១ ពង្សាវតារក្សត្រ 11:5-13
១ ពង្សាវតារក្សត្រ 11:5-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រោះព្រះបាទសាឡូម៉ូនប្រតិបត្តិតាមព្រះអាសថារ៉ូត ជាព្រះរបស់ពួកស៊ីដូន ហើយតាមព្រះមីលកូម ជាសេចក្ដីគួរខ្ពើមរបស់ពួកអាំម៉ូនដែរ។ ព្រះបាទសាឡូម៉ូនក៏ប្រព្រឹត្តការដែលអាក្រក់នៅព្រះនេត្រនៃព្រះយេហូវ៉ា ហើយមិនបានតាមព្រះយេហូវ៉ាដោយពេញខ្នាត ដូចជាដាវីឌ ជាបិតារបស់ទ្រង់ឡើយ។ នៅគ្រានោះ ព្រះបាទសាឡូម៉ូនក៏ធ្វើកន្លែងសម្រាប់ថ្វាយបង្គំព្រះកេម៉ូស ជាសេចក្ដីគួរខ្ពើមរបស់ពួកម៉ូអាប់ នៅលើទីខ្ពស់មួយ ដែលជាភ្នំនៅទល់មុខនឹងក្រុងយេរូសាឡិម និងសម្រាប់ព្រះម៉ូឡុក ជាសេចក្ដីគួរខ្ពើមរបស់ពួកកូនចៅអាំម៉ូនដែរ។ ទ្រង់ធ្វើយ៉ាងនោះសម្រាប់គ្រប់ទាំងភរិយារបស់ទ្រង់ ជាសាសន៍ដទៃទាំងប៉ុន្មាន ហើយនាងទាំងនោះក៏ដុតកំញាន ព្រមទាំងថ្វាយយញ្ញបូជាដល់ព្រះរបស់គេ។ ដូច្នេះ ព្រះយេហូវ៉ាមានសេចក្ដីខ្ញាល់ចំពោះព្រះបាទសាឡូម៉ូន ព្រោះព្រះហឫទ័យព្រះអង្គបានបែរចេញពីព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលបានលេចមកឲ្យទ្រង់ឃើញពីរដងហើយ ក៏បានបង្គាប់ដល់ទ្រង់ពីដំណើរនេះដែរថា ទ្រង់មិនត្រូវប្រតិបត្តិតាមព្រះដទៃឡើយ តែទ្រង់មិនបានរក្សាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកទេ។ ហេតុដូច្នោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ព្រះបាទសាឡូម៉ូនថា៖ «ដោយព្រោះឯងបានធ្វើយ៉ាងនេះ ហើយមិនបានរក្សាសេចក្ដីសញ្ញារបស់យើង និងបញ្ញត្តិដែលយើងបានបង្គាប់ដល់ឯង នោះយើងនឹងកន្ត្រាក់យករាជ្យពីឯងវិញ ហើយឲ្យទៅអ្នកបម្រើរបស់ឯងវិញ។ ប៉ុន្តែ យើងមិនធ្វើក្នុងគ្រានៃជីវិតឯងទេ ដោយយល់ដល់ដាវីឌ ជាឪពុកឯង គឺយើងនឹងកន្ត្រាក់យកពីដៃកូនឯងវិញ។ យើងក៏មិនយកនគរទាំងមូលពីវាដែរ គឺនឹងឲ្យកុលសម្ពន័្ធមួយដល់កូនឯង ដោយយល់ដល់ដាវីឌជាអ្នកបម្រើរបស់យើង ហើយយល់ដល់ក្រុងយេរូសាឡិម ដែលយើងបានរើសហើយ»។
១ ពង្សាវតារក្សត្រ 11:5-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទសាឡូម៉ូនថ្វាយបង្គំព្រះអាសថារ៉ូត ជាព្រះរបស់ជនជាតិស៊ីដូន និងព្រះមីលកូម ជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិអាំម៉ូន។ ព្រះបាទសាឡូម៉ូនបានប្រព្រឹត្តអំពើអាក្រក់ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ហើយមិនដើរតាមមាគ៌ារបស់ព្រះអម្ចាស់ទាំងស្រុង ដូចព្រះបាទដាវីឌ ជាបិតាឡើយ។ នៅគ្រានោះ ព្រះបាទសាឡូម៉ូនបានសង់កន្លែងសក្ការៈមួយនៅលើភ្នំ ដែលនៅទល់មុខក្រុងយេរូសាឡឹម ថ្វាយព្រះកេម៉ូស ជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិម៉ូអាប់ និងព្រះម៉ូឡុក ជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិអាំម៉ូន។ ព្រះរាជាបានសង់ទីសក្ការៈជាច្រើនទៀត សម្រាប់មហេសីទាំងអស់ដែលជាសាសន៍ដទៃ ដើម្បីឲ្យពួកនាងថ្វាយគ្រឿងក្រអូប និងថ្វាយយញ្ញបូជាដល់ព្រះរបស់ខ្លួន។ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងព្រះបាទសាឡូម៉ូន ដ្បិតស្ដេចបែកចិត្តចេញពីព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដែលបានយាងមកជួបស្ដេចដល់ទៅពីរដង ហើយហាមផ្ដាច់មិនឲ្យស្ដេចគោរពព្រះដទៃ។ ប៉ុន្តែ ព្រះបាទសាឡូម៉ូនមិនប្រតិបត្តិតាមបញ្ជារបស់ព្រះអម្ចាស់ឡើយ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទសាឡូម៉ូនថា៖ «ដោយអ្នកប្រព្រឹត្តដូច្នេះ គឺអ្នកមិនបានគោរពសម្ពន្ធមេត្រីរបស់យើង ហើយក៏មិនបានកាន់តាមច្បាប់ដែលយើងបង្គាប់ដល់អ្នកដែរ យើងនឹងដកយករាជសម្បត្តិពីអ្នក ប្រគល់ទៅឲ្យអ្នកបម្រើរបស់អ្នកវិញ។ ប៉ុន្តែ ដោយយល់ដល់ដាវីឌ ជាបិតារបស់អ្នក យើងនឹងមិនដករាជសម្បត្តិចេញពីអ្នក ក្នុងពេលដែលអ្នកនៅមានជីវិតទេ។ យើងនឹងដករាជសម្បត្តិពីកូនរបស់អ្នក។ យើងនឹងមិនដកហូតយករាជាណាចក្រទាំងមូលទេ គឺយើងនឹងទុកកុលសម្ព័ន្ធមួយឲ្យកូនរបស់អ្នកគ្រប់គ្រង ដោយយល់ដល់ដាវីឌ ជាបិតារបស់អ្នក និងយល់ដល់យេរូសាឡឹម ជាក្រុងដែលយើងបានជ្រើសរើស»។
១ ពង្សាវតារក្សត្រ 11:5-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពីព្រោះសាឡូម៉ូនទ្រង់ប្រតិបត្តិតាមព្រះអាសថារ៉ូត ជាព្រះនៃពួកស៊ីដូន ហើយតាមព្រះមីលកូម ជាសេចក្ដីគួរខ្ពើមរបស់ពួកអាំម៉ូនដែរ សាឡូម៉ូនក៏ប្រព្រឹត្តការដែលអាក្រក់នៅព្រះនេត្រនៃព្រះយេហូវ៉ា ហើយមិនបានតាមព្រះយេហូវ៉ាដោយពេញខ្នាត ដូចជាដាវីឌ ជាព្រះបិតាទ្រង់ទេ នៅគ្រានោះសាឡូម៉ូនទ្រង់ក៏ធ្វើកន្លែង សំរាប់ថ្វាយបង្គំដល់ព្រះកេម៉ូស ជាសេចក្ដីគួរខ្ពើមរបស់ពួកម៉ូអាប់ នៅលើទីខ្ពស់១ ដែលជាភ្នំនៅទល់មុខនឹងក្រុងយេរូសាឡិម នឹងសំរាប់ព្រះម៉ូឡុក ជាសេចក្ដីគួរខ្ពើមរបស់ពួកកូនចៅអាំម៉ូនដែរ ទ្រង់ក៏ធ្វើយ៉ាងនោះសំរាប់ដល់គ្រប់ទាំងភរិយារបស់ទ្រង់ ជាសាសន៍ដទៃទាំងនោះ ហើយនាងទាំងនោះក៏ដុតកំញាន ព្រមទាំងថ្វាយយញ្ញបូជា ដល់ព្រះរបស់គេ។ ដូច្នេះ ព្រះយេហូវ៉ាទ្រង់កើតមានសេចក្ដីខ្ញាល់ចំពោះសាឡូម៉ូន ដោយព្រោះព្រះទ័យទ្រង់បានបែរចេញពីព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលបានលេចមកឲ្យទ្រង់ឃើញ២ដងហើយ ក៏បានបង្គាប់ដល់ទ្រង់ពីដំណើរនេះដែរ ថា មិនត្រូវឲ្យទ្រង់ប្រតិបត្តិតាមព្រះដទៃឡើយ តែទ្រង់មិនបានរក្សាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកនោះទេ ហេតុដូច្នោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងសាឡូម៉ូនថា ដោយព្រោះឯងបានធ្វើយ៉ាងនេះ ហើយមិនបានរក្សាសេចក្ដីសញ្ញារបស់អញ នឹងបញ្ញត្តដែលអញបានបង្គាប់ដល់ឯង នោះបានជាអញនឹងកន្ត្រាក់យករាជ្យពីឯងវិញជាពិត ហើយឲ្យទៅអ្នកបំរើរបស់ឯងវិញ ប៉ុន្តែ អញមិនធ្វើក្នុងគ្រានៃជីវិតឯងទេ ដោយយល់ដល់ដាវីឌ ជាឪពុកឯង គឺអញនឹងកន្ត្រាក់យកពីដៃកូនឯងវិញ អញក៏មិនយកនគរទាំងមូលពីវាដែរ គឺនឹងឲ្យពូជអំបូរ១ដល់កូនឯង ដោយយល់ដល់ដាវីឌ ជាអ្នកបំរើអញ ហើយយល់ដល់ក្រុងយេរូសាឡិម ដែលអញបានរើសហើយផង។