១ កូរិនថូស 3:1-9

១ កូរិនថូស 3:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រីឯ​ខ្ញុំ​វិញ បង‌ប្អូន​អើយ ខ្ញុំ​ពុំ​អាច​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា ដូច​មនុស្ស​ខាង​វិញ្ញាណ​បាន​ឡើយ គួរ​តែ​និយាយ​ដូច​មនុស្ស​ខាង​សាច់​ឈាម​វិញ គឺ​ដូច​ជា​និយាយ​ទៅ​កាន់​កូន​ខ្ចី​ក្នុង​ព្រះ‌គ្រីស្ទ។ ខ្ញុំ​បាន​ឲ្យ​ទឹក​ដោះ​អ្នក​រាល់​គ្នា​ជា​អាហារ មិន​ឲ្យ​អាហារ​រឹង​ទេ ដ្បិត​កាល​ណោះ អ្នក​រាល់​គ្នា​ពុំ​អាច​ទទួល​អាហារ​រឹង​បាន ហើយ​សូម្បី​តែ​ឥឡូវ​នេះ ក៏​នៅ​តែ​ពុំ​អាច​ទទួល​បាន ព្រោះ​អ្នក​រាល់​គ្នា​នៅ​តែ​ខាង​សាច់​ឈាម​នៅ​ឡើយ។ ដ្បិត​បើ​នៅ​តែ​មាន​ការ​ច្រណែន និង​ការ​ឈ្លោះ​ប្រកែក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នោះ​តើ​អ្នក​រាល់​គ្នា​មិន​នៅ​ខាង​សាច់​ឈាម ហើយ​រស់​នៅ​តាម​បែប​មនុស្ស​ធម្មតា​ទេ​ឬ? ដ្បិត​កាល​ម្នាក់​និយាយ​ថា «ខ្ញុំ​ជា​របស់​លោក​ប៉ុល» ហើយ​ម្នាក់​ទៀត​ថា «ខ្ញុំ​ជា​របស់​លោក​អ័​រប៉ុ‌ឡូ​ស» នោះ​តើ​អ្នក​រាល់​គ្នា​មិន​មែន​ប្រព្រឹត្ត ដូច​មនុស្ស​ខាង​សាច់​ឈាម​ទេ​ឬ? ចុះ​តើ​លោក​អ័ប៉ុ‌ឡូសជា​អ្វី? ហើយ​ប៉ុល​ជា​អ្វី? គឺ​គ្រាន់​តែ​ជា​អ្នក​បម្រើ​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ តាម​តែ​កិច្ច‌ការ​ដែល​ម្នាក់ៗ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់​មក​ប៉ុណ្ណោះ។ ខ្ញុំ​បាន​ដាំ លោក​អ័​ប៉ុ‌ឡូ​ស​ជា​អ្នក​ស្រោ​ច​ទឹក តែ​ព្រះ​បាន​ធ្វើ​ឲ្យ​ដុះ។ ដូច្នេះ អ្នក​ដាំ និង​អ្នក​ដែល​ស្រោច​ទឹក មិន​មែន​ជា​អ្វី​ទេ គឺ​មាន​តែ​ព្រះ​ដែល​ធ្វើ​ឲ្យ​ដុះ​ប៉ុណ្ណោះ​ទើប​សំខាន់។ អ្នក​ដែល​ដាំ និង​អ្នក​ដែល​ស្រោច​ទឹក មាន​គោល​ដៅ​តែ​មួយ​ដូច​គ្នា ហើយ​ម្នាក់ៗ​នឹង​ទទួល​រង្វាន់​តាម​ការ​ដែល​ខ្លួន​បាន​ធ្វើ។ ដ្បិត​យើង​ជា​អ្នក​រួមការ​ងារ​ជាមួយ​ព្រះ ឯ​អ្នក​រាល់​គ្នា​ជា​ស្រែ​របស់​ព្រះ ហើយ​ជា​អាគារ​ដែល​ព្រះ​បាន​សង់។

ចែក​រំលែក
អាន ១ កូរិនថូស 3

១ កូរិនថូស 3:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ពុំ​អាច​និយាយ​ជា​មួយ​បងប្អូន ដូច​និយាយ​ទៅ​កាន់​អ្នក​ដែល​បាន​ទទួល​ព្រះ‌វិញ្ញាណ​នោះ​ឡើយ គឺ​ខ្ញុំ​និយាយ​ទៅ​កាន់​បងប្អូន ដូច​និយាយ​ទៅ​កាន់​មនុស្ស​លោកីយ៍ ឬ​និយាយ​ទៅ​កាន់​កូន​ខ្ចី​ខាង​ជំនឿ។ ខ្ញុំ​បាន​ឲ្យ​ទឹក​ដោះ​បងប្អូន​ពិសា គឺ​ពុំ​បាន​ឲ្យ​ចំណី​អាហារ​រឹងៗ​ទេ ព្រោះ​បងប្អូន​ពុំ​អាច​ទទួល​បាន។ សូម្បី​តែ​នៅ​ពេល​នេះ​ក្ដី ក៏​បងប្អូន​នៅ​តែ​ពុំ​អាច​ទទួល​បាន​ដែរ មក​ពី​បងប្អូន​នៅ​តែ​មាន​ចិត្ត​គំនិត​ជា​មនុស្ស​លោកីយ៍​ដដែល។ ក្នុង​ចំណោម​បងប្អូន បើ​នៅ​តែ​មាន​ការ​ច្រណែន​ទាស់‌ទែង​គ្នា​ដូច្នេះ ស​ឲ្យ​ឃើញ​ថា​បងប្អូន​នៅ​តែ​មាន​ចិត្ត​គំនិត​ជា​មនុស្ស​លោកីយ៍ ហើយ​បងប្អូន​រស់​នៅ​តាម​របៀប​មនុស្ស​ធម្មតា​ដដែល។ ពេល​មាន​ម្នាក់​និយាយ​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​ប៉ូល!» និង​ម្នាក់​ទៀត​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​អប៉ូ‌ឡូស!» នោះ​ស​ឲ្យ​ឃើញ​ថា បងប្អូន​នៅ​តែ​មាន​របៀប​រស់​នៅ ដូច​មនុស្ស​ធម្មតា ពិត​មែន! តើ​លោក​អប៉ូ‌ឡូស​មាន​ឋានៈ​អ្វី? រីឯ​ប៉ូល​មាន​ឋានៈ​អ្វី​ដែរ? អ្នក​ទាំង​ពីរ​គ្រាន់​តែ​ជា​អ្នក​បម្រើ ដែល​ណែ‌នាំ​បងប្អូន​ឲ្យ​មាន​ជំនឿ​ប៉ុណ្ណោះ គឺ​ម្នាក់ៗ​បំពេញ​តែ​កិច្ចការ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ធ្វើ។ ខ្ញុំ​ជា​អ្នក​ដាំ ហើយ​លោក​អប៉ូ‌ឡូស​ជា​អ្នក​ស្រោច​ទឹក ប៉ុន្តែ ព្រះ‌ជាម្ចាស់​ទេ​តើ​ដែល​ធ្វើ​ឲ្យ​ដុះ។ ដូច្នេះ អ្នក​ដាំ និង​អ្នក​ស្រោច​ទឹក​មិន​សំខាន់​អ្វី​ឡើយ គឺ​ព្រះ‌ជាម្ចាស់​ដែល​ធ្វើ​ឲ្យ​ដុះ​ឯ‌ណោះ​ទើប​សំខាន់។ អ្នក​ដាំ និង​អ្នក​ស្រោច​ទឹក​មិន​ខុស​គ្នា​ទេ ម្នាក់ៗ​នឹង​ទទួល​រង្វាន់​តាម​ទម្ងន់​កិច្ចការ​ដែល​ខ្លួន​បាន​ធ្វើ ដ្បិត​យើង​ខ្ញុំ​ជា​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​ព្រះ‌ជាម្ចាស់ បងប្អូន​ជា​ស្រែ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ក៏​ជា​ដំណាក់​ដែល​ព្រះអង្គ​បាន​សង់​ដែរ។

ចែក​រំលែក
អាន ១ កូរិនថូស 3

១ កូរិនថូស 3:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ខ្ញុំ បង​ប្អូន​អើយ ខ្ញុំ​ពុំ​អាច​និយាយ​នឹង​អ្នក​រាល់​គ្នា ដូច​នឹង​មនុស្ស​ខាង​ឯ​វិញ្ញាណ​បាន​ទេ ត្រូវ​តែ​និយាយ​ដូច​នឹង​មនុស្ស​ខាង​ឯ​សាច់​ឈាម​វិញ គឺ​ដូច​ជា​និយាយ​នឹង​កូន​ខ្ចី​ក្នុង​ព្រះ‌គ្រីស្ទ ខ្ញុំ​បាន​ឲ្យ​ទឹក​ដោះ​មក​អ្នក​រាល់​គ្នា​ផឹក មិន​បាន​ឲ្យ​សាច់​បរិភោគ​ទេ ដ្បិត​កាល​ណោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​បរិភោគ​បាន ហើយ​ឥឡូវ​នេះ ក៏​មិន​ទាន់​បាន​ដែរ ដោយ​ព្រោះ​អ្នក​រាល់​គ្នា នៅ​តែ​ខាង​សាច់​ឈាម​នៅ​ឡើយ ដ្បិត​ដែល​មាន​សេចក្ដី​ឈ្នានីស ឈ្លោះ​ប្រកែក នឹង​បាក់​បែក​គ្នា ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​តើ​មិន​នៅ​ខាង​សាច់​ឈាម ហើយ​ដើរ​តាម​បែប​មនុស្ស​លោក​ទេ​ឬ​អី គឺ​កាល​ដែល​ម្នាក់​ប្រកាន់​ថា ខ្លួន​ជា​សិស្ស​របស់​ប៉ុល ហើយ​ម្នាក់​ទៀត​ថា ខ្លួន​ជា​របស់​អ័ប៉ុឡូស នោះ​តើ​មិន​មែន​នៅ​ខាង​សាច់​ឈាម​ទេ​ឬ​អី ដូច្នេះ តើ​ប៉ុល​ជា​អ្វី ឬ​អ័ប៉ុឡូស​ជា​អ្វី គឺ​គ្រាន់​តែ​ជា​អ្នក​បំរើ​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ តាម​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​គ្រប់​គ្នា​តែ​ប៉ុណ្ណោះ​ទេ​តើ ខ្ញុំ​បាន​សាប‌ព្រោះ អ័ប៉ុឡូស​ជា​អ្នក​ស្រោច តែ​ដែល​បាន​ដុះ​ឡើង នោះ​គឺ​ព្រះ​បាន​ធ្វើ​វិញ ហេតុ​នោះ​បាន​ជា​អ្នក​ដែល​សាប‌ព្រោះ នឹង​អ្នក​ដែល​ស្រោច នោះ​មិន​មែន​ជា​អ្វី​ទេ ស្រេច​ហើយ​នឹង​ព្រះ​ដែល​ធ្វើ​ឲ្យ​ដុះ​វិញ​ទេ​តើ ឯ​អ្នក​ដែល​សាប‌ព្រោះ នឹង​អ្នក​ដែល​ស្រោច នោះ​ដូច​គ្នា​ទេ ហើយ​ក្នុង​អ្នក​និមួយៗ នោះ​នឹង​បាន​រង្វាន់​តាម​ការ​ដែល​ខ្លួន​ធ្វើ ដ្បិត​យើង​រាល់​គ្នា​ជា​អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ ឯ​អ្នក​រាល់​គ្នា​ជា​ស្រែ​ដែល​ព្រះ‌ទ្រង់​ភ្ជួរ ហើយ​ជា​ផ្ទះ​ដែល​ព្រះ‌ទ្រង់​ធ្វើ។

ចែក​រំលែក
អាន ១ កូរិនថូស 3