១ កូរិនថូស 6:1-11
១ កូរិនថូស 6:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្នុងចំណោមអ្នករាល់គ្នា ពេលអ្នកណាម្នាក់មានរឿងឈ្លោះប្រកែកនឹងម្នាក់ទៀត ម្ដេចក៏ហ៊ានយករឿងនោះទៅប្ដឹងពួកមនុស្សទុច្ចរិត ហើយមិនទុកឲ្យពួកបរិសុទ្ធកាត់ក្ដី? តើអ្នករាល់គ្នាមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជម្រះពិភពលោកទេឬ? ប្រសិនបើអ្នករាល់គ្នាជំនុំជម្រះពិភពលោកដូច្នេះ ម្ដេចក៏អ្នករាល់គ្នាគ្មានសមត្ថភាពនឹងជំនុំជម្រះរឿងរ៉ាវដ៏តូចបំផុតនេះ? តើអ្នករាល់គ្នាមិនដឹងទេឬ? យើងត្រូវជំនុំជម្រះពួកទេវតាទៀតផង កុំថាឡើយរឿងរ៉ាវក្នុងជីវិតនេះ! ដូច្នេះ បើអ្នករាល់គ្នាមានរឿងក្ដីក្នុងជីវិតនេះ ម្ដេចក៏អ្នករាល់គ្នាឲ្យមនុស្សដែលក្រុមជំនុំមិនសូវរាប់អានកាត់ក្ដីទៅវិញ? ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាអៀនខ្មាស។ ក្នុងចំណោមអ្នករាល់គ្នា តើគ្មានអ្នកណាម្នាក់មានប្រាជ្ញា អាចនឹងអារកាត់រវាងពួកបងប្អូនរបស់ខ្លួនបានទេឬ? ផ្ទុយទៅវិញ បងប្អូនបែរជាប្ដឹងផ្ដល់គ្នាឯង ហើយនៅមុខអ្នកមិនជឿទៀតផង! តាមពិត ដែលគ្រាន់តែមានរឿងក្តីនឹងគ្នា នោះអ្នករាល់គ្នាខុសទាំងស្រុងរួចទៅហើយ។ ហេតុអ្វីបានជាមិនស៊ូទ្រាំនឹងបងប្អូនដែលធ្វើខុសលើខ្លួន? ហេតុអ្វីបានជាមិនស៊ូទ្រាំឲ្យគេកេងបន្លំខ្លួនជាជាង? តែអ្នករាល់គ្នាខ្លួនឯងធ្វើខុស ហើយកេងបន្លំគ្នា ដែលសុទ្ធតែជាបងប្អូនរបស់ខ្លួន។ តើអ្នករាល់គ្នាមិនដឹងថា ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិត មិនអាចគ្រងព្រះរាជ្យរបស់ព្រះទុកជាមត៌កបានទេឬ? សូមកុំច្រឡំឲ្យសោះ! ពួកសហាយស្មន់ ពួកថ្វាយបង្គំរូបព្រះ ពួកផិតក្បត់ ពួកប្រុសពេស្យា ពួករួមសង្វាសនឹងភេទដូចគ្នា ពួកចោរ ពួកលោភលន់ ពួកប្រមឹក ពួកជេរប្រមាថ ពួកបោកប្រាស់ នោះមិនអាចគ្រងព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។ ពីដើមអ្នករាល់គ្នាខ្លះក៏ធ្លាប់ជាមនុស្សបែបនោះដែរ តែព្រះបានលាងសម្អាតអ្នករាល់គ្នា បានញែកអ្នករាល់គ្នាជាបរិសុទ្ធ បានរាប់អ្នករាល់គ្នាជាសុចរិត ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងដោយសារព្រះវិញ្ញាណនៃព្រះរបស់យើងរួចហើយ។
១ កូរិនថូស 6:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្នុងចំណោមបងប្អូន កាលណាម្នាក់ទាស់នឹងម្នាក់ទៀត ម្ដេចក៏ហ៊ានទៅរកចៅក្រមដែលមិនស្គាល់ព្រះជាម្ចាស់ឲ្យកាត់ក្ដី មិនទុកឲ្យប្រជាជនដ៏វិសុទ្ធកាត់ក្ដីវិញ! បងប្អូនមិនជ្រាបទេឬថា ប្រជាជនដ៏វិសុទ្ធ*នឹងវិនិច្ឆ័យទោសពិភពលោកនេះ! ប្រសិនបើបងប្អូនវិនិច្ឆ័យទោសពិភពលោកដូច្នេះ ហេតុដូចម្ដេចបានជាបងប្អូនថា ខ្លួនមិនសមនឹងអារកាត់រឿងរ៉ាវដ៏តូចបំផុតនេះ? បងប្អូនមិនជ្រាបទេឬ សូម្បីតែពួកទេវតា* ក៏យើងវិនិច្ឆ័យទោសទៅហើយ ចុះទម្រាំបើរឿងរ៉ាវក្នុងជីវិតនេះវិញ ម្ដេចក៏យើងអារកាត់មិនកើត! ពេលបងប្អូនមានរឿងប្ដឹងផ្ដល់គ្នាអំពីបញ្ហាក្នុងជីវិតនេះ ម្ដេចក៏បងប្អូនទៅរកពួកអ្នកដែលក្រុមជំនុំមិនរាប់រក ឲ្យមកកាត់ក្ដីដូច្នេះ។ ខ្ញុំនិយាយនេះ ដើម្បីឲ្យបងប្អូនអៀនខ្លួន។ ក្នុងចំណោមបងប្អូន តើគ្មាននរណាមានប្រាជ្ញាអាចនឹងអារកាត់រឿងរ៉ាវដែលកើតឡើងរវាងបងប្អូន សូម្បីតែម្នាក់ក៏គ្មានផងដែរឬ? បងប្អូនបែរជាប្ដឹងផ្ដល់គ្នាឯង ហើយនៅមុខអ្នកមិនជឿថែមទៀតផង! គ្រាន់តែបងប្អូនប្ដឹងផ្ដល់គ្នាឯងនោះ ខុសទាំងស្រុងទៅហើយ។ ហេតុអ្វីបានជាបងប្អូនមិនស៊ូទ្រាំនឹងអំពើអយុត្ដិធម៌? ហេតុអ្វីបានជាមិនព្រមឲ្យគេរឹបយកទ្រព្យរបស់បងប្អូន? ផ្ទុយទៅវិញ គឺបងប្អូនទេតើដែលជាអ្នកប្រព្រឹត្តអំពើអយុត្ដិធម៌ ហើយរឹបយកទ្រព្យពីគេ ដែលសុទ្ធតែជាបងប្អូនរបស់ខ្លួនថែមទៀត។ បងប្អូនមិនជ្រាបទេឬថា អ្នកប្រព្រឹត្តអំពើទុច្ចរិតពុំអាចទទួលព្រះរាជ្យ*ព្រះជាម្ចាស់ទុកជាមត៌កឡើយ! សូមបងប្អូនកុំយល់ច្រឡំឲ្យសោះ អស់អ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ពួកថ្វាយបង្គំព្រះក្លែងក្លាយ ពួកមានសហាយស្មន់ ពួកជនពាល ពួកអ្នករួមសង្វាសនឹងភេទដូចគ្នា ពួកចោរប្លន់ ពួកលោភលន់ចង់បានទ្រព្យគេ ពួកប្រមឹក ពួកជេរប្រមាថ ពួកប្លន់យកទ្រព្យគេ ពុំអាចទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់ទុកជាមត៌កឡើយ។ កាលពីដើម បងប្អូនខ្លះក៏ជាមនុស្សប្រភេទនោះដែរ។ ប៉ុន្តែ ព្រះជាម្ចាស់លាងសម្អាតបងប្អូន ប្រោសប្រទានឲ្យបងប្អូនបានវិសុទ្ធ ព្រមទាំងឲ្យបងប្អូនបានសុចរិត* ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូគ្រិស្ត* តាមរយៈព្រះវិញ្ញាណនៃព្រះជាម្ចាស់របស់យើងរួចស្រេចហើយ។
១ កូរិនថូស 6:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានរឿងទាស់នឹងអ្នកឯទៀត តើហ៊ានប្តឹងដល់ពួកមនុស្សទុច្ចរិត មិនប្តឹងដល់ពួកបរិសុទ្ធវិញទេឬអី តើមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជំរះលោកីយដែរទេឬ ដូច្នេះ បើអ្នករាល់គ្នានឹងជំនុំជំរះលោកីយបាន នោះតើមិនគួរនឹងជំនុំជំរះការណ៍តូចបំផុតនេះបានដែរទេឬអី តើមិនដឹងថា យើងរាល់គ្នានឹងជំនុំជំរះ ដល់ទាំងពួកទេវតាផងទេឬអី ដូច្នេះ ចំណង់បើការណ៍នៅជីវិតនេះ តើលើសជាងអម្បាលម៉ានទៅទៀត ចុះបើអ្នករាល់គ្នាមានរឿងអ្វីពីជីវិតនេះ នោះតើនឹងយកមនុស្ស ដែលពួកជំនុំរាប់អានតិចជាងគេ ឲ្យបានជំនុំជំរះរឿងនោះឬអី ដែលខ្ញុំនិយាយដូច្នេះនេះ គឺដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីខ្មាសវិញ តើគ្មានអ្នកមានប្រាជ្ញាណាក្នុងពួកអ្នករាល់គ្នា សូម្បីតែមួយ ដែលអាចនឹងជំនុំជំរះរឿង ដែលពួកបងប្អូនប្តឹងប្តល់គ្នាទេឬអី បានជាពួកបងប្អូនកើតក្តីនឹងគ្នា ហើយនៅមុខពួកអ្នកដែលមិនជឿផងដូច្នេះ យ៉ាងនោះ មានពេញជាការកំហុស ក្នុងពួកអ្នករាល់គ្នាហើយ គឺដែលគ្រាន់តែកើតក្តីនឹងគ្នាទៅវិញទៅមកនោះឯង ហេតុអ្វីបានជាមិនស៊ូទ្រាំក្នុងការអាក្រក់នោះ ហើយមិនស៊ូទ្រាំឲ្យគេបំបាត់អ្នកវិញ តែអ្នករាល់គ្នាធ្វើបាប ហើយបំបាត់គេ ទាំងប្រព្រឹត្តដូច្នោះនឹងពួកបងប្អូនផង តើមិនដឹងថា ពួកមនុស្សទុច្ចរិតមិនដែលបានគ្រងនគរព្រះទុកជាមរដកទេឬអី កុំឲ្យច្រឡំឡើយ ដ្បិតពួកមនុស្សកំផិត ពួកថ្វាយបង្គំរូបព្រះ ពួកសហាយស្មន់ ពួកអ្នកសំរេចកិច្ចដោយខ្លួនឯង ពួកលេងកូនជឹង ពួកចោរ ពួកមនុស្សលោភ ពួកប្រមឹក ពួកត្មះតិះដៀល នឹងពួកប្លន់កំហែង នោះមិនដែលបានគ្រងនគរព្រះទុកជាមរដកឡើយ ឯពួកអ្នករាល់គ្នាខ្លះ ពីដើមក៏ជាមនុស្សយ៉ាងដូច្នោះដែរ តែបានលាងស្អាតហើយ ក៏បានញែកជាបរិសុទ្ធ ហើយរាប់ជាសុចរិតផង ដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូវ នឹងព្រះវិញ្ញាណរបស់ព្រះនៃយើងរាល់គ្នា។