១ ពង្សាវតារក្សត្រ 17:2-16
១ ពង្សាវតារក្សត្រ 17:2-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រួចព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកបង្គាប់លោកថា៖ «ចូរចេញពីទីនេះ បែរទៅខាងកើត ហើយពួនខ្លួននៅឯជ្រោះកេរីត ដែលនៅប្រទល់មុខនឹងទន្លេយ័រដាន់ទៅ ឯងនឹងផឹកទឹកជ្រោះនោះ ហើយយើងបានបង្គាប់ឲ្យក្អែកចិញ្ចឹមឯងនៅទីនោះដែរ»។ ដូច្នេះ លោកក៏ធ្វើតាមព្រះបន្ទូលនៃព្រះយេហូវ៉ា គឺទៅអាស្រ័យនៅក្បែរជ្រោះកេរីត ដែលនៅប្រទល់មុខទន្លេយ័រដាន់ ហើយរាល់ព្រឹករាល់ល្ងាច ក្អែកតែងពាំនំបុ័ង និងសាច់មកជូនលោក លោកក៏ផឹកទឹកជ្រោះនោះ។ លុះកន្លងយូរបន្តិចមក ទឹកជ្រោះក៏រីងទៅ ព្រោះមិនមានភ្លៀងធ្លាក់នៅស្រុកនោះសោះ។ ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់លោកថា៖ «ចូរទៅឯសារិបតា ជាទីក្រុងរបស់ពួកស៊ីដូនអាស្រ័យនៅទីនោះវិញ យើងបានបង្គាប់ស្ត្រីមេម៉ាយម្នាក់នៅទីនោះឲ្យចិញ្ចឹមឯង»។ ដូច្នេះ លោកក៏ទៅក្រុងសារិបតា កាលបានទៅដល់មាត់ទ្វារក្រុង ឃើញមានស្ត្រីមេម៉ាយម្នាក់ កំពុងតែរើសរំកាច់ឧស លោកក៏ហៅនាងថា៖ «សូមយកទឹកក្នុងផ្តិលមកឲ្យខ្ញុំផឹកបន្តិចមក»។ កាលនាងកំពុងតែទៅយកទឹក នោះលោកស្រែកផ្តាំថា៖ «សូមយកនំបុ័ងបន្តិចមកឲ្យខ្ញុំផង»។ ប៉ុន្តែ នាងឆ្លើយថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃអ្នកដ៏មានព្រះជន្មរស់នៅថា ខ្ញុំគ្មានមួយដុំឡើយ មានតែម្សៅមួយក្តាប់នៅក្នុងខាប់ និងប្រេងបន្តិចបន្តួចនៅដបប៉ុណ្ណោះ មើលនែ៎ ខ្ញុំកំពុងតែរើសរំកាច់ឧសពីរនេះ ដើម្បីចូលទៅចម្អិនសម្រាប់ខ្ញុំ និងកូន យើងនឹងបរិភោគតែប៉ុណ្ណោះ រួចស្លាប់ទៅ»។ ប៉ុន្តែ លោកអេលីយ៉ាប្រាប់នាងថា៖ «កុំខ្លាចឡើយ សូមទៅធ្វើដូចជាអ្នកបានថាចុះ តែសូមធ្វើនំមួយយ៉ាងតូចមកឲ្យខ្ញុំជាមុនសិន រួចសឹមធ្វើសម្រាប់អ្នក និងកូនអ្នកចុះ ដ្បិតព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា "ម្សៅក្នុងខាប់នោះនឹងមិនដែលផុតទៅ ហើយប្រេងក្នុងដបក៏មិនដែលរលោះឡើយ ដរាបដល់ថ្ងៃដែលព្រះយេហូវ៉ានឹងបង្អុរភ្លៀងមកលើផែនដី"»។ ដូច្នេះ នាងក៏ទៅធ្វើតាមបង្គាប់របស់លោកអេលីយ៉ា រួចទាំងនាង និងលោក ព្រមទាំងកូននាង គ្រប់គ្នាបានបរិភោគមកជាយូរថ្ងៃ។ ឯម្សៅក្នុងខាប់នោះ មិនដែលអស់ ហើយប្រេងក្នុងដបក៏មិនចេះរលោះឡើយ ដូចជាសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលតាមរយៈអេលីយ៉ា។
១ ពង្សាវតារក្សត្រ 17:2-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេលីយ៉ាថា៖ «ចូរចាកចេញពីទីនេះ ធ្វើដំណើរទៅទិសខាងកើត ហើយពួនសម្ងំនៅក្បែរជ្រោះកេរីត ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់។ អ្នកអាចផឹកទឹកជ្រោះ ហើយយើងនឹងប្រើក្អែកពាំអាហារយកទៅឲ្យអ្នកនៅទីនោះ»។ លោកក៏ចាកចេញទៅ ហើយធ្វើតាមព្រះបន្ទូលព្រះអម្ចាស់ គឺលោកទៅស្នាក់អាស្រ័យក្បែរស្ទឹងកេរីត ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់។ ក្អែកតែងពាំនំបុ័ង និងសាច់យកមកឲ្យលោកទាំងព្រឹកទាំងល្ងាច ហើយលោកបរិភោគទឹកជ្រោះនោះ។ បន្តិចក្រោយមក ទឹកជ្រោះក៏រីង ព្រោះគ្មានភ្លៀងធ្លាក់នៅស្រុកនោះទេ។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេលីយ៉ាថា៖ «ចូរក្រោកឡើងធ្វើដំណើរទៅសារិបតា ជាក្រុងរបស់ជនជាតិស៊ីដូន ហើយស្នាក់អាស្រ័យនៅទីនោះចុះ យើងនឹងបង្គាប់ឲ្យស្ត្រីមេម៉ាយម្នាក់ផ្គត់ផ្គង់អ្នក»។ លោកក្រោកឡើង ធ្វើដំណើរទៅកាន់ក្រុងសារិបតា។ លុះដល់មាត់ទ្វារក្រុង លោកឃើញស្ត្រីមេម៉ាយម្នាក់កំពុងតែរើសអុស។ លោកហៅស្ត្រីនោះមក ហើយនិយាយទៅកាន់នាងថា៖ «សូមទៅយកទឹកឲ្យខ្ញុំទទួលទានបន្តិច!»។ នាងក៏ទៅយកទឹក ប៉ុន្តែ លោកស្រែកប្រាប់នាងទៀតថា៖ «សូមយកនំបុ័ងឲ្យខ្ញុំមួយដុំផង!»។ នាងតបថា៖ «នាងខ្ញុំសូមជម្រាបលោក ក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ជាព្រះរបស់លោកថា នាងខ្ញុំគ្មាននំបុ័ងទេ នាងខ្ញុំនៅសល់តែម្សៅមួយក្ដាប់ក្នុងខាប់ និងប្រេងបន្តិចនៅក្នុងដបប៉ុណ្ណោះ។ នាងខ្ញុំកំពុងតែរើសអុសពីរអង្កត់នេះយកទៅដុតនំបុ័ង សម្រាប់នាងខ្ញុំ និងកូន ទទួលទាន។ ពេលទទួលទានរួចហើយ យើងខ្ញុំទាំងពីរនាក់ម្ដាយកូននឹងស្លាប់ទាំងអស់គ្នា»។ លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់នាងថា៖ «កុំខ្លាចអ្វីឡើយ! សូមចូលទៅធ្វើតាមពាក្យនាងចុះ! តែសូមដុតនំបុ័ងមួយដុំតូចយកមកឲ្យខ្ញុំជាមុនសិន រួចសឹមដុតសម្រាប់នាង និងកូនរបស់នាង ដ្បិតព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា ម្សៅក្នុងខាប់នឹងមិនចេះអស់ទេ ហើយប្រេងនៅក្នុងដបក៏មិនចេះអស់ដែរ រហូតដល់ថ្ងៃព្រះអម្ចាស់បង្អុរភ្លៀងមកលើផែនដី»។ នាងក៏ចេញទៅធ្វើតាមពាក្យដែលលោកអេលីយ៉ាបានប្រាប់។ ពួកគេមានអាហារបរិភោគជាយូរថ្ងៃ ទាំងនាងទាំងកូននាង និងលោកអេលីយ៉ា គឺម្សៅមិនចេះរលស់ពីខាប់ ប្រេងក៏មិនចេះរលស់ពីដប ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែង តាមរយៈលោកអេលីយ៉ា។
១ ពង្សាវតារក្សត្រ 17:2-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកបង្គាប់លោកថា ចូរចេញពីទីនេះ បែរទៅខាងកើត ហើយពួនខ្លួននៅឯជ្រោះកេរីត ដែលនៅប្រទល់មុខនឹងទន្លេយ័រដាន់ទៅ ឯងនឹងផឹកទឹកពីជ្រោះនោះ ហើយអញបានបង្គាប់ឲ្យក្អែកចិញ្ចឹមឯងនៅទីនោះដែរ ដូច្នេះ លោកក៏ធ្វើតាមព្រះបន្ទូលនៃព្រះយេហូវ៉ា គឺទៅអាស្រ័យនៅក្បែរជ្រោះកេរីត ដែលនៅប្រទល់មុខទន្លេយ័រដាន់ ហើយរាល់ព្រឹករាល់ល្ងាច ក្អែកតែងពាំនំបុ័ងនឹងសាច់មកជូនលោក លោកក៏ផឹកទឹកពីជ្រោះនោះ លុះកន្លងយូរបន្តិចមក ទឹកជ្រោះក៏រីងទៅ ពីព្រោះមិនមានភ្លៀងធ្លាក់នៅស្រុកនោះសោះ។ នោះព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកបង្គាប់លោកថា ចូរក្រោកឡើង ទៅឯសារិបតា ជាទីក្រុងរបស់ពួកស៊ីដូន អាស្រ័យនៅទីនោះវិញចុះ អញបានបង្គាប់ស្រីមេម៉ាយម្នាក់នៅទីនោះ ឲ្យចិញ្ចឹមឯង ដូច្នេះ លោកក៏ក្រោកឡើងទៅឯក្រុងសារិបតា កាលបានទៅដល់មាត់ទ្វារក្រុងហើយ នោះឃើញមានស្រីមេម៉ាយម្នាក់ កំពុងតែរើសរំកាច់ឈើ លោកក៏ហៅនាងថា សូមយកទឹកក្នុងផ្តិលមកឲ្យខ្ញុំផឹកបន្តិច កាលនាងកំពុងតែទៅយកទឹក នោះលោកស្រែកផ្តាំថា សូមយកនំបុ័ងបន្តិចមកឲ្យខ្ញុំផង តែនាងឆ្លើយថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃអ្នកដ៏មានព្រះជន្មរស់នៅថា ខ្ញុំគ្មាន១ដុំឡើយ មានតែម្សៅ១ក្តាប់នៅក្នុងខាប់ នឹងប្រេងបន្តិចបន្តួចនៅដបប៉ុណ្ណោះ មើលនែ ខ្ញុំកំពុងតែរើសរំកាច់ឈើ២នេះ ដើម្បីចូលទៅចំអិនសំរាប់ខ្ញុំនឹងកូន យើងនឹងបរិភោគតែប៉ុណ្ណោះ រួចស្លាប់ទៅ តែអេលីយ៉ាប្រាប់នាងថា កុំឲ្យខ្លាចឡើយ សូមទៅធ្វើដូចជាអ្នកបានថាចុះ តែសូមធ្វើនំ១យ៉ាងតូចមកឲ្យខ្ញុំជាមុនសិន រួចសឹមធ្វើសំរាប់អ្នក នឹងកូនអ្នកចុះ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា ម្សៅក្នុងខាប់នោះនឹងមិនដែលផុតទៅ ហើយប្រេងក្នុងដបក៏មិនដែលរលោះឡើយ ដរាបដល់ថ្ងៃដែលព្រះយេហូវ៉ានឹងបង្អុរភ្លៀងមកលើផែនដី ដូច្នេះ នាងក៏ទៅធ្វើតាមបង្គាប់របស់អេលីយ៉ា រួចទាំងនាង នឹងលោក ព្រមទាំងកូននាង គ្រប់គ្នាបានបរិភោគ តមកជាយូរថ្ងៃ ឯម្សៅក្នុងខាប់នោះ មិនដែលអស់ទៅ ហើយប្រេងក្នុងដបក៏មិនចេះរលោះឡើយ ដូចជាសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូល ដោយសារអេលីយ៉ា។