១ ពង្សាវតារក្សត្រ 13:1-6
១ ពង្សាវតារក្សត្រ 13:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខណៈនោះ មានអ្នកសំណព្វរបស់ព្រះម្នាក់ចេញពីស្រុកយូដា មកដល់បេត-អែល តាមបង្គាប់របស់ព្រះយេហូវ៉ា ព្រះបាទយេរ៉ូបោមកំពុងតែឈរនៅមុខអាសនា ដើម្បីដុតកំញាន អ្នកនោះស្រែកឡើង ទាស់នឹងអាសនាដោយព្រះបន្ទូលនៃព្រះយេហូវ៉ាថា៖ «ឱអាសនា អាសនាអើយ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ "មើល៍ នឹងមានបុត្រាមួយកើតមកក្នុងព្រះវង្សរបស់ដាវីឌ ព្រះនាមយ៉ូសៀស ទ្រង់នឹងថ្វាយពួកសង្ឃនៃអស់ទាំងទីខ្ពស់ ដែលដុតកំញាននៅលើឯង ទុកជាយញ្ញបូជានៅលើឯង ព្រមទាំងដុតឆ្អឹងមនុស្សនៅលើឯងដែរ"» អ្នកនោះក៏ប្រាប់ទីសម្គាល់មួយនៅថ្ងៃនោះដែរ ដោយពាក្យថា៖ «នេះជាទីសម្គាល់ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ "មើល៍ អាសនានេះនឹងបាក់បែកទៅ ហើយផេះនៅលើនឹងត្រូវខ្ចាយចេញ"»។ ពេលស្តេចយេរ៉ូបោមឮពាក្យដែលអ្នកសំណព្វរបស់ព្រះបានស្រែកទាស់នឹងអាសនា នៅក្រុងបេត-អែលដូច្នោះ ទ្រង់ក៏ដកព្រះហស្តពីអាសនាចង្អុលទៅថា៖ «ចូរចាប់វាទៅ» ឯព្រះហស្តដែលទ្រង់បានចង្អុលទៅគាត់នោះ ក៏ស្វិតទៅ កន្ត្រាក់មកវិញមិនបាន។ អាសនានោះក៏បាក់បែក ហើយផេះក៏ខ្ចាត់ខ្ចាយអស់ តាមទីសម្គាល់ដែលអ្នកសំណព្វរបស់ព្រះបានប្រាប់ ដោយព្រះបន្ទូលនៃព្រះយេហូវ៉ា។ ស្ដេចមានរាជឱង្ការទៅអ្នកសំណព្វរបស់ព្រះថា៖ «សូមទូលអង្វរដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នក ហើយអធិស្ឋានឲ្យខ្ញុំផង ដើម្បីឲ្យដៃខ្ញុំបានជាឡើងវិញ»។ អ្នកសំណព្វរបស់ព្រះក៏ទូលអង្វរដល់ព្រះយេហូវ៉ា រួចព្រះហស្តស្តេចបានជាដូចកាលដើមវិញ។
១ ពង្សាវតារក្សត្រ 13:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានអ្នកជំនិតមួយរូបរបស់ព្រះជាម្ចាស់ បានធ្វើដំណើរពីស្រុកយូដា តាមបញ្ជារបស់ព្រះអម្ចាស់ លោកមកដល់បេតអែល នៅពេលព្រះបាទយេរ៉ូបោមកំពុងតែឈរដុតគ្រឿងក្រអូបនៅលើអាសនៈ។ លោកស្រែកប្រឆាំងនឹងអាសនៈ ដោយប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ដូចតទៅ៖ «អាសនៈអើយ! អាសនៈ! ព្រះអម្ចាស់មានព្រះបន្ទូលថា: នៅក្នុងពូជពង្សរបស់ដាវីឌនឹងមានកូនប្រុសមួយរូបកើតមក កូននោះមានឈ្មោះថា យ៉ូសៀស។ យ៉ូសៀសនឹងយកពួកបូជាចារ្យនៃកន្លែងសក្ការៈតាមទួលខ្ពស់ៗមកបូជា នៅលើអាសនៈ គឺពួកបូជាចារ្យដែលធ្លាប់ដុតគ្រឿងក្រអូបនៅលើអាសនៈនេះ។ គេក៏យកឆ្អឹងរបស់មនុស្សមកដុតនៅលើអាសនៈនេះដែរ»។ នៅថ្ងៃដដែលនោះ អ្នកជំនិតរបស់ព្រះជាម្ចាស់ក៏ប្រកាសទៀតថា៖ «ព្រះអម្ចាស់ប្រទានទីសម្គាល់មួយ ដើម្បីបញ្ជាក់ថា ព្រះអង្គពិតជាមានព្រះបន្ទូលមែន គឺអាសនៈនឹងត្រូវបាក់បែក ហើយផេះនៅលើអាសនៈក៏នឹងធ្លាក់ខ្ចាត់ខ្ចាយដែរ»។ ពេលព្រះបាទយេរ៉ូបោមឮពាក្យដែលអ្នកជំនិតរបស់ព្រះជាម្ចាស់ ស្រែកប្រឆាំងនឹងអាសនៈ នៅបេតអែល ទ្រង់ក៏លាតព្រះហស្ដពីលើអាសនៈ រួចបញ្ជាថា៖ «ចូរចាប់ជននេះទៅ!»។ ពេលនោះ ព្រះហស្ដដែលស្ដេចលើកចង្អុលទៅអ្នកជំនិតរបស់ព្រះជាម្ចាស់ ក៏ស្ពឹកកម្រើកលែងរួច។ អាសនៈបាក់បែក ហើយផេះនៅលើអាសនៈក៏ធ្លាក់ ដូចទីសម្គាល់ដែលអ្នកជំនិតព្រះជាម្ចាស់ប្រកាស ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះរាជាមានរាជឱង្ការទៅកាន់អ្នកជំនិតព្រះជាម្ចាស់ថា៖ «សូមលោកជួយទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក សូមអធិស្ឋានឲ្យខ្ញុំផង ដើម្បីឲ្យដៃរបស់ខ្ញុំអាចកម្រើកវិញបាន»។ អ្នកជំនិតរបស់ព្រះជាម្ចាស់ទូលអង្វរព្រះអង្គ ហើយព្រះហស្ដរបស់ស្ដេចក៏អាចបត់មកវិញបានដូចដើម។
១ ពង្សាវតារក្សត្រ 13:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខណនោះ មានអ្នកសំណប់របស់ព្រះម្នាក់ចេញពីស្រុកយូដា មកដល់បេត-អែល តាមបង្គាប់នៃព្រះយេហូវ៉ា ឯយេរ៉ូបោម ទ្រង់កំពុងតែឈរនៅមុខអាសនា ដើម្បីដុតកំញាន អ្នកនោះស្រែកឡើង ទាស់នឹងអាសនាដោយព្រះបន្ទូលនៃព្រះយេហូវ៉ាថា ម្នាលអាសនាៗអើយ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ មើល នឹងមានបុត្រា១កើតមកក្នុងព្រះវង្សរបស់ដាវីឌ ព្រះនាមយ៉ូសៀស ទ្រង់នឹងថ្វាយពួកសង្ឃនៃអស់ទាំងទីខ្ពស់ ដែលដុតកំញាននៅលើឯង ទុកជាយញ្ញបូជានៅលើឯង ព្រមទាំងដុតឆ្អឹងមនុស្សនៅលើឯងដែរ អ្នកនោះក៏ប្រាប់ទីសំគាល់១នៅថ្ងៃនោះដែរ ដោយពាក្យថា នេះជាទីសំគាល់ដែលព្រះយេហូវ៉ាបានមានបន្ទូលហើយ មើល អាសនានេះនឹងបាក់បែកទៅ ហើយផេះនៅលើ នឹងត្រូវខ្ចាយចេញ កាលស្តេចយេរ៉ូបោមទ្រង់ឮពាក្យ ដែលអ្នកសំណប់របស់ព្រះបានស្រែកទាស់នឹងអាសនា នៅក្រុងបេត-អែលដូច្នោះ នោះទ្រង់ក៏ដកព្រះហស្តពីអាសនាចង្អុលទៅថា ចូរចាប់វាទៅ ឯព្រះហស្តដែលទ្រង់បានចង្អុលទៅគាត់នោះ ក៏ស្វិតទៅកន្ត្រាក់មកវិញមិនបាន អាសនានោះក៏បាក់បែក ហើយផេះក៏ខ្ចាត់ខ្ចាយពីលើទៅ តាមទីសំគាល់ដែលអ្នកសំណប់របស់ព្រះបានប្រាប់ ដោយព្រះបន្ទូលនៃព្រះយេហូវ៉ា នោះស្តេចទ្រង់មានបន្ទូលទៅអ្នកសំណប់របស់ព្រះថា សូមទូលអង្វរដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នក ហើយអធិស្ឋានឲ្យខ្ញុំផង ដើម្បីឲ្យដៃខ្ញុំបានជាឡើងវិញ អ្នកសំណប់របស់ព្រះក៏ទូលអង្វរដល់ព្រះយេហូវ៉ា រួចព្រះហស្តស្តេចបានជាឡើងដូចកាលដើមវិញ