១ ពង្សាវតារក្សត្រ 12:1-15
១ ពង្សាវតារក្សត្រ 12:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្ដេចរេហូបោមបានយាងទៅស៊ីគែម ដ្បិតសាសន៍អ៊ីស្រាអែលទាំងអស់បានមូលគ្នាមកត្រង់ស៊ីគែម ដើម្បីនឹងតាំងទ្រង់ឡើងជាស្តេច។ កាលយេរ៉ូបោម ជាកូននេបាត បានឮដំណឹងនេះភ្លាម (ដ្បិតលោកកំពុងនៅស្រុកអេស៊ីព្ទនៅឡើយ ជាកន្លែងដែលលោកបានរត់គេចពីព្រះបាទសាឡូម៉ូន) នោះយេរ៉ូបោមក៏វិលត្រឡប់ពី ស្រុកអេស៊ីព្ទ។ ហើយមានគេចាត់មនុស្សឲ្យទៅហៅលោកមក នោះយេរ៉ូបោម និងក្រុមជំនុំអ៊ីស្រាអែលទាំងអស់ ក៏មកគាល់រេហូបោម ទូលថា៖ «បិតារបស់ព្រះករុណាបានដាក់នឹមធ្ងន់ណាស់លើយើងខ្ញុំ។ ដូច្នេះ សូមទ្រង់មេត្តាសម្រាលនឹមយ៉ាងធ្ងន់ ដែលបិតាព្រះករុណាបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងប្រតិបត្តិតាមទ្រង់»។ ដូច្នេះ ទ្រង់មានរាជឱង្ការឆ្លើយថា៖ «ចូរទៅសិនចុះ ចាំបីថ្ងៃទៀតសូមត្រឡប់មកវិញ» ប្រជាជនក៏បង្គំលាទៅ។ ស្តេចរេហូបោមក៏ប្រឹក្សានឹងពួកចាស់ៗ ជាពួកជំនិតរបស់ព្រះបាទសាឡូម៉ូន ជាបិតារបស់ទ្រង់ ពីពេលទ្រង់គង់ព្រះជន្មនៅឡើយថា៖ «តាមគំនិតរបស់លោករាល់គ្នា តើត្រូវយើងឆ្លើយនឹងពួកប្រជារាស្ត្រនេះយ៉ាងដូចម្តេច?» លោកទាំងនោះទូលឆ្លើយថា៖ «នៅថ្ងៃនេះ បើទ្រង់សព្វព្រះហឫទ័យនឹងធ្វើតាមចិត្តប្រជាជនទាំងឡាយ ហើយយកចិត្តគេ ដោយឆ្លើយនឹងគេជាពាក្យផ្អែមពីរោះ នោះគេនឹងនៅជាអ្នកបម្រើរបស់ទ្រង់ជាដរាបទៅ»។ ប៉ុន្តែ ទ្រង់មិនព្រមតាមគំនិតនៃពួកចាស់ៗទាំងនោះទេ គឺទ្រង់ទៅប្រឹក្សានឹងពួកមនុស្សស្រករនឹងទ្រង់ ជាពួកជំនិតទ្រង់វិញ ដោយមានព្រះបន្ទូលថា៖ «តើអ្នករាល់គ្នាមានយោបល់យ៉ាងណា ដែលយើងឆ្លើយនឹងប្រជារាស្ត្រ ដែលគេបានសូមយើងថា "សូមទ្រង់មេត្តាសម្រាលនឹមយ៉ាងធ្ងន់ ដែលបិតាព្រះករុណាបានដាក់លើយើងខ្ញុំផង"?» រួចពួកដែលស្រករនឹងទ្រង់ គេទូលឆ្លើយថា៖ «ប្រជារាស្ត្រនេះ ដែលមកទូលសូមទ្រង់ថា "បិតារបស់ព្រះករុណាបានដាក់នឹមធ្ងន់ណាស់លើយើងខ្ញុំ។ ដូច្នេះ សូមទ្រង់មេត្តាសម្រាលនឹមយ៉ាងធ្ងន់ ដែលបិតាព្រះករុណាបានដាក់លើយើងខ្ញុំផង" ទ្រង់ត្រូវឆ្លើយនឹងគេយ៉ាងនេះថា "កូនដៃយើងនឹងបានធំជាងភ្លៅរបស់បិតាយើងទៅទៀត។ ឯបិតាយើង ទ្រង់បានដាក់នឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា តែឥឡូវនេះ យើងនឹងបន្ថែមឲ្យនឹមអ្នករាល់គ្នាបានធ្ងន់ជាងទៅទៀត បិតាយើងបានវាយផ្ចាលអ្នករាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលអ្នករាល់គ្នាដោយខ្យាដំរីវិញ"»។ លុះដល់ថ្ងៃទីបី យេរ៉ូបោម និងប្រជាជន ក៏ចូលមកគាល់រេហូបោម ដូចជាស្តេចបានបង្គាប់ថា "នៅថ្ងៃទីបី ត្រូវវិលមកជួបយើងវិញ" ស្ដេចមានរាជឱង្ការទៅកាន់គេជាពាក្យគំរោះគំរើយ ឥតតាមគំនិតរបស់ពួកចាស់ៗឡើយ គឺទ្រង់មានរាជឱង្ការទៅគេ តាមគំនិតរបស់ពួកមនុស្សស្រករគ្នាវិញថា៖ «បិតាយើងបានធ្វើឲ្យនឹមអ្នករាល់គ្នាធ្ងន់ណាស់ តែយើងនឹងបន្ថែម ឲ្យនឹមអ្នករាល់គ្នាធ្ងន់ជាងទៅទៀត បិតាបានវាយផ្ចាលអ្នករាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលអ្នករាល់គ្នាដោយខ្យាដំរី»។ ស្ដេចមិនព្រមស្តាប់តាមប្រជាជនទេ ដ្បិតការនេះកើតមកអំពីព្រះយេហូវ៉ា ដើម្បីសម្រេចតាមសេចក្ដីដែលព្រះអង្គបានមានព្រះបន្ទូលនឹងយេរ៉ូបោម ជាកូននេបាត ដោយសារអ័ហ៊ីយ៉ា ជាពួកក្រុងស៊ីឡូរ។
១ ពង្សាវតារក្សត្រ 12:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សម្ដេចរេហូបោមបានយាងទៅស៊ីគែម ដ្បិតប្រជាជនអ៊ីស្រាអែលទាំងមូលមកជួបជុំគ្នានៅទីនោះ ដើម្បីអភិសេកសម្ដេចជាព្រះមហាក្សត្រ។ កាលលោកយេរ៉ូបោម ជាកូនរបស់លោកនេបាត ឮដំណឹងនេះ លោកស្ថិតនៅក្នុងស្រុកអេស៊ីបនៅឡើយ។ លោកយេរ៉ូបោមបានរត់ភៀសខ្លួនពីព្រះបាទសាឡូម៉ូន ទៅស្នាក់នៅស្រុកអេស៊ីប។ ពេលនោះ គេបានចាត់មនុស្សឲ្យទៅហៅលោកយេរ៉ូបោមមកដែរ។ លោកយេរ៉ូបោម និងជនជាតិអ៊ីស្រាអែលទាំងមូលមកជួបជុំគ្នា ហើយទូលព្រះបាទរេហូបោមថា៖ «បិតារបស់ព្រះករុណាបានដាក់នឹមយ៉ាងធ្ងន់លើយើងខ្ញុំ។ ឥឡូវនេះ សូមព្រះករុណាមេត្តាសម្រាលនឹមដ៏ធ្ងន់ ដែលបិតារបស់ព្រះករុណាបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងបម្រើព្រះករុណា»។ ព្រះរាជាមានរាជឱង្ការថា៖ «ចូរទៅសិនចុះ ចាំបីថ្ងៃទៀត សឹមវិលមកជួបយើងវិញ»។ ប្រជាជនក៏នាំគ្នាចាកចេញទៅ។ ព្រះបាទរេហូបោមបានពិភាក្សាជាមួយក្រុមព្រឹទ្ធាចារ្យ ដែលជាទីប្រឹក្សារបស់ព្រះបាទសាឡូម៉ូន ជាបិតា ក្នុងគ្រាទ្រង់នៅមានព្រះជន្មនៅឡើយ ដោយសួរថា៖ «តាមយោបល់អស់លោក តើយើងត្រូវឆ្លើយដូចម្ដេចចំពោះប្រជាជននេះ?»។ អស់លោកព្រឹទ្ធាចារ្យទូលវិញថា៖ «ថ្ងៃនេះ ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យបម្រើប្រជាជន បើព្រះករុណាយកចិត្តទុកដាក់នឹងគេ ហើយឆ្លើយទៅគេ ដោយព្រះហឫទ័យសប្បុរស នោះពួកគេនឹងបម្រើព្រះករុណារហូតតទៅ»។ ប៉ុន្តែ ព្រះបាទរេហូបោមមិនរវីរវល់នឹងយោបល់របស់ក្រុមព្រឹទ្ធាចារ្យទេ តែស្ដេចបានសួរយោបល់ពីមន្ត្រីជំនិត ដែលធ្លាប់នៅជាមួយស្ដេចតាំងពីកុមារមក។ ស្ដេចមានរាជឱង្ការទៅពួកគេថា៖ «ប្រជាជនបានសុំឲ្យយើងសម្រាលនឹម ដែលបិតារបស់យើងបានដាក់លើពួកគេ។ តើអស់លោកមានយោបល់ដូចម្ដេច? តាមយោបល់អស់លោក តើយើងត្រូវឆ្លើយដូចម្ដេចចំពោះប្រជាជននេះ?»។ មន្ត្រីក្មេងៗដែលធ្លាប់នៅជាមួយស្ដេចតាំងពីកុមារមក នាំគ្នាទូលស្ដេចថា៖ «សូមព្រះករុណាប្រាប់ប្រជាជន ដែលមកសុំឲ្យព្រះករុណាសម្រាលនឹមបិតារបស់ព្រះករុណានោះវិញថា “កូនដៃរបស់យើងមានកម្លាំងជាងដៃបិតារបស់យើងទៅទៀត។ បិតារបស់យើងបានដាក់នឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា រីឯយើងវិញ យើងនឹងធ្វើឲ្យនឹមនេះរឹតតែធ្ងន់ថែមទៀត។ បិតារបស់យើងបានប្រដៅអ្នករាល់គ្នាដោយប្រើរំពាត់ រីឯយើងវិញ យើងនឹងប្រដៅអ្នករាល់គ្នា ដោយប្រើខ្យាដំរី”»។ លុះដល់ថ្ងៃទីបី លោកយេរ៉ូបោម និងប្រជាជនទាំងមូលចូលមកគាល់ព្រះបាទរេហូបោម តាមពេលកំណត់ដែលស្ដេចបានប្រាប់ថា “ចាំបីថ្ងៃទៀត សឹមវិលមកជួបយើងវិញ”។ ព្រះរាជាមានរាជឱង្ការទៅកាន់ប្រជាជនយ៉ាងតឹងរ៉ឹង គឺស្ដេចមិនរវីរវល់នឹងយោបល់របស់ក្រុមព្រឹទ្ធាចារ្យទេ។ ព្រះរាជាមានរាជឱង្ការទៅកាន់ប្រជាជន តាមយោបល់របស់មន្ត្រីក្មេងៗថា៖ «បិតារបស់យើងបានផ្ទុកនឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា រីឯយើងវិញ យើងនឹងធ្វើឲ្យនឹមនេះរឹតតែធ្ងន់ថែមទៀត។ បិតារបស់យើងបានប្រដៅអ្នករាល់គ្នា ដោយប្រើរំពាត់ រីឯយើងវិញ យើងនឹងប្រដៅអ្នករាល់គ្នា ដោយប្រើខ្យាដំរី»។ ស្ដេចមិនព្រមស្ដាប់តាមសំណូមពររបស់ប្រជាជនទេ ដ្បិតព្រះអម្ចាស់បណ្ដាលឲ្យមានសភាពការណ៍ប្រែប្រួលដូច្នេះ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងមកកាន់លោកយេរ៉ូបោម ជាកូនរបស់លោកនេបាត តាមរយៈព្យាការីអហ៊ីយ៉ា នៅស៊ីឡូ។
១ ពង្សាវតារក្សត្រ 12:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯរេហូបោម ទ្រង់យាងទៅឯស៊ីគែម ដ្បិតសាសន៍អ៊ីស្រាអែលទាំងអស់បានមូលមកឯស៊ីគែម ដើម្បីនឹងតាំងទ្រង់ឡើងជាស្តេច កាលយេរ៉ូបោម ជាកូននេបាតបានឮ ក្នុងកាលដែលលោកកំពុងនៅស្រុកអេស៊ីព្ទ ជាកន្លែងដែលលោកបានរត់ទៅអាស្រ័យនៅ ដើម្បីឲ្យរួចពីស្តេចសាឡូម៉ូន ហើយមានគេចាត់មនុស្សឲ្យទៅហៅលោកមក នោះយេរ៉ូបោម នឹងពួកជំនុំអ៊ីស្រាអែលទាំងអស់ ក៏មកគាល់រេហូបោមទូលថា ព្រះបិតាទ្រង់បានធ្វើឲ្យនឹមយើងខ្ញុំធ្ងន់ពន់ពេក ដូច្នេះ សូមទ្រង់មេត្តាប្រោសឲ្យការតឹងរ៉ឹងរបស់ព្រះវរបិតាទ្រង់ នឹងនឹមយ៉ាងធ្ងន់ដែលទ្រង់បានដាក់លើយើងខ្ញុំរាល់គ្នា បានស្រាលចេញ នោះយើងខ្ញុំរាល់គ្នានឹងប្រតិបត្តិតាមទ្រង់ ដូច្នេះ ទ្រង់មានបន្ទូលឆ្លើយថា ចូរទៅសិនចុះ ចាំបីថ្ងៃទៀតសូមត្រឡប់មកវិញ បណ្តាជនទាំងឡាយក៏បង្គំលាទៅ។ ស្តេចរេហូបោមក៏ប្រឹក្សានឹងពួកចាស់ៗ ជាពួកជំនិតនៃសាឡូម៉ូន បិតាទ្រង់ ពីកាលទ្រង់គង់ព្រះជន្មនៅឡើយថា តាមគំនិតរបស់លោករាល់គ្នា នោះតើត្រូវយើងឆ្លើយនឹងពួករាស្ត្រនេះយ៉ាងដូចម្តេច លោកទាំងនោះទូលឆ្លើយថា នៅថ្ងៃនេះ បើទ្រង់សព្វព្រះទ័យនឹងធ្វើតាមចិត្តប្រជាជនទាំងឡាយ ហើយយកចិត្តគេ ដោយឆ្លើយនឹងគេជាពាក្យផ្អែមពីរោះ នោះគេនឹងនៅជាបាវបំរើរបស់ទ្រង់ជាដរាបទៅ ប៉ុន្តែទ្រង់មិនព្រមតាមគំនិតនៃពួកចាស់ៗទាំងនោះទេ គឺទ្រង់ទៅប្រឹក្សានឹងពួកមនុស្សស្រករនឹងទ្រង់ ជាពួកជំនិតទ្រង់វិញ ដោយបន្ទូលថា តើអ្នករាល់គ្នាគិតយ៉ាងណា តើត្រូវឲ្យយើងឆ្លើយនឹងពួករាស្ត្រនេះដូចម្តេច ដែលគេបានមកសូមយើងថា សូមមេត្តាប្រោសឲ្យនឹមដែលព្រះបិតាទ្រង់បានដាក់លើយើងរាល់គ្នា បានស្រាលទៅ រួចពួកដែលស្រករនឹងទ្រង់ គេទូលឆ្លើយថា ឯពួករាស្ត្រនេះ ដែលមកទូលសូមទ្រង់ថា ព្រះបិតាទ្រង់បានធ្វើឲ្យនឹមយើងខ្ញុំរាល់គ្នាធ្ងន់ពន់ពេក សូមទ្រង់មេត្តាប្រោសឲ្យបានស្រាលដល់យើងខ្ញុំវិញដូច្នេះ នោះត្រូវឲ្យទ្រង់មានបន្ទូលឆ្លើយនឹងគេយ៉ាងនេះថា កូនដៃយើងនឹងបានធំជាងភ្លៅរបស់ព្រះបិតាយើង ឯព្រះបិតាយើង ទ្រង់បានដាក់នឹមយ៉ាងធ្ងន់លើឯងរាល់គ្នា តែឥឡូវនេះ យើងនឹងបន្ថែមឲ្យនឹមឯងរាល់គ្នាបានធ្ងន់ជាងទៅទៀត ព្រះបិតាយើងបានវាយផ្ចាលឯងរាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលឯងរាល់គ្នាដោយខ្យាដំរីវិញ។ លុះដល់ថ្ងៃទី៣ យេរ៉ូបោម នឹងបណ្តាជនទាំងឡាយ ក៏មូលមកគាល់រេហូបោម ដូចជាស្តេចបានបង្គាប់ដោយបន្ទូលថា ដល់ថ្ងៃទី៣ ចូរឯងរាល់គ្នាមកឯយើងវិញ នោះស្តេចទ្រង់មានបន្ទូលឆ្លើយដល់គេជាពាក្យគំរោះគំរើយ ឥតតាមគំនិតរបស់ពួកចាស់ៗឡើយ គឺទ្រង់មានបន្ទូលទៅគេ តាមគំនិតរបស់ពួកមនុស្សស្រករគ្នាវិញថា ព្រះបិតាយើងបានធ្វើឲ្យនឹមឯងរាល់គ្នាមានទំងន់ តែយើងនឹងបន្ថែម ឲ្យនឹមឯងរាល់គ្នា បានធ្ងន់ជាងទៅទៀត ព្រះបិតាបានវាយផ្ចាលឯងរាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលឯងរាល់គ្នាដោយខ្យាដំរីវិញ ស្តេចទ្រង់មិនព្រមស្តាប់តាមបណ្តាជនទេ ដ្បិតការនេះកើតមកអំពីព្រះយេហូវ៉ា ដើម្បីនឹងសំរេចតាមសេចក្ដី ដែលទ្រង់បានមានបន្ទូលនឹងយេរ៉ូបោម ជាកូននេបាត ដោយសារអ័ហ៊ីយ៉ា ជាពួកក្រុងស៊ីឡូរ។