១ យ៉ូហាន 5:13-16
១ យ៉ូហាន 5:13-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដែលជឿដល់ព្រះនាមព្រះរាជបុត្រារបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ចហើយ។ នេះជាទំនុកចិត្តដែលយើងមានចំពោះព្រះអង្គ គឺថា បើយើងទូលសូមអ្វីស្របតាមព្រះហឫទ័យព្រះអង្គ នោះព្រះអង្គនឹងស្តាប់យើង។ បើយើងដឹងថា ព្រះអង្គស្តាប់យើងក្នុងការអ្វីដែលយើងទូលសូម នោះយើងដឹងថា យើងបានអ្វីដែលយើងបានសូមពីព្រះអង្គនោះហើយ។ ប្រសិនបើអ្នកណាម្នាក់ឃើញបងប្អូនរបស់ខ្លួនកំពុងធ្វើបាប ដែលមិនមានទោសដល់ស្លាប់ អ្នកនោះត្រូវទូលសូម ហើយព្រះនឹងប្រទានជីវិតដល់អ្នកដែលធ្វើបាប គឺដល់អ្នកដែលមិនមានទោសដល់ស្លាប់នោះ។ មានបាបម៉្យាងដែលមានទោសដល់ស្លាប់ ហើយបាបនោះខ្ញុំមិនសុំឲ្យសូមអង្វរឲ្យទេ។
១ យ៉ូហាន 5:13-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំសរសេរសេចក្ដីនេះមកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាដែលជឿលើព្រះនាមព្រះបុត្រារបស់ព្រះជាម្ចាស់ មានជីវិតអស់កល្បជានិច្ចហើយ។ ហេតុនេះហើយបានជាយើងមានចិត្តរឹងប៉ឹងនៅចំពោះព្រះភ័ក្ត្រព្រះអង្គ គឺថា ប្រសិនបើយើងទូលសូមអ្វីស្របតាមព្រះហឫទ័យរបស់ព្រះអង្គ នោះព្រះអង្គនឹងព្រះសណ្ដាប់យើងជាមិនខាន។ បើយើងដឹងថា ព្រះអង្គទ្រង់ព្រះសណ្ដាប់យើង ទោះបីយើងទូលសូមអ្វីពីព្រះអង្គក៏ដោយ យើងដឹងថា យើងបានទទួលអ្វីៗដែលយើងទូលសូមនោះរួចហើយ។ ប្រសិនបើអ្នកណាម្នាក់ឃើញបងប្អូនប្រព្រឹត្តអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ ត្រូវតែទូលអង្វរព្រះជាម្ចាស់ ហើយព្រះអង្គនឹងប្រទានជីវិតឲ្យបងប្អូននោះ។ ខ្ញុំនិយាយតែពីអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ប៉ុណ្ណោះ។ មានអំពើបាបម្យ៉ាងដែលបណ្ដាលឲ្យស្លាប់ ចំពោះអំពើបាបនោះ ខ្ញុំមិនសុំឲ្យទូលអង្វរទេ។
១ យ៉ូហាន 5:13-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំបានសរសេរសេចក្ដីទាំងនេះ ផ្ញើមកអ្នករាល់គ្នា ដែលជឿដល់ព្រះនាមព្រះរាជបុត្រានៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ចហើយ យើងក៏មានសេចក្ដីក្លាហាន ដល់ទ្រង់យ៉ាងដូច្នេះដែរ គឺថា បើយើងនឹងសូមអ្វី ដែលត្រូវតាមព្រះហឫទ័យទ្រង់ នោះទ្រង់នឹងទទួលព្រម បើយើងដឹងថា ទ្រង់ទទួលព្រមតាមយើង ក្នុងការអ្វីដែលយើងសូមដូច្នេះ នោះយើងក៏ដឹងថា យើងបានអ្វីដែលយើងសូមពីទ្រង់ហើយដែរ។ បើអ្នកណាឃើញបងប្អូនកំពុងតែធ្វើបាប គឺជាបាបដែលមិនមានទោសដល់ស្លាប់ទេ នោះត្រូវសូមចុះ ទ្រង់នឹងប្រទានជីវិតមកដល់អស់អ្នកធ្វើបាប ដែលមិនមែនមានទោសដល់ស្លាប់នោះជាពិត តែមានបាបម្យ៉ាងដែលមានទោសដល់ស្លាប់វិញ ឯបាបនោះខ្ញុំមិនថា ឲ្យសូមអង្វរឲ្យទេ