវល់ ឬមានកិច្ចការអ្វីហើយ ឬកំពុងតែធ្វើដំណើរ ឬប្រហែលជាផ្ទំលក់។ ដូច្នេះ ត្រូវដាស់ព្រះអង្គឲ្យតើនឡើង!»។ ពួកគេស្រែកអង្វរកាន់តែខ្លាំងឡើងៗ ហើយយកចុងដាវ និងចុងលំពែងឆូតលើសាច់តាមទម្លាប់របស់គេ ទាល់តែឈាមហូរពេញខ្លួន។
១ ពង្សាវតារក្សត្រ 18:23-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ សូមយកគោឈ្មោល២មកឲ្យយើង ឲ្យគេរើសយក១សំរាប់ពួកគេ ហើយកាប់ជាដុំៗដាក់លើឧសទៅ តែកុំឲ្យដាក់ភ្លើងឡើយ រួចខ្ញុំនឹងរៀបគោ១ទៀតដាក់លើឧស ឥតដាក់ភ្លើងដែរ ហើយចូរឲ្យអ្នករាល់គ្នាអំពាវនាវដល់ព្រះនាមព្រះរបស់អ្នករាល់គ្នាចុះ ឯខ្ញុំក៏នឹងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាវិញ បើព្រះណាឆ្លើយមកដោយសារភ្លើង នោះចូរឲ្យរាប់ព្រះនោះទុកជាព្រះពិតចុះ ពួកបណ្តាជនទាំងឡាយក៏ឆ្លើយឡើងថា ស្រួលហើយ។ ដូច្នេះ អេលីយ៉ាក៏ប្រាប់ដល់ពួកហោរារបស់ព្រះបាលថា ចូររើសគោ១សំរាប់អ្នករាល់គ្នាចុះ ហើយរៀបដាក់ជាមុនទៅ ដ្បិតខាងអ្នករាល់គ្នាមានគ្នាច្រើន រួចចូរអំពាវនាវដល់ព្រះនាមនៃព្រះរបស់អ្នករាល់គ្នាចុះ តែកុំឲ្យដាក់ភ្លើងឡើយ គេក៏ទទួលយកគោ១ ដែលបានឲ្យដល់គេ រួចគេរៀបចំ ហើយអំពាវនាវដល់ព្រះនាមនៃព្រះបាល ចាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ថា ឱព្រះបាលអើយ សូមឆ្លើយមកយើងខ្ញុំរាល់គ្នាផង ប៉ុន្តែគ្មានឮសំឡេង ឬចំឡើយណាឆ្លើយមកសោះ គេក៏លោតព័ទ្ធជុំវិញអាសនា ដែលគេបានធ្វើនោះ គ្រាដល់ពេលថ្ងៃត្រង់ហើយ នោះអេលីយ៉ាពោលចំអកថា ចូរស្រែកឲ្យខ្លាំងឡើង ដ្បិតលោកជាព្រះ ប្រហែលជាកំពុងរំពឹងគិត ឬបានថយចេញ១ភ្លែត ឬធ្វើដំណើរ ឬប្រហែលជាដេកលក់ទេដឹង ត្រូវដាស់លោកឡើង គេក៏ស្រែកខ្លាំងឡើង ព្រមទាំងយកកាំបិតឆូតសាច់តាមទំលាប់របស់គេ ទាល់តែឈាមហូរប្រឡាក់កាយ