១ យ៉ូហាន 5:9-12
១ យ៉ូហាន 5:9-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើយើងបានទទួលទីបន្ទាល់របស់មនុស្ស នោះទីបន្ទាល់របស់ព្រះ រឹតតែធំជាងនោះទៅទៀត ដ្បិតទីបន្ទាល់របស់ព្រះ គឺព្រះអង្គធ្វើបន្ទាល់អំពីព្រះរាជបុត្រារបស់ព្រះអង្គ។ អ្នកណាដែលជឿដល់ព្រះរាជបុត្រារបស់ព្រះ អ្នកនោះមានទីបន្ទាល់នៅក្នុងខ្លួនហើយ។ អ្នកណាដែលមិនជឿព្រះ អ្នកនោះបានធ្វើឲ្យព្រះអង្គត្រឡប់ជាអ្នកកុហកវិញ ព្រោះគេមិនបានជឿដល់ទីបន្ទាល់ដែលព្រះបានធ្វើ អំពីព្រះរាជបុត្រារបស់ព្រះអង្គ។ ឯទីបន្ទាល់នោះគឺថា ព្រះបានប្រទានជីវិតអស់កល្បជានិច្ចមកយើង ហើយជីវិតនេះ គឺនៅក្នុងព្រះរាជបុត្រារបស់ព្រះអង្គ។ អ្នកណាដែលមានព្រះរាជបុត្រា អ្នកនោះមានជីវិត អ្នកណាដែលគ្មានព្រះរាជបុត្រារបស់ព្រះ អ្នកនោះគ្មានជីវិតឡើយ។
១ យ៉ូហាន 5:9-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់បានផ្ដល់សក្ខីភាពអំពីព្រះបុត្រារបស់ព្រះអង្គ។ យើងតែងតែទទួលស្គាល់សក្ខីភាពរបស់មនុស្ស រីឯសក្ខីភាពរបស់ព្រះជាម្ចាស់រឹងរឹតតែធំជាងនោះទៅទៀត។ អ្នកណាជឿលើព្រះបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះមានសក្ខីភាពរបស់ព្រះអង្គនៅក្នុងខ្លួន អ្នកណាមិនជឿព្រះជាម្ចាស់ទេ អ្នកនោះចាត់ទុកថា ព្រះអង្គកុហកទៅវិញ ព្រោះគេមិនជឿលើសក្ខីភាពដែលព្រះជាម្ចាស់បានប្រទានមក ស្ដីអំពីព្រះបុត្រារបស់ព្រះអង្គ។ រីឯសក្ខីភាពនោះមានដូចតទៅនេះ គឺព្រះជាម្ចាស់បានប្រទានជីវិតអស់កល្បជានិច្ចមកយើង ហើយជីវិតនេះស្ថិតនៅក្នុងព្រះបុត្រារបស់ព្រះអង្គ។ អ្នកណាមានព្រះបុត្រា អ្នកនោះក៏មានជីវិតដែរ ហើយអ្នកណាគ្មានព្រះបុត្រារបស់ព្រះជាម្ចាស់ទេ អ្នកនោះគ្មានជីវិតនេះឡើយ។
១ យ៉ូហាន 5:9-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើសិនជាយើងបានទទួលសេចក្ដីបន្ទាល់របស់មនុស្សទៅហើយ នោះសេចក្ដីបន្ទាល់របស់ព្រះ ក៏ប្រសើរជាងទៅទៀត ដ្បិតសេចក្ដីបន្ទាល់របស់ព្រះ គឺជាសេចក្ដីដែលទ្រង់ថ្លែងប្រាប់ ពីព្រះរាជបុត្រានៃទ្រង់ អ្នកណាដែលជឿដល់ព្រះរាជបុត្រានៃព្រះ នោះមានសេចក្ដីបន្ទាល់នៅក្នុងខ្លួនហើយ តែអ្នកណាដែលមិនជឿដល់ព្រះសោះ នោះឈ្មោះថា បានធ្វើឲ្យទ្រង់ទៅជាអ្នកកុហកវិញ ពីព្រោះមិនបានជឿដល់សេចក្ដីបន្ទាល់ ដែលទ្រង់បានធ្វើពីដំណើរព្រះរាជបុត្រានៃទ្រង់ នេះហើយជាសេចក្ដីបន្ទាល់នោះ គឺថា ព្រះទ្រង់បានប្រទានជីវិតដ៏នៅអស់កល្បជានិច្ចមកយើងរាល់គ្នា ហើយជីវិតនោះ គឺនៅក្នុងព្រះរាជបុត្រានៃទ្រង់ ឯអ្នកណាដែលមានព្រះរាជបុត្រា នោះក៏មានជីវិតដែរ តែអ្នកណាដែលគ្មានព្រះរាជបុត្រានៃព្រះទេ នោះគ្មានជីវិតឡើយ។