១ កូរិនថូស 3:16-23
១ កូរិនថូស 3:16-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើអ្នករាល់គ្នាមិនដឹងទេឬថា អ្នករាល់គ្នាជាព្រះវិហាររបស់ព្រះ ហើយថា ព្រះវិញ្ញាណរបស់ព្រះសណ្ឋិតក្នុងអ្នករាល់គ្នា? ប្រសិនបើអ្នកណាបំផ្លាញព្រះវិហាររបស់ព្រះ នោះព្រះនឹងបំផ្លាញអ្នកនោះវិញ ដ្បិតព្រះវិហាររបស់ព្រះជាវត្ថុបរិសុទ្ធ គឺអ្នករាល់គ្នាហ្នឹងហើយជាព្រះវិហារ។ សូមកុំបញ្ឆោតខ្លួនឯងឡើយ ប្រសិនបើមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាស្មានថា ខ្លួនមានប្រាជ្ញាក្នុងលោកីយ៍នេះ ត្រូវឲ្យអ្នកនោះត្រឡប់ជាល្ងីល្ងើសិន ដើម្បីឲ្យអ្នកនោះមានប្រាជ្ញាឡើង។ ព្រោះប្រាជ្ញារបស់លោកីយ៍នេះ ជាសេចក្តីល្ងីល្ងើនៅចំពោះព្រះ ដ្បិតមានសេចក្តីចែងទុកមកថា «ព្រះអង្គចាប់ពួកអ្នកប្រាជ្ញ ដោយសារកិច្ចកលរបស់គេ» ហើយមានចែងទៀតថា «ព្រះអម្ចាស់ជ្រាបគំនិតរបស់ពួកអ្នកប្រាជ្ញ ថាជាគំនិតឥតប្រយោជន៍» ដូច្នេះ មិនត្រូវឲ្យអ្នកណាអួតពីមនុស្សឡើយ ដ្បិតគ្រប់ទាំងអស់ជារបស់អ្នករាល់គ្នា ទោះជាប៉ុល លោកអ័ប៉ុឡូស លោកកេផាស ពិភពលោក ជីវិត សេចក្តីស្លាប់ អ្វីៗដែលមានបច្ចុប្បន្ន ឬទៅអនាគតក្តី នោះសុទ្ធតែជារបស់អ្នករាល់គ្នាទាំងអស់ ឯអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ ហើយព្រះគ្រីស្ទជារបស់ព្រះ។
១ កូរិនថូស 3:16-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនមិនជ្រាបថាខ្លួនជាព្រះវិហារ*របស់ព្រះជាម្ចាស់ទេឬ! បងប្អូនមិនជ្រាបថាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតនៅក្នុងបងប្អូនទេឬ!។ ប្រសិនបើនរណាម្នាក់កម្ទេចព្រះវិហាររបស់ព្រះជាម្ចាស់ ព្រះអង្គនឹងកម្ទេចអ្នកនោះវិញ ដ្បិតព្រះវិហាររបស់ព្រះជាម្ចាស់ ជាព្រះវិហារដ៏វិសុទ្ធ* គឺបងប្អូនហ្នឹងហើយជាព្រះវិហារនោះ។ សូមកុំបញ្ឆោតខ្លួនឯងឲ្យសោះ ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមបងប្អូននឹកស្មានថា ខ្លួនជាអ្នកប្រាជ្ញតាមរបៀបលោកីយ៍នេះ អ្នកនោះត្រូវតែធ្វើជាមនុស្សលីលាសិន ដើម្បីឲ្យបានទៅជាអ្នកប្រាជ្ញ។ ព្រះជាម្ចាស់ចាត់ទុកប្រាជ្ញារបស់លោកីយ៍នេះថាលេលា ដូចមានចែងទុកមកថា «ព្រះអង្គយកកលល្បិចរបស់ពួកអ្នកប្រាជ្ញមកផ្ចាញ់ពួកគេផ្ទាល់» ។ មានចែងទុកទៀតថា «ព្រះអម្ចាស់ជ្រាបថាគំនិតរបស់ពួកអ្នកប្រាជ្ញគ្មានខ្លឹមសារអ្វីទេ» ។ ហេតុនេះមិនត្រូវឲ្យនរណាម្នាក់អួតអាងដោយយកមនុស្សជាបង្គោលឡើយ ដ្បិតអ្វីៗទាំងអស់សុទ្ធតែសម្រាប់បម្រើ បងប្អូន ទោះបីលោកប៉ូលក្ដី លោកអប៉ូឡូសក្ដី លោកកេផាសក្ដី ពិភពលោកនេះក្ដី ជីវិតក្ដី សេចក្ដីស្លាប់ក្ដី អ្វីៗដែលមាននៅពេលនេះ ឬនៅពេលអនាគតក្ដី សុទ្ធតែសម្រាប់បម្រើបងប្អូនទាំងអស់។ រីឯបងប្អូនវិញ បងប្អូនបម្រើព្រះគ្រិស្ត* ហើយព្រះគ្រិស្តបម្រើព្រះជាម្ចាស់។
១ កូរិនថូស 3:16-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើអ្នករាល់គ្នាមិនដឹងទេឬអី ថាខ្លួនអ្នករាល់គ្នាជាព្រះវិហារនៃព្រះ ហើយថា ព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតក្នុងអ្នករាល់គ្នា បើអ្នកណាបង្ខូចព្រះវិហារនៃព្រះ នោះព្រះនឹងធ្វើឲ្យអ្នកនោះត្រូវខូចដែរ ដ្បិតព្រះវិហារនៃព្រះជាវត្ថុដ៏បរិសុទ្ធ គឺជាខ្លួនអ្នករាល់គ្នានេះឯង។ កុំឲ្យអ្នកណាបញ្ឆោតខ្លួនឡើយ បើអ្នកណាក្នុងពួកអ្នករាល់គ្នាស្មានថា ខ្លួនមានប្រាជ្ញាក្នុងលោកីយនេះ ត្រូវឲ្យអ្នកនោះត្រឡប់ជាល្ងង់ល្ងើវិញ ដើម្បីឲ្យមានប្រាជ្ញាឡើង ពីព្រោះប្រាជ្ញារបស់លោកីយនេះ ជាសេចក្ដីល្ងង់ល្ងើនៅចំពោះព្រះ ដ្បិតមានសេចក្ដីចែងទុកមកថា «ព្រះទ្រង់ចាប់ពួកអ្នកប្រាជ្ញ ដោយសារកិច្ចកលរបស់ខ្លួនគេ» ហើយមានបទ១ទៀតថា «ព្រះអម្ចាស់ទ្រង់ជ្រាបគំនិតនៃពួកអ្នកប្រាជ្ញ ថាជាឥតប្រយោជន៍ទាំងអស់» ដូច្នេះ កុំឲ្យអ្នកណាអួតពីមនុស្សឡើយ ដ្បិតគ្រប់ទាំងអស់ជារបស់ផងអ្នករាល់គ្នា ទោះទាំងប៉ុល ឬអ័ប៉ុឡូស កេផាស លោកីយ ជីវិត សេចក្ដីស្លាប់ របស់នៅជំនាន់សព្វថ្ងៃ ឬទៅមុខក្តី នោះសុទ្ធតែជារបស់ផងអ្នករាល់គ្នាទាំងអស់ តែឯអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទវិញ ហើយព្រះគ្រីស្ទ ទ្រង់ជារបស់ព្រះ។