១ កូរិនថូស 6:15-20
១ កូរិនថូស 6:15-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នាជាអវយវៈរបស់ព្រះគ្រីស្ទទេឬ? ដូច្នេះ តើគប្បីឲ្យខ្ញុំយកអវយវៈរបស់ព្រះគ្រីស្ទ ទៅធ្វើជាអវយវៈរបស់ស្ត្រីពេស្យាឬ? ទេ មិនបានជាដាច់ខាត! តើអ្នករាល់គ្នាមិនដឹងថា អ្នកណាដែលរួមរ័កជាមួយស្ត្រីពេស្យា អ្នកនោះជារូបកាយតែមួយជាមួយនាងទេឬ? ដ្បិតមានសេចក្ដីចែងទុកមកថា៖ «អ្នកទាំងពីរនឹងត្រឡប់ជាសាច់តែមួយ» រីឯអ្នកដែលរួមរស់ជាមួយព្រះអម្ចាស់វិញ នោះក៏ជាវិញ្ញាណតែមួយជាមួយព្រះអង្គដែរ។ ចូររត់ចេញពីអំពើសហាយស្មន់ទៅ! រាល់អំពើបាបដែលមនុស្សប្រព្រឹត្ត នោះនៅខាងក្រៅរូបកាយទេ តែអ្នកដែលប្រព្រឹត្តសហាយស្មន់ អ្នកនោះធ្វើបាបទាស់នឹងរូបកាយរបស់ខ្លួនហើយ។ តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នា ជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានទទួលមកពីព្រះទេឬ? អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ ដ្បិតព្រះបានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរលើកតម្កើងព្រះ នៅក្នុងរូបកាយរបស់អ្នករាល់គ្នាចុះ។
១ កូរិនថូស 6:15-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូនជាសរីរាង្គនៃព្រះកាយព្រះគ្រិស្ត? ដូច្នេះ តើគប្បីឲ្យខ្ញុំយកសរីរាង្គព្រះគ្រិស្តទៅធ្វើជាសរីរាង្គរបស់ស្ត្រីពេស្យាឬ? ទេ មិនបានជាដាច់ខាត! តើបងប្អូនមិនជ្រាបទេឬថា អ្នកណារួមរ័កជាមួយស្ត្រីពេស្យា អ្នកនោះក៏រួមជារូបកាយតែមួយរបស់នាងដែរ ដ្បិតមានសេចក្ដីថ្លែងទុកក្នុងគម្ពីរថា «អ្នកទាំងពីរនឹងទៅជារូបកាយតែមួយ» ។ រីឯអ្នកដែលរួមរស់ជាមួយព្រះអម្ចាស់ ក៏មានវិញ្ញាណតែមួយរួមជាមួយព្រះអង្គដែរ។ ចូរគេចឲ្យផុតពីអំពើប្រាសចាកសីលធម៌។ អំពើបាបឯទៀតៗដែលមនុស្សប្រព្រឹត្ត ជាអំពើបាបមិនធ្វើឲ្យរូបកាយសៅហ្មងទេ។ ប៉ុន្តែ អ្នកណាប្រព្រឹត្តអំពើប្រាសចាកសីលធម៌ អ្នកនោះប្រព្រឹត្តអំពើបាប ដែលនាំឲ្យសៅហ្មងដល់រូបកាយរបស់ខ្លួន។ បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូនជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធដែលគង់នៅក្នុងបងប្អូន ជាព្រះវិញ្ញាណដែលបងប្អូនបានទទួលពីព្រះជាម្ចាស់។ បងប្អូនមិនមែនជាម្ចាស់លើខ្លួនឯងទៀតទេ ដ្បិតព្រះអង្គបានបង់ថ្លៃយ៉ាងច្រើនលើសលុប ដើម្បីលោះបងប្អូន។ ហេតុនេះ ចូរប្រើរូបកាយរបស់បងប្អូន ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។
១ កូរិនថូស 6:15-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែមិនដឹងថា រូបកាយអ្នករាល់គ្នា ជាអវយវៈរបស់ព្រះគ្រីស្ទទេឬអី ដូច្នេះ តើខ្ញុំនឹងយកអវយវៈរបស់ព្រះគ្រីស្ទ ឲ្យទៅធ្វើជាអវយវៈរបស់ស្រីសំផឹងវិញឬ ទេ មិនត្រូវឡើយ ចុះតើអ្នករាល់គ្នាមិនដឹងទេឬអីថា អ្នកណាដែលទៅសេពសម្ភពនឹងស្រីសំផឹង នោះជារូបសាច់តែ១ផងគ្នា ដ្បិតព្រះទ្រង់មានបន្ទូលថា «អ្នកទាំង២នឹងទៅជាសាច់តែ១» ឯអ្នកដែលនៅជាប់នឹងព្រះអម្ចាស់ នោះក៏ជាវិញ្ញាណតែ១នឹងទ្រង់ដែរ ចូររត់ពីការសហាយស្មន់ចេញ គ្រប់ទាំងអំពើបាបណាដែលមនុស្សប្រព្រឹត្ត នោះនៅខាងក្រៅរូបកាយទេ តែអ្នកណាដែលសហាយស្មន់គ្នា នោះឈ្មោះថាធ្វើបាបដល់រូបកាយខ្លួនឯងផង តើមិនដឹងទេឬអីថា រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ ដែលអ្នករាល់គ្នាបានទទួលមកពីព្រះ ហើយអ្នករាល់គ្នាមិនមែនជារបស់ផងខ្លួនទេ ដ្បិតព្រះទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរដំកើងព្រះនៅក្នុងរូបកាយ ហើយក្នុងវិញ្ញាណនៃអ្នករាល់គ្នា ដែលជារបស់ផងទ្រង់ចុះ។