១ យ៉ូហាន 3:10-18
១ យ៉ូហាន 3:10-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកណាជាកូនរបស់ព្រះ ហើយអ្នកណាជាកូនរបស់អារក្ស ត្រូវបានបង្ហាញឲ្យឃើញច្បាស់ដោយសារសេចក្ដីនេះ គឺអ្នកណាដែលមិនប្រព្រឹត្តអំពើសុចរិត អ្នកនោះមិនមែនមកពីព្រះទេ ហើយអ្នកណាមិនស្រឡាញ់បងប្អូនរបស់ខ្លួន ក៏មិនមែនមកពីព្រះដែរ។ ដ្បិតនេះជាដំណឹងដែលអ្នករាល់គ្នាបានឮពីដើមរៀងមក គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ មិនត្រូវឲ្យយើងដូចជាកាអ៊ីន ដែលមកពីមេកំណាច ហើយបានសម្លាប់ប្អូនរបស់ខ្លួននោះឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនរបស់ខ្លួនដូច្នេះ? ព្រោះអំពើដែលគាត់ប្រព្រឹត្តសុទ្ធតែអាក្រក់ ហើយអំពើដែលប្អូនរបស់គាត់ប្រព្រឹត្តសុទ្ធតែសុចរិត។ បងប្អូនអើយ ប្រសិនបើលោកីយ៍ស្អប់អ្នករាល់គ្នា នោះកុំឲ្យឆ្ងល់ឡើយ។ យើងដឹងហើយថា យើងបានកន្លងផុតពីសេចក្ដីស្លាប់ ទៅដល់ជីវិតហើយ ព្រោះយើងស្រឡាញ់ពួកបងប្អូន ឯអ្នកណាដែលមិនចេះស្រឡាញ់ អ្នកនោះនៅជាប់ក្នុងសេចក្ដីស្លាប់នៅឡើយ។ អ្នកណាដែលស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាឃាតក ហើយអ្នករាល់គ្នាដឹងហើយថា គ្មានឃាតកណាមួយមានជីវិតរស់អស់កល្បជានិច្ចនៅក្នុងខ្លួនឡើយ។ យើងស្គាល់សេចក្ដីស្រឡាញ់ដោយសារសេចក្ដីនេះ គឺព្រះអង្គបានស៊ូប្តូរព្រះជន្មរបស់ព្រះអង្គសម្រាប់យើង ដូច្នេះ យើងក៏ត្រូវប្តូរជីវិតរបស់យើងសម្រាប់បងប្អូនដែរ។ ប្រសិនបើអ្នកណាមានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូនណាដែលខ្វះខាត តែមិនចេះអាណិតអាសូរសោះ ធ្វើដូចម្តេចឲ្យសេចក្ដីស្រឡាញ់របស់ព្រះស្ថិតនៅក្នុងអ្នកនោះបាន? ពួកកូនតូចៗអើយ យើងមិនត្រូវស្រឡាញ់ដោយពាក្យសម្ដី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត និងសេចក្ដីពិតវិញ។
១ យ៉ូហាន 3:10-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ត្រង់ហ្នឹងហើយ ដែលបង្ហាញឲ្យឃើញច្បាស់ថា អ្នកណាជាបុត្ររបស់ព្រះជាម្ចាស់ អ្នកណាជាកូនចៅរបស់មារ*។ អ្នកណាមិនប្រព្រឹត្តអំពើសុចរិត* អ្នកនោះមិនមែនកើតមកពីព្រះជាម្ចាស់ទេ ហើយអ្នកណាមិនស្រឡាញ់បងប្អូន អ្នកនោះក៏មិនមែនកើតមកពីព្រះអង្គដែរ។ ដំណឹងដែលបងប្អូនបានទទួល តាំងពីដើមដំបូងរៀងមកនោះ គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ យើងមិនត្រូវធ្វើដូចកាអ៊ីន ដែលកើតចេញមកពីមារ*កំណាច ហើយបានកាត់កប្អូនរបស់ខ្លួននោះឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនដូច្នេះ? គឺមកពីអំពើដែលគាត់ធ្លាប់ប្រព្រឹត្តសុទ្ធតែអាក្រក់ រីឯអំពើដែលប្អូនរបស់គាត់ប្រព្រឹត្តសុទ្ធតែសុចរិត*។ បងប្អូនអើយ ប្រសិនបើមនុស្សលោកស្អប់បងប្អូន សូមកុំងឿងឆ្ងល់ឡើយ។ យើងដឹងហើយថា យើងបានឆ្លងផុតពីសេចក្ដីស្លាប់មកកាន់ជីវិត ព្រោះយើងចេះស្រឡាញ់បងប្អូន។ អ្នកណាមិនចេះស្រឡាញ់ អ្នកនោះស្ថិតនៅក្នុងសេចក្ដីស្លាប់។ អ្នកណាស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាឃាតករ។ បងប្អូនដឹងស្រាប់ហើយថា ឃាតករគ្មានជីវិតអស់កល្បជានិច្ចស្ថិតនៅក្នុងខ្លួនទេ។ យើងស្គាល់សេចក្ដីស្រឡាញ់ស្រាប់ហើយ គឺព្រះយេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គសម្រាប់យើង ហេតុនេះ យើងត្រូវបូជាជីវិតសម្រាប់បងប្អូនដែរ។ ប្រសិនបើនរណាម្នាក់មានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូនរបស់ខ្លួនខ្វះខាត តែបែរជាមិនអាណិតអាសូរគេទេនោះ ធ្វើដូចម្ដេចនឹងឲ្យសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ស្ថិតនៅក្នុងខ្លួនអ្នកនោះកើត! កូនចៅអើយ យើងមិនត្រូវស្រឡាញ់ត្រឹមតែបបូរមាត់ ឬពាក្យសម្ដីប៉ុណ្ណោះទេ គឺត្រូវស្រឡាញ់តាមអំពើដែលយើងប្រព្រឹត្ត និងតាមសេចក្ដីពិតវិញ។
១ យ៉ូហាន 3:10-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គឺយ៉ាងនោះហើយ ដែលនឹងសំគាល់ថាជាពួកកូនព្រះ ឬពួកកូនអារក្សទៅបាន ឯអ្នកណាដែលមិនប្រព្រឹត្តសេចក្ដីសុចរិត ហើយមិនស្រឡាញ់ដល់បងប្អូន នោះមិនមែនមកពីព្រះទេ ដ្បិតនេះឯងជាសេចក្ដី ដែលអ្នករាល់គ្នាបានឮពីដើមរៀងមក គឺថា ត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក មិនមែនដូចជាកាអ៊ីន ដែលកើតពីមេកំណាចមក ហើយបានសំឡាប់ប្អូនខ្លួននោះឡើយ ចុះតើហេតុអ្វីបានជាសំឡាប់ប្អូន គឺពីព្រោះតែការរបស់គាត់សុទ្ធតែអាក្រក់ ហើយការរបស់ប្អូនសុទ្ធតែល្អវិញប៉ុណ្ណោះ។ បងប្អូនអើយ បើលោកីយស្អប់អ្នករាល់គ្នា នោះកុំឲ្យឆ្ងល់ឡើយ យើងរាល់គ្នាដឹងថា យើងបានកន្លងផុតពីសេចក្ដីស្លាប់ ទៅដល់ជីវិតហើយ ពីព្រោះយើងស្រឡាញ់ដល់ពួកបងប្អូន ឯអ្នកណាដែលមិនស្រឡាញ់បងប្អូន អ្នកនោះជាអ្នកនៅជាប់ក្នុងសេចក្ដីស្លាប់នៅឡើយ អ្នកណាដែលមានចិត្តស្អប់ដល់បងប្អូន នោះឈ្មោះថាជាអ្នកសំឡាប់គេ ហើយអ្នករាល់គ្នាដឹងហើយ ថាគ្មានអ្នកសំឡាប់គេណាមួយ ដែលមានជីវិតដ៏រស់អស់កល្បជានិច្ចនៅក្នុងខ្លួនឡើយ ដោយសារសេចក្ដីនេះ យើងរាល់គ្នាបានស្គាល់សេចក្ដីស្រឡាញ់ គឺដោយទ្រង់បានស៊ូប្តូរព្រះជន្មទ្រង់ជំនួសយើង ដូច្នេះ គួរឲ្យយើងប្តូរជីវិតយើងជំនួសបងប្អូនដែរ បើអ្នកណាមានភោគសម្បត្តិរបស់លោកីយនេះ ហើយឃើញបងប្អូនណាដែលខ្វះខាត តែមិនចេះអាណិតមេត្តាសោះ នោះធ្វើដូចម្តេច ឲ្យសេចក្ដីស្រឡាញ់នៃព្រះ បានស្ថិតនៅក្នុងអ្នកនោះបាន។ ពួកកូនតូចៗអើយ យើងមិនត្រូវស្រឡាញ់ ដោយពាក្យសំដី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត នឹងសេចក្ដីពិតវិញ