១ ពង្សាវតារក្សត្រ 13:1-25
១ ពង្សាវតារក្សត្រ 13:1-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខណៈនោះ មានអ្នកសំណព្វរបស់ព្រះម្នាក់ចេញពីស្រុកយូដា មកដល់បេត-អែល តាមបង្គាប់របស់ព្រះយេហូវ៉ា ព្រះបាទយេរ៉ូបោមកំពុងតែឈរនៅមុខអាសនា ដើម្បីដុតកំញាន អ្នកនោះស្រែកឡើង ទាស់នឹងអាសនាដោយព្រះបន្ទូលនៃព្រះយេហូវ៉ាថា៖ «ឱអាសនា អាសនាអើយ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ "មើល៍ នឹងមានបុត្រាមួយកើតមកក្នុងព្រះវង្សរបស់ដាវីឌ ព្រះនាមយ៉ូសៀស ទ្រង់នឹងថ្វាយពួកសង្ឃនៃអស់ទាំងទីខ្ពស់ ដែលដុតកំញាននៅលើឯង ទុកជាយញ្ញបូជានៅលើឯង ព្រមទាំងដុតឆ្អឹងមនុស្សនៅលើឯងដែរ"» អ្នកនោះក៏ប្រាប់ទីសម្គាល់មួយនៅថ្ងៃនោះដែរ ដោយពាក្យថា៖ «នេះជាទីសម្គាល់ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ "មើល៍ អាសនានេះនឹងបាក់បែកទៅ ហើយផេះនៅលើនឹងត្រូវខ្ចាយចេញ"»។ ពេលស្តេចយេរ៉ូបោមឮពាក្យដែលអ្នកសំណព្វរបស់ព្រះបានស្រែកទាស់នឹងអាសនា នៅក្រុងបេត-អែលដូច្នោះ ទ្រង់ក៏ដកព្រះហស្តពីអាសនាចង្អុលទៅថា៖ «ចូរចាប់វាទៅ» ឯព្រះហស្តដែលទ្រង់បានចង្អុលទៅគាត់នោះ ក៏ស្វិតទៅ កន្ត្រាក់មកវិញមិនបាន។ អាសនានោះក៏បាក់បែក ហើយផេះក៏ខ្ចាត់ខ្ចាយអស់ តាមទីសម្គាល់ដែលអ្នកសំណព្វរបស់ព្រះបានប្រាប់ ដោយព្រះបន្ទូលនៃព្រះយេហូវ៉ា។ ស្ដេចមានរាជឱង្ការទៅអ្នកសំណព្វរបស់ព្រះថា៖ «សូមទូលអង្វរដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នក ហើយអធិស្ឋានឲ្យខ្ញុំផង ដើម្បីឲ្យដៃខ្ញុំបានជាឡើងវិញ»។ អ្នកសំណព្វរបស់ព្រះក៏ទូលអង្វរដល់ព្រះយេហូវ៉ា រួចព្រះហស្តស្តេចបានជាដូចកាលដើមវិញ។ ដូច្នេះ ស្ដេចមានរាជឱង្ការទៅអ្នកសំណព្វរបស់ព្រះថា៖ «អញ្ជើញទៅផ្ទះខ្ញុំ សម្រាកបន្តិចសិន ខ្ញុំនឹងឲ្យរង្វាន់ដល់អ្នក»។ តែអ្នកសំណព្វរបស់ព្រះទូលឆ្លើយថា៖ «ទោះបើព្រះករុណាប្រទានដំណាក់ទ្រង់មួយចំហៀងមកទូលបង្គំ ក៏ទូលបង្គំមិនទៅជាមួយទ្រង់ដែរ ទូលបង្គំមិនព្រមទទួលទាននំបុ័ង ឬទឹកនៅទីនេះឡើយ ដ្បិតព្រះយេហូវ៉ាបានហាមទូលបង្គំថា "កុំឲ្យឯងបរិភោគអាហារ ឬទឹក ហើយកុំវិលមកវិញតាមផ្លូវដែលឯងទៅនោះឡើយ"»។ ដូច្នេះ គាត់ក៏ចេញទៅតាមផ្លូវមួយទៀត ឥតវិលទៅតាមផ្លូវដែលមកដល់ក្រុងបេត-អែលនោះទេ។ នៅក្រុងបេត-អែល មានហោរាចាស់ម្នាក់ កូនគាត់ម្នាក់មកប្រាប់ឪពុកពីគ្រប់ការដែលអ្នកសំណព្វរបស់ព្រះបានធ្វើ នៅក្រុងបេត-អែល នៅថ្ងៃនោះ ព្រមទាំងពាក្យទាំងប៉ុន្មាន ដែលគាត់បានទូលដល់ស្តេចដែរ។ គាត់សួរកូនថា៖ «តើអ្នកនោះបានចេញទៅតាមផ្លូវណា?» នោះកូនគាត់ក៏បង្ហាញផ្លូវដែលអ្នកសំណព្វរបស់ព្រះមកពីស្រុកយូដាបានទៅ។ គាត់ប្រាប់កូនថា៖ «ចូរចងកែបលាឲ្យពុក» កូនក៏ចងកែបលា ហើយគាត់ឡើងជិះទៅ។ គាត់ទៅតាមអ្នកសំណព្វរបស់ព្រះ បានទាន់ឃើញកំពុងអង្គុយនៅក្រោមដើមម៉ៃសាក់ ក៏សួរថា៖ «តើអ្នកជាអ្នកសំណព្វរបស់ព្រះ ដែលមកពីស្រុកយូដាឬ?» អ្នកនោះឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។ រួចគាត់និយាយថា៖ «សូមអញ្ជើញទៅពិសាអាហារនៅផ្ទះជាមួយខ្ញុំសិន»។ តែអ្នកនោះឆ្លើយតបថា៖ «ខ្ញុំមិនអាចត្រឡប់ទៅជាមួយអ្នក ឬចូលទៅក្នុងផ្ទះអ្នកបានឡើយ ក៏មិនព្រមទទួលទានអាហារ ឬទឹកជាមួយអ្នកនៅស្រុកនេះដែរ ព្រោះព្រះយេហូវ៉ាបានហាមថា "មិនត្រូវបរិភោគអាហារ ឬទឹក នៅស្រុកនោះឡើយ ក៏មិនត្រូវវិលទៅវិញ តាមផ្លូវដែលឯងបានចូលមកនោះដែរ"»។ ប៉ុន្តែ ហោរាវ័យចំណាស់ មានប្រសាសទៅគាត់ថា៖ «ខ្ញុំក៏ជាហោរាដូចអ្នកដែរ ហើយមានទេវតាប្រាប់ខ្ញុំដោយព្រះបន្ទូលនៃព្រះយេហូវ៉ាថា "ចូរទៅនាំអ្នកនោះមកឯផ្ទះជាមួយឯងវិញ ដើម្បីឲ្យបានបរិភោគភោជន៍"»។ គឺគាត់កុហកដល់អ្នកនោះទេ ដូច្នេះ អ្នកសំណព្វរបស់ព្រះ ក៏ត្រឡប់ទៅជាមួយ ព្រមទាំងបរិភោគនៅក្នុងផ្ទះគាត់។ កាលអ្នកទាំងពីរកំពុងតែអង្គុយនៅតុ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ហោរាដែលបាននាំគាត់ត្រឡប់មកវិញ ហើយអ្នកនោះបន្លឺវាចាឡើងដល់អ្នកសំណព្វរបស់ព្រះដែលមកពីស្រុកយូដាថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ដោយព្រោះឯងមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយមិនបានកាន់តាមបញ្ញត្តិដែលព្រះយេហូវ៉ា ជាព្រះនៃឯងបានហាមប្រាម គឺបានវិលមកវិញ ព្រមទាំងបរិភោគនៅក្នុងស្រុកដែលយើងបានហាមឯងថា "កុំឲ្យបរិភោគភោជន៍ឡើយ" នោះខ្មោចរបស់ឯង នឹងមិនបានបញ្ចុះក្នុងផ្នូរនៃបុព្វបុរសឯងឡើយ»។ ក្រោយពីអ្នកសំណព្វរបស់ព្រះ បានបរិភោគ និងផឹករួចហើយ គាត់ក៏ចងកែបលាឲ្យហោរាដែលគាត់បាននាំត្រឡប់មកនោះ។ ពេលអ្នកនោះបានចេញទៅហើយ ក៏ប្រទះនឹងសិង្ហមួយតាមផ្លូវ សិង្ហក៏សម្លាប់គាត់ ហើយសពរបស់គាត់ដេកនៅកណ្ដាលផ្លូវ សត្វលាឈរនៅជិត ឯសិង្ហក៏ឈរនៅក្បែរសពដែរ។ មើល៍! មានមនុស្សដើរទៅមកតាមនោះ បានឃើញសពដេកនៅកណ្ដាលផ្លូវ និងសិង្ហឈរនៅជិតដូច្នោះ គេក៏ទៅប្រាប់ដល់ក្នុងទីក្រុង ជាទីលំនៅនៃហោរាចាស់នោះ។
១ ពង្សាវតារក្សត្រ 13:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានអ្នកជំនិតមួយរូបរបស់ព្រះជាម្ចាស់ បានធ្វើដំណើរពីស្រុកយូដា តាមបញ្ជារបស់ព្រះអម្ចាស់ លោកមកដល់បេតអែល នៅពេលព្រះបាទយេរ៉ូបោមកំពុងតែឈរដុតគ្រឿងក្រអូបនៅលើអាសនៈ។ លោកស្រែកប្រឆាំងនឹងអាសនៈ ដោយប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ដូចតទៅ៖ «អាសនៈអើយ! អាសនៈ! ព្រះអម្ចាស់មានព្រះបន្ទូលថា: នៅក្នុងពូជពង្សរបស់ដាវីឌនឹងមានកូនប្រុសមួយរូបកើតមក កូននោះមានឈ្មោះថា យ៉ូសៀស។ យ៉ូសៀសនឹងយកពួកបូជាចារ្យនៃកន្លែងសក្ការៈតាមទួលខ្ពស់ៗមកបូជា នៅលើអាសនៈ គឺពួកបូជាចារ្យដែលធ្លាប់ដុតគ្រឿងក្រអូបនៅលើអាសនៈនេះ។ គេក៏យកឆ្អឹងរបស់មនុស្សមកដុតនៅលើអាសនៈនេះដែរ»។ នៅថ្ងៃដដែលនោះ អ្នកជំនិតរបស់ព្រះជាម្ចាស់ក៏ប្រកាសទៀតថា៖ «ព្រះអម្ចាស់ប្រទានទីសម្គាល់មួយ ដើម្បីបញ្ជាក់ថា ព្រះអង្គពិតជាមានព្រះបន្ទូលមែន គឺអាសនៈនឹងត្រូវបាក់បែក ហើយផេះនៅលើអាសនៈក៏នឹងធ្លាក់ខ្ចាត់ខ្ចាយដែរ»។ ពេលព្រះបាទយេរ៉ូបោមឮពាក្យដែលអ្នកជំនិតរបស់ព្រះជាម្ចាស់ ស្រែកប្រឆាំងនឹងអាសនៈ នៅបេតអែល ទ្រង់ក៏លាតព្រះហស្ដពីលើអាសនៈ រួចបញ្ជាថា៖ «ចូរចាប់ជននេះទៅ!»។ ពេលនោះ ព្រះហស្ដដែលស្ដេចលើកចង្អុលទៅអ្នកជំនិតរបស់ព្រះជាម្ចាស់ ក៏ស្ពឹកកម្រើកលែងរួច។ អាសនៈបាក់បែក ហើយផេះនៅលើអាសនៈក៏ធ្លាក់ ដូចទីសម្គាល់ដែលអ្នកជំនិតព្រះជាម្ចាស់ប្រកាស ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះរាជាមានរាជឱង្ការទៅកាន់អ្នកជំនិតព្រះជាម្ចាស់ថា៖ «សូមលោកជួយទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក សូមអធិស្ឋានឲ្យខ្ញុំផង ដើម្បីឲ្យដៃរបស់ខ្ញុំអាចកម្រើកវិញបាន»។ អ្នកជំនិតរបស់ព្រះជាម្ចាស់ទូលអង្វរព្រះអង្គ ហើយព្រះហស្ដរបស់ស្ដេចក៏អាចបត់មកវិញបានដូចដើម។ ព្រះរាជាមានរាជឱង្ការទៅកាន់អ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «សូមអញ្ជើញចូលដំណាក់ខ្ញុំស្រស់ស្រូបសិន រួចហើយខ្ញុំនឹងជូនរង្វាន់លោក»។ អ្នកជំនិតរបស់ព្រះជាម្ចាស់ទូលព្រះរាជាវិញថា៖ «ទោះបីព្រះករុណាប្រទានរាជ្យទ្រព្យចំនួនពាក់កណ្ដាលឲ្យទូលបង្គំ ក៏ទូលបង្គំមិនចូលក្នុងដំណាក់របស់ព្រះករុណាដែរ ទូលបង្គំក៏មិនទទួលទានអាហារ និងទឹកនៅទីនេះឡើយ ដ្បិតព្រះអម្ចាស់បានហាមទូលបង្គំមិនឲ្យទទួលទានអាហារ ឬទឹកទេ ហើយព្រះអង្គក៏មិនឲ្យទូលបង្គំត្រឡប់ទៅវិញ តាមផ្លូវដដែលដែរ»។ បន្ទាប់មក អ្នកជំនិតរបស់ព្រះជាម្ចាស់ត្រឡប់ទៅវិញ តាមផ្លូវមួយផ្សេងទៀត គឺលោកមិនត្រឡប់ទៅវិញ តាមផ្លូវដែលលោកមកបេតអែលនោះឡើយ។ គ្រានោះ មានព្យាការីចាស់មួយរូបរស់នៅបេតអែល។ កូនប្រុសរបស់គាត់បានរៀបរាប់អំពីព្រឹត្តិការណ៍ទាំងប៉ុន្មានដែលអ្នកជំនិតរបស់ព្រះជាម្ចាស់បានធ្វើនៅបេតអែល និងសេចក្ដីទាំងប៉ុន្មានដែលលោកបានទូលព្រះរាជា នៅថ្ងៃនោះ។ ឪពុកសួរកូនថា៖ «តើលោកចាកចេញទៅតាមផ្លូវណា?»។ កូនៗក៏ប្រាប់ឪពុកពីផ្លូវដែលអ្នកជំនិតរបស់ព្រះជាម្ចាស់វិលត្រឡប់ពីស្រុកយូដាទៅវិញ។ ពេលនោះ ឪពុកបង្គាប់ឲ្យកូនៗចងកែបលា។ កូនៗក៏ចងកែបលា ហើយឪពុកក៏ឡើងជិះ។ គាត់ចេញទៅតាមអ្នកជំនិតរបស់ព្រះជាម្ចាស់ ហើយតាមទាន់នៅពេលដែលលោកកំពុងអង្គុយក្រោមដើមជ្រៃ។ គាត់សួរលោកថា៖ «តើលោកជាអ្នកជំនិតរបស់ព្រះជាម្ចាស់ដែលមកពីស្រុកយូដាឬ?»។ លោកឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។ គាត់ពោលថា៖ «សូមអញ្ជើញទៅពិសាអាហារនៅផ្ទះខ្ញុំសិន»។ លោកឆ្លើយថា៖ «ខ្ញុំមិនអាចត្រឡប់ទៅជាមួយលោក ខ្ញុំមិនអាចចូលទៅផ្ទះលោក ហើយក៏មិនអាចទទួលទានអាហារ ឬទឹកជាមួយលោកនៅទីនោះបានដែរ ដ្បិតព្រះអម្ចាស់បានហាមខ្ញុំថា: “អ្នកមិនត្រូវបរិភោគអាហារ ឬទឹកនៅទីនោះទេ! ហើយក៏មិនត្រូវវិលត្រឡប់មកវិញ តាមផ្លូវដែលអ្នកទៅឡើយ”»។ ព្យាការីចាស់ពោលទៅអ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «ខ្ញុំក៏ជាព្យាការីដែរ មានទេវតាបានមកប្រាប់ខ្ញុំ ក្នុងនាមរបស់ព្រះអម្ចាស់ដូចតទៅ: “ចូរទៅនាំគាត់មកផ្ទះអ្នក ដើម្បីឲ្យគាត់បរិភោគអាហារ និងទឹកផង”»។ តាមពិត គាត់និយាយកុហកទេ។ អ្នកជំនិតរបស់ព្រះជាម្ចាស់ក៏ត្រឡប់ទៅជាមួយគាត់ ហើយបរិភោគអាហារ និងទឹក នៅផ្ទះរបស់គាត់ផង។ នៅពេលដែលលោកទាំងពីរអង្គុយរួមតុជាមួយគ្នា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីដែលបាននាំអ្នកជំនិតរបស់ព្រះជាម្ចាស់មកវិញ។ គាត់ពោលទៅកាន់អ្នកជំនិតរបស់ព្រះជាម្ចាស់ដែលមកពីស្រុកយូដាថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយអ្នកមិនធ្វើតាមបង្គាប់របស់ព្រះអម្ចាស់ ហើយមិនកាន់តាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នកទេ គឺអ្នកវិលមកវិញ បរិភោគអាហារ និងទឹក នៅកន្លែងដែលព្រះអង្គហាមប្រាម ដូច្នេះ សពរបស់អ្នកនឹងមិនត្រូវគេយកទៅបញ្ចុះក្នុងផ្នូររបស់ដូនតាអ្នកឡើយ»។ ក្រោយពីបានបរិភោគអាហារ និងទឹករួច ព្យាការីចាស់ចងកែបលាជូនព្យាការីដែលគាត់បាននាំត្រឡប់មកវិញ។ លោកក៏ចាកចេញទៅ ហើយនៅតាមផ្លូវ លោកបានជួបនឹងសិង្ហមួយ វាសម្លាប់លោក ទុកសាកសពចោលនៅលើផ្លូវ។ សត្វលា និងសត្វសិង្ហ ឈរនៅជិតសាកសព។ មនុស្សម្នាដែលធ្វើដំណើរកាត់តាមនោះ ឃើញសាកសពរបស់លោកនៅលើផ្លូវ ហើយឃើញសិង្ហឈរនៅក្បែរសពនោះ។ ពួកគេក៏យករឿងនេះទៅនិយាយនៅក្នុងក្រុង ដែលព្យាការីចាស់នោះរស់នៅ។
១ ពង្សាវតារក្សត្រ 13:1-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខណនោះ មានអ្នកសំណប់របស់ព្រះម្នាក់ចេញពីស្រុកយូដា មកដល់បេត-អែល តាមបង្គាប់នៃព្រះយេហូវ៉ា ឯយេរ៉ូបោម ទ្រង់កំពុងតែឈរនៅមុខអាសនា ដើម្បីដុតកំញាន អ្នកនោះស្រែកឡើង ទាស់នឹងអាសនាដោយព្រះបន្ទូលនៃព្រះយេហូវ៉ាថា ម្នាលអាសនាៗអើយ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ មើល នឹងមានបុត្រា១កើតមកក្នុងព្រះវង្សរបស់ដាវីឌ ព្រះនាមយ៉ូសៀស ទ្រង់នឹងថ្វាយពួកសង្ឃនៃអស់ទាំងទីខ្ពស់ ដែលដុតកំញាននៅលើឯង ទុកជាយញ្ញបូជានៅលើឯង ព្រមទាំងដុតឆ្អឹងមនុស្សនៅលើឯងដែរ អ្នកនោះក៏ប្រាប់ទីសំគាល់១នៅថ្ងៃនោះដែរ ដោយពាក្យថា នេះជាទីសំគាល់ដែលព្រះយេហូវ៉ាបានមានបន្ទូលហើយ មើល អាសនានេះនឹងបាក់បែកទៅ ហើយផេះនៅលើ នឹងត្រូវខ្ចាយចេញ កាលស្តេចយេរ៉ូបោមទ្រង់ឮពាក្យ ដែលអ្នកសំណប់របស់ព្រះបានស្រែកទាស់នឹងអាសនា នៅក្រុងបេត-អែលដូច្នោះ នោះទ្រង់ក៏ដកព្រះហស្តពីអាសនាចង្អុលទៅថា ចូរចាប់វាទៅ ឯព្រះហស្តដែលទ្រង់បានចង្អុលទៅគាត់នោះ ក៏ស្វិតទៅកន្ត្រាក់មកវិញមិនបាន អាសនានោះក៏បាក់បែក ហើយផេះក៏ខ្ចាត់ខ្ចាយពីលើទៅ តាមទីសំគាល់ដែលអ្នកសំណប់របស់ព្រះបានប្រាប់ ដោយព្រះបន្ទូលនៃព្រះយេហូវ៉ា នោះស្តេចទ្រង់មានបន្ទូលទៅអ្នកសំណប់របស់ព្រះថា សូមទូលអង្វរដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នក ហើយអធិស្ឋានឲ្យខ្ញុំផង ដើម្បីឲ្យដៃខ្ញុំបានជាឡើងវិញ អ្នកសំណប់របស់ព្រះក៏ទូលអង្វរដល់ព្រះយេហូវ៉ា រួចព្រះហស្តស្តេចបានជាឡើងដូចកាលដើមវិញ ដូច្នេះ ស្តេចទ្រង់មានបន្ទូលទៅអ្នកសំណប់របស់ព្រះថា អញ្ជើញទៅផ្ទះខ្ញុំលំហើយខ្លួនបន្តិចសិន ខ្ញុំនឹងឲ្យរង្វាន់ដល់អ្នក តែអ្នកសំណប់របស់ព្រះទូលឆ្លើយថា បើទុកជាទ្រង់ប្រទានដំណាក់ទ្រង់១ចំហៀងមកទូលបង្គំ ក៏ទូលបង្គំមិនទៅជាមួយនឹងទ្រង់ដែរ ទូលបង្គំមិនព្រមទទួលទាននំបុ័ង ឬទឹកនៅទីនេះឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់បានហាមទូលបង្គំថា កុំឲ្យឯងបរិភោគអាហារឬទឹក ហើយកុំឲ្យវិលមកវិញតាមផ្លូវ ដែលឯងទៅនោះឡើយ ដូច្នេះ គាត់ក៏ចេញទៅតាមផ្លូវ១ទៀត ឥតវិលទៅតាមផ្លូវដែលមកដល់ក្រុងបេត-អែលនោះទេ។ រីឯនៅក្រុងបេត-អែល មានហោរាចាស់ម្នាក់ ឯកូនគាត់ម្នាក់ ក៏មកប្រាប់ឪពុក ពីគ្រប់ទាំងការ ដែលអ្នកសំណប់របស់ព្រះបានធ្វើ នៅក្រុងបេត-អែល នាថ្ងៃនោះ ព្រមទាំងពាក្យទាំងប៉ុន្មាន ដែលគាត់បានទូលដល់ស្តេចដែរ ឯផ្លូវដែលអ្នកសំណប់របស់ព្រះ មកពីស្រុកយូដាបានទៅវិញ នោះកូនគាត់ក៏បានឃើញ ដូច្នេះគាត់សួរកូនថា តើអ្នកនោះបានចេញទៅតាមផ្លូវណា រួចគាត់ប្រាប់កូនថា ចូរចងកែបលាឲ្យអញ កូនក៏ចងកែបលា ហើយគាត់ឡើងជិះទៅ គាត់ទៅតាមអ្នកសំណប់របស់ព្រះ បានទាន់ឃើញកំពុងអង្គុយនៅក្រោមដើមម៉ៃសាក់ ក៏សួរថា តើអ្នកជាអ្នកសំណប់របស់ព្រះ ដែលមកពីស្រុកយូដាឬអី អ្នកនោះឆ្លើយថា គឺខ្ញុំនេះហើយ រួចគាត់និយាយថា សូមអញ្ជើញទៅពិសាអាហារនៅឯផ្ទះជាមួយនឹងខ្ញុំសិន តែអ្នកនោះឆ្លើយតបថា ខ្ញុំគ្មានច្បាប់នឹងត្រឡប់ទៅជាមួយនឹងអ្នក ឬចូលទៅក្នុងផ្ទះអ្នកឡើយ ក៏មិនព្រមទទួលទានអាហារ ឬទឹក ជាមួយនឹងអ្នកនៅស្រុកនេះដែរ ពីព្រោះព្រះយេហូវ៉ាទ្រង់បានហាមថា មិនត្រូវឲ្យបរិភោគអាហារ ឬទឹក នៅស្រុកនោះឡើយ ក៏មិនត្រូវវិលទៅវិញ តាមផ្លូវដែលឯងបានចូលមកនោះដែរ តែគាត់និយាយថា ខ្ញុំក៏ជាហោរាដូចអ្នកដែរ ហើយមានទេវតាប្រាប់ខ្ញុំដោយព្រះបន្ទូលនៃព្រះយេហូវ៉ាថា ចូរទៅនាំអ្នកនោះមកឯផ្ទះជាមួយនឹងឯងវិញ ដើម្បីឲ្យបានបរិភោគភោជន៍ គឺគាត់កុហកដល់អ្នកនោះទេ ដូច្នេះ អ្នកនោះក៏ត្រឡប់ទៅជាមួយ ព្រមទាំងបរិភោគនៅក្នុងផ្ទះគាត់ផង។ កាលអ្នកទាំង២កំពុងតែអង្គុយនៅតុ នោះព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ហោរា ដែលបាននាំគាត់ត្រឡប់មកវិញ ហើយអ្នកនោះបន្លឺវាចាឡើងដល់អ្នកសំណប់របស់ព្រះ ដែលមកពីស្រុកយូដាថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ដោយព្រោះឯងមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយមិនបានកាន់តាមបញ្ញត្តដែលព្រះយេហូវ៉ា ជាព្រះនៃឯងបានហាមប្រាម គឺបានវិលមកវិញ ព្រមទាំងបរិភោគនៅក្នុងស្រុក ដែលអញបានហាមឯងថា កុំឲ្យបរិភោគភោជន៍ឡើយ នោះខ្មោចរបស់ឯង នឹងមិនបានបញ្ចុះក្នុងផ្នូរ នៃពួកឰយុកោឯងឡើយ ក្រោយដែលបានបរិភោគរួចហើយ នោះគាត់ក៏ចងកែបលាឲ្យហោរាដែលបាននាំមកវិញ បានចេញទៅ លុះកាលអ្នកនោះបានចេញទៅហើយ ក៏ប្រទះនឹងសិង្ហ១ តាមផ្លូវ សិង្ហក៏សំឡាប់គាត់ទៅ ហើយសពរបស់គាត់ដេកនៅកណ្តាលផ្លូវ សត្វលាឈរនៅជិត ឯសិង្ហក៏ឈរនៅក្បែរសពដែរ ហើយមើល មានមនុស្សដើរទៅមកតាមនោះ បានឃើញសពដេកនៅកណ្តាលផ្លូវ នឹងសិង្ហឈរនៅជិតដូច្នោះ គេក៏ទៅប្រាប់ដល់ក្នុងទីក្រុង ជាទីលំនៅនៃហោរាចាស់នោះ។