១ យ៉ូហាន 2:1-29

១ យ៉ូហាន 2:1-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កូន​តូចៗ​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បាប។ ប៉ុន្ដែ ប្រសិន‌បើ​អ្នក​ណា​ធ្វើ​បាប នោះ​យើង​មាន​ព្រះ​ដ៏​ជួយ​ការ​ពារ​មួយ​អង្គ ដែល​គង់​នៅ​ជាមួយ​ព្រះ‌វរ‌បិតា គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ​ដ៏​សុចរិត។ ព្រះ‌អង្គ​ជា​តង្វាយ​លោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​មិន​ត្រឹម​តែ​លោះ​បាប​របស់​យើង​ប៉ុណ្ណោះ គឺ​ថែម​ទាំង​លោះ​បាប​មនុស្ស​លោក​ទាំង​មូល​ផង​ដែរ។ យើង​ដឹង​ថា យើង​ស្គាល់​ព្រះ‌អង្គ​ដោយ‌សារ​សេចក្ដី​នេះ គឺ​ដោយ​យើង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។ អ្នក​ណា​ដែល​ពោល​ថា «ខ្ញុំ​ស្គាល់​ព្រះ‌អង្គ​ហើយ» តែ​មិន​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ អ្នក​នោះ​ជា​អ្នក​កុហក ហើយ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​អ្នក​នោះ​ឡើយ តែ​អ្នក​ណា​ដែល​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ នោះ​ប្រាកដ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​ពេញ​ខ្នាត​នៅ​ក្នុង​អ្នក​នោះ។ យើងអាច​ដឹង​ថា យើង​ពិត​ជា​ស្ថិត​នៅ​ក្នុង​ព្រះ‌អង្គ ដោយ​សារ​សេចក្ដី​នេះ គឺ​អ្នក​ណា​ដែល​ពោល​ថា ខ្លួន​ស្ថិត​នៅ​ក្នុង​ព្រះ‌អង្គ អ្នក​នោះ​ត្រូវ​តែ​ដើរ​ដូច​ព្រះ‌អង្គ​ដែរ។ ពួក​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​មិន​សរសេរ​បទ‌បញ្ជា​ថ្មី​មក​អ្នក​រាល់​គ្នា​ទេ គឺ​ជា​បទ‌បញ្ជា​ចាស់​ដែល​អ្នក​រាល់​គ្នា​មាន​តាំង​ពី​ដើម​មក ឯ​បទ‌បញ្ជា​ចាស់​នោះ គឺ​ជា​ព្រះ‌បន្ទូល​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​រួច​មក​ហើយ។ ព្រម​ជាមួយ​គ្នា​នេះ បទ‌បញ្ជា​មួយ​ថ្មី​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ជា​សេចក្ដី​ពិត​នៅ​ក្នុង​ព្រះ‌អង្គ និង​នៅ​ក្នុង​អ្នក​រាល់​គ្នា ព្រោះ​សេចក្ដី​ងងឹត​កំពុង​តែ​បាត់​ទៅ ហើយ​ពន្លឺ​ដ៏​ពិត​បាន​ភ្លឺ​ឡើង​ហើយ។ អ្នក​ណា​ដែល​ពោល​ថា ខ្លួន​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​នៅ​ក្នុង​សេចក្ដី​ងងឹតនៅ​ឡើយ។ អ្នក​ណា​ស្រឡាញ់​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​រស់​នៅ​ក្នុង​ពន្លឺ ហើយ​នៅ​ក្នុង​អ្នក​នោះ គ្មាន​ហេតុ​នឹង​ជំពប់​ដួល​ឡើយ។ ប៉ុន្ដែ អ្នក​ណា​ស្អប់​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត ហើយ​ដើរ​នៅ​ក្នុង​សេចក្ដី​ងងឹត ក៏​មិន​ដឹង​ជា​ខ្លួន​កំពុង​ទៅ​ឯ​ណា​ផង ព្រោះ​សេចក្ដី​ងងឹត​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​គេ​ទៅ​ជា​ខ្វាក់។ កូន​តូចៗ​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ព្រោះ​ព្រះ‌អង្គ​បាន​អត់​ទោស​បាប​របស់​អ្នក​រាល់​គ្នា​ហើយ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ។ ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ព្រោះ​អ្នក​បាន​ស្គាល់​ព្រះ‌អង្គ ដែល​គង់​នៅ​តាំង​ពី​ដើម​រៀង​មក។ យុវជន​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ព្រោះ​អ្នក​បាន​ឈ្នះ​មេ​កំណាច​ហើយ។ ក្មេង​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ព្រោះ​អ្នក​បាន​ស្គាល់​ព្រះ‌វរ‌បិតា។ ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ព្រោះ​អ្នក​បាន​ស្គាល់​ព្រះ ដែល​គង់​នៅ​តាំង​ពី​ដើម​រៀង​មក។ យុវជន​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ព្រោះ​អ្នក​មាន​កម្លាំង ហើយ​ព្រះ‌បន្ទូល​ក៏​ស្ថិត​នៅ​ក្នុង​អ្នក ហើយ​អ្នក​បាន​ឈ្នះ​មេ​កំណាច​ហើយ។ កុំ​ស្រឡាញ់​លោកីយ៍ ឬ​អ្វី​ៗ​នៅ​ក្នុង​លោកីយ៍​នេះ​ឡើយ បើ​អ្នក​ណា​ស្រឡាញ់​លោកីយ៍ សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌វរ‌បិតា​មិន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ទេ។ ដ្បិត​អស់​ទាំង​សេចក្ដីដែល​នៅ​ក្នុង​លោកីយ៍​នេះ គឺ​ជា​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ភ្នែក និង​អំនួត​របស់​ជីវិត នោះ​មិន​មែន​មក​ពី​ព្រះ‌វរ‌បិតា​ទេ គឺ​មក​ពី​លោកីយ៍​នេះ​វិញ។ លោកីយ៍​នេះ និង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា កំពុង​តែ​រសាត់​បាត់​ទៅ តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ នោះ​នឹង​នៅ​ជាប់​អស់​កល្ប​ជា‌និច្ច។ ក្មេង​រាល់​គ្នា​អើយ នេះ​ជា​ពេល​ចុង​ក្រោយ​បង្អស់! ដូច​អ្នក​រាល់​គ្នា​បាន​ឮ​ហើយ​ថា ពួក​ទទឹង​នឹង​ព្រះ‌គ្រីស្ទ​កំពុង​តែ​មក ហើយ​ឥឡូវ​នេះ ពួក​ទទឹង​នឹង​ព្រះ‌គ្រីស្ទជា​ច្រើន​បាន​មកហើយ។ ដូច្នេះ យើង​ដឹង​ថា នេះ​ជា​ពេល​ចុង​ក្រោយ​បង្អស់ហើយ។ គេ​បាន​ចេញ​ពី​ពួក​យើង​ទៅ តែ​មិន​មែន​ជា​ពួក​យើង​ទេ ដ្បិត​បើ​គេ​ជា​គ្នា​យើង​មែន នោះ​នឹង​បាន​នៅ​ជាប់​ជា​មួយ​យើង​ហើយ។ ប៉ុន្ដែ ដែល​គេ​បាន​ចេញ​ទៅ នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា ពួក​គេ​មិន​មែន​សុទ្ធ​តែ​ជា​គ្នា​យើង​ទាំង​អស់​គ្នា​ទេ។ ប៉ុន្ដែ អ្នក​រាល់​គ្នា​បាន​ទទួល​ប្រេង​តាំង ពី​ព្រះ​ដ៏​បរិសុទ្ធ ហើយ​អ្នក​ក៏​បាន​ចេះ​ដឹង​ទាំង​អស់​គ្នា។ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​នោះ​ទេ គឺ​ដោយ​ព្រោះអ្នក​បាន​ស្គាល់​សេចក្ដី​ពិត​ហើយ ហើយ​ក៏​ដឹង​ថា គ្មានពាក្យ​ភូត​ភរ​ណា​កើត​មក​ពី​សេចក្ដី​ពិត​ឡើយ។ តើ​អ្នក​ណា​ជា​អ្នក​កុហក? គឺ​មាន​តែ​អ្នក​ដែល​បដិសេធ​ថា ព្រះ‌យេ‌ស៊ូវ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ប៉ុណ្ណោះ។ អ្នក​ណា​ដែល​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ‌វរ‌បិតា និង​ព្រះ‌រាជ‌បុត្រា អ្នក​នោះ​ហើយ​ជា​អ្នក​ទទឹង​នឹង​ព្រះ‌គ្រីស្ទ។ អ្នក​ដែលបដិសេធ​មិន​ទទួល​ស្គាល់​ព្រះ‌រាជ‌បុត្រា អ្នក​នោះ​គ្មាន​ព្រះ‌វរ‌បិតា​ទេ ឯ​អ្នក​ណា​ដែល​ទទួល​ស្គាល់​ព្រះ‌រាជ‌បុត្រា អ្នក​នោះ​ក៏​មាន​ព្រះ‌វរ‌បិតា​ដែរ។ ដូច្នេះ ចូរ​ឲ្យ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​មក បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា​ចុះ។ ប្រសិន‌បើ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​តាំង​ពី​ដើម​មក ស្ថិត​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​រាល់​គ្នាក៏​នឹង​នៅ​ជាប់​ក្នុង​ព្រះ‌រាជ‌បុត្រា និង​ក្នុង​ព្រះ‌វរ‌បិតា​ដែរ។ នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជាមួយ​យើង គឺ​ជីវិត​អស់​កល្ប​ជា‌និច្ច។ ខ្ញុំ​បាន​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ស្ដី​អំពី​អស់​អ្នក​ដែល​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង។ រី​ឯ​ប្រេង​តាំង​ដែលអ្នក​រាល់​គ្នា​បានទទួល​ពី​ព្រះ‌អង្គ នោះស្ថិត​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​អ្នក​មិន​ត្រូវ​ការឲ្យ​អ្នក​ណា​បង្រៀន​អ្នក​រាល់​គ្នា​ឡើយ។ ប៉ុន្តែ ពេល​ប្រេង​តាំង​បង្រៀន​ពី​គ្រប់​ការ​ទាំង​អស់ដល់​អ្នក​រាល់​គ្នា នោះជា​សេចក្ដី​ពិត មិន​មែន​ជា​សេចក្ដី​ភូត​ភរ​ទេ ចូរ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ ដូច​សេចក្ដី​ដែល​បាន​បង្រៀន​អ្នក​រាល់​គ្នា​ចុះ។ ឥឡូវ​នេះ កូន​តូចៗ​អើយ ចូរ​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ​ចុះ ដើម្បី​កាល​ណា​ព្រះ‌អង្គ​លេច​មក នោះ​យើង​នឹង​មាន​ទំនុក​ចិត្ត ហើយ​មិន​ត្រូវ​ខ្មាស​នៅ​ចំពោះ​ព្រះ‌អង្គ ក្នុង​កាល​ដែល​ទ្រង់​យាង​មក​នោះ​ឡើយ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ‌អង្គ​សុចរិត នោះ​អ្នក​អាច​នឹង​ប្រាកដ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត នោះ​សុទ្ធ​តែ​បាន​កើតមក​ពី​ព្រះ‌អង្គ​ទាំង​អស់។

ចែក​រំលែក
អាន ១ យ៉ូហាន 2

១ យ៉ូហាន 2:1-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ម្នាល​កូន​ចៅ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប។ ប៉ុន្តែ ប្រសិន​បើ​មាន​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប យើង​មាន​ព្រះ​ដ៏​ជួយ​ការពារមួយ​ព្រះអង្គ គង់​នៅ​ទល់​មុខ​ព្រះ‌បិតា គឺ​ព្រះ‌យេស៊ូ​គ្រិស្ត​ដ៏​សុចរិត។ ព្រះអង្គ​បាន​បូជា​ព្រះ‌ជន្ម ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​មិន​ត្រឹម​តែ​លោះ​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​លោះ​មនុស្ស​លោក​ទាំង​មូល​ផង​ដែរ។ ប្រសិន​បើ​យើង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ នោះ​ទើប​យើង​ដឹង​ថា យើង​បាន​ស្គាល់ព្រះអង្គ​មែន។ អ្នក​ណា​ពោល​ថា «ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ» តែ​មិន​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ អ្នក​នោះ​និយាយ​កុហក ហើយ​សេចក្ដី​ពិត​មិន​ស្ថិត​នៅ​ក្នុង​ខ្លួន​គេ​ទេ។ រីឯ​អ្នក​ដែល​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់​ពិត​ជា​ស្ថិត​នៅ​ក្នុង​អ្នក​នោះ គ្រប់​លក្ខណៈ​មែន។ យើង​អាច​ដឹង​ថា យើង​ពិត​ជា​ស្ថិត​នៅ​ក្នុង​ព្រះអង្គ​ដោយ​សេចក្ដី​នេះ គឺ​អ្នក​ណា​អះ‌អាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​ព្រះអង្គ អ្នក​នោះ​ត្រូវ​តែ​រស់​នៅ​តាម​របៀប​ដូច​ព្រះ‌អម្ចាស់​ធ្លាប់​រស់​ដែរ។ កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​មិន​សរសេរ​បទ‌បញ្ជា*​ថ្មី​ណា​មួយ​មក​ជូន​អ្នក​រាល់​គ្នា​ឡើយ គឺ​ខ្ញុំ​សរសេរ​បទ‌បញ្ជា​ចាស់ ជា​បទ‌បញ្ជា​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល តាំង​ពី​ដើម​រៀង​មក។ បទ‌បញ្ជា*​ចាស់​នេះ​ជា​ព្រះ‌បន្ទូល ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​រួច​មក​ហើយ។ យ៉ាង​ណា‌មិញ បទ‌បញ្ជា​ថ្មី​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ពិត​ជា​ថ្មី​ក្នុង​អង្គ​ព្រះ‌គ្រិស្ត* និង​ក្នុង​អ្នក​រាល់​គ្នា ដ្បិត​សេចក្ដី​ងងឹត​កំពុង​តែ​រសាត់​បាត់​ទៅ រីឯ​ពន្លឺ​ដ៏​ពិត​ប្រាកដ​បាន​ភ្លឺ​ឡើង​ហើយ។ អ្នក​ណា​អះ‌អាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​បងប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត​នៅ​ឡើយ។ អ្នក​ណា​ស្រឡាញ់​បងប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​ពន្លឺ ហើយ​គ្មាន​អ្វី​ធ្វើ​ឲ្យ​គាត់​រវាត​ចិត្ត​ចេញ​ពី​ជំនឿ​ឡើយ។ រីឯ​អ្នក​ណា​ស្អប់​បងប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត គេ​រស់​ក្នុង​សេចក្ដី​ងងឹត ទាំង​ពុំ​ដឹង​ថា​ខ្លួន​កំពុង​ទៅ​ណា​ផង ព្រោះ​សេចក្ដី​ងងឹត​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​គេ​ទៅ​ជា​ខ្វាក់។ ម្នាល​កូន​ចៅ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា ព្រះ‌ជា‌ម្ចាស់​បាន​លើក‌លែង​ទោស​អ្នក​ឲ្យ​រួច​ពី​បាប ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌យេស៊ូ។ ចាស់​ទុំ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ព្រះអង្គ​ដែល​គង់​នៅ​តាំង​ពី​មុន​កំណើត​អ្វីៗ​ទាំង​អស់។ យុវជន​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ឈ្នះ​មារ*​កំណាច​ហើយ។ ក្មេងៗ​ទាំង‌ឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ព្រះ‌បិតា។ ចាស់​ទុំ​ទាំង‌ឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ព្រះអង្គ ដែល​គង់​នៅ​តាំង​ពី​មុន​កំណើត​អ្វីៗ​ទាំង​អស់។ យុវជន​ទាំង‌ឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​មាន​កម្លាំង​ពលំ ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ក៏​ស្ថិត​នៅ​ក្នុង​អ្នក ហើយ​អ្នក​បាន​ឈ្នះ​មារ​កំណាច។ កុំ​ស្រឡាញ់​លោកីយ៍ និង​អ្វីៗ​នៅ​ក្នុង​លោកីយ៍​នេះ​ឡើយ។ អ្នក​ណា​ស្រឡាញ់​លោកីយ៍ សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌បិតា​មិន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ទេ។ អ្វីៗ​នៅ​ក្នុង​លោកីយ៍​នេះ ដូច​ជា​ចិត្ត​លោភ‌លន់​របស់​មនុស្ស ចិត្ត​លោភ‌លន់​ចង់​បាន​អ្វីៗ​ដែល​ភ្នែក​មើល​ឃើញ និង​អំនួត ព្រោះ​មាន​ទ្រព្យ​សម្បត្តិ មិន​មែន​មក​ពី​ព្រះ‌បិតា​ទេ គឺ​មក​ពី​គំនិត​លោកីយ៍​វិញ។ លោកីយ៍​នេះ​កំពុង​តែ​រសាត់​បាត់​ទៅ ហើយ​ចិត្ត​លោភ‌លន់​របស់​មនុស្ស​លោក​ក៏​កំពុង​តែ​រសាត់​បាត់​ទៅ​ដែរ។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ប្រព្រឹត្ត​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជា‌ម្ចាស់ នឹង​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​អស់‌កល្ប​ជានិច្ច។ ម្នាល​កូន​ចៅ​ទាំង‌ឡាយ​អើយ ពេល​នេះ​ជា​ពេល​ចុង​ក្រោយ​បំផុត ដូច​អ្នក​រាល់​គ្នា​បាន​ឮ​ស្រាប់​ហើយ​ថា មាន​មេ​ប្រឆាំង*​ព្រះ‌គ្រិស្ត​ម្នាក់​កំពុង​តែ​មក។ ឥឡូវ​នេះ មាន​មេ​ប្រឆាំង​ព្រះ‌គ្រិស្ត​ជា​ច្រើន​នាក់​មក​ដល់​មែន ជា​ហេតុ​នាំ​ឲ្យ​យើង​ដឹង​ថា គ្រា​នេះ​ជា​គ្រា​ចុង​ក្រោយ​បំផុត​ហើយ។ អ្នក​ទាំង​នោះ​បាន​ចេញ​ពី​ចំណោម​ពួក​យើង​ទៅ តែ​ពួក​គេ​មិន​មែន​ជា​គ្នា​យើង​ទេ បើ​គេ​ជា​គ្នា​យើង​មែន គេ​មុខ​ជា​នៅ​ជា​មួយ​យើង​រហូត​មិន​ខាន។ ប៉ុន្តែ គេ​ចាក​ចេញ​ពី​យើង​ទៅ ដូច្នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ពួក​គេ​មិន​មែន​សុទ្ធ​តែ​ជា​គ្នា​យើង​ទាំង​អស់​ទេ។ រីឯ​អ្នក​រាល់​គ្នា​វិញ ព្រះ​ដ៏វិសុទ្ធ*​បាន​ចាក់​ប្រេង​មក​លើ​អ្នក​រាល់​គ្នា ហើយ​អ្នក​ក៏​បាន​ចេះ​ដឹង​ទាំង​អស់​គ្នា។ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​នោះ​ទេ គឺ​ខ្ញុំ​សរសេរ​មក ព្រោះ​អ្នក​រាល់​គ្នា​ស្គាល់​សេចក្ដី​ពិត​រួច​ហើយ ហើយ​គ្មាន​ពាក្យ​កុហក​ណា​កើត​មក​ពី​សេចក្ដី​ពិត​ទាល់​តែ​សោះ។ តើ​នរណា​ជា​អ្នក​កុហក? គឺ​គ្មាន​នរណា​ក្រៅ​ពី​អ្នក​ដែល​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ‌យេស៊ូ ថា​ជា​ព្រះ‌គ្រិស្ត*​នោះ​ឡើយ។ អ្នក​ណា​បដិសេធ​មិន​ទទួល​ស្គាល់ ទាំង​ព្រះ‌បិតា ទាំង​ព្រះ‌បុត្រា គឺ​អ្នក​នោះ​ហើយ​ជា​មេ​ប្រឆាំង*​ព្រះ‌គ្រិស្ត។ អ្នក​ណា​មិន​ទទួល​ស្គាល់​ព្រះ‌បុត្រា អ្នក​នោះ​ក៏​គ្មាន​ព្រះ‌បិតា​គង់​ជា​មួយ​ដែរ រីឯ​អ្នក​ដែល​ទទួល​ស្គាល់​ព្រះ‌បុត្រា ទើប​មាន​ព្រះ‌បិតា​គង់​ជា​មួយ។ ចំពោះ​អ្នក​រាល់​គ្នា​វិញ ចូរ​ទុក​ឲ្យ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ តាំង​ពី​ដើម​ដំបូង​រៀង​មក ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ។ ប្រសិន​បើ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​តាំង​ពី​ដើម​ដំបូង​រៀង​មក ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​រាល់​គ្នា​ក៏​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌បុត្រា និង​ព្រះ‌បិតា​ដែរ។ រីឯ​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​យើង​នោះ គឺ​ព្រះអង្គ​ប្រទាន​ជីវិត​អស់‌កល្ប​ជានិច្ច​មក​យើង។ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ស្ដី​អំពី​ពួក​អ្នក ដែល​បាន​មក​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង។ ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​អ្នក​រាល់​គ្នា ព្រះអង្គ​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា​ស្រាប់​ហើយ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​ឲ្យ​នរណា​មក​បង្រៀន​អ្នក​រាល់​គ្នា​ឡើយ។ បើ​ព្រះ‌វិញ្ញាណ​បង្រៀន​គ្រប់​សេចក្ដី​ដល់​អ្នក​រាល់​គ្នា (ព្រះអង្គ​មិន​កុហក​ទេ ព្រះអង្គ​ជា​សេចក្ដី​ពិត) ដូច្នេះ អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌គ្រិស្ត*​ដូច​ព្រះ‌វិញ្ញាណ​បាន​បង្រៀន​អ្នក​រាល់​គ្នា​ស្រាប់​ហើយ។ ឥឡូវ​នេះ កូន​ចៅ​ទាំង‌ឡាយ​អើយ ចូរ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌យេស៊ូ​ចុះ ដើម្បី​ឲ្យ​យើង​មាន​ចិត្ត​រឹង‌ប៉ឹង នៅ​ថ្ងៃ​ដែល​ព្រះអង្គ​យាង​មក​យ៉ាង​រុង​រឿង ហើយ​ពេល​ព្រះអង្គ​យាង​មក​នោះ យើង​នឹង​មិន​ត្រូវ​អៀន​ខ្មាស​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ឡើយ។ អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា ព្រះអង្គ​សុចរិត ហេតុ​នេះ ចូរ​អ្នក​រាល់​គ្នា​ដឹង​ដែរ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត សុទ្ធ​តែ​កើត​មក​ពី​ព្រះអង្គ​ទាំង​អស់។

ចែក​រំលែក
អាន ១ យ៉ូហាន 2

១ យ៉ូហាន 2:1-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កូន​តូចៗ​រាល់​គ្នា​អើយ ដែល​ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​ផ្ញើ​មក នោះ​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បាប​ទៀត តែ​បើ​សិន​ជា​អ្នក​ណា​ភ្លាត់​ធ្វើ​បាប​វិញ នោះ​យើង​មាន​ព្រះ​ដ៏​ជា​ជំនួយ​១​អង្គ​ហើយ ដែល​ទ្រង់​គង់​នៅ​ចំពោះ​ព្រះវរ‌បិតា គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ​ដ៏​សុចរិត ដែល​ទ្រង់​ជា​ដង្វាយ​ធួន​នឹង​បាប​យើង​រាល់​គ្នា មិន​ត្រឹម​តែ​បាប​របស់​យើង​រាល់​គ្នា​តែ​ប៉ុណ្ណោះ គឺ​នឹង​បាប​របស់​លោកីយ​ទាំង​មូល​ដែរ។ យើង​រាល់​គ្នា​ដឹង​ថា យើង​ស្គាល់​ទ្រង់ ដោយ‌សារ​សេចក្ដី​នេះ គឺ​ដោយ​យើង​កាន់​តាម​បញ្ញត្ត​របស់​ទ្រង់ អ្នក​ណា​ដែល​ថា បាន​ស្គាល់​ទ្រង់ តែ​មិន​កាន់​តាម​បញ្ញត្ត​ទ្រង់​ទេ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​កុហក ហើយ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​អ្នក​នោះ​ឡើយ តែ​អ្នក​ណា​ដែល​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់​វិញ នោះ​ប្រាកដ​ជា​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​បាន​ពេញ​ខ្នាត នៅ​ក្នុង​អ្នក​នោះ​ហើយ គឺ​ដោយ​សេចក្ដី​នោះ​ឯង ដែល​យើង​ដឹង​ថា យើង​នៅ​ក្នុង​ទ្រង់ អ្នក​ណា​ដែល​ថា​ខ្លួន​នៅ​ក្នុង​ទ្រង់ នោះ​ត្រូវ​តែ​ប្រព្រឹត្ត​ដូច​ជា​ទ្រង់​ដែរ។ ពួក​ស្ងួន‌ភ្ងា​អើយ សេចក្ដី​ដែល​ខ្ញុំ​សរសេរ ផ្ញើ​មក​អ្នក​រាល់​គ្នា នោះ​មិន​មែន​ជា​បញ្ញត្ត​ថ្មី​ទេ គឺ​ជា​បញ្ញត្ត​ចាស់​ដដែល ដែល​អ្នក​រាល់​គ្នា​មាន​តាំង​ពី​ដើម​មក ឯ​បញ្ញត្ត​ចាស់​នោះ គឺ​ជា​ព្រះ‌បន្ទូល ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ហើយ ខ្ញុំ​ក៏​សរសេរ​បញ្ញត្ត​១​ថ្មី​ទៀត ផ្ញើ​មក​អ្នក​រាល់​គ្នា ជា​សេចក្ដី​ពិត​ដែល​នៅ​ក្នុង​ទ្រង់ ហើយ​ក្នុង​អ្នក​រាល់​គ្នា​ដែរ ដ្បិត​សេចក្ដី​ងងឹត​កំពុង​តែ​បាត់​ទៅ ហើយ​ពន្លឺ​ដ៏​ពិត​បាន​ភ្លឺ​ឡើង អ្នក​ណា​ដែល​ថា ខ្លួន​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​ដល់​បង​ប្អូន នោះ​ឈ្មោះ​ថា​នៅ​ក្នុង​សេចក្ដី​ងងឹត ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ឯ​អ្នក​ណា​ដែល​ស្រឡាញ់​ដល់​បង​ប្អូន​ខ្លួន នោះ​តែង​នៅ​ក្នុង​ពន្លឺ​វិញ ហើយ​នៅ​ក្នុង​អ្នក​នោះ​គ្មាន​ហេតុ​ណា នឹង​បង្អាក់‌បង្អន់​ចិត្ត​គេ​ឡើយ តែ​អ្នក​ណា​ដែល​ស្អប់​ដល់​បង​ប្អូន នោះ​ឈ្មោះ​ថា​នៅ​ក្នុង​សេចក្ដី​ងងឹត​វិញ ក៏​ដើរ​ក្នុង​សេចក្ដី​ងងឹត ហើយ​មិន​ដឹង​ជា​ខ្លួន​ទៅ​ឯ​ណា​ផង ពី​ព្រោះ​សេចក្ដី​ងងឹត​នោះ​បាន​បំបាំង​ភ្នែក​ហើយ។ កូន​តូចៗ​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​ទ្រង់​បាន​អត់​ទោស​បាប​របស់​អ្នក​រាល់​គ្នា​ហើយ ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់ ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះ ដែល​ទ្រង់​គង់​នៅ​តាំង​ពី​ដើម​រៀង​មក កំឡោះ​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ឈ្នះ​មេ​កំណាច​ហើយ ក្មេង​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះវរ‌បិតា ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះ ដែល​គង់​នៅ​តាំង​ពី​ដើម​រៀង​មក កំឡោះ​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​មាន​កំឡាំង ហើយ​ព្រះ‌បន្ទូល​ក៏​ស្ថិត​នៅ​ក្នុង​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​បាន​ឈ្នះ​មេ​កំណាច​ហើយ កុំ​ឲ្យ​ស្រឡាញ់​លោកីយ ឬ​របស់​អ្វី​ដែល​នៅ​ក្នុង​លោកីយ​នេះ​ឲ្យ​សោះ បើ​អ្នក​ណា​ស្រឡាញ់​លោកីយ អ្នក​នោះ​គ្មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរ‌បិតា​នៅ​ក្នុង​ខ្លួន​ឡើយ ដ្បិត​អស់​ទាំង​សេចក្ដី ដែល​នៅ​ក្នុង​លោកីយ​នេះ គឺ​ជា​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​សាច់​ឈាម នឹង​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ភ្នែក ហើយ​សេចក្ដី​អំនួត​របស់​ជីវិត នោះ​មិន​កើត​មក​ពី​ព្រះវរ‌បិតា​ទេ គឺ​មក​តែ​ពី​លោកីយ​នេះ​វិញ ឯ​លោកីយ​នេះ នឹង​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​វា នោះ​កំពុង​កន្លង​ទៅ តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ‌ហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់​‌កល្ប​ជានិច្ច​វិញ។ ក្មេង​រាល់​គ្នា​អើយ នេះ​ជា​ពេល​ម៉ោង​ក្រោយ​បង្អស់​ហើយ សព្វ​ថ្ងៃ​នេះ​កើត​មាន​ពួក​ទទឹង​នឹង​ព្រះ‌គ្រីស្ទ​ជា​ច្រើន ដូច​ជា​អ្នក​រាល់​គ្នា​បាន​ឮ​ហើយ​ថា អា​ទទឹង​នឹង​ព្រះ‌គ្រីស្ទ​ត្រូវ​មក ហេតុ​នោះ​បាន​ជា​យើង​ដឹង​ថា នេះ​ជា​ពេល​ម៉ោង​ក្រោយ​បង្អស់ គេ​បាន​ចេញ​ពី​ពួក​យើង​ទៅ តែ​មិន​មែន​ជា​ពួក​យើង​ទេ ដ្បិត​បើ​គេ​ជា​ពួក​យើង​មែន នោះ​នឹង​បាន​នៅ​ជាប់​ជា​មួយ​នឹង​យើង​ហើយ តែ​ដែល​គេ​បាន​ចេញ​ទៅ នោះ​ដើម្បី​នឹង​សំដែង​ពី​គេ​ថា គ្រប់​គ្នា​មិន​មែន​ជា​ពួក​យើង​ទេ រីឯ​អ្នក​រាល់​គ្នា បាន​ព្រះ​ដ៏​បរិសុទ្ធ​ចាក់​លាប​ឲ្យ​ហើយ ក៏​ចេះ​គ្រប់​ទាំង​អស់​ផង ខ្ញុំ​សរសេរ​ផ្ញើ​មក មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​ទេ គឺ​ដោយ​ព្រោះ​បាន​ស្គាល់​ហើយ ក៏​ដឹង​ថា គ្មាន​សេចក្ដី​ភូត‌ភរ​ណា​កើត​ពី​សេចក្ដី​ពិត​នោះ​ឡើយ តើ​អ្នក​ណា​ជា​អ្នក​កុហក បើ​មិន​មែន​ជា​អ្នក​ដែល​ប្រកែក​ថា ព្រះ‌យេស៊ូវ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​នោះ​ទេ អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ទាំង​ព្រះវរ‌បិតា នឹង​ព្រះ‌រាជ‌បុត្រា​ផង អ្នក​នោះ​ហើយ​ជា​អ្នក​ដែល​ទទឹង​នឹង​ព្រះ‌គ្រីស្ទ ឯ​អស់​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ព្រះ‌រាជ‌បុត្រា នោះ​ក៏​គ្មាន​ព្រះវរ‌បិតា​ដែរ តែ​អ្នក​ណា​ដែល​ព្រម​ទទួល​ស្គាល់​ព្រះ‌រាជ‌បុត្រា នោះ​ក៏​មាន​ទាំង​ព្រះវរ‌បិតា​ផង ដូច្នេះ ចូរ​ឲ្យ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​មក បាន​នៅ​ជាប់​ក្នុង​ខ្លួន​ចុះ បើ​សិន​ជា​សេចក្ដី​ដែល​ឮ​តាំង​ពី​ដើម​មក បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​រាល់​គ្នា​នឹង​នៅ​ជាប់​ក្នុង​ព្រះ‌រាជ‌បុត្រា ហើយ​ក្នុង​ព្រះវរ‌បិតា​ដែរ នេះ​ហើយ ជា​សេចក្ដី​ដែល​ទ្រង់​បាន​សន្យា​នឹង​យើង​រាល់​គ្នា គឺ​ជា​ជីវិត​ដ៏​រស់​នៅ​អស់​‌កល្ប​ជានិច្ច។ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ដំណើរ​នៃ​ពួក​អ្នក​ដែល​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង រីឯ​ដំណើរ​ដែល​ទ្រង់​ចាក់​លាប​ឲ្យ នោះ​ក៏​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ពិត ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ ឲ្យ​អ្នក​ណា​បង្រៀន​ពី​ការ​អ្វី​ទេ ប៉ុន្តែ ដូច​ជា​ដំណើរ​ចាក់​លាប​នោះ បាន​បង្រៀន​ពី​គ្រប់​ការ​ទាំង​អស់ ហើយ​មិន​មែន​ជា​សេចក្ដី​កំភូត​ទេ គឺ​ជា​សេចក្ដី​ពិត​វិញ នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ទ្រង់​ចុះ តាម​ដែល​ដំណើរ​នោះ​បាន​បង្រៀន​មក ហើយ​ឥឡូវ​នេះ ពួក​កូន​តូចៗ​អើយ ចូរ​នៅ​ជាប់​ក្នុង​ទ្រង់​ចុះ ដើម្បី​កាល​ណា​ទ្រង់​លេច​មក នោះ​យើង​ខ្ញុំ​នឹង​មាន​ចិត្ត​ក្លាហាន ឥត​ត្រូវ​ការ​នឹង​ខ្មាស​នៅ​ចំពោះ​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​យាង​មក​នោះ​ឡើយ បើ​អ្នក​រាល់​គ្នា​ដឹង​ថា ទ្រង់​សុចរិត នោះ​ត្រូវ​តែ​យល់​ឃើញ​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត​នោះ គេ​បាន​កើត​ពី​ទ្រង់​មក​ដែរ។

ចែក​រំលែក
អាន ១ យ៉ូហាន 2

១ យ៉ូហាន 2:1-29

១ យ៉ូហាន 2:1-29 គខប