១ ពង្សាវតារក្សត្រ 14:21-30

១ ពង្សាវតារក្សត្រ 14:21-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឯ​រេហូ‌បោម ជា​បុត្រា​របស់​ព្រះបាទ​សាឡូម៉ូន ទ្រង់​បាន​សោយ‌រាជ្យ​នៅ​ស្រុក​យូដា កាល​រេហូ‌បោម​បាន​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​សែសិប​មួយ​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​បាន​ដប់​ប្រាំពីរ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស​ចេញ​ពី​កុល‌សម្ពន័្ធ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អម្បាល‌ម៉ាន សម្រាប់​ជា​ទី​តាំង​ព្រះ‌នាម​ទ្រង់ ឯ​មាតា​រេហូ‌បោម ព្រះ‌នាង​ណាអា‌ម៉ា ជា​សាសន៍​អាំម៉ូន។ ពួក​យូដា​ក៏​ប្រព្រឹត្ត​អាក្រក់​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​គេ​បណ្ដាល​ឲ្យ​ទ្រង់​មាន​សេចក្ដី​ប្រចណ្ឌ ដោយ‌សារ​អំពើ​បាប​ដែល​គេ​ប្រព្រឹត្ត លើស​ជាង​បុព្វ‌បុរស​របស់​គេ​ទៅ​ទៀត។ ដ្បិត​គេ​បាន​ធ្វើ​ទី​ខ្ពស់ ស្ដូប និង​បង្គោល​សក្ការៈ សម្រាប់​ខ្លួន​គេ នៅ​លើ​គ្រប់​ទាំង​កំពូល​ភ្នំ ហើយ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខ្ចីៗ ក៏​តាំង​ឲ្យ​មាន​រួម​សង្វាស់​ភេទ​ដូច​គ្នា​នៅ​ក្នុង​ស្រុក​ដែរ គេ​ប្រព្រឹត្ត​តាម​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ចេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។ លុះ​ឆ្នាំ​ទី​ប្រាំ ក្នុង​រាជ្យ​ស្តេច​រេហូ‌បោម ស៊ីសាក​ជា​ស្តេច​ស្រុក​អេស៊ីព្ទ បាន​ឡើង​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ក៏​យក​អស់​ទាំង​ទ្រព្យ‌សម្បត្តិ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ទ្រព្យ‌សម្បត្តិ​ក្នុង​ដំណាក់​ស្តេច​ទាំង​អស់​ទៅ ហើយ​យក​ទាំង​ខែល​មាស​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ​ផង​ដែរ ហើយ​ស្តេច​រេហូ‌បោម​បាន​ធ្វើ​ខែល​លង្ហិន​ជំនួស​ខែល​ទាំង​នោះ ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​នៃ​មេ‌ទ័ព ដែល​រក្សា​មាត់​ទ្វារ​ដំណាក់​ស្តេច។ ដូច្នេះ កាល​ស្ដេច​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា​វេលា​ណា នោះ​ពួក​រក្សា​អង្គ​ក៏​កាន់​ខែល​ទាំង​នោះ រួច​យក​ទៅ​ទុក​ក្នុង​បន្ទប់​របស់​ពួក​រក្សា​អង្គ​វិញ។ រីឯ​កិច្ច‌ការ​ឯ​ទៀត​ពី​រេហូ‌បោម និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវ‌តារ​របស់​ពួក​ស្តេច​យូដា​ហើយ ឯ​រេហូ‌បោម និង​យេរ៉ូ‌បោម ទ្រង់​ចេះ​តែ​ច្បាំង​គ្នា​ជា‌និច្ច

១ ពង្សាវតារក្សត្រ 14:21-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​រេហូ‌បោម ជា​បុត្រ​របស់​ព្រះ‌បាទ​សាឡូម៉ូន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា ក្នុង​ជន្មាយុ​សែ‌សិប​មួយ​វស្សា។ ស្ដេច​សោយ​រាជ្យ​បាន​ដប់​ប្រាំ‌ពីរ​វស្សា នៅ​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​ដែល​ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ សម្រាប់​ព្រះ‌នាម​របស់​ព្រះអង្គ។ មាតា​របស់​ស្ដេច​មាន​នាម​ថា​ណា‌អា‌ម៉ា ជា​ជន‌ជាតិ​អាំម៉ូន។ ប្រជា‌ជន​យូដា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ ដោយ‌សារ​តែ​អំពើ​បាប​ដែល​ពួក​គេ​ប្រព្រឹត្ត លើស​ពី​ដូនតា​របស់​ពួក​គេ​ទៅ​ទៀត។ ពួក​គេ​នាំ​គ្នា​សង់​កន្លែង​សក្ការៈ នៅ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​សង់​ស្តូប និង​បង្គោល​ព្រះ​អា‌សេ‌រ៉ា នៅ​តាម​កំពូល​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី។ នៅ​ក្នុង​ស្រុក មាន​ប្រុសៗ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ*​សក្ការៈ គឺ​ពួក​គេ​ធ្វើ​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​នានា ដែល​ព្រះ‌អម្ចាស់​បាន​បណ្ដេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រា‌អែល។ នៅ​ឆ្នាំ​ទី​ប្រាំ​នៃ​រជ្ជកាល​ព្រះ‌បាទ​រេហូ‌បោម ព្រះ‌ចៅ​ស៊ី‌សាក់ ជា​ស្ដេច​ស្រុក​អេស៊ីប បាន​ឡើង​មក​វាយ​ក្រុង​យេរូ‌សាឡឹម។ ស្ដេច​ស្រុក​អេស៊ីប​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​រាជ‌ទ្រព្យ​នៅ​ក្នុង​វាំង។ ស្ដេច​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទាំង​មូល និង​ខែល​មាស​ទាំង​អស់​ដែល​ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ។ ព្រះ‌បាទ​រេហូ‌បោម​បាន​ឲ្យ​គេ​ធ្វើ​ខែល​ពី​លង្ហិន​ជំនួស​វិញ ហើយ​ប្រគល់​ឲ្យ​មេ​ក្រុម​របស់​កង​ទាហាន​ដែល​យាម​ខ្លោង​ទ្វារ​វាំង​មើល​ថែ‌រក្សា។ គ្រប់​ពេល​ដែល​ស្ដេច​យាង​ចូល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ពួក​ទាហាន​នាំ​គ្នា​កាន់​ខែល​ទាំង​នោះ រួច​ពួក​គេ​ប្រមូល​យក​ទៅ​ទុក ក្នុង​បន្ទប់​របស់​មេ​ក្រុម​វិញ។ រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​រេហូ‌បោម និង​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។ ព្រះ‌បាទ​រេហូ‌បោម និង​ព្រះ‌បាទ​យេរ៉ូ‌បោម តែងតែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជានិច្ច។

១ ពង្សាវតារក្សត្រ 14:21-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​រេហូ‌បោម ជា​ព្រះ‌រាជ‌បុត្រា​នៃ​សាឡូម៉ូន ទ្រង់​បាន​សោយ‌រាជ្យ​នៅ​ស្រុក​យូដា កាល​រេហូ‌បោម​បាន​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​បាន​ព្រះ‌ជន្ម​៤១​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​បាន​១៧​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​បាន​រើស​ចេញ ពី​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​អំបាល‌ម៉ាន សំរាប់​ជា​ទី​តាំង​ព្រះ‌នាម​ទ្រង់ ឯ​មាតា​រេហូ‌បោម ព្រះ‌នាង​នាម​ជា​ន៉ាអាម៉ា ជា​សាសន៍​អាំម៉ូន ពួក​យូដា​ក៏​ប្រព្រឹត្ត​អាក្រក់​លាមក​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​គេ​បណ្តាល​ឲ្យ​ទ្រង់​មាន​សេចក្ដី​ប្រចណ្ឌ ដោយ‌សារ​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​លើស​ជាង​ពួក​ឰយុកោ​របស់​គេ​ទៅ​ទៀត ដ្បិត​គេ​បាន​ធ្វើ​ទី​ខ្ពស់ បង្គោល​សំរាប់​គោរព នឹង​រូប​ព្រះ សំរាប់​ខ្លួន​គេ នៅ​លើ​គ្រប់​ទាំង​កំពូល​ភ្នំ ហើយ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខ្ចីៗ ក៏​តាំង​ឲ្យ​មាន​កូន​ជឹង​នៅ​ក្នុង​ស្រុក​ដែរ គេ​ប្រព្រឹត្ត តាម​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម របស់​ពួក​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តេញ ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ។ លុះ​ឆ្នាំ​ទី​៥ ក្នុង​រាជ្យ​ស្តេច​រេហូ‌បោម នោះ​ស៊ីសាក​ជា​ស្តេច​ស្រុក​អេស៊ីព្ទ បាន​ឡើង​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ក៏​យក​អស់​ទាំង​ទ្រព្យ​សម្បត្តិ នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា នឹង​ទ្រព្យ​សម្បត្តិ​ក្នុង​ដំណាក់​ស្តេច​ទាំង​អស់​ទៅ ហើយ​យក​ទាំង​ខែល​មាស ដែល​សាឡូម៉ូន​បាន​ធ្វើ​ផង​ដែរ រួច​មក​ស្តេច​រេហូ‌បោម​ទ្រង់​ធ្វើ​ខែល​លង្ហិន​ជំនួស​ខែល​ទាំង​នោះ ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​នៃ​មេ‌ទ័ព ដែល​រក្សា​មាត់​ទ្វារ​ដំណាក់​ស្តេច ដូច្នេះ កាល​ស្តេច​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា​វេលា​ណា នោះ​ពួក​រក្សា​អង្គ​ក៏​កាន់​ខែល​ទាំង​នោះ រួច​យក​ទៅ​ទុក​ក្នុង​បន្ទប់​របស់​ពួក​រក្សា​អង្គ​វិញ។ រីឯ​ដំណើរ​ឯ​ទៀត ពី​រេហូ‌បោម នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ ឯ​រេហូ‌បោម នឹង​យេរ៉ូ‌បោម ទ្រង់​ចេះ​តែ​ច្បាំង​គ្នា​ជានិច្ច