១ ពង្សាវតារក្សត្រ 12:16-19
១ ពង្សាវតារក្សត្រ 12:16-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលពួកអ៊ីស្រាអែលទាំងប៉ុន្មានឃើញថា ស្តេចមិនព្រមស្តាប់តាមគេដូច្នោះ នោះគេទូលឆ្លើយថា៖ «តើយើងរាល់គ្នាមានចំណែកអ្វីខាងដាវីឌ? យើងក៏គ្មានមត៌កជាមួយកូនចៅអ៊ីសាយដែរ ឱពួកអ៊ីស្រាអែលអើយ ចូរយើងវិលទៅផ្ទះវិញទៅ ឥឡូវនេះ ដាវីឌ ចូរមើលព្រះវង្សរបស់ខ្លួនឯងចុះ»។ ដូច្នេះ ពួកអ៊ីស្រាអែលក៏ត្រឡប់ទៅឯទីលំនៅគេវិញទៅ ព្រះបាទរេហូបោមគ្រប់គ្រងលើពួកកូនចៅអ៊ីស្រាអែល ដែលរស់នៅតាមទីក្រុងនានាក្នុងស្រុកពួកយូដា។ រួចមកស្តេចរេហូបោមចាត់អ័ដូរ៉ាម ដែលត្រួតលើពួកកំណែនឲ្យទៅ តែពួកអ៊ីស្រាអែលទាំងអស់គ្នាយកដុំថ្មគប់លោកឲ្យស្លាប់ទៅ ដូច្នេះ ស្តេចរេហូបោមក៏ប្រញាប់ប្រញាល់ ឡើងព្រះរាជរថរត់ទៅឯក្រុងយេរូសាឡិម។ គឺយ៉ាងនោះ ដែលពួកអ៊ីស្រាអែលបានបះបោរនឹងរាជ្យវង្សរបស់ដាវីឌរហូតដល់សព្វថ្ងៃ។
១ ពង្សាវតារក្សត្រ 12:16-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលប្រជាជនអ៊ីស្រាអែលទាំងមូលឃើញថា ស្ដេចពុំព្រមស្ដាប់តាមសំណូមពររបស់ខ្លួនទេ ពួកគេក៏ទូលស្ដេចថា៖ «ពួកយើងគ្មានជាប់ជំពាក់អ្វីនឹង ព្រះបាទដាវីឌទេ! ពួកយើងក៏គ្មានចំណែកមត៌កអ្វីរួមជាមួយ កូនរបស់លោកអ៊ីសាយដែរ! ប្រជាជនអ៊ីស្រាអែលអើយ ចូរវិលត្រឡប់ទៅផ្ទះរបស់អ្នកវិញចុះ។ រាជវង្សរបស់ព្រះបាទដាវីឌអើយ ឥឡូវនេះ សូមបីបាច់ថែរក្សាខ្លួនឯងទៅ!»។ ប្រជាជនអ៊ីស្រាអែលនាំគ្នាវិលត្រឡប់ទៅកាន់ លំនៅរបស់ខ្លួនវិញ។ ព្រះបាទរេហូបោមគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលដែលរស់នៅតាមក្រុងទាំងឡាយ ក្នុងស្រុកយូដា។ ព្រះបាទរេហូបោមចាត់លោកអដូរ៉ាម ជាអ្នកទទួលខុសត្រូវលើកំណែន ឲ្យទៅជួបកុលសម្ព័ន្ធអ៊ីស្រាអែលឯទៀតៗ តែពួកគេយកដុំថ្មគប់សម្លាប់លោក។ ព្រះបាទរេហូបោមក៏ប្រញាប់ប្រញាល់ឡើងរាជរថ ភៀសខ្លួនចូលក្រុងយេរូសាឡឹមវិញ។ គឺយ៉ាងនេះហើយដែលប្រជាជនអ៊ីស្រាអែលបះបោរប្រឆាំងនឹងរាជវង្សព្រះបាទដាវីឌ រហូតដល់សព្វថ្ងៃ។
១ ពង្សាវតារក្សត្រ 12:16-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលពួកអ៊ីស្រាអែលទាំងប៉ុន្មានឃើញថា ស្តេចមិនព្រមស្តាប់តាមគេដូច្នោះ នោះគេទូលឆ្លើយថា តើយើងរាល់គ្នាមានចំណែកអ្វីខាងដាវីឌ យើងក៏គ្មានមរដកជាមួយនឹងកូនចៅអ៊ីសាយដែរ ឱពួកអ៊ីស្រាអែលអើយ ចូរយើងវិលទៅផ្ទះវិញទៅ ឥឡូវនេះដាវីឌ ចូរមើលព្រះវង្សរបស់ខ្លួនឯងចុះ ដូច្នេះ ពួកអ៊ីស្រាអែលក៏ត្រឡប់ទៅឯទីលំនៅគេវិញទៅ ឯត្រង់ពួកកូនចៅអ៊ីស្រាអែល ដែលនៅក្នុងអស់ទាំងទីក្រុងរបស់ពួកយូដា នោះរេហូបោមបានគ្រងរាជ្យលើគេវិញ រួចមកស្តេចរេហូបោមទ្រង់ចាត់អ័ដូរ៉ាម ដែលត្រួតលើពួកកំណែនឲ្យទៅ តែពួកអ៊ីស្រាអែលទាំងអស់គ្នាគេចោលលោកនឹងថ្មឲ្យស្លាប់ទៅ ដូច្នេះ ស្តេចរេហូបោមក៏ប្រញាប់ប្រញាល់ នឹងឡើងព្រះរាជរថរត់ទៅឯក្រុងយេរូសាឡិម គឺយ៉ាងនោះ ដែលពួកអ៊ីស្រាអែលបានបះបោរនឹងរាជ្យវង្សរបស់ដាវីឌ ដរាបដល់សព្វថ្ងៃនេះ