១ កូរិនថូស 3:10-15
១ កូរិនថូស 3:10-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំបានចាក់គ្រឹះ ដូចជាមេជាងផ្ទះដ៏ជំនាញ តាមព្រះគុណដែលព្រះបានប្រទានមកខ្ញុំ ហើយមានម្នាក់ទៀតសង់ពីលើ។ ប៉ុន្តែ ម្នាក់ៗត្រូវប្រយ័ត្នពីរបៀបដែលខ្លួនសង់ពីលើគ្រឹះនោះ។ ដ្បិតគ្មានអ្នកណាអាចចាក់គ្រឹះណាផ្សេងទៀត ក្រៅពីគ្រឹះដែលបានចាក់រួចមកហើយនោះឡើយ ហើយគ្រឹះនោះគឺព្រះយេស៊ូវគ្រីស្ទ។ ប្រសិនបើអ្នកណាយកមាស ប្រាក់ ត្បូង ឈើ ស្បូវ ឬស្លឹក មកសង់លើគ្រឹះនេះ នោះកិច្ចការដែលម្នាក់ៗធ្វើ នឹងលេចមកឲ្យឃើញ ដ្បិតថ្ងៃនោះនឹងបង្ហាញពីការនោះ ព្រោះការនោះនឹងសម្ដែងឲ្យដឹងដោយសារភ្លើង ហើយភ្លើងនោះនឹងល្បងមើលពីប្រភេទនៃកិច្ចការដែលម្នាក់ៗបានធ្វើ។ បើកិច្ចការដែលបានសង់នៅលើគ្រឹះនោះបានជាប់នៅ អ្នកនោះនឹងបានរង្វាន់។ បើកិច្ចការនោះត្រូវឆេះ អ្នកនោះនឹងត្រូវខាត តែខ្លួនអ្នកនោះនឹងបានរួចជីវិត ប៉ុន្តែ នឹងរួចដូចជាឆ្លងកាត់ភ្លើង។
១ កូរិនថូស 3:10-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំបានចាក់គ្រឹះ ដូចជាមេជាងមួយរូបដ៏ជំនាញ តាមព្រះគុណដែលព្រះជាម្ចាស់ប្រោសប្រទានឲ្យខ្ញុំ ហើយមានម្នាក់ទៀតមកសង់ពីលើ។ ប៉ុន្តែ ម្នាក់ៗត្រូវប្រយ័ត្នអំពីរបៀបដែលខ្លួនសង់ពីលើ ដ្បិតគ្មាននរណាអាចចាក់គ្រឹះមួយផ្សេងទៀត ក្រៅពីគ្រឹះដែលបានចាក់រួចមកហើយនោះទេ ពោលគឺព្រះយេស៊ូគ្រិស្ត*។ ប្រសិនបើអ្នកណាយកមាស ប្រាក់ ពេជ្រ ឈើ ចំបើង ឬស្បូវ មកសង់ពីលើគ្រឹះនេះ នៅថ្ងៃព្រះជាម្ចាស់យាងមកវិនិច្ឆ័យទោស លទ្ធផលនៃស្នាដៃដែលម្នាក់ៗបានធ្វើ នឹងលេចចេញមក ព្រោះថ្ងៃនោះនឹងមកដល់ដូចភ្លើង ហើយភ្លើងនឹងល្បងលមើលស្នាដៃដែលម្នាក់ៗបានធ្វើ។ បើស្នាដៃនរណាម្នាក់ដែលបានសង់លើគ្រឹះនៅស្ថិតស្ថេរ អ្នកនោះនឹងទទួលរង្វាន់។ បើស្នាដៃនរណាម្នាក់ត្រូវឆេះ អ្នកនោះក៏នឹងបាត់រង្វាន់ដែរ ប៉ុន្តែ គេនឹងរួចជីវិតដូចជាឆ្លងកាត់ភ្លើង។
១ កូរិនថូស 3:10-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំបានដាំជើងជញ្ជាំង ដូចជាមេជាងផ្ទះដ៏ចំណាន តាមព្រះគុណដែលព្រះបានប្រទានមកខ្ញុំ មានម្នាក់ទៀតជាអ្នកសង់ពីលើ ប៉ុន្តែត្រូវឲ្យមនុស្សប្រយ័តរៀងខ្លួន អំពីបែបណាដែលសង់ពីលើជើងនោះ ដ្បិតគ្មានអ្នកណាអាចនឹងដាំជើងជញ្ជាំងណាផ្សេងទៀត ក្រៅពីជើងដែលបានដាំរួចហើយនោះបានទេ គឺជាព្រះយេស៊ូវគ្រីស្ទ បើអ្នកណាយកមាស ប្រាក់ ត្បូង ឈើ ស្បូវ ឬស្លឹក ដើម្បីនឹងធ្វើពីលើជើងជញ្ជាំងនេះ នោះការដែលអ្នករាល់គ្នាធ្វើ នឹងលេចមកឲ្យឃើញ ដ្បិតថ្ងៃនោះនឹងបង្ហាញពីការនោះយ៉ាងច្បាស់លាស់ ព្រោះការនោះនឹងសំដែងចេញមកដោយសារភ្លើង ហើយភ្លើងនឹងសាកមើលការដែលនិមួយៗធ្វើ ឲ្យដឹងជាយ៉ាងណា បើការដែលអ្នកណាសង់ឡើងបានជាប់នៅ អ្នកនោះនឹងបានរង្វាន់ បើការដែលអ្នកណាធ្វើត្រូវឆេះ អ្នកនោះនឹងត្រូវខាតវិញ តែខ្លួនអ្នកនោះនឹងបានរួច បែបដូចជាដើរកាត់ភ្លើង។