១ កូរិនថូស 3:1-4
១ កូរិនថូស 3:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯខ្ញុំវិញ បងប្អូនអើយ ខ្ញុំពុំអាចនិយាយទៅកាន់អ្នករាល់គ្នា ដូចមនុស្សខាងវិញ្ញាណបានឡើយ គួរតែនិយាយដូចមនុស្សខាងសាច់ឈាមវិញ គឺដូចជានិយាយទៅកាន់កូនខ្ចីក្នុងព្រះគ្រីស្ទ។ ខ្ញុំបានឲ្យទឹកដោះអ្នករាល់គ្នាជាអាហារ មិនឲ្យអាហាររឹងទេ ដ្បិតកាលណោះ អ្នករាល់គ្នាពុំអាចទទួលអាហាររឹងបាន ហើយសូម្បីតែឥឡូវនេះ ក៏នៅតែពុំអាចទទួលបាន ព្រោះអ្នករាល់គ្នានៅតែខាងសាច់ឈាមនៅឡើយ។ ដ្បិតបើនៅតែមានការច្រណែន និងការឈ្លោះប្រកែកក្នុងចំណោមអ្នករាល់គ្នា នោះតើអ្នករាល់គ្នាមិននៅខាងសាច់ឈាម ហើយរស់នៅតាមបែបមនុស្សធម្មតាទេឬ? ដ្បិតកាលម្នាក់និយាយថា «ខ្ញុំជារបស់លោកប៉ុល» ហើយម្នាក់ទៀតថា «ខ្ញុំជារបស់លោកអ័រប៉ុឡូស» នោះតើអ្នករាល់គ្នាមិនមែនប្រព្រឹត្ត ដូចមនុស្សខាងសាច់ឈាមទេឬ?
១ កូរិនថូស 3:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ រីឯខ្ញុំវិញ ខ្ញុំពុំអាចនិយាយជាមួយបងប្អូន ដូចនិយាយទៅកាន់អ្នកដែលបានទទួលព្រះវិញ្ញាណនោះឡើយ គឺខ្ញុំនិយាយទៅកាន់បងប្អូន ដូចនិយាយទៅកាន់មនុស្សលោកីយ៍ ឬនិយាយទៅកាន់កូនខ្ចីខាងជំនឿ។ ខ្ញុំបានឲ្យទឹកដោះបងប្អូនពិសា គឺពុំបានឲ្យចំណីអាហាររឹងៗទេ ព្រោះបងប្អូនពុំអាចទទួលបាន។ សូម្បីតែនៅពេលនេះក្ដី ក៏បងប្អូននៅតែពុំអាចទទួលបានដែរ មកពីបងប្អូននៅតែមានចិត្តគំនិតជាមនុស្សលោកីយ៍ដដែល។ ក្នុងចំណោមបងប្អូន បើនៅតែមានការច្រណែនទាស់ទែងគ្នាដូច្នេះ សឲ្យឃើញថាបងប្អូននៅតែមានចិត្តគំនិតជាមនុស្សលោកីយ៍ ហើយបងប្អូនរស់នៅតាមរបៀបមនុស្សធម្មតាដដែល។ ពេលមានម្នាក់និយាយថា «ខ្ញុំជាកូនចៅរបស់លោកប៉ូល!» និងម្នាក់ទៀតថា «ខ្ញុំជាកូនចៅរបស់លោកអប៉ូឡូស!» នោះសឲ្យឃើញថា បងប្អូននៅតែមានរបៀបរស់នៅ ដូចមនុស្សធម្មតា ពិតមែន!
១ កូរិនថូស 3:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯខ្ញុំ បងប្អូនអើយ ខ្ញុំពុំអាចនិយាយនឹងអ្នករាល់គ្នា ដូចនឹងមនុស្សខាងឯវិញ្ញាណបានទេ ត្រូវតែនិយាយដូចនឹងមនុស្សខាងឯសាច់ឈាមវិញ គឺដូចជានិយាយនឹងកូនខ្ចីក្នុងព្រះគ្រីស្ទ ខ្ញុំបានឲ្យទឹកដោះមកអ្នករាល់គ្នាផឹក មិនបានឲ្យសាច់បរិភោគទេ ដ្បិតកាលណោះអ្នករាល់គ្នាពុំអាចនឹងបរិភោគបាន ហើយឥឡូវនេះ ក៏មិនទាន់បានដែរ ដោយព្រោះអ្នករាល់គ្នា នៅតែខាងសាច់ឈាមនៅឡើយ ដ្បិតដែលមានសេចក្ដីឈ្នានីស ឈ្លោះប្រកែក នឹងបាក់បែកគ្នា ក្នុងពួកអ្នករាល់គ្នា នោះតើមិននៅខាងសាច់ឈាម ហើយដើរតាមបែបមនុស្សលោកទេឬអី គឺកាលដែលម្នាក់ប្រកាន់ថា ខ្លួនជាសិស្សរបស់ប៉ុល ហើយម្នាក់ទៀតថា ខ្លួនជារបស់អ័ប៉ុឡូស នោះតើមិនមែននៅខាងសាច់ឈាមទេឬអី