១ កូរិនថូស 9:19-27

១ កូរិនថូស 9:19-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​ជាប់​ជំពាក់​ដល់​មនុស្ស​ទាំង‌អស់​ក៏​ដោយ គង់​តែ​ខ្ញុំ​បាន​ត្រឡប់​ទៅ​ជា​អ្នក​បម្រើ​ដល់​មនុស្ស​ទាំង‌អស់​ដែរ ដើម្បី​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​មាន​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ។ ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​សាសន៍​យូដា ដល់​ពួក​សាសន៍​យូដា ដើម្បី​នាំ​ពួក​សាសន៍​យូដា​ឲ្យ​មាន​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ។ ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​អ្នក​ស្ថិត​នៅ​ក្រោមក្រឹត្យ‌វិន័យ ដល់​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោមក្រឹត្យ‌វិន័យ (ទោះ​ជា​ខ្ញុំ​មិន​ស្ថិត​នៅ​ក្រោមក្រឹត្យ‌វិន័យក៏​ដោយ) ដើម្បី​នាំ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោមក្រឹត្យ‌វិន័យ​ឲ្យ​មាន​ជំនឿ​ដល់​ព្រះគ្រីស្ទ។ ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​អ្នក​ដែល​គ្មាន​ក្រឹត្យ‌វិន័យ ដល់​អស់​អ្នក​ដែល​គ្មាន​ក្រឹត្យ‌វិន័យ (មិន​មែន​មាន​ន័យ​ថា ខ្ញុំ​គ្មាន​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នោះ​ទេ គឺ​ខ្ញុំ​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ​ព្រះ‌គ្រីស្ទ) ដើម្បី​នាំ​អស់​អ្នក​ដែល​គ្មាន​ក្រឹត្យ‌វិន័យ​ឲ្យ​មាន​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ។ ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​អ្នក​ទន់​ខ្សោយ ដល់​ពួក​អ្នក​ទន់​ខ្សោយ ដើម្បី​នាំ​ពួក​អ្នក​ទន់​ខ្សោយ​ឲ្យ​មាន​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ។ ខ្ញុំ​បាន​ត្រឡប់​ជា​គ្រប់​សណ្ឋាន​ទាំង‌អស់ ដល់​មនុស្ស​ទាំង‌អស់ ដើម្បី​សង្គ្រោះ​អ្នក​ខ្លះ តាម​គ្រប់​មធ្យោ‌បាយ​ទាំង‌អស់។ ខ្ញុំ​ធ្វើ​គ្រប់​ការ​ទាំង‌អស់​ដោយ​ព្រោះ​ដំណឹង​ល្អ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ចំណែក​ទទួល​ផល​ក្នុង​ដំណឹង​ល្អ។ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា អស់​អ្នក​ដែល​រត់​នៅ​ទី​ប្រណាំង គេ​រត់​ទាំង‌អស់​គ្នា ប៉ុន្តែ មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រង្វាន់? ដូច្នេះ ចូរ​រត់​តាម​របៀប​នោះ​ដើម្បី​ឲ្យ​បាន​រង្វាន់​ចុះ។ កីឡា‌ករ​ទាំង‌អស់​សុទ្ធ​តែ​លត់ដំ​ខ្លួន​គ្រប់​បែប​យ៉ាង គេ​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​បាន​ទទួល​ភួង​ជ័យ​ដែល​នឹង​ពុក​រលួយ តែ​យើង​វិញ យើង​បាន​ភួង​ជ័យ​ដែល​មិន​ចេះ​ពុក​រលួយ។ ដូច្នេះ ខ្ញុំ​ក៏​រត់​យ៉ាង​ដូច្នោះ​ដែរ មិន​មែន​រត់​ដោយ​ឥត​គោល​ដៅ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ប្រ​ដា​ល់ ដូច​ជា​ដាល់​ខ្យល់​នោះ​ដែរ គឺ​ខ្ញុំ​វាយ​ដំ​រូប‌កាយ​ខ្ញុំ ទាំង​បង្ខំ​ឲ្យ​ចុះ​ចូ​ល ក្រែង​ក្រោយ​ពី​ខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នក​ដទៃ​ហើយ ខ្លួន​ខ្ញុំ​ផ្ទាល់​បែរ​ជា​ត្រូវ​ផាត់​ចោល​ទៅ​វិញ។

ចែក​រំលែក
អាន ១ កូរិនថូស 9

១ កូរិនថូស 9:19-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទោះ​បី​ខ្ញុំ​ជា​មនុស្ស​មាន​សេរី‌ភាព គ្មាន​ជាប់​ចំណង​របស់​នរណា​ក៏​ដោយ ក៏​ខ្ញុំ​សុខ​ចិត្ត​ដាក់​ខ្លួន ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​មនុស្ស​ទាំង​អស់​ដែរ ដើម្បី​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​មាន​ជំនឿ​លើ​ព្រះ‌គ្រិស្ត។ កាល​ខ្ញុំ​នៅ​ជា​មួយ​សាសន៍​យូដា ខ្ញុំ​ធ្វើ​ដូច​សាសន៍​យូដា ដើម្បី​នាំ​គេ​ឲ្យ​មាន​ជំនឿ​លើ​ព្រះ‌គ្រិស្ត។ ទោះ​បី​ខ្លួន​ខ្ញុំ​ផ្ទាល់​មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យក៏​ដោយ កាល​ណា​ខ្ញុំ​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ ខ្ញុំ​ក៏​ធ្វើ​ដូច​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ​ដែរ។ កាល​ខ្ញុំ​នៅ​ជា​មួយ​អស់​អ្នក​ដែល​គ្មាន​ក្រឹត្យ‌វិន័យ ខ្ញុំ​ធ្វើ​ដូច​អ្នក​ដែល​គ្មាន​ក្រឹត្យ‌វិន័យ ដើម្បី​នាំ​ពួក​គេ​ឲ្យ​មាន​ជំនឿ​លើ​ព្រះ‌គ្រិស្ត (តាម​ពិត ខ្ញុំ​មិន​មែន​ជា​អ្នក​គ្មាន​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់​ទេ ដ្បិត​ខ្ញុំ​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌គ្រិស្ត)។ កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​មាន​ជំនឿ​ទន់​ខ្សោយ ខ្ញុំ​ក៏​ធ្វើ​ដូច​ជា​អ្នក​មាន​ជំនឿ​ទន់​ខ្សោយ​ដែរ ដើម្បី​នាំ​ពួក​គេ​ឲ្យ​មាន​ជំនឿ​លើ​ព្រះ‌គ្រិស្ត។ ខ្ញុំ​ធ្វើ​ឲ្យ​បាន​ដូច​មនុស្ស​ទាំង​អស់ ក្នុង​គ្រប់​កាលៈ‌ទេសៈ ដើម្បី​សង្គ្រោះ​អ្នក​ខ្លះ តាម​គ្រប់​មធ្យោ‌បាយ​ទាំង​អស់។ ដោយ​សារ​តែ​ដំណឹង‌ល្អ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​អ្វីៗ​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ចូល​រួម​ទទួល​ផល​ពី​ដំណឹង‌ល្អ​នោះ។ បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អស់​អ្នក​ដែល​រត់​ប្រណាំង​នៅ​កីឡា‌ដ្ឋាន គេ​រត់​ទាំង​អស់​គ្នា ប៉ុន្តែ មាន​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​ទទួល​រង្វាន់។ សូម​បងប្អូន​រត់​តាម​របៀប​នោះ​ដែរ​ទៅ ដើម្បី​ឲ្យ​បាន​ទទួល​រង្វាន់។ អ្នក​ប្រកួត​កីឡា​ទាំង​អស់​តែងតែ​លត់‌ដំ​ខ្លួន ដោយ​ធ្វើ​តាម​ក្បួន​តម្រា​គ្រប់​យ៉ាង ដើម្បី​ឲ្យ​បាន​ទទួល​ភួង​ជ័យ ដែល​នឹង​រលាយ​សាប‌សូន្យ​ទៅ។ រីឯ​យើង​វិញ យើង​នឹង​ទទួល​ភួង​ជ័យ​ដែល​មិន​ចេះ​រលាយ​សាប‌សូន្យ​ឡើយ។ ហេតុ​នេះ ចំពោះ​រូប​ខ្ញុំ ខ្ញុំ​មិន​រត់​ដូច​ជា​មិន​ស្គាល់​ទី‌ដៅ​នោះ​ទេ ខ្ញុំ​ក៏​មិន​ប្រដាល់​ខ្យល់​ដែរ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​លត់‌ដំ​រូប​កាយ​ខ្ញុំ​យ៉ាង​តឹង‌តែង ហើយ​ខ្ញុំ​ធ្វើ​ម្ចាស់​លើ​រូប​កាយ​ខ្លួន​ឯង ក្រែង​លោ​ក្រោយ​ពី​បាន​ផ្សាយ​ដំណឹង‌ល្អ​ដល់​អ្នក​ឯ​ទៀតៗ​ហើយ ខ្លួន​ខ្ញុំ​ផ្ទាល់​បែរ​ជា​ត្រូវ​គេ​ផាត់​ចោល​ទៅ​វិញ។

ចែក​រំលែក
អាន ១ កូរិនថូស 9

១ កូរិនថូស 9:19-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​ជាប់​បំរើ​អ្នក​ណា​សោះ​ក៏​ដោយ គង់​តែ​ខ្ញុំ​បាន​ត្រឡប់​ទៅ​ជា​អ្នក​បំរើ​ដល់​មនុស្ស​ទាំង​អស់​វិញ ដើម្បី​ឲ្យ​បាន​មនុស្ស​ជា​ច្រើន​ទៅ​ទៀត ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​សាសន៍​យូដា ដល់​ពួក​សាសន៍​យូដា ដើម្បី​ឲ្យ​បាន​ពួក​យូដា ហើយ​ដូច​ជា​នៅ​ក្រោម​បន្ទុក​ក្រិត្យ‌វិន័យ ដល់​ពួក​អ្នក​ដែល​នៅ​ក្រោម​បន្ទុក​ក្រិត្យ‌វិន័យ (តែ​ខ្ញុំ​មិន​មែន​នៅ​ក្រោម​បន្ទុក​ក្រិត្យ‌វិន័យ​ទេ) ដើម្បី​ឲ្យ​បាន​ពួក​អ្នក ដែល​នៅ​ក្នុង​បន្ទុក​ក្រិត្យ‌វិន័យ ហើយ​ដូច​ជា​ឥត​ក្រិត្យ‌វិន័យ​ដល់​ពួក​អ្នក​ដែល​គ្មាន​ក្រិត្យ‌វិន័យ (មិន​មែន​ថា​ខ្ញុំ​ឥត​ក្រិត្យ‌វិន័យ​របស់​ព្រះ​ទេ គឺ​ខ្ញុំ​នៅ​ក្នុង​ក្រិត្យ‌វិន័យ​ព្រះ‌គ្រីស្ទ​វិញ) ដើម្បី​ឲ្យ​បាន​ពួក​អ្នក​ដែល​គ្មាន​ក្រិត្យ‌វិន័យ​ដែរ ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​ខ្សោយ​ដល់​ពួក​អ្នក​កំសោយ ដើម្បី​ឲ្យ​បាន​ពួក​កំសោយ គឺ​បាន​ត្រឡប់​ជា​គ្រប់​សណ្ឋាន​ទាំង​អស់ ដល់​មនុស្ស​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ​ដល់​អ្នក​ខ្លះ ដោយ‌សារ​សណ្ឋាន​ទាំង​នោះ​ឯង ខ្ញុំ​ធ្វើ​ការ​ទាំង​នោះ ដោយ​យល់​ដល់​តែ​ដំណឹង​ល្អ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចំណែក​ជា​មួយ​គ្នា​ក្នុង​ដំណឹង​ល្អ។ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា​ពួក​អ្នក​ដែល​រត់​នៅ​ទី​ប្រណាំង គេ​រត់​ទាំង​អស់​គ្នា ប៉ុន្តែ មាន​តែ​១​ទេ​ដែល​បាន​រង្វាន់ ដូច្នេះ ចូរ​រត់​បែប​ឲ្យ​បាន​រង្វាន់​ចុះ ហើយ​អស់​អ្នក​ដែល​ត‌យុទ្ធ​គ្នា គេ​ខំ​អត់​សង្កត់​ចិត្ត​គ្រប់​ជំពូក គឺ​ធ្វើ​ដូច្នោះ ដើម្បី​ឲ្យ​បាន​តែ​ភួង​ជ័យ​ដែល​ត្រូវ​ពុក‌រលួយ តែ​យើង​រាល់​គ្នា​វិញ គឺ​ឲ្យ​បាន​មកុដ​១ ដែល​មិន​ចេះ​ពុក‌រលួយ​ឡើយ បាន​ជា​ខ្ញុំ​ខំ​រត់​យ៉ាង​ដូច្នោះ មិន​មែន​បែប​ដូច​ជា​មិន​ស្គាល់​ផ្លូវ​ទេ ខ្ញុំ​ក៏​ខំ​ប្រដាល់​យ៉ាង​ដូច្នោះ​ដែរ មិន​មែន​ដូច​ជា​ដាល់​ខ្យល់​ទេ គឺ​ខ្ញុំ​វាយ‌ដំ​រូប‌កាយ​ខ្ញុំ ទាំង​បង្ខំ​ឲ្យ​ចុះ​ចូល ក្រែង​ក្រោយ​ដែល​ខ្ញុំ​បាន​ប្រដៅ​មនុស្ស​ឯ​ទៀត​ហើយ នោះ​ខ្លួន​ខ្ញុំ​ត្រូវ​ចោល​ចេញ​វិញ។

ចែក​រំលែក
អាន ១ កូរិនថូស 9