១ យ៉ូហាន 4:10-12
១ យ៉ូហាន 4:10-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះហើយជាសេចក្ដីស្រឡាញ់ មិនមែនថាយើងបានស្រឡាញ់ព្រះនោះទេ គឺព្រះអង្គបានស្រឡាញ់យើង ហើយបានចាត់ព្រះរាជបុត្រាព្រះអង្គមក ទុកជាតង្វាយលោះបាបយើងផង។ ពួកស្ងួនភ្ងាអើយ បើព្រះបានស្រឡាញ់យើងខ្លាំងដល់ម៉្លេះ នោះយើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។ គ្មានអ្នកណាដែលឃើញព្រះឡើយ តែបើយើងស្រឡាញ់គ្នាទៅវិញទៅមក នោះព្រះទ្រង់គង់នៅក្នុងយើង ហើយសេចក្ដីស្រឡាញ់របស់ព្រះអង្គក៏នឹងពេញខ្នាតនៅក្នុងយើងដែរ។
១ យ៉ូហាន 4:10-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់មានដូចតទៅនេះ មិនមែនយើងទេដែលបានស្រឡាញ់ព្រះអង្គ គឺព្រះអង្គទេតើដែលបានស្រឡាញ់យើង និងបានចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យយាងមកបូជាព្រះជន្ម លោះយើងឲ្យរួចពីបាបផង។ កូនចៅជាទីស្រឡាញ់អើយ ប្រសិនបើព្រះជាម្ចាស់បានស្រឡាញ់យើងដល់កម្រិតនេះទៅហើយ យើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។ ពុំដែលមាននរណាបានឃើញព្រះជាម្ចាស់ឡើយ។ ប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមក ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងយើង ហើយព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គនឹងបានគ្រប់លក្ខណៈនៅក្នុងយើងដែរ។
១ យ៉ូហាន 4:10-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះហើយជាសេចក្ដីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក ទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង ពួកស្ងួនភ្ងាអើយ បើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងទាំងម៉្លេះ នោះត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកដែរ គ្មានអ្នកណាដែលឃើញព្រះឡើយ តែបើយើងស្រឡាញ់គ្នាទៅវិញទៅមក នោះព្រះទ្រង់គង់នៅក្នុងយើង ហើយសេចក្ដីស្រឡាញ់របស់ទ្រង់ បានពេញខ្នាតក្នុងយើងដែរ

