១ ពង្សាវតារក្សត្រ 11:1-6

១ ពង្សាវតារក្សត្រ 11:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះបាទ​សាឡូម៉ូន​បាន​ស្រឡាញ់​ពួក​ស្រីៗ​សាសន៍​ដទៃ​ជា​ច្រើន ក្រៅ​ពី​ព្រះ‌រាជ‌បុត្រី​ផារ៉ោន​នោះ មាន​ស្ត្រី​សាសន៍​ម៉ូអាប់ សាសន៍​អាំម៉ូន សាសន៍​អេដុម សាសន៍​ស៊ីដូន និង​សាសន៍​ហេត ជា​ស្ត្រី​សាសន៍​ផ្សេងៗ ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា «អ្នក​មិន​ត្រូវ​រៀប​ការ​ជា‌មួយ​គេ ឬ​ឲ្យ​គេ​ចូល​មក​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​គេ​នឹង​បង្វែរ​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​តាម​ព្រះ​របស់​គេ​ជា​មិន​ខាន»។ តែ​ព្រះបាទ​សាឡូម៉ូន​បាន​ចង​ស្ពាន​មេត្រី​នឹង​គេ ដោយ​សេចក្ដី​ស្រឡាញ់​វិញ ទ្រង់​មាន​ភរិយា​ទាំង​អស់​ប្រាំពីរ​រយ សុទ្ធ​តែ​ជា​កូន​ស្តេច​ទាំង​អស់ ហើយ​មាន​ស្រី​អ្នក​ម្នាង​បីរយ ឯ​ភរិយា​ទាំង​នោះ​ក៏​នាំ​បង្វែរ​ព្រះ‌ហឫ‌ទ័យ​ទ្រង់។ ដ្បិត​កាល​ណា​ព្រះបាទ​សាឡូម៉ូន​ចាស់​ហើយ ភរិយា​បាន​បង្វែរ​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ឲ្យ​ទៅ​តាម​ព្រះ​ដទៃ​វិញ ហើយ​ព្រះ‌ហឫ‌ទ័យ​របស់​ទ្រង់​មិន​បាន​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទ្រង់ ដូច​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ដាវីឌ ជា​បិតា​របស់​ទ្រង់​ទេ ព្រោះ​ព្រះបាទ​សាឡូម៉ូន​ប្រតិ‌បត្តិ​តាម​ព្រះ​អាស‌ថារ៉ូត ជា​ព្រះ​របស់​ពួក​ស៊ីដូន ហើយ​តាម​ព្រះ​មីលកូម ជា​សេចក្ដី​គួរ​ខ្ពើម​របស់​ពួក​អាំម៉ូន​ដែរ។ ព្រះបាទ​សាឡូម៉ូន​ក៏​ប្រព្រឹត្ត​ការ​ដែល​អាក្រក់​នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​តាម​ព្រះ‌យេហូវ៉ា​ដោយ​ពេញ​ខ្នាត ដូច​ជា​ដាវីឌ ជា​បិតា​របស់​ទ្រង់​ឡើយ។

១ ពង្សាវតារក្សត្រ 11:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​សាឡូម៉ូន​ស្រឡាញ់​ស្ត្រី​សាសន៍​ដទៃ​ជា​ច្រើន​រូប។ ក្រៅ​ពី​បុត្រី​របស់​ព្រះ‌ចៅ​ផារ៉ោន ស្ដេច​មាន​មហេសី​សាសន៍​ម៉ូអាប់ សាសន៍​អាំម៉ូន សាសន៍​អេដុម សាសន៍​ស៊ីដូន និង​សាសន៍​ហេត។ មហេសី​ទាំង​នោះ​មាន​ដើម​កំណើត​ពី​ប្រជា‌ជាតិ ដែល​ព្រះ‌អម្ចាស់​បាន​ហាម​ដល់​កូន​ចៅ​អ៊ីស្រា‌អែល​ថា «អ្នក​រាល់​គ្នា​មិន​ត្រូវ​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ទាំង​នោះ​ឡើយ ដ្បិត​គេ​នឹង​បង្វែរ​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​គោរព​ព្រះ​របស់​គេ​ជា​មិន​ខាន»។ ព្រះ‌បាទ​សាឡូម៉ូន​ចង​ស្ពាន‌មេត្រី​ជា​មួយ​ជាតិ​សាសន៍​ទាំង​នោះ ដោយ‌សារ​តែ​សេចក្ដី​ស្នេហា។ ព្រះ‌បាទ​សាឡូម៉ូន​មាន​មហេសី​ដែល​ជា​បុត្រី​របស់​ស្ដេច​សាសន៍​ដទៃ ចំនួន​ប្រាំ‌ពីរ​រយ​អង្គ និង​ស្រី​ស្នំ​ចំនួន​បី​រយ​នាក់។ ពួក​មហេសី និង​ស្រី​ស្នំ​របស់​ស្ដេច បាន​អូស​ទាញ​ព្រះ‌ហឫទ័យ​ស្ដេច​ចេញ​ពី​ព្រះ‌ជាម្ចាស់។ ពេល​ព្រះ‌បាទ​សាឡូម៉ូន​មាន​ព្រះ‌ជន្ម​កាន់​តែ​ចាស់​ជរា​ណាស់​ហើយ មហេសី និង​ស្រី​ស្នំ​បាន​អូស​ទាញ​ព្រះ‌ហឫទ័យ​ស្ដេច​ឲ្យ​ទៅ​គោរព​ព្រះ​ដទៃ។ ព្រះ‌បាទ​សាឡូម៉ូន​លែង​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ដូច​ព្រះ‌បាទ​ដាវីឌ​ជា​បិតា​ទៀត​ហើយ។ ព្រះ‌បាទ​សាឡូម៉ូន​ថ្វាយ‌បង្គំ​ព្រះ​អាសថា‌រ៉ូត ជា​ព្រះ​របស់​ជន‌ជាតិ​ស៊ីដូន និង​ព្រះ​មីលកូម ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​ជន‌ជាតិ​អាំម៉ូន។ ព្រះ‌បាទ​សាឡូម៉ូន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ហើយ​មិន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់​ទាំង​ស្រុង ដូច​ព្រះ‌បាទ​ដាវីឌ ជា​បិតា​ឡើយ។

១ ពង្សាវតារក្សត្រ 11:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ស្តេច​សាឡូម៉ូន ទ្រង់​បាន​ស្រឡាញ់​ពួក​ស្រីៗ​សាសន៍​ដទៃ​ជា​ច្រើន ក្រៅ​ពី​ព្រះ‌រាជ‌បុត្រី​ផារ៉ោន​នោះ គឺ​ជា​ស្ត្រី​សាសន៍​ម៉ូអាប់ សាសន៍​អាំម៉ូន សាសន៍​អេដំម សាសន៍​ស៊ីដូន នឹង​សាសន៍​ហេត ជា​ស្ត្រី​នៃ​សាសន៍​ផ្សេងៗ ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា មិន​ត្រូវ​ឲ្យឯង​រាល់​គ្នា​ចូល​ទៅ​ឯ​គេ ឬ​ឲ្យ​គេ​ចូល​មក​ឯឯង​រាល់​គ្នា​ឡើយ ដ្បិត​គេ​នឹង​បង្វែរ​ចិត្ត​ឯង​រាល់​គ្នា​ឲ្យ​ទៅ​តាម​ព្រះ​គេ​ជា​មិន​ខាន តែ​សាឡូម៉ូន​បាន​ចង​ពន្ធ​នឹង​គេ ដោយ​សេចក្ដី​ស្រឡាញ់​វិញ ទ្រង់​មាន​ភរិយា​អស់​៧០០ សុទ្ធ​តែ​ជា​កូន​ស្តេច​ទាំង​អស់ ហើយ​មាន​ស្រី​អ្នក‌ម្នាង​៣០០ ឯ​ភរិយា​ទាំង​នោះ ក៏​នាំ​បង្វែរ​ព្រះ‌ទ័យ​ទ្រង់​ចេញ ដ្បិត​កាល​ណា​សាឡូម៉ូន​ទ្រង់​ចាស់​ហើយ នោះ​ភរិយា​ទ្រង់​បាន​បង្វែរ​ព្រះ‌ទ័យ​ទ្រង់​ឲ្យ​ទៅ​តាម​ព្រះ​ដទៃ​វិញ ហើយ​ព្រះ‌ទ័យ​ទ្រង់​មិន​បាន​ស្មោះ‌ត្រង់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដូច​ជា​ព្រះ‌ទ័យ​របស់​ដាវីឌ ជា​បិតា​ទ្រង់​ទេ ពី​ព្រោះ​សាឡូម៉ូន​ទ្រង់​ប្រតិ‌បត្តិ​តាម​ព្រះ​អាស‌ថារ៉ូត ជា​ព្រះ​នៃ​ពួក​ស៊ីដូន ហើយ​តាម​ព្រះ​មីលកូម ជា​សេចក្ដី​គួរ​ខ្ពើម​របស់​ពួក​អាំម៉ូន​ដែរ សាឡូម៉ូន​ក៏​ប្រព្រឹត្ត​ការ​ដែល​អាក្រក់​នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​តាម​ព្រះ‌យេហូវ៉ា​ដោយ​ពេញ​ខ្នាត ដូច​ជា​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់​ទេ