១ កូរិនថូស 4:1-5

១ កូរិនថូស 4:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ចូរ​ចាត់​ទុក​យើង ដូច​ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រីស្ទ និង​ជា​អ្នក​មើល​ខុស​ត្រូវ​ចំពោះ​សេចក្តី​អាថ៌‌កំបាំង​របស់​ព្រះ​ចុះ។ រីឯ​អ្នក​មើល​ខុស​ត្រូវ ត្រូវ​មាន​ចិត្ត​ស្មោះ‌ត្រង់។ តែ​ចំពោះ​ខ្ញុំ ទោះ​ជា​អ្នក​រាល់​គ្នា ឬ​អ្នក​ណា​ក៏​ដោយ​ដែល​វាយ​តម្លៃ​ខ្ញុំ នោះ​ខ្ញុំ​មិន​អំពល់​អ្វី​ទេ ហើយ​ខ្ញុំ​ក៏​មិន​វាយ​តម្លៃ​ខ្លួន​ឯង​ដែរ ព្រោះ​ខ្ញុំ​មិន​ឃើញ​មាន​អ្វី​ប្រឆាំង​នឹង​មនសិការ​ខ្ញុំ​ឡើយ ប៉ុន្តែ មិន​មែន​គំនិត​នោះ​ទេ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សុចរិត គឺ​ព្រះ‌អម្ចាស់​វិញ​ទេ​តើ​ដែល​ជំនុំ​ជម្រះ​ខ្ញុំ។ ដូច្នេះ មិន​ត្រូវ​ជំនុំ​ជម្រះ​មុន​ពេល​កំ​ណត់​ឡើយ ត្រូវ​រង់​ចាំ​ពេល​ព្រះ‌អម្ចាស់​យាង​មក​សិន ដ្បិត​ទ្រង់​នឹង​យក​អ្វីៗ​ដែល​លាក់​កំបាំង​ក្នុង​ទីងងឹត មក​ដាក់​នៅ​ទីភ្លឺ ហើយ​ទ្រង់​នឹង​បើក​សម្ដែង​ឲ្យ​ឃើញ​ពី​បំណង​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស។ ពេល​នោះ គ្រប់​គ្នា​នឹង​ទទួល​ការ​សរសើរ​ពី​ព្រះ​រៀង​ខ្លួន។

ចែក​រំលែក
អាន ១ កូរិនថូស 4

១ កូរិនថូស 4:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ សូម​បងប្អូន​ចាត់​ទុក​យើង​ថា​ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រិស្ត* និង​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​គម្រោង‌ការ​ដ៏​លាក់​កំបាំង*​របស់​ព្រះ‌ជាម្ចាស់។ រីឯ​អ្នក​មើល​ខុស​ត្រូវ​គួរ​តែ​មាន​ចិត្ត​ស្មោះ​ត្រង់។ ចំពោះ​រូប​ខ្ញុំ ទោះ​បី​បងប្អូន​ក្ដី ឬ​មនុស្ស​លោក​ក្ដី វាយ​តម្លៃ​ខ្ញុំ​ថា​ជា​មនុស្ស​បែប​ណា​ក៏​ដោយ ខ្ញុំ​មិន​អំពល់​អ្វី​ទេ ហើយ​រូប​ខ្ញុំ​ផ្ទាល់ ក៏​ខ្ញុំ​មិន​វាយ​តម្លៃ​ខ្លួន​ឯង​ដែរ ដ្បិត​ក្នុង​ចិត្ត​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​គ្មាន​ធ្វើ​អ្វី​ខុស​ឡើយ។ ប៉ុន្តែ មិន​មែន​ការ​យល់​ឃើញ​របស់​ខ្ញុំ​នេះ​ទេ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាន​សុចរិត មាន​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ដែល​វិនិច្ឆ័យ​ខ្ញុំ។ ហេតុ​នេះ សូម​បងប្អូន​កុំ​វិនិច្ឆ័យ​ទោស​នរណា​មុន​ពេល​កំណត់​ឡើយ ត្រូវ​រង់‌ចាំ​ព្រះ‌អម្ចាស់​យាង​មក​ដល់​សិន គឺ​ព្រះអង្គ​នឹង​យក​អ្វីៗ​ដែល​មនុស្ស​បង្កប់​ទុក​ក្នុង​ទី‌ងងឹត មក​ដាក់​នៅ​ទី​ភ្លឺ ហើយ​ព្រះអង្គ​នឹង​បង្ហាញ​បំណង​ដែល​លាក់​ទុក​ក្នុង​ចិត្ត​មនុស្ស។ នៅ​ពេល​នោះ ព្រះ‌ជាម្ចាស់​នឹង​សរសើរ​មនុស្ស​ម្នាក់ៗ​ទៅ​តាម​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

ចែក​រំលែក
អាន ១ កូរិនថូស 4

១ កូរិនថូស 4:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ មនុស្ស​ត្រូវ​រាប់​យើង​ខ្ញុំ ទុក​ដូច​ជា​អ្នក​ជំនួយ​នៃ​ព្រះ‌គ្រីស្ទ ហើយ​ជា​អ្នក​រ៉ាប់រង​ចំពោះ​សេចក្ដី​អាថ៌‌កំបាំង​នៃ​ព្រះ​វិញ រីឯ​អ្នក​រ៉ាប់រង ត្រូវ​ឲ្យ​គេ​បាន​ស្មោះ‌ត្រង់ តែ​ខាង​ឯ​ដំណើរ​របស់​ខ្ញុំ ដែល​អ្នក​រាល់​គ្នា ឬ​មនុស្ស​ណា​ក៏​ដោយ ចោទ​ប្រកាន់​ទោស​ខ្ញុំ នោះ​មិន​ជា​ការ​អំពល់​អ្វី​ដល់​ខ្ញុំ​ឡើយ ខ្ញុំ​ក៏​មិន​ចោទ​ប្រកាន់​ទោស​ខ្លួន​ខ្ញុំ​ផង ពី​ព្រោះ​ខ្ញុំ​មិន​ឃើញ​មាន​អ្វី​នៅ​ក្នុង​ខ្លួន​ខ្ញុំ​សោះ ប៉ុន្តែ ខ្ញុំ​មិន​បាន​រាប់​ជា​សុចរិត​ដោយ‌សារ​ហេតុ​នោះ​ទេ អ្នក​ដែល​ចោទ​ប្រកាន់​ទោស នោះ​គឺ​ជា​ព្រះ‌អម្ចាស់​វិញ​ទេ​តើ ដូច្នេះ កុំ​ឲ្យ​ចោទ​ប្រកាន់​ទោស​គ្នា​មុន​កំណត់​ឡើយ លុះ​ត្រា​តែ​ព្រះ‌អម្ចាស់​ទ្រង់​យាង​មក ដែល​ទ្រង់​នឹង​យក​អស់​ទាំង​អំពើ​លាក់​កំបាំង ដែល​ធ្វើ​នៅ​ទី​ងងឹត មក​ដាក់​នៅ​ទី​ភ្លឺ​វិញ ហើយ​នឹង​បើក​សំដែង ឲ្យ​ឃើញ​អស់​ទាំង​គំនិត ក្នុង​ចិត្ត​របស់​មនុស្ស​ផង នោះ​គ្រប់​គ្នា​នឹង​បាន​សេចក្ដី​សរសើរ​ពី​ព្រះ​រៀង​ខ្លួន។

ចែក​រំលែក
អាន ១ កូរិនថូស 4