១ កូរិនថូស 3:1-23

១ កូរិនថូស 3:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រីឯ​ខ្ញុំ​វិញ បង‌ប្អូន​អើយ ខ្ញុំ​ពុំ​អាច​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា ដូច​មនុស្ស​ខាង​វិញ្ញាណ​បាន​ឡើយ គួរ​តែ​និយាយ​ដូច​មនុស្ស​ខាង​សាច់​ឈាម​វិញ គឺ​ដូច​ជា​និយាយ​ទៅ​កាន់​កូន​ខ្ចី​ក្នុង​ព្រះ‌គ្រីស្ទ។ ខ្ញុំ​បាន​ឲ្យ​ទឹក​ដោះ​អ្នក​រាល់​គ្នា​ជា​អាហារ មិន​ឲ្យ​អាហារ​រឹង​ទេ ដ្បិត​កាល​ណោះ អ្នក​រាល់​គ្នា​ពុំ​អាច​ទទួល​អាហារ​រឹង​បាន ហើយ​សូម្បី​តែ​ឥឡូវ​នេះ ក៏​នៅ​តែ​ពុំ​អាច​ទទួល​បាន ព្រោះ​អ្នក​រាល់​គ្នា​នៅ​តែ​ខាង​សាច់​ឈាម​នៅ​ឡើយ។ ដ្បិត​បើ​នៅ​តែ​មាន​ការ​ច្រណែន និង​ការ​ឈ្លោះ​ប្រកែក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នោះ​តើ​អ្នក​រាល់​គ្នា​មិន​នៅ​ខាង​សាច់​ឈាម ហើយ​រស់​នៅ​តាម​បែប​មនុស្ស​ធម្មតា​ទេ​ឬ? ដ្បិត​កាល​ម្នាក់​និយាយ​ថា «ខ្ញុំ​ជា​របស់​លោក​ប៉ុល» ហើយ​ម្នាក់​ទៀត​ថា «ខ្ញុំ​ជា​របស់​លោក​អ័​រប៉ុ‌ឡូ​ស» នោះ​តើ​អ្នក​រាល់​គ្នា​មិន​មែន​ប្រព្រឹត្ត ដូច​មនុស្ស​ខាង​សាច់​ឈាម​ទេ​ឬ? ចុះ​តើ​លោក​អ័ប៉ុ‌ឡូសជា​អ្វី? ហើយ​ប៉ុល​ជា​អ្វី? គឺ​គ្រាន់​តែ​ជា​អ្នក​បម្រើ​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ តាម​តែ​កិច្ច‌ការ​ដែល​ម្នាក់ៗ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់​មក​ប៉ុណ្ណោះ។ ខ្ញុំ​បាន​ដាំ លោក​អ័​ប៉ុ‌ឡូ​ស​ជា​អ្នក​ស្រោ​ច​ទឹក តែ​ព្រះ​បាន​ធ្វើ​ឲ្យ​ដុះ។ ដូច្នេះ អ្នក​ដាំ និង​អ្នក​ដែល​ស្រោច​ទឹក មិន​មែន​ជា​អ្វី​ទេ គឺ​មាន​តែ​ព្រះ​ដែល​ធ្វើ​ឲ្យ​ដុះ​ប៉ុណ្ណោះ​ទើប​សំខាន់។ អ្នក​ដែល​ដាំ និង​អ្នក​ដែល​ស្រោច​ទឹក មាន​គោល​ដៅ​តែ​មួយ​ដូច​គ្នា ហើយ​ម្នាក់ៗ​នឹង​ទទួល​រង្វាន់​តាម​ការ​ដែល​ខ្លួន​បាន​ធ្វើ។ ដ្បិត​យើង​ជា​អ្នក​រួមការ​ងារ​ជាមួយ​ព្រះ ឯ​អ្នក​រាល់​គ្នា​ជា​ស្រែ​របស់​ព្រះ ហើយ​ជា​អាគារ​ដែល​ព្រះ​បាន​សង់។ ខ្ញុំ​បាន​ចាក់​គ្រឹះ ដូច​ជា​មេ​ជាង​ផ្ទះ​ដ៏​ជំនាញ តាម​ព្រះ‌គុណ​ដែល​ព្រះ​បាន​ប្រទាន​មក​ខ្ញុំ ហើយ​មាន​ម្នាក់​ទៀត​សង់​ពី​លើ។ ប៉ុន្តែ ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​ពី​របៀប​ដែល​ខ្លួន​សង់​ពី​លើ​គ្រឹះ​នោះ។ ដ្បិត​គ្មាន​អ្នក​ណា​អាច​ចាក់​គ្រឹះ​ណា​ផ្សេង​ទៀត ក្រៅ​ពី​គ្រឹះ​ដែល​បាន​ចាក់​រួច​មក​ហើយ​នោះ​ឡើយ ហើយ​គ្រឹះ​នោះ​គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ ប្រសិន‌បើ​អ្នក​ណា​យក​មាស ប្រាក់ ត្បូង ឈើ ស្បូវ ឬ​ស្លឹក មក​សង់​លើ​គ្រឹះ​នេះ នោះ​កិច្ច‌ការ​ដែល​ម្នាក់ៗ​ធ្វើ នឹង​លេច​មក​ឲ្យ​ឃើញ ដ្បិត​ថ្ងៃ​នោះ​នឹង​បង្ហាញ​ពី​ការ​នោះ ព្រោះ​ការ​នោះ​នឹង​សម្ដែង​ឲ្យ​ដឹង​ដោយ​សារ​ភ្លើង ហើយ​ភ្លើង​នោះ​នឹង​ល្បង​មើល​ពី​ប្រភេទ​នៃ​កិច្ច‌ការ​ដែល​ម្នាក់ៗ​បាន​ធ្វើ។ បើ​កិច្ច‌ការ​ដែល​បាន​សង់​នៅ​លើ​គ្រឹះ​នោះ​បាន​ជាប់​នៅ អ្នក​នោះ​នឹង​បាន​រង្វាន់។ បើ​កិច្ច‌ការ​នោះ​ត្រូវ​ឆេះ អ្នក​នោះ​នឹង​ត្រូវ​ខាត តែ​ខ្លួន​អ្នក​នោះ​នឹង​បាន​រួច​ជីវិត ប៉ុន្តែ នឹង​រួច​ដូច​ជា​ឆ្លង​កាត់​ភ្លើង។ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា អ្នក​រាល់​គ្នា​ជា​ព្រះ‌វិ​ហារ​របស់​ព្រះ ហើយ​ថា ព្រះ‌វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា? ប្រសិន‌បើ​អ្នក​ណា​បំផ្លាញ​ព្រះ‌វិ​ហារ​របស់​ព្រះ នោះ​ព្រះ​នឹង​បំផ្លាញ​អ្នក​នោះ​វិញ ដ្បិត​ព្រះ‌វិ​ហារ​របស់​ព្រះ​ជា​វត្ថុ​បរិសុទ្ធ គឺ​អ្នក​រាល់​គ្នា​ហ្នឹង​ហើយ​ជា​ព្រះ​វិហារ។ សូមកុំ​បញ្ឆោត​ខ្លួន​ឯង​ឡើយ ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្លួន​មាន​ប្រាជ្ញា​ក្នុង​លោកីយ៍​នេះ ត្រូវ​ឲ្យ​អ្នក​នោះ​ត្រឡប់​ជា​ល្ងី‌ល្ងើ​សិន ដើម្បី​ឲ្យ​អ្នក​នោះ​មាន​ប្រាជ្ញា​ឡើង។ ព្រោះ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ជា​សេចក្តី​ល្ងី‌ល្ងើ​នៅ​ចំពោះ​ព្រះ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ព្រះ‌អង្គ​ចាប់​ពួក​អ្នក​ប្រាជ្ញ ដោយ​សារ​កិច្ច‌កល​របស់​គេ» ហើយ​មាន​ចែង​ទៀត​ថា «ព្រះ‌អម្ចាស់​ជ្រាប​គំនិត​របស់​ពួក​អ្នក​ប្រាជ្ញ ថា​ជា​គំនិត​ឥត​ប្រយោជន៍» ដូច្នេះ មិន​ត្រូវ​ឲ្យ​អ្នក​ណា​អួត​ពី​មនុស្ស​ឡើយ ដ្បិត​គ្រប់​ទាំង‌អស់​ជា​របស់​អ្នក​រាល់​គ្នា ទោះ​ជា​ប៉ុល លោក​អ័ប៉ុ‌ឡូស លោក​កេផាស ពិភព​លោក ជីវិត សេចក្តី​ស្លាប់ អ្វីៗ​ដែល​មាន​បច្ចុប្បន្ន ឬ​ទៅ​អនាគត​ក្តី នោះ​សុទ្ធ​តែ​ជា​របស់​អ្នក​រាល់​គ្នា​ទាំង‌អស់ ឯ​អ្នក​រាល់​គ្នា​ជា​របស់​ព្រះ‌គ្រីស្ទ ហើយ​ព្រះ‌គ្រីស្ទ​ជា​របស់​ព្រះ។

ចែក​រំលែក
អាន ១ កូរិនថូស 3

១ កូរិនថូស 3:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ពុំ​អាច​និយាយ​ជា​មួយ​បងប្អូន ដូច​និយាយ​ទៅ​កាន់​អ្នក​ដែល​បាន​ទទួល​ព្រះ‌វិញ្ញាណ​នោះ​ឡើយ គឺ​ខ្ញុំ​និយាយ​ទៅ​កាន់​បងប្អូន ដូច​និយាយ​ទៅ​កាន់​មនុស្ស​លោកីយ៍ ឬ​និយាយ​ទៅ​កាន់​កូន​ខ្ចី​ខាង​ជំនឿ។ ខ្ញុំ​បាន​ឲ្យ​ទឹក​ដោះ​បងប្អូន​ពិសា គឺ​ពុំ​បាន​ឲ្យ​ចំណី​អាហារ​រឹងៗ​ទេ ព្រោះ​បងប្អូន​ពុំ​អាច​ទទួល​បាន។ សូម្បី​តែ​នៅ​ពេល​នេះ​ក្ដី ក៏​បងប្អូន​នៅ​តែ​ពុំ​អាច​ទទួល​បាន​ដែរ មក​ពី​បងប្អូន​នៅ​តែ​មាន​ចិត្ត​គំនិត​ជា​មនុស្ស​លោកីយ៍​ដដែល។ ក្នុង​ចំណោម​បងប្អូន បើ​នៅ​តែ​មាន​ការ​ច្រណែន​ទាស់‌ទែង​គ្នា​ដូច្នេះ ស​ឲ្យ​ឃើញ​ថា​បងប្អូន​នៅ​តែ​មាន​ចិត្ត​គំនិត​ជា​មនុស្ស​លោកីយ៍ ហើយ​បងប្អូន​រស់​នៅ​តាម​របៀប​មនុស្ស​ធម្មតា​ដដែល។ ពេល​មាន​ម្នាក់​និយាយ​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​ប៉ូល!» និង​ម្នាក់​ទៀត​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​អប៉ូ‌ឡូស!» នោះ​ស​ឲ្យ​ឃើញ​ថា បងប្អូន​នៅ​តែ​មាន​របៀប​រស់​នៅ ដូច​មនុស្ស​ធម្មតា ពិត​មែន! តើ​លោក​អប៉ូ‌ឡូស​មាន​ឋានៈ​អ្វី? រីឯ​ប៉ូល​មាន​ឋានៈ​អ្វី​ដែរ? អ្នក​ទាំង​ពីរ​គ្រាន់​តែ​ជា​អ្នក​បម្រើ ដែល​ណែ‌នាំ​បងប្អូន​ឲ្យ​មាន​ជំនឿ​ប៉ុណ្ណោះ គឺ​ម្នាក់ៗ​បំពេញ​តែ​កិច្ចការ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ធ្វើ។ ខ្ញុំ​ជា​អ្នក​ដាំ ហើយ​លោក​អប៉ូ‌ឡូស​ជា​អ្នក​ស្រោច​ទឹក ប៉ុន្តែ ព្រះ‌ជាម្ចាស់​ទេ​តើ​ដែល​ធ្វើ​ឲ្យ​ដុះ។ ដូច្នេះ អ្នក​ដាំ និង​អ្នក​ស្រោច​ទឹក​មិន​សំខាន់​អ្វី​ឡើយ គឺ​ព្រះ‌ជាម្ចាស់​ដែល​ធ្វើ​ឲ្យ​ដុះ​ឯ‌ណោះ​ទើប​សំខាន់។ អ្នក​ដាំ និង​អ្នក​ស្រោច​ទឹក​មិន​ខុស​គ្នា​ទេ ម្នាក់ៗ​នឹង​ទទួល​រង្វាន់​តាម​ទម្ងន់​កិច្ចការ​ដែល​ខ្លួន​បាន​ធ្វើ ដ្បិត​យើង​ខ្ញុំ​ជា​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​ព្រះ‌ជាម្ចាស់ បងប្អូន​ជា​ស្រែ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ក៏​ជា​ដំណាក់​ដែល​ព្រះអង្គ​បាន​សង់​ដែរ។ ខ្ញុំ​បាន​ចាក់​គ្រឹះ ដូច​ជា​មេ​ជាង​មួយ​រូប​ដ៏​ជំនាញ តាម​ព្រះ‌គុណ​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ ហើយ​មាន​ម្នាក់​ទៀត​មក​សង់​ពី​លើ។ ប៉ុន្តែ ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​អំពី​របៀប​ដែល​ខ្លួន​សង់​ពី​លើ ដ្បិត​គ្មាន​នរណា​អាច​ចាក់​គ្រឹះ​មួយ​ផ្សេង​ទៀត ក្រៅ​ពី​គ្រឹះ​ដែល​បាន​ចាក់​រួច​មក​ហើយ​នោះ​ទេ ពោល​គឺ​ព្រះ‌យេស៊ូ​គ្រិស្ត*។ ប្រសិន​បើ​អ្នក​ណា​យក​មាស ប្រាក់ ពេជ្រ ឈើ ចំបើង ឬ​ស្បូវ មក​សង់​ពី​លើ​គ្រឹះ​នេះ នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​យាង​មក​វិនិច្ឆ័យ​ទោស លទ្ធ‌ផល​នៃ​ស្នា​ដៃ​ដែល​ម្នាក់ៗ​បាន​ធ្វើ នឹង​លេច​ចេញ​មក ព្រោះ​ថ្ងៃ​នោះ​នឹង​មក​ដល់​ដូច​ភ្លើង ហើយ​ភ្លើង​នឹង​ល្បង‌ល​មើល​ស្នា​ដៃ​ដែល​ម្នាក់ៗ​បាន​ធ្វើ។ បើ​ស្នាដៃ​នរណា​ម្នាក់​ដែល​បាន​សង់​លើ​គ្រឹះ​នៅ​ស្ថិត‌ស្ថេរ អ្នក​នោះ​នឹង​ទទួល​រង្វាន់។ បើ​ស្នាដៃ​នរណា​ម្នាក់​ត្រូវ​ឆេះ អ្នក​នោះ​ក៏​នឹង​បាត់​រង្វាន់​ដែរ ប៉ុន្តែ គេ​នឹង​រួច​ជីវិត​ដូច​ជា​ឆ្លង​កាត់​ភ្លើង។ បងប្អូន​មិន​ជ្រាប​ថា​ខ្លួន​ជា​ព្រះ‌វិហារ*​របស់​ព្រះ‌ជាម្ចាស់​ទេ​ឬ! បងប្អូន​មិន​ជ្រាប​ថា​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​សណ្ឋិត​នៅ​ក្នុង​បងប្អូន​ទេ​ឬ!។ ប្រសិន​បើ​នរណា​ម្នាក់​កម្ទេច​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់ ព្រះអង្គ​នឹង​កម្ទេច​អ្នក​នោះ​វិញ ដ្បិត​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌វិហារ​ដ៏វិសុទ្ធ* គឺ​បងប្អូន​ហ្នឹង​ហើយ​ជា​ព្រះ‌វិហារ​នោះ។ សូម​កុំ​បញ្ឆោត​ខ្លួន​ឯង​ឲ្យ​សោះ ប្រសិន​បើ​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​បងប្អូន​នឹក​ស្មាន​ថា ខ្លួន​ជា​អ្នក​ប្រាជ្ញ​តាម​របៀប​លោកីយ៍​នេះ អ្នក​នោះ​ត្រូវ​តែ​ធ្វើ​ជា​មនុស្ស​លីលាសិន ដើម្បី​ឲ្យ​បាន​ទៅ​ជា​អ្នក​ប្រាជ្ញ។ ព្រះ‌ជាម្ចាស់​ចាត់​ទុក​ប្រាជ្ញា​របស់​លោកីយ៍​នេះ​ថា​លេលា ដូច​មាន​ចែង​ទុក​មក​ថា «ព្រះអង្គ​យក​កល‌ល្បិច​របស់​ពួក​អ្នក​ប្រាជ្ញ​មក​ផ្ចាញ់​ពួក​គេ​ផ្ទាល់» ។ មាន​ចែង​ទុក​ទៀត​ថា «ព្រះ‌អម្ចាស់​ជ្រាប​ថា​គំនិត​របស់​ពួក​អ្នក​ប្រាជ្ញ​គ្មាន​ខ្លឹម‌សារ​អ្វី​ទេ» ។ ហេតុ​នេះ​មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​អួត‌អាង​ដោយ​យក​មនុស្ស​ជា​បង្គោល​ឡើយ ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​សម្រាប់​បម្រើ បងប្អូន ទោះ​បី​លោក​ប៉ូល​ក្ដី លោក​អប៉ូ‌ឡូស​ក្ដី លោក​កេផាស​ក្ដី ពិភព​លោក​នេះ​ក្ដី ជីវិត​ក្ដី សេចក្ដី​ស្លាប់​ក្ដី អ្វីៗ​ដែល​មាន​នៅ​ពេល​នេះ ឬ​នៅ​ពេល​អនាគត​ក្ដី សុទ្ធ​តែ​សម្រាប់​បម្រើ​បងប្អូន​ទាំង​អស់។ រីឯ​បងប្អូន​វិញ បងប្អូន​បម្រើ​ព្រះ‌គ្រិស្ត* ហើយ​ព្រះ‌គ្រិស្ត​បម្រើ​ព្រះ‌ជាម្ចាស់។

ចែក​រំលែក
អាន ១ កូរិនថូស 3

១ កូរិនថូស 3:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ខ្ញុំ បង​ប្អូន​អើយ ខ្ញុំ​ពុំ​អាច​និយាយ​នឹង​អ្នក​រាល់​គ្នា ដូច​នឹង​មនុស្ស​ខាង​ឯ​វិញ្ញាណ​បាន​ទេ ត្រូវ​តែ​និយាយ​ដូច​នឹង​មនុស្ស​ខាង​ឯ​សាច់​ឈាម​វិញ គឺ​ដូច​ជា​និយាយ​នឹង​កូន​ខ្ចី​ក្នុង​ព្រះ‌គ្រីស្ទ ខ្ញុំ​បាន​ឲ្យ​ទឹក​ដោះ​មក​អ្នក​រាល់​គ្នា​ផឹក មិន​បាន​ឲ្យ​សាច់​បរិភោគ​ទេ ដ្បិត​កាល​ណោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​បរិភោគ​បាន ហើយ​ឥឡូវ​នេះ ក៏​មិន​ទាន់​បាន​ដែរ ដោយ​ព្រោះ​អ្នក​រាល់​គ្នា នៅ​តែ​ខាង​សាច់​ឈាម​នៅ​ឡើយ ដ្បិត​ដែល​មាន​សេចក្ដី​ឈ្នានីស ឈ្លោះ​ប្រកែក នឹង​បាក់​បែក​គ្នា ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​តើ​មិន​នៅ​ខាង​សាច់​ឈាម ហើយ​ដើរ​តាម​បែប​មនុស្ស​លោក​ទេ​ឬ​អី គឺ​កាល​ដែល​ម្នាក់​ប្រកាន់​ថា ខ្លួន​ជា​សិស្ស​របស់​ប៉ុល ហើយ​ម្នាក់​ទៀត​ថា ខ្លួន​ជា​របស់​អ័ប៉ុឡូស នោះ​តើ​មិន​មែន​នៅ​ខាង​សាច់​ឈាម​ទេ​ឬ​អី ដូច្នេះ តើ​ប៉ុល​ជា​អ្វី ឬ​អ័ប៉ុឡូស​ជា​អ្វី គឺ​គ្រាន់​តែ​ជា​អ្នក​បំរើ​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ តាម​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​គ្រប់​គ្នា​តែ​ប៉ុណ្ណោះ​ទេ​តើ ខ្ញុំ​បាន​សាប‌ព្រោះ អ័ប៉ុឡូស​ជា​អ្នក​ស្រោច តែ​ដែល​បាន​ដុះ​ឡើង នោះ​គឺ​ព្រះ​បាន​ធ្វើ​វិញ ហេតុ​នោះ​បាន​ជា​អ្នក​ដែល​សាប‌ព្រោះ នឹង​អ្នក​ដែល​ស្រោច នោះ​មិន​មែន​ជា​អ្វី​ទេ ស្រេច​ហើយ​នឹង​ព្រះ​ដែល​ធ្វើ​ឲ្យ​ដុះ​វិញ​ទេ​តើ ឯ​អ្នក​ដែល​សាប‌ព្រោះ នឹង​អ្នក​ដែល​ស្រោច នោះ​ដូច​គ្នា​ទេ ហើយ​ក្នុង​អ្នក​និមួយៗ នោះ​នឹង​បាន​រង្វាន់​តាម​ការ​ដែល​ខ្លួន​ធ្វើ ដ្បិត​យើង​រាល់​គ្នា​ជា​អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ ឯ​អ្នក​រាល់​គ្នា​ជា​ស្រែ​ដែល​ព្រះ‌ទ្រង់​ភ្ជួរ ហើយ​ជា​ផ្ទះ​ដែល​ព្រះ‌ទ្រង់​ធ្វើ។ ខ្ញុំ​បាន​ដាំ​ជើង​ជញ្ជាំង ដូច​ជា​មេ​ជាង​ផ្ទះ​ដ៏​ចំណាន តាម​ព្រះ‌គុណ​ដែល​ព្រះ​បាន​ប្រទាន​មក​ខ្ញុំ មាន​ម្នាក់​ទៀត​ជា​អ្នក​សង់​ពី​លើ ប៉ុន្តែ​ត្រូវ​ឲ្យ​មនុស្ស​ប្រយ័ត​រៀង​ខ្លួន អំពី​បែប​ណា​ដែល​សង់​ពី​លើ​ជើង​នោះ ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ដាំ​ជើង​ជញ្ជាំង​ណា​ផ្សេង​ទៀត ក្រៅ​ពី​ជើង​ដែល​បាន​ដាំ​រួច​ហើយ​នោះ​បាន​ទេ គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ បើ​អ្នក​ណា​យក​មាស ប្រាក់ ត្បូង ឈើ ស្បូវ ឬ​ស្លឹក ដើម្បី​នឹង​ធ្វើ​ពី​លើ​ជើង​ជញ្ជាំង​នេះ នោះ​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ នឹង​លេច​មក​ឲ្យ​ឃើញ ដ្បិត​ថ្ងៃ​នោះ​នឹង​បង្ហាញ​ពី​ការ​នោះ​យ៉ាង​ច្បាស់‌លាស់ ព្រោះ​ការ​នោះ​នឹង​សំដែង​ចេញ​មក​ដោយ‌សារ​ភ្លើង ហើយ​ភ្លើង​នឹង​សាក​មើល​ការ​ដែល​និមួយៗ​ធ្វើ ឲ្យ​ដឹង​ជា​យ៉ាង​ណា បើ​ការ​ដែល​អ្នក​ណា​សង់​ឡើង​បាន​ជាប់​នៅ អ្នក​នោះ​នឹង​បាន​រង្វាន់ បើ​ការ​ដែល​អ្នក​ណា​ធ្វើ​ត្រូវ​ឆេះ អ្នក​នោះ​នឹង​ត្រូវ​ខាត​វិញ តែ​ខ្លួន​អ្នក​នោះ​នឹង​បាន​រួច បែប​ដូច​ជា​ដើរ​កាត់​ភ្លើង។ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា​ខ្លួន​អ្នក​រាល់​គ្នា​ជា​ព្រះ‌វិហារ​នៃ​ព្រះ ហើយ​ថា ព្រះ‌វិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា បើ​អ្នក​ណា​បង្ខូច​ព្រះ‌វិហារ​នៃ​ព្រះ នោះ​ព្រះ​នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​ត្រូវ​ខូច​ដែរ ដ្បិត​ព្រះ‌វិហារ​នៃ​ព្រះ​ជា​វត្ថុ​ដ៏​បរិសុទ្ធ គឺ​ជា​ខ្លួន​អ្នក​រាល់​គ្នា​នេះ​ឯង។ កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​ខ្លួន​ឡើយ បើ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្លួន​មាន​ប្រាជ្ញា​ក្នុង​លោកីយ​នេះ ត្រូវ​ឲ្យ​អ្នក​នោះ​ត្រឡប់​ជា​ល្ងង់‌ល្ងើ​វិញ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ឡើង ពី​ព្រោះ​ប្រាជ្ញា​របស់​លោកីយ​នេះ ជា​សេចក្ដី​ល្ងង់‌ល្ងើ​នៅ​ចំពោះ​ព្រះ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ព្រះ‌ទ្រង់​ចាប់​ពួក​អ្នក​ប្រាជ្ញ ដោយ‌សារ​កិច្ច‌កល​របស់​ខ្លួន​គេ» ហើយ​មាន​បទ​១​ទៀត​ថា «ព្រះ‌អម្ចាស់​ទ្រង់​ជ្រាប​គំនិត​នៃ​ពួក​អ្នក​ប្រាជ្ញ ថា​ជា​ឥត​ប្រយោជន៍​ទាំង​អស់» ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​អួត​ពី​មនុស្ស​ឡើយ ដ្បិត​គ្រប់​ទាំង​អស់​ជា​របស់​ផង​អ្នក​រាល់​គ្នា ទោះ​ទាំង​ប៉ុល ឬ​អ័ប៉ុឡូស កេផាស លោកីយ ជីវិត សេចក្ដី​ស្លាប់ របស់​នៅ​ជំនាន់​សព្វ​ថ្ងៃ ឬ​ទៅ​មុខ​ក្តី នោះ​សុទ្ធ​តែ​ជា​របស់​ផង​អ្នក​រាល់​គ្នា​ទាំង​អស់ តែ​ឯ​អ្នក​រាល់​គ្នា​ជា​របស់​ផង​ព្រះ‌គ្រីស្ទ​វិញ ហើយ​ព្រះ‌គ្រីស្ទ ទ្រង់​ជា​របស់​ព្រះ។

ចែក​រំលែក
អាន ១ កូរិនថូស 3