១ ពង្សាវតារក្សត្រ 10:1-29
១ ពង្សាវតារក្សត្រ 10:1-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលមហាក្សត្រិយ៍ស្រុកសេបាបានឮពីកិត្តិនាមរបស់ព្រះបាទសាឡូម៉ូនខាងព្រះនាមព្រះយេហូវ៉ា នោះព្រះនាងក៏យាងមកល្បងសួរទ្រង់ ដោយប្រស្នាដ៏ជ្រៅ។ ព្រះនាងយាងមកដល់ក្រុងយេរូសាឡិម មានមនុស្សដង្ហែមកយ៉ាងសន្ធឹក មានសត្វអូដ្ឋជាច្រើន ផ្ទុកដោយគ្រឿងក្រអូប មាសជាច្រើន និងត្បូងមានតម្លៃផង។ ពេលព្រះនាងបានចូលមកគាល់ព្រះបាទសាឡូម៉ូនហើយ នោះក៏មានសវនីយ៍សន្ទនានឹងទ្រង់ ពីគ្រប់ទាំងសេចក្ដីដែលមាននៅក្នុងព្រះហឫទ័យ។ ព្រះបាទសាឡូម៉ូនបានឆ្លើយស្រាយន័យគ្រប់ទាំងសេចក្ដីដែលព្រះនាងសួរ ឥតមានអ្វីលាក់កំបាំងដល់ស្តេច ដែលទ្រង់មិនបានស្រាយន័យថ្វាយព្រះនាងនោះទេ។ កាលមហាក្សត្រិយ៍ស្រុកសេបាបានឃើញប្រាជ្ញារបស់ព្រះបាទសាឡូម៉ូនទាំងប៉ុន្មាន និងដំណាក់ដែលទ្រង់ធ្វើ ឃើញព្រះស្ងោយនៅលើតុរបស់ស្ដេច កន្លែងអង្គុយរបស់ពួកនាម៉ឺនមន្ត្រី របៀបរបបរបស់ពួករាជបម្រើ និងឯកសណ្ឋានរបស់ពួកគេ ព្រមទាំងឃើញពួកអ្នកថ្វាយពែងរបស់ស្ដេច និងតង្វាយដុតដែលស្ដេចថ្វាយក្នុងព្រះដំណាក់របស់ព្រះយេហូវ៉ា នោះព្រះនាងក៏ភាំងស្មារតី។ ហើយមានសវនីយ៍ទៅស្តេចថា៖ «ពាក្យដែលខ្ញុំម្ចាស់បានឮផ្សាយទៅដល់ស្រុកខ្ញុំម្ចាស់ ពីព្រះរាជកិច្ច និងប្រាជ្ញារបស់ទ្រង់ នោះក៏ពិតប្រាកដមែន ប៉ុន្តែ ខ្ញុំម្ចាស់មិនបានជឿទេ លុះត្រាតែបានមកឃើញនឹងភ្នែកខ្លួនឯង ហើយមើល៍ ដំណឹងដែលខ្ញុំម្ចាស់បានឮនោះ មិនទាំងដល់ត្រឹមពាក់កណ្ដាលផង គឺប្រាជ្ញា និងសេចក្ដីចម្រើនរបស់ទ្រង់ នោះហួសលើសពីកិត្តិសព្ទដែលខ្ញុំម្ចាស់បានឮទៅទៀត មានពរហើយ មនុស្សរបស់ព្រះករុណា! មានពរហើយពួកអ្នកបម្រើ ដែលឈរនៅចំពោះព្រះករុណាជានិច្ច ទាំងស្តាប់រាជឱង្ការប្រកបដោយប្រាជ្ញារបស់ព្រះករុណា! សូមឲ្យព្រះយេហូវ៉ាជាព្រះរបស់ទ្រង់ប្រកបដោយព្រះពរ ជាព្រះដែលសព្វព្រះហឫទ័យនឹងទ្រង់ ដើម្បីនឹងតាំងឡើងលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល គឺដោយព្រោះព្រះយេហូវ៉ាបានស្រឡាញ់សាសន៍អ៊ីស្រាអែលអស់កល្បជានិច្ច បានជាតាំងទ្រង់ឡើងឲ្យធ្វើជាស្តេចលើគេ ដើម្បីឲ្យសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត »។ បន្ទាប់មក ព្រះនាងបានថ្វាយមាសមួយរយម្ភៃហាប និងគ្រឿងក្រអូបយ៉ាងសន្ធឹក ព្រមទាំងត្បូងមានតម្លៃដល់ស្តេច។ ក្រោយនោះមក មិនដែលមានគ្រឿងក្រអូបជាបរិបូរដល់ម៉្លេះ បានចូលមកឲ្យដូចជាគ្រឿងក្រអូប ដែលមហាក្សត្រិយ៍ស្រុកសេបាបានថ្វាយដល់ព្រះបាទសាឡូម៉ូននោះទៀតឡើយ។ ឯក្រុមនាវារបស់ស្ដេចហ៊ីរ៉ាម ដែលដឹកយកមាសមកពីស្រុកអូភារ នោះក៏ដឹកយកឈើចាន់ជាបរិបូរ និងត្បូងមានតម្លៃ មកពីស្រុកនោះដែរ ស្ដេចយកឈើចាន់នោះធ្វើជាភ្នាក់ដៃ នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា និងក្នុងដំណាក់របស់ស្តេច ព្រមទាំងស៊ុង និងពិណ សម្រាប់ពួកចម្រៀងផង មិនដែលមានឈើចាន់យ៉ាងនោះមកទៀត ក៏មិនដែលឃើញសោះឡើយ ដរាបដល់សព្វថ្ងៃនេះ។ ព្រះបាទសាឡូម៉ូនបានប្រទានដល់មហាក្សត្រិយ៍ស្រុកសេបា តាមបំណងព្រះហឫទ័យរបស់ព្រះនាង គឺរបស់អ្វីដែលព្រះនាងសូម លើសពីព្រះរាជទ្រព្យហ្លួងទាំងប៉ុន្មាន ដែលព្រះបាទសាឡូម៉ូនបានប្រទានឲ្យផង ដូច្នេះ ព្រះនាង ព្រមទាំងពួកបរិវារ ក៏វិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ។ មាសដែលមកដល់ព្រះបាទសាឡូម៉ូនក្នុងមួយឆ្នាំ មានទម្ងន់ជាប្រាំមួយរយហុកសិបប្រាំមួយហាប ក្រៅពីនោះ មានមាសដែលមកដោយសារពួកអ្នកលក់ដូរ ដោយការធ្វើជំនួញ ហើយពីស្តេចស្រុកអារ៉ាប់ទាំងឡាយ និងពួកចៅហ្វាយស្រុកទាំងប៉ុន្មានថែមទៀត។ ព្រះបាទសាឡូម៉ូនបានផែមាសធ្វើជាខែលធំៗពីររយ គឺយកមាសប្រាំមួយរយសេកែល ដើម្បីធ្វើខែលនីមួយៗ។ ទ្រង់បានផែមាសធ្វើខែលតូចបីរយ ក្នុងខែលនីមួយៗមានមាសប្រាំមួយនាលិ ហើយទ្រង់តម្កល់ទុកទាំងអស់ក្នុងដំណាក់នៃព្រៃល្បាណូន។ មួយទៀតស្តេចធ្វើបល្ល័ង្កមួយធំ ដោយភ្លុក ហើយស្រោបមាសសុទ្ធលេខមួយ មានជណ្តើរប្រាំមួយថ្នាក់ឡើងទៅដល់បល្ល័ង្កនោះ ឯបង្អែកបល្ល័ង្កនោះរាងមូល ហើយមានកំណល់ដៃនៅទាំងសងខាងទីអង្គុយ មានរូបសិង្ហពីរឈរនៅខាងកំណល់ដៃ ហើយមានសិង្ហដប់ពីរឈរនៅថ្នាក់ជណ្តើរប្រាំមួយម្ខាង គ្មានបល្ល័ង្កណានៅក្នុងនគរណាដែលនឹងផ្ទឹមស្មើបានឡើយ ឯអស់ទាំងប្រដាប់សម្រាប់ព្រះបាទសាឡូម៉ូនសោយគ្រឿងទឹក នោះសុទ្ធតែធ្វើពីមាសទាំងអស់ ហើយអស់ទាំងគ្រឿងប្រដាប់ នៅក្នុងដំណាក់នៃព្រៃល្បាណូន ក៏ធ្វើពីមាសសុទ្ធដែរ គ្មានណាមួយធ្វើពីប្រាក់ទេ នៅក្នុងរាជ្យព្រះបាទសាឡូម៉ូន នោះគេមិនសូវរាប់អានប្រាក់ប៉ុន្មានទេ ដ្បិតស្តេចមានក្រុមនាវាតើស៊ីស ដើរផ្លូវសមុទ្រ ជាមួយវានារបស់ហ៊ីរ៉ាម ក្រុមនាវាតើស៊ីសនោះក៏ដឹកយកមាស ប្រាក់ ភ្លុក ទោច និងក្ងោកមកក្នុងបីឆ្នាំម្ដង។ ដូច្នេះ ព្រះបាទសាឡូម៉ូនមានទ្រព្យសម្បត្តិ និងប្រាជ្ញាលើសជាងអស់ទាំងស្តេចនៅផែនដី។ ប្រជាជននៅលើផែនដីទាំងមូល គេចង់ចូលទៅគាល់ព្រះបាទសាឡូម៉ូន ដើម្បីស្តាប់ប្រាជ្ញារបស់ទ្រង់ ដែលព្រះបានដាក់នៅក្នុងព្រះហឫទ័យ។ គ្រប់គ្នាក៏នាំយកតង្វាយមកថ្វាយ គឺជាគ្រឿងមាស ប្រាក់ សម្លៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ និងលាកាត់ តាមកំណត់រាល់តែឆ្នាំ។ ព្រះបាទសាឡូម៉ូនបានប្រមូលរទេះចម្បាំង និងពលសេះ ទ្រង់មានរទេះចម្បាំងមួយពាន់បួនរយ ហើយពលសេះមួយម៉ឺនពីរពាន់នាក់ ដែលទ្រង់ដាក់ឲ្យនៅក្នុងទីក្រុង សម្រាប់រទេះចម្បាំងទាំងប៉ុន្មាន ហើយនៅជាមួយស្តេច នៅក្នុងក្រុងយេរូសាឡិមដែរ។ ទ្រង់បានធ្វើឲ្យមានប្រាក់សម្បូរដូចជាថ្មនៅក្នុងក្រុងយេរូសាឡិម ហើយឲ្យមានដើមតាត្រៅសម្បូរដូចជាដើមឧទុម្ពរ ដែលដុះនៅដីទំនាប។ សេះរបស់ព្រះបាទសាឡូម៉ូនទាំងប៉ុន្មាន ដែលបានយកមកពីស្រុកអេស៊ីព្ទនោះ គឺពួកជំនួញរបស់ស្តេចទិញមកតាមតម្លៃទាំងហ្វូងៗ។ គេយករទេះចម្បាំងពីស្រុកអេស៊ីព្ទមក មួយថ្លៃប្រាំមួយរយសេកែល ហើយសេះមួយថ្លៃមួយរយហាសិប គេបានទិញដឹកយកមក សម្រាប់ឲ្យអស់ទាំងស្តេចនៃសាសន៍ហេត និងពួកស្តេចស្រុកស៊ីរីដែរ។
១ ពង្សាវតារក្សត្រ 10:1-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះមហាក្សត្រិយានីស្រុកសេបាបានឮអំពីកិត្តិនាមដ៏ល្បីល្បាញ ដែលព្រះបាទសាឡូម៉ូនទទួលពីព្រះអម្ចាស់។ ដូច្នេះ ព្រះនាងក៏យាងមកគាល់ព្រះបាទសាឡូម៉ូន ដើម្បីល្បងប្រាជ្ញា ដោយចោទសួរប្រស្នាផ្សេងៗ។ ព្រះនាងយាងមកដល់ក្រុងយេរូសាឡឹម ដោយមានរាជបម្រើយ៉ាងច្រើនហែហម ព្រមទាំងមានសត្វអូដ្ធជាច្រើនដឹកគ្រឿងក្រអូប មាស និងត្បូងយ៉ាងសន្ធឹកសន្ធាប់ផង។ ព្រះនាងចូលទៅគាល់ព្រះបាទសាឡូម៉ូន ហើយចោទសួរអ្វីៗទាំងប៉ុន្មានដែលព្រះនាងបានរិះគិតទុកជាមុន។ ព្រះបាទសាឡូម៉ូនឆ្លើយនឹងសំណួររបស់ព្រះនាងត្រូវទាំងអស់ ឥតមានសំណួរណាមួយដែលព្រះរាជាឆ្លើយពុំរួចនោះឡើយ។ ព្រះមហាក្សត្រិយានីស្រុកសេបាសង្កេតឃើញប្រាជ្ញាដ៏ឈ្លាសវៃរបស់ព្រះបាទសាឡូម៉ូន និងឃើញវាំងដែលស្ដេចបានសង់ ព្រមទាំងឃើញព្រះស្ងោយនៅលើតុស្ដេច លំនៅដ្ឋានរបស់នាម៉ឺនមន្ត្រី របៀបរបប និងឯកសណ្ឋានរបស់ពួករាជបម្រើ ពួកមហាតលិក និងឃើញតង្វាយដុតទាំងមូល ដែលស្ដេចថ្វាយនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ព្រះនាងក៏កោតស្ញប់ស្ញែងយ៉ាងខ្លាំង។ ព្រះនាងមានសវនីយ៍ទៅកាន់ព្រះបាទសាឡូម៉ូនថា៖ «ពាក្យទាំងប៉ុន្មាន ដែលខ្ញុំម្ចាស់បានឮគេនិយាយនៅក្នុងស្រុករបស់ខ្ញុំម្ចាស់ ស្ដីអំពីព្រះករុណា និងអំពីប្រាជ្ញារបស់ព្រះករុណានោះ ពិតជាត្រឹមត្រូវមែន! មុនពេលខ្ញុំម្ចាស់មកដល់ និងមុនពេលខ្ញុំម្ចាស់ឃើញផ្ទាល់នឹងភ្នែក ខ្ញុំម្ចាស់មិនបានជឿពាក្យគេទេ។ ឥឡូវនេះ ខ្ញុំម្ចាស់យល់ឃើញថា អ្វីៗដែលគេរៀបរាប់នោះបានត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ។ ព្រះករុណាមានប្រាជ្ញា ហើយចម្រុងចម្រើនលើសពីសេចក្ដី ដែលខ្ញុំម្ចាស់បានឮទៅទៀត។ ពួករាជបម្រើ និងពួកនាម៉ឺនមន្ត្រីដែលនៅជុំវិញព្រះករុណាពិតជាមានសុភមង្គលហើយ ព្រោះពួកគេបានស្ដាប់រាជឱង្ការពោរពេញដោយប្រាជ្ញារបស់ព្រះករុណា។ សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ដែលបានប្រោសប្រណីព្រះករុណា ហើយជ្រើសរើសព្រះករុណា ឲ្យឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល។ ព្រះអម្ចាស់ស្រឡាញ់ជនជាតិអ៊ីស្រាអែលជានិច្ច ហេតុនេះហើយបានជាព្រះអង្គជ្រើសរើសព្រះករុណាឲ្យធ្វើជាស្ដេច ដើម្បីគ្រប់គ្រងដោយសុចរិត និងយុត្តិធម៌»។ ព្រះមហាក្សត្រិយានីស្រុកសេបាយកមាសទម្ងន់បួនពាន់គីឡូក្រាម មកថ្វាយព្រះរាជា រួមជាមួយគ្រឿងក្រអូប និងត្បូងយ៉ាងច្រើនផង។ តាំងពីពេលនោះមក ពុំមានអ្នកណាយកគ្រឿងក្រអូបយ៉ាងច្រើនមកថ្វាយព្រះបាទសាឡូម៉ូន ដូចព្រះមហាក្សត្រិយានីស្រុកសេបាឡើយ។ កាលសំពៅរបស់ព្រះបាទហ៊ីរ៉ាមដឹកមាសពីស្រុកអូភារមកនោះ គេក៏ដឹកឈើខ្លឹមចន្ទន៍ និងត្បូងយ៉ាងច្រើនមកជាមួយដែរ។ ព្រះបាទសាឡូម៉ូនបានយកឈើខ្លឹមចន្ទន៍នេះ មកធ្វើបង្កាន់ដៃព្រះដំណាក់របស់ព្រះអម្ចាស់ និងដំណាក់របស់ស្ដេច ព្រមទាំងធ្វើឧបករណ៍ភ្លេង គឺមានពិណ និងឃឹម សម្រាប់ក្រុមអ្នកចម្រៀង។ រហូតដល់សព្វថ្ងៃ គេពុំដែលឃើញមាននរណាម្នាក់នាំឈើខ្លឹមចន្ទន៍យ៉ាងច្រើនបែបនេះ ចូលមកស្រុកអ៊ីស្រាអែលឡើយ។ រីឯព្រះបាទសាឡូម៉ូនវិញ អ្វីៗដែលព្រះមហាក្សត្រិយានីស្រុកសេបាចង់បាន និងទូលសូម ស្ដេចប្រគល់ឲ្យទាំងអស់។ លើសពីនេះ ព្រះរាជាក៏បានថ្វាយរាជ្យទ្រព្យទៅព្រះនាង សមនឹងឋានៈទ្រង់ជាស្ដេចដ៏ឧត្ដុង្គឧត្ដម។ បន្ទាប់មក ព្រះមហាក្សត្រិយានី និងរាជបម្រើ វិលត្រឡប់ទៅកាន់ស្រុកសេបាវិញ។ ក្នុងមួយឆ្នាំៗ ព្រះបាទសាឡូម៉ូនទទួលបានមាសទម្ងន់ម្ភៃបីតោន។ លើសពីនោះ មានចំណូលដែលបានមកពីពន្ធដារនៃទំនិញនាំចូល ការធ្វើជំនួញ ព្រមទាំងសួយសារអាកររបស់ស្ដេចទាំងឡាយនៃស្រុកអារ៉ាប់ និងពួកចៅហ្វាយខេត្តថែមទៀតផង។ ព្រះបាទសាឡូម៉ូនឲ្យគេធ្វើខែលធំៗពីមាសចំនួនពីររយ ខែលនីមួយៗមានទម្ងន់ប្រាំមួយគីឡូក្រាម និងខែលតូចៗពីមាសចំនួនបីរយ ខែលនីមួយៗមានទម្ងន់មួយគីឡូក្រាមកន្លះ។ ស្ដេចយកខែលទាំងនោះទៅទុកក្នុង «ដំណាក់ព្រៃស្រុកលីបង់»។ ព្រះបាទសាឡូម៉ូនធ្វើបល្ល័ង្កមួយដ៏ធំពីភ្លុក ព្រមទាំងស្រោបមាសសុទ្ធផង។ បល្ល័ង្កនេះស្ថិតនៅលើកំណល់មួយដែលមានជណ្ដើរប្រាំមួយថ្នាក់ បង្អែករបស់បល្ល័ង្កមានរាងមូល ព្រមទាំងមានដៃសងខាង ហើយមានរូបចម្លាក់សិង្ហពីរឈរនៅជាប់នឹងដៃទាំងសងខាងនោះ។ មានរូបចម្លាក់សិង្ហដប់ពីរ ឈរអមសងខាងជណ្ដើរទាំងប្រាំមួយថ្នាក់នោះ។ គេពុំដែលឃើញនគរណាមានបល្ល័ង្កបែបនេះឡើយ។ រីឯពែងទាំងប៉ុន្មានរបស់ស្ដេចសុទ្ធតែធ្វើពីមាស ហើយចានដែលប្រើប្រាស់ក្នុងដំណាក់ព្រៃស្រុកលីបង់ក៏ធ្វើពីមាសសុទ្ធទាំងអស់។ គេពុំបានធ្វើគ្រឿងប្រដាប់អ្វីពីប្រាក់ទេ ដ្បិតក្នុងរជ្ជកាលព្រះបាទសាឡូម៉ូន ប្រាក់គ្មានតម្លៃឡើយ។ ព្រះបាទសាឡូម៉ូនមានសំពៅដើរសមុទ្រសម្រាប់ធ្វើជំនួញទៅស្រុកឆ្ងាយ ជាមួយសំពៅរបស់ព្រះបាទហ៊ីរ៉ាម។ បីឆ្នាំម្ដង សំពៅទាំងនោះវិលត្រឡប់មកវិញ ដោយនាំយកមាស ប្រាក់ ភ្លុក ស្វា និងក្ងោកមកផង។ ព្រះបាទសាឡូម៉ូនមានទ្រព្យសម្បត្តិ និងប្រាជ្ញា លើសស្ដេចទាំងប៉ុន្មាននៅលើផែនដី។ មនុស្សទាំងអស់តែងតែចង់ចូលគាល់ព្រះបាទសាឡូម៉ូន ដើម្បីស្ដាប់រាជឱង្ការប្រកបដោយប្រាជ្ញាដែលព្រះជាម្ចាស់ប្រទានមកស្ដេច។ រៀងរាល់ឆ្នាំ គេតែងតែនាំយកតង្វាយមកថ្វាយព្រះបាទសាឡូម៉ូន គឺមានវត្ថុធ្វើពីមាស ធ្វើពីប្រាក់ សម្លៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ និងលា។ ព្រះបាទសាឡូម៉ូនប្រមូលរទេះចម្បាំង និងពលទ័ពសេះទាំងអស់មក ឃើញមានរទេះចម្បាំងចំនួនមួយពាន់បួនរយ និងពលទ័ពសេះចំនួនមួយម៉ឺនពីរពាន់នាក់។ ស្ដេចទុកមួយចំនួនឲ្យនៅជាមួយស្ដេចក្នុងក្រុងយេរូសាឡឹម និងមួយចំនួនទៀតឲ្យទៅនៅតាមក្រុងនានា ដែលស្ដេចបម្រុងសម្រាប់ទ័ពទាំងនោះ។ ព្រះរាជាបានធ្វើឲ្យក្រុងយេរូសាឡឹមមានប្រាក់សម្បូណ៌ដូចដុំថ្ម និងមានឈើតាត្រៅសម្បូណ៌ដូចដើមរាំង ដែលដុះនៅតាមវាលទំនាប។ ពួកឈ្មួញនាំគ្នាទៅទិញសេះពីស្រុកអេស៊ីប និងគីលីគា មកថ្វាយព្រះបាទសាឡូម៉ូន។ រទេះមួយមកពីស្រុកអេស៊ីបមានតម្លៃជាប្រាក់សុទ្ធប្រាំមួយរយស្លឹង និងសេះមួយតម្លៃមួយរយហាសិបស្លឹង។ ពួកឈ្មួញក៏បាននាំសេះ និងរទេះ ទៅលក់ថ្វាយស្ដេចទាំងប៉ុន្មាននៃជនជាតិហេត និងស្ដេចនៃជនជាតិស៊ីរីដែរ។
១ ពង្សាវតារក្សត្រ 10:1-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលមហាក្សត្រីស្រុកសេបាបានឮពីកិត្តិនាមរបស់សាឡូម៉ូនខាងឯព្រះនាមព្រះយេហូវ៉ា នោះព្រះនាងក៏យាងមកល្បងសួរទ្រង់ ដោយប្រស្នាដ៏ជ្រៅ ព្រះនាងយាងមកដល់ក្រុងយេរូសាឡិម មានមនុស្សដង្ហែមកយ៉ាងសន្ធឹក ក៏មានសត្វអូដ្ឋជាច្រើនផ្ទុកដោយគ្រឿងក្រអូប នឹងមាសជាច្រើនណាស់ ហើយត្បូងមានដំឡៃផង លុះកាលព្រះនាងបានចូលមកគាល់សាឡូម៉ូនហើយ នោះក៏មានសវនីយ៍សន្ទនានឹងទ្រង់ ពីគ្រប់ទាំងសេចក្ដីដែលមាននៅក្នុងព្រះទ័យ ឯសាឡូម៉ូន ទ្រង់ក៏ឆ្លើយស្រាយន័យគ្រប់ទាំងសេចក្ដីដែលព្រះនាងសួរ ឥតមានអ្វីលាក់កំបាំងដល់ស្តេច ដែលទ្រង់មិនបានស្រាយន័យថ្វាយព្រះនាងនោះទេ កាលមហាក្សត្រីស្រុកសេបា បានឃើញប្រាជ្ញារបស់សាឡូម៉ូនទាំងប៉ុន្មាន នឹងដំណាក់ដែលទ្រង់ធ្វើ ព្រមទាំងព្រះស្ងោយនៅលើតុទ្រង់ ទីលំនៅរបស់ពួកបំរើទ្រង់ សណ្ឋានពួកបរិវារបស់ទ្រង់ នឹងគ្រឿងតែងកាយរបស់គេ ហើយពួកបំរើថ្វាយពែងរបស់ទ្រង់ នឹងដង្វាយដុតដែលទ្រង់ថ្វាយក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះព្រះនាងក៏ភាំងស្មារតី ហើយមានសវនីយ៍ទៅស្តេចថា ពាក្យដែលខ្ញុំម្ចាស់បានឮផ្សាយទៅដល់ស្រុកខ្ញុំម្ចាស់ ពីព្រះរាជកិច្ច នឹងប្រាជ្ញារបស់ទ្រង់ នោះក៏ពិតប្រាកដមែន ប៉ុន្តែខ្ញុំម្ចាស់មិនបានជឿទេ លុះត្រាតែបានមកឃើញនឹងភ្នែកខ្លួនឯង ហើយមើល ដំណឹងដែលខ្ញុំម្ចាស់បានឮនោះ មិនទាំងដល់ត្រឹមពាក់កណ្តាលផង គឺប្រាជ្ញានឹងសេចក្ដីចំរើនរបស់ទ្រង់ នោះហួសលើសពីកិត្តិសព្ទ ដែលខ្ញុំម្ចាស់បានឮទៅទៀត មានពរហើយ ពួកទ្រង់នឹងពួកអ្នកបំរើនេះ ដែលឈរចំពោះទ្រង់ជានិច្ច ទាំងស្តាប់ប្រាជ្ញារបស់ទ្រង់ សូមឲ្យព្រះយេហូវ៉ាជាព្រះនៃទ្រង់បានប្រកបដោយព្រះពរ ជាព្រះដែលសព្វព្រះហឫទ័យនឹងទ្រង់ ដើម្បីនឹងតាំងឡើងលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល គឺដោយព្រោះព្រះយេហូវ៉ា ទ្រង់ស្រឡាញ់សាសន៍អ៊ីស្រាអែលអស់កល្បជានិច្ច បានជាតាំងទ្រង់ឡើងឲ្យធ្វើជាស្តេចលើគេ ប្រយោជន៍ឲ្យបានសំរេចសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត រួចព្រះនាងទ្រង់ថ្វាយមាស១២០ហាប នឹងគ្រឿងក្រអូបយ៉ាងសន្ធឹក ព្រមទាំងត្បូងមានដំឡៃដល់ស្តេច ក្រោយនោះមកមិនដែលមានគ្រឿងក្រអូបជាបរិបូរដល់ម៉្លេះបានចូលមក ឲ្យដូចជាគ្រឿងក្រអូប ដែលមហាក្សត្រីស្រុកសេបាបានថ្វាយដល់ស្តេចសាឡូម៉ូន នោះទៀតឡើយ។ ឯក្រុមនាវារបស់ហ៊ីរ៉ាម ដែលដឹកយកមាសមកពីស្រុកអូភារ នោះក៏ដឹកយកឈើចាន់ជាបរិបូរ នឹងត្បូងមានដំឡៃ មកពីស្រុកនោះដែរ ស្តេចទ្រង់យកឈើចាន់នោះធ្វើជាភ្នាក់ដៃ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នឹងក្នុងដំណាក់របស់ស្តេច ព្រមទាំងស៊ុង នឹងពិណ សំរាប់ពួកចំរៀងផង មិនដែលមានឈើចាន់យ៉ាងនោះមកទៀត ក៏មិនដែលឃើញសោះឡើយ ដរាបដល់សព្វថ្ងៃនេះ។ ស្តេចសាឡូម៉ូនទ្រង់ក៏ប្រទានដល់មហាក្សត្រីស្រុកសេបា តាមបំណងព្រះទ័យរបស់ព្រះនាង គឺរបស់អ្វីដែលព្រះនាងសូម លើសអំពីព្រះរាជទ្រព្យហ្លួងទាំងប៉ុន្មាន ដែលសាឡូម៉ូនបានប្រទានឲ្យផង ដូច្នេះព្រះនាង ព្រមទាំងពួកបរិវារ ក៏វិលត្រឡប់ទៅឯស្រុករបស់ខ្លួនវិញ។ រីឯមាសដែលមកដល់សាឡូម៉ូនក្នុង១ឆ្នាំ នោះមានទំងន់ជា៦៦៦ហាប ក្រៅពីនោះ មានមាសដែលមកដោយសារពួកអ្នកលក់ដូរ នឹងការជំនួញ ហើយពីអស់ទាំងស្តេចស្រុកអារ៉ាប់ នឹងពួកចៅហ្វាយស្រុកទាំងប៉ុន្មានថែមទៀត ស្តេចសាឡូម៉ូនទ្រង់ផែមាសធ្វើខែលធំ២០០គឺយកមាស៦០០ដំឡឹង ដើម្បីធ្វើខែលមួយៗ ទ្រង់ក៏ផែមាសធ្វើខែលតូច៣០០ ក្នុងខែលមួយៗ មានមាស៦នាលិ ហើយទ្រង់ដំកល់ទុកទាំងអស់ក្នុងដំណាក់នៃព្រៃល្បាណូន មួយទៀតស្តេចទ្រង់ធ្វើបល្ល័ង្ក១ធំ ដោយភ្លុក ហើយស្រោបមាសសុទ្ធលេខ១ មានជណ្តើរ៦ថ្នាក់ឡើងទៅដល់បល្ល័ង្កនោះ ឯបង្អែកបល្ល័ង្ក នោះរាងមូល ហើយមានកំណល់ដៃ នៅទាំងសងខាងទីអង្គុយ មានរូបសិង្ហ២ឈរនៅខាងកំណល់ដៃ ហើយមានសិង្ហ១២ឈរនៅថ្នាក់ជណ្តើរ៦ម្ខាង គ្មានបល្ល័ង្កណានៅក្នុងនគរណា ដែលនឹងផ្ទឹមស្មើបានឡើយ ឯអស់ទាំងប្រដាប់សំរាប់សាឡូម៉ូនសោយគ្រឿងទឹក នោះសុទ្ធតែធ្វើពីមាសទាំងអស់ ហើយអស់ទាំងគ្រឿងប្រដាប់ នៅក្នុងដំណាក់នៃព្រៃល្បាណូន ក៏ធ្វើពីមាសសុទ្ធដែរ គ្មានណាមួយធ្វើពីប្រាក់ទេ នៅក្នុងរាជ្យសាឡូម៉ូន នោះគេមិនសូវរាប់អានប្រាក់ប៉ុន្មានទេ ដ្បិតស្តេចទ្រង់មានក្រុមនាវាតើស៊ីស ដើរផ្លូវសមុទ្រ ជាមួយនឹងនាវារបស់ហ៊ីរ៉ាម ក្រុមនាវាតើស៊ីសនោះ ក៏ដឹកយកមាស ប្រាក់ ភ្លុក ទោច នឹងក្ងោកមកក្នុង៣ឆ្នាំ១ដង។ ដូច្នេះ ស្តេចសាឡូម៉ូនទ្រង់មានទ្រព្យសម្បត្តិ នឹងប្រាជ្ញាលើសជាងអស់ទាំងស្តេចនៅផែនដី ហើយប្រជាជន ក្នុងលោកទាំងមូល គេរកចង់ចូលទៅគាល់ស្តេចសាឡូម៉ូន ដើម្បីនឹងស្តាប់ប្រាជ្ញាទ្រង់ ដែលព្រះបានដាក់នៅក្នុងព្រះទ័យ គ្រប់គ្នាក៏នាំយកដង្វាយមកថ្វាយ គឺជាគ្រឿងមាស ប្រាក់ សំលៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ នឹងលាកាត់ តាមកំណត់រាល់តែឆ្នាំ សាឡូម៉ូនក៏ប្រមូលចំរើនរទេះចំបាំង នឹងពលសេះ ទ្រង់មានរទេះចំបាំង១ពាន់៤០០ ហើយពលសេះ១ម៉ឺន២ពាន់នាក់ ដែលទ្រង់ដាក់ឲ្យនៅក្នុងទីក្រុង សំរាប់រទេះចំបាំងទាំងប៉ុន្មាន ហើយនៅជាមួយនឹងស្តេច នៅក្នុងក្រុងយេរូសាឡិមដែរ ទ្រង់បានធ្វើឲ្យមានប្រាក់សម្បូរ ដូចជាថ្មនៅក្នុងក្រុងយេរូសាឡិម ហើយឲ្យមានដើមតាត្រៅសម្បូរដូចជាដើមឧទុម្ពរ ដែលដុះនៅដីទំនាប ឯអស់ទាំងសេះរបស់សាឡូម៉ូន នោះបានយកមកពីស្រុកអេស៊ីព្ទ ពួកជំនួញរបស់ស្តេចគេទិញមកទាំងហ្វូង តាមដំឡៃ១ហ្វូងៗ គេក៏នាំរទេះចំបាំងពីស្រុកអេស៊ីព្ទមក ១ថ្លៃ៦០០រៀល ហើយសេះ១ថ្លៃ១៥០ គេក៏ទិញដឹកនាំមក សំរាប់ឲ្យអស់ទាំងស្តេចនៃសាសន៍ហេត នឹងពួកស្តេចស្រុកស៊ីរីយ៉ាងដូច្នោះដែរ។