១ យ៉ូហាន 2:1-17
១ យ៉ូហាន 2:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កូនតូចៗរាល់គ្នាអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាប។ ប៉ុន្ដែ ប្រសិនបើអ្នកណាធ្វើបាប នោះយើងមានព្រះដ៏ជួយការពារមួយអង្គ ដែលគង់នៅជាមួយព្រះវរបិតា គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏សុចរិត។ ព្រះអង្គជាតង្វាយលោះយើងឲ្យរួចពីបាប ហើយមិនត្រឹមតែលោះបាបរបស់យើងប៉ុណ្ណោះ គឺថែមទាំងលោះបាបមនុស្សលោកទាំងមូលផងដែរ។ យើងដឹងថា យើងស្គាល់ព្រះអង្គដោយសារសេចក្ដីនេះ គឺដោយយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ។ អ្នកណាដែលពោលថា «ខ្ញុំស្គាល់ព្រះអង្គហើយ» តែមិនកាន់តាមបទបញ្ជារបស់ព្រះអង្គ អ្នកនោះជាអ្នកកុហក ហើយសេចក្ដីពិតមិននៅក្នុងអ្នកនោះឡើយ តែអ្នកណាដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ នោះប្រាកដជាសេចក្ដីស្រឡាញ់របស់ព្រះបានពេញខ្នាតនៅក្នុងអ្នកនោះ។ យើងអាចដឹងថា យើងពិតជាស្ថិតនៅក្នុងព្រះអង្គ ដោយសារសេចក្ដីនេះ គឺអ្នកណាដែលពោលថា ខ្លួនស្ថិតនៅក្នុងព្រះអង្គ អ្នកនោះត្រូវតែដើរដូចព្រះអង្គដែរ។ ពួកស្ងួនភ្ងាអើយ ខ្ញុំមិនសរសេរបទបញ្ជាថ្មីមកអ្នករាល់គ្នាទេ គឺជាបទបញ្ជាចាស់ដែលអ្នករាល់គ្នាមានតាំងពីដើមមក ឯបទបញ្ជាចាស់នោះ គឺជាព្រះបន្ទូលដែលអ្នករាល់គ្នាបានឮរួចមកហើយ។ ព្រមជាមួយគ្នានេះ បទបញ្ជាមួយថ្មីដែលខ្ញុំសរសេរមកអ្នករាល់គ្នា ជាសេចក្ដីពិតនៅក្នុងព្រះអង្គ និងនៅក្នុងអ្នករាល់គ្នា ព្រោះសេចក្ដីងងឹតកំពុងតែបាត់ទៅ ហើយពន្លឺដ៏ពិតបានភ្លឺឡើងហើយ។ អ្នកណាដែលពោលថា ខ្លួននៅក្នុងពន្លឺ តែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះនៅក្នុងសេចក្ដីងងឹតនៅឡើយ។ អ្នកណាស្រឡាញ់បងប្អូនរបស់ខ្លួន អ្នកនោះរស់នៅក្នុងពន្លឺ ហើយនៅក្នុងអ្នកនោះ គ្មានហេតុនឹងជំពប់ដួលឡើយ។ ប៉ុន្ដែ អ្នកណាស្អប់បងប្អូនរបស់ខ្លួន អ្នកនោះស្ថិតនៅក្នុងសេចក្ដីងងឹត ហើយដើរនៅក្នុងសេចក្ដីងងឹត ក៏មិនដឹងជាខ្លួនកំពុងទៅឯណាផង ព្រោះសេចក្ដីងងឹតបានធ្វើឲ្យភ្នែករបស់គេទៅជាខ្វាក់។ កូនតូចៗរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះព្រះអង្គបានអត់ទោសបាបរបស់អ្នករាល់គ្នាហើយ ដោយយល់ដល់ព្រះនាមព្រះអង្គ។ ឪពុករាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកបានស្គាល់ព្រះអង្គ ដែលគង់នៅតាំងពីដើមរៀងមក។ យុវជនរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកបានឈ្នះមេកំណាចហើយ។ ក្មេងរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកបានស្គាល់ព្រះវរបិតា។ ឪពុករាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកបានស្គាល់ព្រះ ដែលគង់នៅតាំងពីដើមរៀងមក។ យុវជនរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកមានកម្លាំង ហើយព្រះបន្ទូលក៏ស្ថិតនៅក្នុងអ្នក ហើយអ្នកបានឈ្នះមេកំណាចហើយ។ កុំស្រឡាញ់លោកីយ៍ ឬអ្វីៗនៅក្នុងលោកីយ៍នេះឡើយ បើអ្នកណាស្រឡាញ់លោកីយ៍ សេចក្ដីស្រឡាញ់របស់ព្រះវរបិតាមិនស្ថិតនៅក្នុងអ្នកនោះទេ។ ដ្បិតអស់ទាំងសេចក្ដីដែលនៅក្នុងលោកីយ៍នេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម សេចក្ដីប៉ងប្រាថ្នារបស់ភ្នែក និងអំនួតរបស់ជីវិត នោះមិនមែនមកពីព្រះវរបិតាទេ គឺមកពីលោកីយ៍នេះវិញ។ លោកីយ៍នេះ និងសេចក្ដីប៉ងប្រាថ្នារបស់វា កំពុងតែរសាត់បាត់ទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យរបស់ព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ច។
១ យ៉ូហាន 2:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ម្នាលកូនចៅទាំងឡាយអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្តអំពើបាប។ ប៉ុន្តែ ប្រសិនបើមាននរណាម្នាក់ប្រព្រឹត្តអំពើបាប យើងមានព្រះដ៏ជួយការពារមួយព្រះអង្គ គង់នៅទល់មុខព្រះបិតា គឺព្រះយេស៊ូគ្រិស្តដ៏សុចរិត។ ព្រះអង្គបានបូជាព្រះជន្ម ដើម្បីលោះយើងឲ្យរួចពីបាប ហើយមិនត្រឹមតែលោះយើងប៉ុណ្ណោះទេ គឺថែមទាំងលោះមនុស្សលោកទាំងមូលផងដែរ។ ប្រសិនបើយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ នោះទើបយើងដឹងថា យើងបានស្គាល់ព្រះអង្គមែន។ អ្នកណាពោលថា «ខ្ញុំស្គាល់ព្រះអង្គហើយ» តែមិនកាន់តាមបទបញ្ជារបស់ព្រះអង្គ អ្នកនោះនិយាយកុហក ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងខ្លួនគេទេ។ រីឯអ្នកដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ពិតជាស្ថិតនៅក្នុងអ្នកនោះ គ្រប់លក្ខណៈមែន។ យើងអាចដឹងថា យើងពិតជាស្ថិតនៅក្នុងព្រះអង្គដោយសេចក្ដីនេះ គឺអ្នកណាអះអាងថាខ្លួនស្ថិតនៅក្នុងព្រះអង្គ អ្នកនោះត្រូវតែរស់នៅតាមរបៀបដូចព្រះអម្ចាស់ធ្លាប់រស់ដែរ។ កូនចៅជាទីស្រឡាញ់អើយ ខ្ញុំមិនសរសេរបទបញ្ជា*ថ្មីណាមួយមកជូនអ្នករាល់គ្នាឡើយ គឺខ្ញុំសរសេរបទបញ្ជាចាស់ ជាបទបញ្ជាដែលអ្នករាល់គ្នាបានទទួល តាំងពីដើមរៀងមក។ បទបញ្ជា*ចាស់នេះជាព្រះបន្ទូល ដែលអ្នករាល់គ្នាធ្លាប់បានឮរួចមកហើយ។ យ៉ាងណាមិញ បទបញ្ជាថ្មីដែលខ្ញុំសរសេរមកអ្នករាល់គ្នា ពិតជាថ្មីក្នុងអង្គព្រះគ្រិស្ត* និងក្នុងអ្នករាល់គ្នា ដ្បិតសេចក្ដីងងឹតកំពុងតែរសាត់បាត់ទៅ រីឯពន្លឺដ៏ពិតប្រាកដបានភ្លឺឡើងហើយ។ អ្នកណាអះអាងថាខ្លួនស្ថិតនៅក្នុងពន្លឺ តែស្អប់បងប្អូន អ្នកនោះស្ថិតនៅក្នុងសេចក្ដីងងឹតនៅឡើយ។ អ្នកណាស្រឡាញ់បងប្អូន អ្នកនោះស្ថិតនៅក្នុងពន្លឺ ហើយគ្មានអ្វីធ្វើឲ្យគាត់រវាតចិត្តចេញពីជំនឿឡើយ។ រីឯអ្នកណាស្អប់បងប្អូន អ្នកនោះស្ថិតនៅក្នុងសេចក្ដីងងឹត គេរស់ក្នុងសេចក្ដីងងឹត ទាំងពុំដឹងថាខ្លួនកំពុងទៅណាផង ព្រោះសេចក្ដីងងឹតបានធ្វើឲ្យភ្នែករបស់គេទៅជាខ្វាក់។ ម្នាលកូនចៅទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា ព្រះជាម្ចាស់បានលើកលែងទោសអ្នកឲ្យរួចពីបាប ដោយសារព្រះនាមរបស់ព្រះយេស៊ូ។ ចាស់ទុំទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះអង្គដែលគង់នៅតាំងពីមុនកំណើតអ្វីៗទាំងអស់។ យុវជនទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា អ្នកបានឈ្នះមារ*កំណាចហើយ។ ក្មេងៗទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះបិតា។ ចាស់ទុំទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះអង្គ ដែលគង់នៅតាំងពីមុនកំណើតអ្វីៗទាំងអស់។ យុវជនទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកមានកម្លាំងពលំ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ស្ថិតនៅក្នុងអ្នក ហើយអ្នកបានឈ្នះមារកំណាច។ កុំស្រឡាញ់លោកីយ៍ និងអ្វីៗនៅក្នុងលោកីយ៍នេះឡើយ។ អ្នកណាស្រឡាញ់លោកីយ៍ សេចក្ដីស្រឡាញ់របស់ព្រះបិតាមិនស្ថិតនៅក្នុងអ្នកនោះទេ។ អ្វីៗនៅក្នុងលោកីយ៍នេះ ដូចជាចិត្តលោភលន់របស់មនុស្ស ចិត្តលោភលន់ចង់បានអ្វីៗដែលភ្នែកមើលឃើញ និងអំនួត ព្រោះមានទ្រព្យសម្បត្តិ មិនមែនមកពីព្រះបិតាទេ គឺមកពីគំនិតលោកីយ៍វិញ។ លោកីយ៍នេះកំពុងតែរសាត់បាត់ទៅ ហើយចិត្តលោភលន់របស់មនុស្សលោកក៏កំពុងតែរសាត់បាត់ទៅដែរ។ ផ្ទុយទៅវិញ អ្នកដែលប្រព្រឹត្តតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ នឹងនៅស្ថិតស្ថេរគង់វង្សអស់កល្បជានិច្ច។
១ យ៉ូហាន 2:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កូនតូចៗរាល់គ្នាអើយ ដែលខ្ញុំសរសេរសេចក្ដីទាំងនេះផ្ញើមក នោះដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាបទៀត តែបើសិនជាអ្នកណាភ្លាត់ធ្វើបាបវិញ នោះយើងមានព្រះដ៏ជាជំនួយ១អង្គហើយ ដែលទ្រង់គង់នៅចំពោះព្រះវរបិតា គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏សុចរិត ដែលទ្រង់ជាដង្វាយធួននឹងបាបយើងរាល់គ្នា មិនត្រឹមតែបាបរបស់យើងរាល់គ្នាតែប៉ុណ្ណោះ គឺនឹងបាបរបស់លោកីយទាំងមូលដែរ។ យើងរាល់គ្នាដឹងថា យើងស្គាល់ទ្រង់ ដោយសារសេចក្ដីនេះ គឺដោយយើងកាន់តាមបញ្ញត្តរបស់ទ្រង់ អ្នកណាដែលថា បានស្គាល់ទ្រង់ តែមិនកាន់តាមបញ្ញត្តទ្រង់ទេ អ្នកនោះឈ្មោះថាជាអ្នកកុហក ហើយសេចក្ដីពិតមិននៅក្នុងអ្នកនោះឡើយ តែអ្នកណាដែលកាន់តាមព្រះបន្ទូលទ្រង់វិញ នោះប្រាកដជាសេចក្ដីស្រឡាញ់នៃព្រះបានពេញខ្នាត នៅក្នុងអ្នកនោះហើយ គឺដោយសេចក្ដីនោះឯង ដែលយើងដឹងថា យើងនៅក្នុងទ្រង់ អ្នកណាដែលថាខ្លួននៅក្នុងទ្រង់ នោះត្រូវតែប្រព្រឹត្តដូចជាទ្រង់ដែរ។ ពួកស្ងួនភ្ងាអើយ សេចក្ដីដែលខ្ញុំសរសេរ ផ្ញើមកអ្នករាល់គ្នា នោះមិនមែនជាបញ្ញត្តថ្មីទេ គឺជាបញ្ញត្តចាស់ដដែល ដែលអ្នករាល់គ្នាមានតាំងពីដើមមក ឯបញ្ញត្តចាស់នោះ គឺជាព្រះបន្ទូល ដែលអ្នករាល់គ្នាបានឮហើយ ខ្ញុំក៏សរសេរបញ្ញត្ត១ថ្មីទៀត ផ្ញើមកអ្នករាល់គ្នា ជាសេចក្ដីពិតដែលនៅក្នុងទ្រង់ ហើយក្នុងអ្នករាល់គ្នាដែរ ដ្បិតសេចក្ដីងងឹតកំពុងតែបាត់ទៅ ហើយពន្លឺដ៏ពិតបានភ្លឺឡើង អ្នកណាដែលថា ខ្លួននៅក្នុងពន្លឺ តែស្អប់ដល់បងប្អូន នោះឈ្មោះថានៅក្នុងសេចក្ដីងងឹត ដរាបដល់សព្វថ្ងៃនេះ ឯអ្នកណាដែលស្រឡាញ់ដល់បងប្អូនខ្លួន នោះតែងនៅក្នុងពន្លឺវិញ ហើយនៅក្នុងអ្នកនោះគ្មានហេតុណា នឹងបង្អាក់បង្អន់ចិត្តគេឡើយ តែអ្នកណាដែលស្អប់ដល់បងប្អូន នោះឈ្មោះថានៅក្នុងសេចក្ដីងងឹតវិញ ក៏ដើរក្នុងសេចក្ដីងងឹត ហើយមិនដឹងជាខ្លួនទៅឯណាផង ពីព្រោះសេចក្ដីងងឹតនោះបានបំបាំងភ្នែកហើយ។ កូនតូចៗរាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះទ្រង់បានអត់ទោសបាបរបស់អ្នករាល់គ្នាហើយ ដោយយល់ដល់ព្រះនាមទ្រង់ ឪពុករាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានស្គាល់ព្រះ ដែលទ្រង់គង់នៅតាំងពីដើមរៀងមក កំឡោះរាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានឈ្នះមេកំណាចហើយ ក្មេងរាល់គ្នាអើយ ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានស្គាល់ព្រះវរបិតា ឪពុករាល់គ្នាអើយ ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានស្គាល់ព្រះ ដែលគង់នៅតាំងពីដើមរៀងមក កំឡោះរាល់គ្នាអើយ ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះមានកំឡាំង ហើយព្រះបន្ទូលក៏ស្ថិតនៅក្នុងអ្នករាល់គ្នា អ្នករាល់គ្នាបានឈ្នះមេកំណាចហើយ កុំឲ្យស្រឡាញ់លោកីយ ឬរបស់អ្វីដែលនៅក្នុងលោកីយនេះឲ្យសោះ បើអ្នកណាស្រឡាញ់លោកីយ អ្នកនោះគ្មានសេចក្ដីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ ដ្បិតអស់ទាំងសេចក្ដី ដែលនៅក្នុងលោកីយនេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម នឹងសេចក្ដីប៉ងប្រាថ្នារបស់ភ្នែក ហើយសេចក្ដីអំនួតរបស់ជីវិត នោះមិនកើតមកពីព្រះវរបិតាទេ គឺមកតែពីលោកីយនេះវិញ ឯលោកីយនេះ នឹងសេចក្ដីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ។