១ យ៉ូហាន 4:1-21

១ យ៉ូហាន 4:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​វិញ្ញាណ​ឡើយ គឺ​ត្រូវ​ល្បង​មើល​ឲ្យ​ស្គាល់​វិញ្ញាណ​ទាំង​នោះ​វិញ ដើម្បី​ឲ្យ​ដឹង​ថា វិញ្ញាណ​នេះ​មក​ពី​ព្រះ​ឬ​យ៉ាង​ណា ដ្បិត​មាន​ហោរា​ក្លែង‌ក្លាយ​ជា​ច្រើន​បាន​ចេញ​មក​ក្នុង​លោកីយ៍​នេះ​ហើយ។ យើង​ស្គាល់​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ដោយ​សារ​សេចក្ដីនេះ គឺ​អស់​ទាំង​វិញ្ញាណ​ណា​ដែល​ប្រកាស​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម វិញ្ញាណ​នោះ​ហើយ​មក​ពី​ព្រះ តែ​វិញ្ញាណ​ណា​ដែល​មិន​ព្រម​ប្រកាស​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម​ទេ នោះ​មិន​មក​ពី​ព្រះ​ឡើយ គឺ​ជា​វិញ្ញាណ​របស់​អា​ទទឹង​ព្រះ‌គ្រីស្ទ​វិញ ជា​វិញ្ញាណ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ថា កំពុង​តែ​មក ហើយ​ឥឡូវ​នេះ​នៅ​ក្នុង​លោកីយ៍​ស្រាប់។ ពួក​កូន​តូចៗ​អើយ អ្នក​រាល់​គ្នា​មក​ពី​ព្រះ ហើយ​ក៏​ឈ្នះ​វិញ្ញាណ​ទាំង​នោះ​ដែរ ព្រោះ​ព្រះ‌អង្គ​ដែល​គង់​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​ធំ​ជាង​អា​មួយ​នោះ ដែល​នៅ​ក្នុង​លោកីយ៍​នេះ​ទៅ​ទៀត។ ពួក​នោះ​មក​ពី​លោកីយ៍ ហេតុ​នេះ​ហើយ​បាន​ជា​ពាក្យ​សម្ដី​ដែល​គេ​និយាយ​ចេញពី​លោកីយ៍ ហើយ​លោកីយ៍​ក៏​ស្តាប់​គេ​ដែរ។ ឯ​យើងវិញ យើង​មក​ពី​ព្រះ ហើយ​អ្នក​ណា​ដែល​ស្គាល់​ព្រះ អ្នក​នោះ​ក៏​ស្តាប់​យើង​ដែរ តែ​អ្នក​ណា​ដែល​មិន​មក​ពី​ព្រះ អ្នក​នោះ​មិន​ស្តាប់​យើង​ឡើយ គឺ​ដោយ​សារ​សេចក្ដីនេះ​ឯង ដែល​យើង​ស្គាល់​វិញ្ញាណ​នៃ​សេចក្ដី​ពិត និង​វិញ្ញាណ​នៃ​សេចក្ដី​ខុស​ឆ្គង​ទៅ​បាន។ ពួក​ស្ងួន‌ភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្ដី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​មក​ពី​ព្រះ ហើយ​ក៏​ស្គាល់​ព្រះ​ដែរ។ អ្នក​ណា​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​មិន​ស្គាល់​ព្រះ​ទេ ព្រោះ​ព្រះ‌ទ្រង់​ជា​សេចក្ដី​ស្រឡាញ់។ នេះ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​បាន​សម្តែង​មកក្នុង​ចំណោម​យើង គឺ​ព្រះ‌បាន​ចាត់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ​តែ​មួយឲ្យ​មក​ក្នុង​លោក​នេះ ដើម្បី​ឲ្យ​យើង​បាន​រស់​ដោយ​សារ​ព្រះ‌រាជ​បុត្រា។ នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់ មិន​មែន​ថា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ព្រះ‌អង្គ​បាន​ស្រឡាញ់​យើង ហើយ​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​មក ទុក​ជា​តង្វាយ​លោះ​បាប​យើង​ផង។ ពួក​ស្ងួន‌ភ្ងា​អើយ បើ​ព្រះ​បាន​ស្រឡាញ់​យើង​ខ្លាំង​ដល់​ម៉្លេះ នោះ​យើងក៏​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ តែ​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ព្រះ‌ទ្រង់​គង់​នៅ​ក្នុង​យើង ហើយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ក៏​នឹង​ពេញ​ខ្នាតនៅ​ក្នុង​យើង​ដែរ។ យើង​ដឹងដោយ​សារ​សេចក្ដី​នេះ​ថា យើង​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ស្ថិត​នៅ​ជាប់​ក្នុង​យើង ព្រោះ​ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ​មក​យើង។ យើង​បាន​ឃើញ ហើយ​ក៏​ធ្វើ​បន្ទាល់​ថា ព្រះ‌វរ‌បិតា​បាន​ចាត់​ព្រះ‌រាជ‌បុត្រា មកធ្វើ​ជា​ព្រះ‌សង្គ្រោះ​របស់​មនុស្ស​លោក។ អ្នក​ណា​ដែល​ប្រកាស​ថា ព្រះ‌យេ‌ស៊ូវ​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ព្រះ​ស្ថិត​នៅជាប់​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​ក៏​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ​ដែរ។ យើង​បាន​ស្គាល់ ហើយ​ក៏​ជឿ​ចំពោះ​សេចក្ដី​ស្រឡាញ់ ដែល​ព្រះ‌អង្គ​មាន​សម្រាប់​យើង។ ព្រះ‌ទ្រង់​ជា​សេចក្ដី​ស្រឡាញ់ ហើយ​អ្នក​ណា​ដែល​ស្ថិត​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ ហើយ​ព្រះក៏​ស្ថិត​នៅជាប់​ក្នុង​អ្នក​នោះ​ដែរ។ ដោយ​សារ​សេចក្ដី​នេះ​ហើយ ដែល​សេចក្ដី​ស្រឡាញ់​បាន​ពេញ​ខ្នាត​ក្នុង​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​ក្លា‌ហាន​នៅ​ថ្ងៃ​ជំនុំ​ជម្រះ ដ្បិត​ដែល​ព្រះ‌ទ្រង់​ជា​យ៉ាង​ណា នោះ​យើង​ក៏​យ៉ាង​នោះ​នៅ​ក្នុង​លោក​នេះ​ដែរ។ គ្មាន​សេចក្ដី​ភ័យ​ខ្លាច​ណានៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ឡើយ តែ​សេចក្ដី​ស្រឡាញ់​ដែល​ពេញ​ខ្នាត នោះ​បណ្តេញ​ការ​ភ័យ​ខ្លាច​ចេញ ដ្បិត​ការ​ភ័យ​ខ្លាច​តែង​ជាប់​មាន​ទោស ហើយ​អ្នក​ណា​ដែល​ភ័យ​ខ្លាច អ្នក​នោះ​មិន​ទាន់​បាន​ពេញ​ខ្នាតនៅ​ក្នុង​សេចក្ដី​ស្រឡាញ់​នៅ​ឡើយ​ទេ។ ឯ​យើងវិញ យើង​ស្រឡាញ់​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​ស្រឡាញ់​យើង​ជា​មុន។ ប្រសិន‌បើ​អ្នក​ណា​ពោល​ថា «ខ្ញុំ​ស្រឡាញ់​ព្រះ» តែ​ស្អប់​បង‌ប្អូន​របស់ខ្លួន អ្នក​នោះ​ជា​អ្នក​កុហក ដ្បិត​អ្នក​ណា​មិន​ស្រឡាញ់​បង‌ប្អូន​របស់​ខ្លួនដែល​មើល​ឃើញ អ្នក​នោះ​ក៏​ពុំ​អាច​ស្រឡាញ់​ព្រះ ដែល​ខ្លួន​មើល​មិន​ឃើញ​នោះ​បាន​ដែរ។ យើង​បាន​ទទួល​បទ‌បញ្ជា​នេះ​មក​ពី​ព្រះ‌អង្គ​ថា អ្នក​ណា​ដែល​ស្រឡាញ់​ព្រះ អ្នក​នោះ​ក៏​ត្រូវ​តែ​ស្រឡាញ់​បង‌ប្អូន​របស់​ខ្លួន​ដែរ។

ចែក​រំលែក
អាន ១ យ៉ូហាន 4

១ យ៉ូហាន 4:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ សូម​កុំ​ជឿ​អស់​អ្នក​ដែល​ថា ខ្លួន​មាន​ព្រះ‌វិញ្ញាណ​គង់​នៅ​ជា​មួយ​នោះ​ឡើយ ត្រូវ​ល្បង‌ល​គេ​មើល ដើម្បី​ឲ្យ​ដឹង​ថា វិញ្ញាណ​នេះ​មក​ពី​ព្រះ‌ជា‌ម្ចាស់​មែន ឬ​យ៉ាង​ណា ដ្បិត​មាន​ព្យាការី*​ក្លែងក្លាយ​ជា​ច្រើន​បាន​មក​ក្នុង​លោក​នេះ។ បងប្អូន​អាច​ស្គាល់​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់​បាន​នៅ​ត្រង់​នេះ គឺ​អ្នក​ណា​ប្រកាស​ជំនឿ​ថា ព្រះ‌យេស៊ូ‌គ្រិស្ត*​បាន​យាង​មក​កើត​ជា​មនុស្ស អ្នក​នោះ​មាន​ព្រះ‌វិញ្ញាណ​មក​ពី​ព្រះ‌ជា‌ម្ចាស់​មែន តែ​អ្នក​ណា​មិន​ទទួល​ស្គាល់​ថា​ព្រះ‌យេស៊ូ​កើត​មក​ជា​មនុស្ស​ទេ អ្នក​នោះ​មិន​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់​ឡើយ គឺ​មក​ពី​មេ​ប្រឆាំង​ព្រះ‌គ្រិស្ត​វិញ ដូច​អ្នក​រាល់​គ្នា​បាន​ទទួល​ដំណឹង​ថា មាន​មេ​ប្រឆាំង​នឹង​ព្រះ‌គ្រិស្ត​កំពុង​តែ​មក ឥឡូវ​នេះ គេ​ក៏​នៅ​ក្នុង​ពិភព​លោក​ស្រាប់។ កូន​ចៅ​អើយ អ្នក​រាល់​គ្នា​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់ ហើយ​អ្នក​រាល់​គ្នា​បាន​ឈ្នះ​ព្យាការី*​ក្លែងក្លាយ​ទាំង​នោះ ដ្បិត​ព្រះអង្គ​ដែល​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា ព្រះអង្គ​មាន​អំណាច​ធំ​ជាង​ម្ចាស់​លោកីយ៍​នេះ​ទៅ​ទៀត។ អ្នក​ទាំង​នោះ​កើត​មក​ពី​លោកីយ៍ ហេតុ​នេះ​ហើយ​បាន​ជា​ពាក្យ​សម្ដី​របស់​គេ​ចេញ​ពី​លោកីយ៍ ហើយ​មនុស្ស​លោក​ស្ដាប់​គេ។ រីឯ​យើង​វិញ យើង​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់ អ្នក​ណា​ស្គាល់​ព្រះ‌ជា‌ម្ចាស់ អ្នក​នោះ​ក៏​ស្ដាប់​យើង​ដែរ អ្នក​ណា​មិន​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់​ទេ អ្នក​នោះ​មិន​ស្ដាប់​យើង​ឡើយ គឺ​ត្រង់​ហ្នឹង​ហើយ​ដែល​យើង​អាច​ដឹង​ថា ព្រះ‌វិញ្ញាណ​សម្តែង​សេចក្ដី​ពិត ខុស​ពី​វិញ្ញាណ​ដែល​នាំ​ឲ្យ​វង្វេង​នោះ​យ៉ាង​ណា។ កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​សេចក្ដី​ស្រឡាញ់​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់។ អ្នក​ណា​មាន​ចិត្ត​ស្រឡាញ់ អ្នក​នោះ​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់ ហើយ​ក៏​ស្គាល់​ព្រះ‌ជា‌ម្ចាស់​ដែរ។ រីឯ​អ្នក​ដែល​មិន​ចេះ​ស្រឡាញ់ មិន​បាន​ស្គាល់​ព្រះ‌ជា‌ម្ចាស់​ទេ ដ្បិត​ព្រះ‌ជា‌ម្ចាស់​ជា​សេចក្ដី​ស្រឡាញ់។ ព្រះ‌ជា‌ម្ចាស់​បាន​សម្តែង​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ​ក្នុង​ចំណោម​យើង គឺ​ព្រះអង្គ​បាន​ចាត់​ព្រះ‌បុត្រា​តែ​មួយ​គត់​របស់​ព្រះអង្គ​ឲ្យ​យាង​មក​ក្នុង​លោក​នេះ ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ដោយ‌សារ​ព្រះ‌បុត្រា។ សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់​មាន​ដូច​ត​ទៅ​នេះ មិន​មែន​យើង​ទេ​ដែល​បាន​ស្រឡាញ់​ព្រះអង្គ គឺ​ព្រះអង្គ​ទេ​តើ​ដែល​បាន​ស្រឡាញ់​យើង និង​បាន​ចាត់​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ឲ្យ​យាង​មក​បូជា​ព្រះ‌ជន្ម លោះ​យើង​ឲ្យ​រួច​ពី​បាប​ផង។ កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​បាន​ស្រឡាញ់​យើង​ដល់​កម្រិត​នេះ​ទៅ​ហើយ យើង​ក៏​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ពុំ​ដែល​មាន​នរណា​បាន​ឃើញ​ព្រះ‌ជា‌ម្ចាស់​ឡើយ។ ប្រសិន​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​ជាប់​នឹង​យើង ហើយ​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ​នឹង​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​យើង​ដែរ។ យើង​ដឹង​ថា យើង​ស្ថិត​នៅ​ជាប់​នឹង​ព្រះអង្គ ហើយ​ព្រះអង្គ​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយ​ព្រះអង្គ​បាន​ចែក​ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ​មក​យើង។ រីឯ​យើង​វិញ យើង​បាន​ឃើញ ហើយ​យើង​ផ្ដល់​សក្ខីភាព​ថា ព្រះ‌បិតា​បាន​ចាត់​ព្រះ‌បុត្រា​ឲ្យ​យាង​មក​សង្គ្រោះ​មនុស្ស​លោក។ អ្នក​ណា​ប្រកាស​ជំនឿ​ថា​ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់ ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ ហើយ​អ្នក​នោះ​ក៏​ស្ថិត​នៅ​ជាប់​នឹង​ព្រះអង្គ​ដែរ។ រីឯ​យើង​វិញ យើង​បាន​ស្គាល់​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់ ក្នុង​ចំណោម​យើង ហើយ​យើង​ក៏​បាន​ជឿ។ ព្រះ‌ជា‌ម្ចាស់​ជា​សេចក្ដី​ស្រឡាញ់ អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ជា‌ម្ចាស់ ហើយ​ព្រះ‌ជា‌ម្ចាស់​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។ បើ​សេចក្ដី​ស្រឡាញ់​ពិត​ជា​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​យើង​មែន នោះ​យើង​នឹង​មាន​ចិត្ត​រឹង‌ប៉ឹង នៅ​ថ្ងៃ​ព្រះ‌ជា‌ម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ដ្បិត​ក្នុង​លោក​នេះ យើង​មាន​របៀប​រស់​នៅ​ដូច​ព្រះ‌យេស៊ូ​ដែរ។ បើ​យើង​មាន​សេចក្ដី​ស្រឡាញ់​ក្នុង​ខ្លួន យើង​ឥត​មាន​ភ័យ​ខ្លាច​ទេ តែ​សេចក្ដី​ស្រឡាញ់​ដ៏​គ្រប់​លក្ខណៈ បណ្ដេញ​ការ​ភ័យ​ខ្លាច​ឲ្យ​ចេញ​ផុត​ទៅ​បាន​ថែម​ទៀត​ផង។ អ្នក​ណា​នៅ​ភ័យ​ខ្លាច អ្នក​នោះ​តែងតែ​ខ្លាច​ទទួល​ទណ្ឌ‌កម្ម ដូច្នេះ សេចក្ដី​ស្រឡាញ់​ពុំ​ទាន់​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​ខ្លួន​គេ​ឡើយ។ រីឯ​យើង​វិញ យើង​មាន​ចិត្ត​ស្រឡាញ់ ព្រោះ​ព្រះអង្គ​បាន​ស្រឡាញ់​យើង​ជា​មុន។ បើ​នរណា​ម្នាក់​ពោល​ថា “ខ្ញុំ​ស្រឡាញ់​ព្រះ‌ជា‌ម្ចាស់” តែ​ស្អប់​បងប្អូន​របស់​ខ្លួន អ្នក​នោះ​និយាយ​កុហក​ហើយ។ អ្នក​ណា​មិន​ស្រឡាញ់​បងប្អូន​ដែល​ខ្លួន​មើល​ឃើញ ក៏​ពុំ​អាច​ស្រឡាញ់​ព្រះ‌ជា‌ម្ចាស់​ដែល​ខ្លួន​មើល​ពុំ​ឃើញ​នោះ​ដែរ។ យើង​បាន​ទទួល​បទ​បញ្ជា​នេះ​ពី​ព្រះអង្គ​ថា «អ្នក​ណា​ស្រឡាញ់​ព្រះ‌ជា‌ម្ចាស់ អ្នក​នោះ​ក៏​ត្រូវ​ស្រឡាញ់​បងប្អូន​ដែរ»។

ចែក​រំលែក
អាន ១ យ៉ូហាន 4

១ យ៉ូហាន 4:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​វិញ្ញាណ​ឡើយ ចូរ​ល្បង​វិញ្ញាណ​ទាំង​អស់​វិញ ដើម្បី​ឲ្យ​បាន​ដឹង​ជា​មក​ពី​ព្រះ ឬ​មិន​មែន ដ្បិត​មាន​ហោរា​ក្លែង‌ក្លាយ​ជា​ច្រើន​កើត​មក​ក្នុង​លោកីយ​នេះ​ហើយ យើង​នឹង​សំគាល់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​បាន​ដូច្នេះ គឺ​អស់​ទាំង​វិញ្ញាណ​ណា​ដែល​ថ្លែង​ប្រាប់​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម គឺ​វិញ្ញាណ​នោះ​ហើយ ដែល​មក​ពី​ព្រះ តែ​វិញ្ញាណ​ណា​ដែល​មិន​ព្រម​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម​ទេ នោះ​មិន​មែន​មក​ពី​ព្រះ​ឡើយ គឺ​ជា​វិញ្ញាណ​របស់​អា​ទទឹង​នឹង​ព្រះ‌គ្រីស្ទ​វិញ ដែល​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ថា ត្រូវ​មក តែ​ឥឡូវ​នេះ ក៏​នៅ​ក្នុង​លោកីយ​ហើយ ពួក​កូន​តូចៗ​អើយ អ្នក​រាល់​គ្នា​មក​ពី​ព្រះ ហើយ​ក៏​ឈ្នះ​វិញ្ញាណ​ទាំង​នោះ​ដែរ ពី​ព្រោះ​ព្រះ​ដែល​គង់​ក្នុង​អ្នក​រាល់​គ្នា នោះ​ទ្រង់​ធំ​ជាង​អា​នោះ ដែល​នៅ​ក្នុង​លោកីយ​ផង ពួក​នោះ​មក​ពី​លោកីយ​ទេ ដោយ​ហេតុ​នោះ​បាន​ជា​គេ​និយាយ​តាម​ភាព​លោកីយ ហើយ​លោកីយ​ក៏​ស្តាប់​គេ​ដែរ ឯ​យើង​រាល់​គ្នា ជា​អ្នក​មក​ពី​ព្រះ​វិញ ហើយ​អ្នក​ណា​ដែល​ស្គាល់​ព្រះ​នោះ​ក៏​ស្តាប់​យើង​ខ្ញុំ តែ​អ្នក​ណា​ដែល​មិន​មក​ពី​ព្រះ​ទេ នោះ​មិន​ព្រម​ស្តាប់​យើង​ខ្ញុំ​ឡើយ គឺ​យ៉ាង​នោះ​ឯង ដែល​យើង​នឹង​ស្គាល់​វិញ្ញាណ​នៃ​សេចក្ដី​ពិត នឹង​វិញ្ញាណ​នៃ​សេចក្ដី​ខុស‌ឆ្គង​ទៅ​បាន។ ពួក​ស្ងួន‌ភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្ដី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​ស្រឡាញ់ នោះ​ឈ្មោះ​ថា​មក​ពី​ព្រះ ហើយ​ក៏​ស្គាល់​ទ្រង់​ដែរ តែ​អ្នក​ណា​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​មិន​ស្គាល់​ព្រះ​វិញ ពី​ព្រោះ​ព្រះ‌ទ្រង់​ជា​សេចក្ដី​ស្រឡាញ់​នោះ​ឯង សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​សំដែង​មក ឲ្យ​យើង​ខ្ញុំ​ស្គាល់ ដោយ​ទ្រង់​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​តែ​១ ឲ្យ​មក​ក្នុង​លោកីយ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​ដោយ‌សារ​ទ្រង់ នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់ មិន​មែន​ជា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ទ្រង់​បាន​ស្រឡាញ់​យើង​វិញ​ទេ​តើ ហើយ​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​ឲ្យ​មក ទុក​ជា​ដង្វាយ​ឲ្យ​ធួន​នឹង​បាប​យើង​រាល់​គ្នា​ផង ពួក​ស្ងួន‌ភ្ងា​អើយ បើ​ព្រះ​បាន​ស្រឡាញ់​យើង​រាល់​គ្នា​ជា​ខ្លាំង​ទាំង​ម៉្លេះ នោះ​ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ តែ​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ព្រះ‌ទ្រង់​គង់​នៅ​ក្នុង​យើង ហើយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ បាន​ពេញ​ខ្នាត​ក្នុង​យើង​ដែរ គឺ​យ៉ាង​នោះ​ឯង​ដែល​យើង​ដឹង​ថា យើង​នៅ​ជាប់​ក្នុង​ទ្រង់ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​យើង ពី​ព្រោះ​ទ្រង់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​ទ្រង់​មក​យើង​រាល់​គ្នា ហើយ​យើង​បាន​ឃើញ ក៏​ធ្វើ​បន្ទាល់​ថា ព្រះវរ‌បិតា​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​មក ធ្វើ​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​មនុស្ស​លោក។ អ្នក​ណា​ដែល​យល់​ព្រម​ថា ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ អ្នក​នោះ​ឈ្មោះ​ថា មាន​ព្រះ​គង់​នៅ​ក្នុង​ខ្លួន​ពិត ហើយ​ខ្លួន​ក៏​នៅ​ក្នុង​ព្រះ​ដែរ យើង​រាល់​គ្នា​បាន​ស្គាល់ ហើយ​ក៏​ជឿ​ចំពោះ​សេចក្ដី​ស្រឡាញ់ ដែល​ព្រះ‌ទ្រង់​មាន​ដល់​យើង ព្រះ‌ទ្រង់​ជា​តួ​សេចក្ដី​ស្រឡាញ់ ឯ​អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់ នោះ​ក៏​បាន​នៅ​ជាប់​ក្នុង​ព្រះ ហើយ​ព្រះ‌ទ្រង់​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ គឺ​យ៉ាង​នោះ​ហើយ ដែល​សេចក្ដី​ស្រឡាញ់​បាន​ពេញ​ខ្នាត​ក្នុង​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​ក្លាហាន​នៅ​ថ្ងៃ​ជំនុំ​ជំរះ ដ្បិត​ដែល​ព្រះ‌ទ្រង់​ជា​យ៉ាង​ណា នោះ​យើង​រាល់​គ្នា​ក៏​យ៉ាង​នោះ​នៅ​ក្នុង​លោកីយ​នេះ​ដែរ គ្មាន​សេចក្ដី​ភ័យ​ខ្លាច​ណា​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ឡើយ សេចក្ដី​ស្រឡាញ់​ដែល​ពេញ​ខ្នាត នោះ​បណ្តេញ​សេចក្ដី​ភ័យ​ខ្លាច​ចេញ ពី​ព្រោះ​សេចក្ដី​ភ័យ​ខ្លាច​តែង​ជាប់​មាន​សេចក្ដី​វេទនា ហើយ​អ្នក​ណា​ដែល​មាន​សេចក្ដី​ភ័យ​ខ្លាច នោះ​មិន​ទាន់​បាន​ពេញ​ខ្នាត ខាង​ឯ​សេចក្ដី​ស្រឡាញ់​នៅ​ឡើយ​ទេ ឯ​យើង​រាល់​គ្នា យើង​ស្រឡាញ់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន។ បើ​អ្នក​ណា​ថា ខ្លួន​ស្រឡាញ់​ព្រះ តែ​ស្អប់​ដល់​បង​ប្អូន​វិញ អ្នក​នោះ​ជា​អ្នក​កុហក ដ្បិត​អ្នក​ណា​ដែល​មិន​ស្រឡាញ់​បង​ប្អូន ដែល​បាន​មើល​ឃើញ​ទៅ​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឡើយ ឲ្យ​ស្រឡាញ់​ដល់​ព្រះ ដែល​មើល​មិន​ឃើញ​ទៅ​បាន មួយ​ទៀត យើង​បាន​ទទួល​បញ្ញត្ត​នេះ​ពី​ព្រះ​មក​ថា អ្នក​ណា​ដែល​ស្រឡាញ់​ដល់​ព្រះ នោះ​ត្រូវ​តែ​ស្រឡាញ់​ដល់​បង​ប្អូន​ដែរ។

ចែក​រំលែក
អាន ១ យ៉ូហាន 4