១ កូរិនថូស 3:11-18
១ កូរិនថូស 3:11-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតគ្មានអ្នកណាអាចចាក់គ្រឹះណាផ្សេងទៀត ក្រៅពីគ្រឹះដែលបានចាក់រួចមកហើយនោះឡើយ ហើយគ្រឹះនោះគឺព្រះយេស៊ូវគ្រីស្ទ។ ប្រសិនបើអ្នកណាយកមាស ប្រាក់ ត្បូង ឈើ ស្បូវ ឬស្លឹក មកសង់លើគ្រឹះនេះ នោះកិច្ចការដែលម្នាក់ៗធ្វើ នឹងលេចមកឲ្យឃើញ ដ្បិតថ្ងៃនោះនឹងបង្ហាញពីការនោះ ព្រោះការនោះនឹងសម្ដែងឲ្យដឹងដោយសារភ្លើង ហើយភ្លើងនោះនឹងល្បងមើលពីប្រភេទនៃកិច្ចការដែលម្នាក់ៗបានធ្វើ។ បើកិច្ចការដែលបានសង់នៅលើគ្រឹះនោះបានជាប់នៅ អ្នកនោះនឹងបានរង្វាន់។ បើកិច្ចការនោះត្រូវឆេះ អ្នកនោះនឹងត្រូវខាត តែខ្លួនអ្នកនោះនឹងបានរួចជីវិត ប៉ុន្តែ នឹងរួចដូចជាឆ្លងកាត់ភ្លើង។ តើអ្នករាល់គ្នាមិនដឹងទេឬថា អ្នករាល់គ្នាជាព្រះវិហាររបស់ព្រះ ហើយថា ព្រះវិញ្ញាណរបស់ព្រះសណ្ឋិតក្នុងអ្នករាល់គ្នា? ប្រសិនបើអ្នកណាបំផ្លាញព្រះវិហាររបស់ព្រះ នោះព្រះនឹងបំផ្លាញអ្នកនោះវិញ ដ្បិតព្រះវិហាររបស់ព្រះជាវត្ថុបរិសុទ្ធ គឺអ្នករាល់គ្នាហ្នឹងហើយជាព្រះវិហារ។ សូមកុំបញ្ឆោតខ្លួនឯងឡើយ ប្រសិនបើមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាស្មានថា ខ្លួនមានប្រាជ្ញាក្នុងលោកីយ៍នេះ ត្រូវឲ្យអ្នកនោះត្រឡប់ជាល្ងីល្ងើសិន ដើម្បីឲ្យអ្នកនោះមានប្រាជ្ញាឡើង។
១ កូរិនថូស 3:11-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតគ្មាននរណាអាចចាក់គ្រឹះមួយផ្សេងទៀត ក្រៅពីគ្រឹះដែលបានចាក់រួចមកហើយនោះទេ ពោលគឺព្រះយេស៊ូគ្រិស្ត*។ ប្រសិនបើអ្នកណាយកមាស ប្រាក់ ពេជ្រ ឈើ ចំបើង ឬស្បូវ មកសង់ពីលើគ្រឹះនេះ នៅថ្ងៃព្រះជាម្ចាស់យាងមកវិនិច្ឆ័យទោស លទ្ធផលនៃស្នាដៃដែលម្នាក់ៗបានធ្វើ នឹងលេចចេញមក ព្រោះថ្ងៃនោះនឹងមកដល់ដូចភ្លើង ហើយភ្លើងនឹងល្បងលមើលស្នាដៃដែលម្នាក់ៗបានធ្វើ។ បើស្នាដៃនរណាម្នាក់ដែលបានសង់លើគ្រឹះនៅស្ថិតស្ថេរ អ្នកនោះនឹងទទួលរង្វាន់។ បើស្នាដៃនរណាម្នាក់ត្រូវឆេះ អ្នកនោះក៏នឹងបាត់រង្វាន់ដែរ ប៉ុន្តែ គេនឹងរួចជីវិតដូចជាឆ្លងកាត់ភ្លើង។ បងប្អូនមិនជ្រាបថាខ្លួនជាព្រះវិហារ*របស់ព្រះជាម្ចាស់ទេឬ! បងប្អូនមិនជ្រាបថាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតនៅក្នុងបងប្អូនទេឬ!។ ប្រសិនបើនរណាម្នាក់កម្ទេចព្រះវិហាររបស់ព្រះជាម្ចាស់ ព្រះអង្គនឹងកម្ទេចអ្នកនោះវិញ ដ្បិតព្រះវិហាររបស់ព្រះជាម្ចាស់ ជាព្រះវិហារដ៏វិសុទ្ធ* គឺបងប្អូនហ្នឹងហើយជាព្រះវិហារនោះ។ សូមកុំបញ្ឆោតខ្លួនឯងឲ្យសោះ ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមបងប្អូននឹកស្មានថា ខ្លួនជាអ្នកប្រាជ្ញតាមរបៀបលោកីយ៍នេះ អ្នកនោះត្រូវតែធ្វើជាមនុស្សលីលាសិន ដើម្បីឲ្យបានទៅជាអ្នកប្រាជ្ញ។
១ កូរិនថូស 3:11-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតគ្មានអ្នកណាអាចនឹងដាំជើងជញ្ជាំងណាផ្សេងទៀត ក្រៅពីជើងដែលបានដាំរួចហើយនោះបានទេ គឺជាព្រះយេស៊ូវគ្រីស្ទ បើអ្នកណាយកមាស ប្រាក់ ត្បូង ឈើ ស្បូវ ឬស្លឹក ដើម្បីនឹងធ្វើពីលើជើងជញ្ជាំងនេះ នោះការដែលអ្នករាល់គ្នាធ្វើ នឹងលេចមកឲ្យឃើញ ដ្បិតថ្ងៃនោះនឹងបង្ហាញពីការនោះយ៉ាងច្បាស់លាស់ ព្រោះការនោះនឹងសំដែងចេញមកដោយសារភ្លើង ហើយភ្លើងនឹងសាកមើលការដែលនិមួយៗធ្វើ ឲ្យដឹងជាយ៉ាងណា បើការដែលអ្នកណាសង់ឡើងបានជាប់នៅ អ្នកនោះនឹងបានរង្វាន់ បើការដែលអ្នកណាធ្វើត្រូវឆេះ អ្នកនោះនឹងត្រូវខាតវិញ តែខ្លួនអ្នកនោះនឹងបានរួច បែបដូចជាដើរកាត់ភ្លើង។ តើអ្នករាល់គ្នាមិនដឹងទេឬអី ថាខ្លួនអ្នករាល់គ្នាជាព្រះវិហារនៃព្រះ ហើយថា ព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតក្នុងអ្នករាល់គ្នា បើអ្នកណាបង្ខូចព្រះវិហារនៃព្រះ នោះព្រះនឹងធ្វើឲ្យអ្នកនោះត្រូវខូចដែរ ដ្បិតព្រះវិហារនៃព្រះជាវត្ថុដ៏បរិសុទ្ធ គឺជាខ្លួនអ្នករាល់គ្នានេះឯង។ កុំឲ្យអ្នកណាបញ្ឆោតខ្លួនឡើយ បើអ្នកណាក្នុងពួកអ្នករាល់គ្នាស្មានថា ខ្លួនមានប្រាជ្ញាក្នុងលោកីយនេះ ត្រូវឲ្យអ្នកនោះត្រឡប់ជាល្ងង់ល្ងើវិញ ដើម្បីឲ្យមានប្រាជ្ញាឡើង