១ យ៉ូហាន 2:12-14
១ យ៉ូហាន 2:12-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កូនតូចៗរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះព្រះអង្គបានអត់ទោសបាបរបស់អ្នករាល់គ្នាហើយ ដោយយល់ដល់ព្រះនាមព្រះអង្គ។ ឪពុករាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកបានស្គាល់ព្រះអង្គ ដែលគង់នៅតាំងពីដើមរៀងមក។ យុវជនរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកបានឈ្នះមេកំណាចហើយ។ ក្មេងរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកបានស្គាល់ព្រះវរបិតា។ ឪពុករាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកបានស្គាល់ព្រះ ដែលគង់នៅតាំងពីដើមរៀងមក។ យុវជនរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកមានកម្លាំង ហើយព្រះបន្ទូលក៏ស្ថិតនៅក្នុងអ្នក ហើយអ្នកបានឈ្នះមេកំណាចហើយ។
១ យ៉ូហាន 2:12-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ម្នាលកូនចៅទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា ព្រះជាម្ចាស់បានលើកលែងទោសអ្នកឲ្យរួចពីបាប ដោយសារព្រះនាមរបស់ព្រះយេស៊ូ។ ចាស់ទុំទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះអង្គដែលគង់នៅតាំងពីមុនកំណើតអ្វីៗទាំងអស់។ យុវជនទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា អ្នកបានឈ្នះមារ*កំណាចហើយ។ ក្មេងៗទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះបិតា។ ចាស់ទុំទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះអង្គ ដែលគង់នៅតាំងពីមុនកំណើតអ្វីៗទាំងអស់។ យុវជនទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកមានកម្លាំងពលំ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ស្ថិតនៅក្នុងអ្នក ហើយអ្នកបានឈ្នះមារកំណាច។
១ យ៉ូហាន 2:12-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កូនតូចៗរាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះទ្រង់បានអត់ទោសបាបរបស់អ្នករាល់គ្នាហើយ ដោយយល់ដល់ព្រះនាមទ្រង់ ឪពុករាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានស្គាល់ព្រះ ដែលទ្រង់គង់នៅតាំងពីដើមរៀងមក កំឡោះរាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានឈ្នះមេកំណាចហើយ ក្មេងរាល់គ្នាអើយ ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានស្គាល់ព្រះវរបិតា ឪពុករាល់គ្នាអើយ ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានស្គាល់ព្រះ ដែលគង់នៅតាំងពីដើមរៀងមក កំឡោះរាល់គ្នាអើយ ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះមានកំឡាំង ហើយព្រះបន្ទូលក៏ស្ថិតនៅក្នុងអ្នករាល់គ្នា អ្នករាល់គ្នាបានឈ្នះមេកំណាចហើយ