១ កូរិនថូស 7:8-16
១ កូរិនថូស 7:8-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំសូមនិយាយចំពោះអ្នកនៅលីវ និងស្រ្ដីមេម៉ាយថា បើគេនៅដូចជាខ្ញុំបាន នោះជាការប្រសើរ។ ប៉ុន្តែ បើគេអត់ទ្រាំមិនបាន ចូររៀបការចុះ ដ្បិតដែលរៀបការ នោះប្រសើរជាងទុកឲ្យមានតណ្ហាពុះកញ្ជ្រោល។ ប៉ុន្តែ ចំពោះអ្នករៀបការហើយ ខ្ញុំសូមទូន្មានតាមបង្គាប់ព្រះអម្ចាស់ មិនមែនខ្ញុំទេ គឺថា ប្រពន្ធមិនត្រូវបែកពីប្តីឡើយ (តែបើនាងជ្រុលជាបែកពីប្តីហើយ នោះចូរនៅជាឥតប្តីទៅ ពុំនោះទេសូមទៅជានានឹងប្តីខ្លួនវិញ) ឯប្តី ក៏មិនត្រូវលែងប្រពន្ធរបស់ខ្លួនដែរ។ ចំពោះអ្នកឯទៀត (នេះមិនមែនមកពីព្រះអម្ចាស់ទេ គឺជាពាក្យខ្ញុំ) ខ្ញុំសូមជម្រាបថា បើបងប្អូនណាមានប្រពន្ធជាអ្នកមិនជឿ ហើយនាងព្រមរស់នៅជាមួយ នោះមិនត្រូវលែងនាងឡើយ ហើយបើស្ត្រីណាមានប្តីជាអ្នកមិនជឿវិញ តែគាត់ព្រមរស់នៅជាមួយ នោះក៏មិនត្រូវលែងគាត់ដែរ។ ដ្បិតប្តីដែលមិនជឿនោះបានរាប់ជាបរិសុទ្ធតាមរយៈប្រពន្ធ ហើយប្រពន្ធដែលមិនជឿ ក៏បានរាប់ជាបរិសុទ្ធតាមរយៈប្តីដែរ ពុំនោះទេ កូនរបស់អ្នករាល់គ្នាមិនស្អាតឡើយ ប៉ុន្តែ ឥឡូវនេះ ពួកគេស្អាតហើយ។ ប៉ុន្តែ បើដៃគូដែលមិនជឿចុះចេញ ឲ្យគេទៅចុះ រឿងបែបនេះ បងប្អូនប្រុស ឬស្រីនោះមិនជាប់ចំណងទៀតទេ ដ្បិតព្រះបានត្រាស់ហៅអ្នករាល់គ្នាមករស់ក្នុងសេចក្តីសុខសាន្ត។ បងប្អូនជាប្រពន្ធរាល់គ្នាអើយ តើនាងដឹងដូចម្ដេចបានថា នាងអាចនឹងសង្គ្រោះប្ដីរបស់នាង? បងប្អូនជាប្តីរាល់គ្នាអើយ តើអ្នកដឹងដូចម្ដេចបានថា អ្នកអាចនឹងសង្គ្រោះប្រពន្ធរបស់អ្នក?
១ កូរិនថូស 7:8-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំសូមប្រាប់អស់អ្នកដែលនៅលីវ និងស្ត្រីមេម៉ាយថា គួរតែនៅលីវដូចខ្ញុំទៅល្អជាង។ ប៉ុន្តែ បើទ្រាំមិនបានទេ ចូររៀបការចុះ ព្រោះបើរៀបការប្រសើរជាងទុកឲ្យចិត្តនៅពុះកញ្ជ្រោល។ ខ្ញុំសូមបង្គាប់អស់អ្នកដែលមានគូស្រករហើយថា ភរិយាមិនត្រូវចាកចោលស្វាមីរបស់ខ្លួនឡើយ (មិនមែនខ្ញុំទេជាអ្នកបង្គាប់ គឺព្រះអម្ចាស់ទេតើដែលបង្គាប់)។ ប្រសិនបើនាងបានជាចាកចោលប្ដីហើយ មិនត្រូវយកប្ដីទៀតទេ ឬមួយត្រូវតែទៅជានានឹងប្ដីនាងវិញ។ រីឯប្ដី ក៏មិនត្រូវលែងប្រពន្ធរបស់ខ្លួនដែរ។ ចំពោះអ្នកឯទៀតៗ (សេចក្ដីនេះមិនមែនមកពីព្រះអម្ចាស់ទេ គឺមកពីខ្ញុំផ្ទាល់) ខ្ញុំសូមជម្រាបថា ប្រសិនបើបងប្អូនណាមានភរិយាជាអ្នកមិនជឿ ហើយបើនាងយល់ព្រមរស់នៅជាមួយ កុំលែងនាងឡើយ។ រីឯស្ត្រីមានប្ដីជាអ្នកមិនជឿវិញ បើប្ដីយល់ព្រមរស់នៅជាមួយនាង នោះក៏មិនត្រូវលែងគេដែរ ដ្បិតព្រះជាម្ចាស់ប្រោសប្ដីដែលមិនជឿ ឲ្យចូលរួមក្នុងប្រជាជនរបស់ព្រះអង្គតាមរយៈភរិយា ហើយព្រះអង្គក៏ប្រោសភរិយាដែលមិនជឿ ឲ្យចូលរួមក្នុងប្រជាជនរបស់ព្រះអង្គ តាមរយៈប្ដីដែលជាអ្នកជឿនោះដែរ។ បើសេចក្ដីខាងលើនេះមិនពិត កូនចៅរបស់បងប្អូនមិនបរិសុទ្ធ*ទេ!។ ប៉ុន្តែ តាមពិត ព្រះជាម្ចាស់បានប្រោសក្មេងទាំងនោះឲ្យចូលរួមក្នុងប្រជាជនរបស់ព្រះអង្គរួចស្រេចទៅហើយ។ បើគូស្រករដែលមិនជឿ ចាកចោលបងប្អូនដែលជាអ្នកជឿ ឲ្យគេទៅចុះ បងប្អូនប្រុស ឬស្រីនោះគ្មានកំហុសអ្វីក្នុងរឿងនេះទេ។ ព្រះជាម្ចាស់បានត្រាស់ហៅយើងឲ្យមករស់ក្នុងសេចក្ដីសុខសាន្ត។ បងប្អូនជាស្ត្រីដែលមានប្ដីហើយ តើនាងអាចដឹងដូចម្ដេចបានថា នាងនឹងសង្គ្រោះប្ដីរបស់នាង? រីឯបងប្អូនដែលមានភរិយា តើអ្នកអាចដឹងដូចម្ដេចបានថា អ្នកនឹងសង្គ្រោះភរិយារបស់អ្នក?។
១ កូរិនថូស 7:8-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំក៏និយាយចំពោះនឹងពួកក្រមុំកំឡោះ ហើយនឹងពួកមេម៉ាយថា បើគេនៅដូចជាខ្ញុំ នោះល្អហើយ ប៉ុន្តែ បើអ្នកទាំងនោះអត់ទ្រាំមិនបាន នោះចូរយកប្ដីប្រពន្ធចុះ ដ្បិតដែលយកប្ដីប្រពន្ធ នោះជាជាងទ្រាំឲ្យមានសេចក្ដីរោលរាលវិញ ឯខាងអ្នកដែលមានប្ដីប្រពន្ធហើយ នោះខ្ញុំនឹងបង្គាប់ដែរ តែមិនគឺខ្ញុំ គឺជាព្រះអម្ចាស់វិញ ទ្រង់បង្គាប់ថា កុំឲ្យប្រពន្ធលែងប្ដីឡើយ ឬបើបានលែងប្ដីហើយ នោះចូរនៅជាឥតប្ដីទៅចុះ ឬឲ្យជានឹងប្ដីខ្លួនវិញទៅ ហើយឯប្ដី ក៏កុំឲ្យលែងប្រពន្ធខ្លួនដែរ។ ឯមនុស្សឯទៀត មិនមែនព្រះអម្ចាស់មានបន្ទូលទេ គឺខ្លួនខ្ញុំនិយាយថា បើបងប្អូនណាមានប្រពន្ធដែលមិនជឿ តែព្រមនៅជាមួយនឹងខ្លួន នោះមិនត្រូវលះចោលនាងឡើយ ហើយស្ត្រីណាមានប្ដីដែលមិនជឿ តែព្រមនៅជាមួយនឹងនាង នោះក៏មិនត្រូវឲ្យនាងលះចោលគេដែរ ដ្បិតប្ដីដែលមិនជឿ នោះបានរាប់ជាស្អាតដោយសារប្រពន្ធ ហើយប្រពន្ធដែលមិនជឿក៏ដោយសារប្ដីដែរ ពុំនោះ កូនចៅគេមិនស្អាតទេ តែឥឡូវនេះ វាស្អាតហើយ តែបើអ្នកដែលមិនជឿ គេដកខ្លួនចេញ នោះឲ្យគេចេញចុះ យ៉ាងនោះ បងប្អូនប្រុសឬស្រី នឹងមិននៅជាប់ចំណងទៀតទេ ប៉ុន្តែ ព្រះទ្រង់បានហៅយើងរាល់គ្នាឲ្យមានសេចក្ដីមេត្រីនឹងគ្នាវិញ ដ្បិតឱស្ត្រីអើយ ប្រហែលជានាងនឹងសង្គ្រោះប្ដីបានទេដឹង ឬបុរសអើយ ប្រហែលជាអ្នកនឹងសង្គ្រោះប្រពន្ធបានដែរទេដឹង