១ កូរិនថូស 8:1-13
១ កូរិនថូស 8:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯចំណីអាហារដែលគេបានសែនដល់រូបព្រះ នោះយើងដឹងថា «យើងទាំងអស់គ្នាសុទ្ធតែចេះដឹង»។ ការចេះដឹងនាំឲ្យអួតបំប៉ោង តែសេចក្តីស្រឡាញ់ស្អាងចិត្តវិញ។ ប្រសិនបើអ្នកណាស្មានថា ខ្លួនចេះដឹងអ្វីមួយ អ្នកនោះមិនទាន់ចេះដឹងតាមការដែលខ្លួនត្រូវចេះដឹងនៅឡើយទេ តែបើអ្នកណាស្រឡាញ់ព្រះ នោះព្រះអង្គក៏ស្គាល់អ្នកនោះដែរ។ ដូច្នេះ ចំពោះការបរិភោគចំណីអាហារ ដែលគេបានសែនដល់រូបព្រះ នោះយើងដឹងថា «ក្នុងលោកនេះ រូបព្រះមិនមែនជាអ្វីទេ» ហើយថា «ក្រៅពីព្រះមួយព្រះអង្គ គ្មានព្រះឯណាទៀតសោះ»។ ដ្បិតទោះបើមានអ្វីដែលហៅថាព្រះនៅលើមេឃ ឬនៅផែនដីក៏ដោយ (ហើយទោះជាមានព្រះជាច្រើន និងម្ចាស់ជាច្រើនមែន) តែសម្រាប់យើង យើងមានព្រះតែមួយព្រះអង្គប៉ុណ្ណោះ គឺព្រះវរបិតា ដែលរបស់សព្វសារពើកើតមកពីព្រះអង្គ ហើយយើងមានជីវិតសម្រាប់ព្រះអង្គ យើងមានព្រះអម្ចាស់តែមួយ គឺព្រះយេស៊ូវគ្រីស្ទ ដែលរបស់សព្វសារពើកើតមកដោយសារព្រះអង្គ ហើយយើងមានជីវិតក៏ដោយសារព្រះអង្គដែរ។ ប៉ុន្តែ មិនមែនគ្រប់គ្នាទេដែលដឹងសេចក្ដីនេះ ដ្បិតមានអ្នកខ្លះ ដោយធ្លាប់ថ្វាយបង្គំរូបព្រះរហូតដល់ពេលនេះ គេនៅតែគិតថា អាហារដែលគេបរិភោគ ជាសំណែនដែលបានសែនដល់រូបព្រះ ម៉្លោះហើយមនសិការរបស់គេដែលខ្សោយ ក៏ត្រូវសៅហ្មង។ ប៉ុន្តែ មិនមែនចំណីអាហារទេដែលធ្វើឲ្យយើងខិតចូលជិតព្រះ។ បើយើងមិនបរិភោគ ក៏មិនខាតអ្វី ហើយបើយើងបរិភោគក៏មិនចំណេញអ្វីដែរ។ ប៉ុន្តែ ត្រូវប្រយ័ត្ន ក្រែងសេរីភាពបែបនេះរបស់អ្នករាល់គ្នា បែរជាធ្វើឲ្យអ្នកទន់ខ្សោយជំពប់ដួល។ ដ្បិតបើអ្នកណាឃើញអ្នក ដែលជាអ្នកចេះដឹងកំពុងអង្គុយបរិភោគក្នុងវិហាររបស់រូបព្រះ នោះតើមិនបានលើកទឹកចិត្តអ្នកទន់ខ្សោយឲ្យបរិភោគសំណែន ដែលបានសែនដល់រូបព្រះដែរទេឬ? ដូច្នេះ បងប្អូនទន់ខ្សោយ ដែលព្រះគ្រីស្ទបានសុគតជំនួស នឹងត្រូវវិនាសដោយសារតែការចេះដឹងរបស់អ្នក។ ពេលអ្នករាល់គ្នាធ្វើបាបចំពោះពួកបងប្អូន ហើយធ្វើឲ្យមនសិការទន់ខ្សោយរបស់គេមានរបួស នោះអ្នករាល់គ្នាធ្វើបាបចំពោះព្រះគ្រីស្ទហើយ។ ដូច្នេះ បើចំណីអាហារជាហេតុនាំឲ្យបងប្អូនខ្ញុំជំពប់ដួល នោះខ្ញុំនឹងមិនបរិភោគសាច់ជារៀងរហូត ក្រែងបងប្អូនរបស់ខ្ញុំជំពប់ដួលដោយសារខ្ញុំ។
១ កូរិនថូស 8:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឥឡូវនេះ សូមរិះគិតអំពីបញ្ហាសាច់ ដែលគេបានសែនព្រះក្លែងក្លាយរួចហើយ។ យើងដឹងហើយថា យើងសុទ្ធតែចេះដឹងទាំងអស់គ្នា។ ការចេះដឹង រមែងនាំឲ្យអួតបំប៉ោង រីឯសេចក្ដីស្រឡាញ់តែងតែជួយកសាង។ ប្រសិនបើមានអ្នកណាម្នាក់នឹកស្មានថា ខ្លួនចេះដឹងហើយ បានសេចក្ដីថាអ្នកនោះនៅមិនទាន់ចេះដឹងដូចដែលខ្លួនត្រូវចេះដឹងនោះឡើយ។ ផ្ទុយទៅវិញ អ្នកណាស្រឡាញ់ព្រះជាម្ចាស់ ព្រះអង្គក៏ស្គាល់អ្នកនោះដែរ។ ដូច្នេះ ចំពោះបញ្ហាបរិភោគសាច់ដែលគេបានសែនព្រះក្លែងក្លាយ យើងដឹងហើយថា ក្នុងលោកនេះ ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មានព្រះឯណាទៀតសោះឡើយ។ ទោះបីមានអ្វីៗដែលមនុស្សលោកចាត់ទុកជាព្រះនៅលើមេឃ ឬនៅលើផែនដីក៏ដោយ (ដ្បិតគេជឿថា ព្រះក៏មានច្រើន ម្ចាស់ក៏មានច្រើន) ក៏យើងជឿថា មានព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ។ ព្រះអង្គជាព្រះបិតាដែលបានបង្កើតអ្វីៗសព្វសារពើមក ហើយយើងមានជីវិតរស់សម្រាប់ព្រះអង្គ។ យើងជឿទៀតថា មានព្រះអម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ គឺព្រះយេស៊ូគ្រិស្ត*។ អ្វីៗសព្វសារពើកើតមកដោយសារព្រះអង្គ ហើយយើងមានជីវិតរស់ក៏ដោយសារព្រះអង្គដែរ។ ប៉ុន្តែ មិនមែនគ្រប់គ្នាទេដែលដឹងសេចក្ដីនេះ។ អ្នកខ្លះនៅតែជំពាក់ចិត្តនឹងព្រះក្លែងក្លាយនៅឡើយ គេបរិភោគសាច់ទាំងនោះទុកដូចជាសំណែន ហើយដោយគេរិះគិតមិនបានដិតដល់ ក៏នឹកស្មានថា ខ្លួនត្រូវសៅហ្មង។ តាមពិត មិនមែនចំណីអាហារទេ ដែលធ្វើឲ្យយើងបានខិតចូលជិតព្រះជាម្ចាស់។ បើយើងមិនបានបរិភោគ យើងក៏មិនខាតអ្វី ហើយបើយើងបរិភោគក៏មិនចំណេញអ្វីដែរ។ ហេតុនេះ សូមបងប្អូនប្រុងប្រយ័ត្នខ្លួន កុំឲ្យសិទ្ធិសេរីភាពរបស់បងប្អូននាំឲ្យអ្នកដែលមានជំនឿទន់ខ្សោយធ្លាក់ក្នុងអំពើបាបនោះឡើយ។ បងប្អូនជាអ្នកចេះដឹងអើយ ប្រសិនបើនរណាម្នាក់ដែលមានមនសិការទន់ខ្សោយ ឃើញបងប្អូនអង្គុយបរិភោគក្នុងវិហាររបស់ព្រះក្លែងក្លាយ នោះគេមុខជាយល់ឃើញថា ខ្លួនអាចបរិភោគសាច់ដែលបានសែនព្រះក្លែងក្លាយជាមិនខាន។ ព្រះគ្រិស្តបានសោយទិវង្គត ដើម្បីសង្គ្រោះអ្នកទន់ខ្សោយនោះ ប៉ុន្តែ ការចេះដឹងរបស់បងប្អូន បែរជានាំគេឲ្យវិនាសអន្តរាយទៅវិញ! ដោយបងប្អូនប្រព្រឹត្តអំពើបាបបែបនេះចំពោះបងប្អូនឯទៀតៗ និងធ្វើឲ្យមនសិការរបស់គេកាន់តែអាប់ឱនថែមទៀត នោះ បងប្អូនក៏ដូចជាបានប្រព្រឹត្តអំពើបាបចំពោះព្រះគ្រិស្តផ្ទាល់ដែរ។ ហេតុនេះ ប្រសិនបើចំណីអាហារណាមួយធ្វើឲ្យបងប្អូនរបស់ខ្ញុំធ្លាក់ក្នុងអំពើបាប ខ្ញុំនឹងមិនបរិភោគសាច់ទៀតជាដាច់ខាត ដើម្បីកុំឲ្យបងប្អូនខ្ញុំរវាតចិត្តបាត់ជំនឿ។
១ កូរិនថូស 8:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯត្រង់ភោជនាហារ ដែលបានថ្វាយទៅរូបព្រះ នោះយើងរាល់គ្នាដឹងថា (ដ្បិតយើងទាំងអស់គ្នាមានចំណេះ រីឯចំណេះ នោះនាំឲ្យចិត្តប៉ោងឡើង តែសេចក្ដីស្រឡាញ់ស្អាងចិត្តឡើងវិញ បើអ្នកណាស្មានថាខ្លួនចេះអ្វី នោះមិនទាន់បានចេះតាមដែលគួរចេះនៅឡើយទេ តែបើអ្នកណាស្រឡាញ់ព្រះ ទ្រង់ក៏ស្គាល់អ្នកនោះ) ឯដំណើរបរិភោគភោជនាហារ ដែលបានថ្វាយទៅរូបព្រះ នោះយើងដឹងថា ក្នុងលោកីយនេះ រូបព្រះមិនជាអ្វីទេ ហើយថា គ្មានព្រះណាទៀត ក្រៅពីព្រះតែ១ឡើយ ដ្បិតថ្វីបើមានអ្វីដែលហៅថាព្រះ ទោះនៅលើមេឃ ឬនៅផែនដីក្តី ដូចជាមានព្រះជាច្រើន នឹងម្ចាស់ជាច្រើនមែន គង់តែខាងយើង មានព្រះតែ១ប៉ុណ្ណោះ គឺជាព្រះវរបិតា ដែលរបស់សព្វសារពើកើតមកពីទ្រង់ ហើយយើងរាល់គ្នាក៏សំរាប់ទ្រង់ ក៏មានព្រះអម្ចាស់តែ១ គឺជាព្រះយេស៊ូវគ្រីស្ទ ដែលរបស់សព្វសារពើកើតមកដោយសារទ្រង់ ហើយយើងក៏ដោយសារទ្រង់ដែរ តែមនុស្សទាំងអស់គ្មានចំណេះនេះទេ មានអ្នកខ្លះនៅតែកោតខ្លាចចំពោះរូបព្រះ ហើយគេបរិភោគភោជនាហារទាំងនោះ ទុកដូចជាដង្វាយថ្វាយទៅរូបព្រះ លុះមកដល់សព្វថ្ងៃនេះ ម៉្លោះហើយ បញ្ញាចិត្តគេដែលខ្សោយ នោះត្រូវស្មោកគ្រោកទៅវិញ ប៉ុន្តែ ចំណីអាហារ មិនមែនជាគ្រឿង ដែលនាំឲ្យព្រះរាប់អានយើងទេ ដ្បិតបើយើងបរិភោគ នោះមិនមែនមានបំណាច់អ្វី ហើយបើមិនបរិភោគទេ នោះយើងក៏មិនខ្វះអ្វីដែរ តែត្រូវប្រយ័ត ក្រែងអំណាចយើងនេះ បានបង្កើតជាហេតុនាំឲ្យពួកកំសោយជំពប់ដួល ដ្បិត បើអ្នកណាឃើញអ្នកឯង ដែលមានចំណេះ កំពុងតែអង្គុយបរិភោគក្នុងវិហារមានរូបព្រះ នោះតើមិនបានកំឡាចិត្តអ្នកកំសោយ ឲ្យបរិភោគដង្វាយដែលបានថ្វាយដល់រូបព្រះដែរឬអី ដូច្នេះ បងប្អូនកំសោយ ដែលព្រះគ្រីស្ទបានសុគតជំនួស គេនឹងត្រូវវិនាសដោយសារចំណេះរបស់អ្នកវិញ យ៉ាងនោះ ដែលធ្វើបាបនឹងពួកបងប្អូន ហើយធ្វើឲ្យបញ្ញាចិត្តកំសោយរបស់គេត្រូវរបួស នោះឈ្មោះថាធ្វើបាបនឹងព្រះគ្រីស្ទដែរ ហេតុដូច្នេះ បើសិនជាចំណីអាហារអ្វីនាំឲ្យបងប្អូនខ្ញុំជំពប់ដួល នោះខ្ញុំមិនព្រមទទួលទានចំណីអាហារនោះជាដរាបតទៅ ក្រែងបងប្អូនខ្ញុំជំពប់ដួល។