១ យ៉ូហាន 3:1-7
១ យ៉ូហាន 3:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មើល៍! ព្រះវរបិតាបានប្រទានសេចក្ដីស្រឡាញ់យ៉ាងណាដល់យើង ដែលយើងមានឈ្មោះថាជាកូនរបស់ព្រះ ហើយយើងពិតជាកូនរបស់ព្រះអង្គមែន។ នេះហើយជាហេតុដែលលោកីយ៍មិនស្គាល់យើង ព្រោះលោកីយ៍មិនបានស្គាល់ព្រះអង្គទេ។ ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងជាកូនព្រះ ហើយដែលយើងនឹងបានទៅជាយ៉ាងណា នោះមិនទាន់បានសម្តែងមកនៅឡើយទេ ប៉ុន្តែ យើងដឹងថា នៅពេលព្រះអង្គលេចមក នោះយើងនឹងបានដូចព្រះអង្គ ដ្បិតដែលព្រះអង្គយ៉ាងណា នោះយើងនឹងឃើញព្រះអង្គយ៉ាងនោះឯង។ អស់អ្នកណាដែលមានសេចក្ដីសង្ឃឹមយ៉ាងនេះដល់ព្រះអង្គ អ្នកនោះតែងជម្រះខ្លួនឲ្យបានស្អាត ដូចព្រះអង្គដែលស្អាតដែរ។ អស់អ្នកដែលប្រព្រឹត្តអំពើបាប អ្នកនោះក៏ប្រព្រឹត្តរំលងក្រឹត្យវិន័យដែរ ដ្បិតអំពើបាបជាការរំលងក្រឹត្យវិន័យ។ អ្នករាល់គ្នាដឹងហើយថា ព្រះអង្គបានលេចមក ដើម្បីដកបាបយើងចេញ ហើយនៅក្នុងព្រះអង្គ គ្មានបាបសោះ។ អស់អ្នកដែលនៅជាប់ក្នុងព្រះអង្គ អ្នកនោះមិនធ្វើបាបទេ តែអ្នកដែលធ្វើបាប មិនបានឃើញព្រះអង្គឡើយ ក៏មិនស្គាល់ព្រះអង្គផង។ កូនតូចៗរាល់គ្នាអើយ កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាឡើយ។ អ្នកណាប្រព្រឹត្តអំពើសុចរិត អ្នកនោះជាមនុស្សសុចរិត ដូចព្រះអង្គដែលសុចរិតដែរ។
១ យ៉ូហាន 3:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមគិតមើល៍ ព្រះបិតាមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងដល់កម្រិតណា គឺព្រះអង្គស្រឡាញ់យើង រហូតដល់ទៅហៅយើងថា ជាបុត្ររបស់ព្រះអង្គ ហើយយើងពិតជាបុត្ររបស់ព្រះអង្គមែន! ហេតុនេះហើយបានជាមនុស្សលោកមិនស្គាល់យើង មកពីគេមិនបានស្គាល់ព្រះអង្គ។ កូនចៅជាទីស្រឡាញ់អើយ! ពេលនេះ យើងទាំងអស់គ្នាជាបុត្ររបស់ព្រះជាម្ចាស់ ហើយដែលយើងនឹងទៅជាយ៉ាងណាៗនោះ ព្រះអង្គពុំទាន់សម្តែងឲ្យយើងដឹងនៅឡើយទេ។ ប៉ុន្តែ នៅពេលព្រះគ្រិស្តយាងមកដល់ យើងនឹងបានដូចព្រះអង្គដែរ ដ្បិតព្រះអង្គមានភាពយ៉ាងណា យើងនឹងឃើញព្រះអង្គយ៉ាងនោះ។ អ្នកណាមានសេចក្ដីសង្ឃឹមលើព្រះអង្គបែបនេះ អ្នកនោះបានជម្រះខ្លួនឲ្យបរិសុទ្ធ* ដូចព្រះអង្គបរិសុទ្ធដែរ។ អ្នកណាប្រព្រឹត្តអំពើបាប* អ្នកនោះបំពានលើវិន័យ* ដ្បិតអំពើបាបជាការបំពានលើវិន័យ។ អ្នករាល់គ្នាដឹងស្រាប់ហើយថា ព្រះយេស៊ូយាងមកដើម្បីដកបាបចេញពីមនុស្សលោក ដ្បិតគ្មានបាបនៅក្នុងព្រះអង្គទាល់តែសោះ។ អ្នកណាស្ថិតនៅជាប់នឹងព្រះអង្គ អ្នកនោះមិនប្រព្រឹត្តអំពើបាបទេ រីឯអ្នកប្រព្រឹត្តអំពើបាប មិនដែលបានឃើញព្រះអង្គ ព្រមទាំងមិនស្គាល់ព្រះអង្គផង។ កូនចៅទាំងឡាយអើយ សុំកុំឲ្យនរណាម្នាក់មកបញ្ឆោតអ្នករាល់គ្នាឡើយ។ អ្នកណាប្រព្រឹត្តអំពើសុចរិត អ្នកនោះជាមនុស្សសុចរិត ដូចព្រះយេស៊ូទ្រង់សុចរិតដែរ។
១ យ៉ូហាន 3:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មើល សេចក្ដីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ គឺដោយហេតុនោះបានជាលោកីយមិនស្គាល់យើងទេ ពីព្រោះមិនស្គាល់ទ្រង់ដែរ ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងរាល់គ្នាជាកូនព្រះហើយ តែដែលយើងរាល់គ្នានឹងបានទៅជាយ៉ាងណាទៀត នោះមិនទាន់សំដែងមកនៅឡើយ ប៉ុន្តែ យើងដឹងថា កាលណាទ្រង់លេចមក នោះយើងនឹងបានដូចជាទ្រង់ ដ្បិតដែលទ្រង់យ៉ាងណា នោះយើងនឹងឃើញទ្រង់យ៉ាងនោះឯង អស់អ្នកណាដែលមានសេចក្ដីសង្ឃឹមយ៉ាងនេះដល់ទ្រង់ នោះក៏តែងជំរះសំអាតចិត្តខ្លួនឲ្យដូចទ្រង់ដែលស្អាតដែរ ឯអស់អ្នកណាដែលប្រព្រឹត្តអំពើបាបវិញ នោះក៏ឈ្មោះថាប្រព្រឹត្តរំលងក្រិត្យវិន័យដែរ ដ្បិតអំពើបាបជាការរំលងក្រិត្យវិន័យហើយ អ្នករាល់គ្នាដឹងហើយ ថាទ្រង់បានលេចមក ដើម្បីនឹងដោះបាបយើងចេញ ហើយនៅក្នុងទ្រង់ នោះគ្មានបាបសោះ ឯអស់អ្នកណាដែលនៅជាប់ក្នុងទ្រង់ នោះមិនដែលធ្វើបាបទេ តែពួកអ្នកដែលធ្វើបាបវិញ គេមិនបានឃើញទ្រង់ឡើយ ក៏មិនស្គាល់ទ្រង់ផង។ កូនតូចៗរាល់គ្នាអើយ ចូរកុំឲ្យអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេងឡើយ អ្នកណាដែលប្រព្រឹត្តសេចក្ដីសុចរិត នោះឈ្មោះថាសុចរិតហើយ ដូចជាទ្រង់ក៏សុចរិតដែរ