១ កូរិនថូស 2:9-16

១ កូរិនថូស 2:9-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «អ្វី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​មនុស្ស​មិន​ដែល​នឹក​ដល់ នោះ​ជា​អ្វី​ដែល​ព្រះ​បាន​រៀបចំ​ទុក សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ» ព្រះ​បាន​សម្ដែង​ឲ្យ​យើង​ឃើញ​សេចក្តី​ទាំង​នេះ តាម​រយៈ​ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ ដ្បិត​ព្រះ‌វិញ្ញាណ​ទត​មើល​អ្វីៗ​ទាំង‌អស់ សូម្បី​តែ​ជម្រៅ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ។ ដ្បិត​តើ​អ្នក​ណា​ស្គាល់​គំនិត​មនុស្ស​បាន ក្រៅ​ពី​វិញ្ញាណ​អ្នក​នោះ​ដែល​នៅ​ក្នុង​ខ្លួន? ឯ​ព្រះ​ក៏​ដូច្នោះ​ដែរ គ្មាន​អ្នក​ណា​ស្គាល់​គំនិត​របស់​ព្រះ ក្រៅ​ពី​ព្រះ‌វិញ្ញាណ​របស់​ព្រះ​នោះ​ឡើយ។ ឥឡូវ​នេះ យើង​មិន​បាន​ទទួល​វិញ្ញាណ​របស់​លោកីយ៍​ទេ គឺ​ទទួល​ព្រះ‌វិញ្ញាណ​ដែល​មក​ពី​ព្រះ​វិញ ដើម្បី​ឲ្យ​យើង​ស្គាល់​អំណោយ‌ទាន​ដែល​ព្រះ​បាន​ប្រទាន​មក​យើង។ យើង​និយាយ​សេចក្តី​ទាំង​នេះ មិន​មែន​ដោយ​ពាក្យ​សម្ដី ដែល​ប្រាជ្ញា​មនុស្ស​បាន​បង្រៀន​ទេ គឺ​ដោយ​ពាក្យ​សម្ដី ដែល​ព្រះ‌វិញ្ញាណ​បង្រៀន​វិញ ទាំង​បក​ស្រាយ​សេចក្តី​ខាង​វិញ្ញាណ ដល់​អស់​អ្នក​ដែល​មាន​ព្រះ‌វិញ្ញាណ។ អស់​អ្នក​ដែល​មិន​មាន​ព្រះ‌វិញ្ញាណ មិន​អាច​ទទួល​អំណោយ‌ទាន​របស់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​បាន​ទេ ដ្បិត​ជា​សេចក្តី​ល្ងី‌ល្ងើ​ដល់​គេ ហើយ​គេ​មិន​អាច​យល់​បាន​ឡើយ ព្រោះ​សេចក្តី​ទាំង​នោះ​ត្រូវ​ពិចារណា​យល់​ខាង​វិញ្ញាណ។ អស់​អ្នក​ដែល​មាន​ព្រះ‌វិញ្ញាណ គេ​ពិចារណា​យល់​គ្រប់​ទាំង‌អស់ ហើយ​គ្មាន​អ្នក​ណា​អាច​ពិចារណា​យល់​ពី​អ្នក​នោះ​បាន​ឡើយ។ «ដ្បិត​តើ​អ្នក​ណា​ស្គាល់​គំនិត​របស់​ព្រះ‌អម្ចាស់ ដើម្បី​នឹង​បង្រៀន​ព្រះ‌អង្គ​បាន? » តែ​យើង​មាន​គំនិត​របស់​ព្រះ‌គ្រីស្ទ​ហើយ។

ចែក​រំលែក
អាន ១ កូរិនថូស 2

១ កូរិនថូស 2:9-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប៉ុន្តែ ដូច​មាន​ចែង​ទុក​មក​ថា៖ «អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញ អ្វីៗ​ដែល​ត្រចៀក​ស្ដាប់​មិន​ឮ និង​អ្វីៗ​ដែល​ចិត្ត​មនុស្ស​នឹក​មិន​ដល់​នោះ ព្រះ‌ជាម្ចាស់​បាន​រៀបចំ​ទុក សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ» ។ ព្រះ‌ជាម្ចាស់​បាន​សម្តែង​ឲ្យ​យើង​ដឹង​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នោះ តាម​រយៈ​ព្រះ‌វិញ្ញាណ ដ្បិត​ព្រះ‌វិញ្ញាណ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់ សូម្បី​តែ​ជម្រៅ​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់​ក៏​ព្រះអង្គ​ឈ្វេង​យល់​ដែរ។ ចំពោះ​មនុស្ស​លោក គ្មាន​នរណា​យល់​អំពី​មនុស្ស​បាន ក្រៅ​ពី​វិញ្ញាណ​ដែល​នៅ​ក្នុង​ខ្លួន​គេ​នោះ​ទេ។ រីឯ​ព្រះ‌ជាម្ចាស់​ក៏​ដូច្នោះ​ដែរ គ្មាន​នរណា​ម្នាក់​យល់​អំពី​ព្រះអង្គ​បាន ក្រៅ​ពី​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​នោះ​ឡើយ។ ចំពោះ​យើង យើង​ពុំ​បាន​ទទួល​វិញ្ញាណ​លោកីយ៍​ទេ គឺ​យើង​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដែល​មក​ពី​ព្រះ‌ជាម្ចាស់ ដើម្បី​ឲ្យ​ស្គាល់​អ្វីៗ​ដែល​ព្រះអង្គ​ប្រោស​ប្រទាន​មក​យើង។ យើង​និយាយ​សេចក្ដី​ទាំង​នេះ ដោយ​មិន​ប្រើ​ពាក្យ‌ពេចន៍​ដែល​ប្រាជ្ញា​របស់​មនុស្ស​បង្រៀន​នោះ​ឡើយ គឺ​យើង​ប្រើ​តែ​ពាក្យ​ណា​ដែល​ព្រះ‌វិញ្ញាណ​បង្រៀន ដើម្បី​ពន្យល់​សេចក្ដី​ពិត​ខាង​វិញ្ញាណ​ដល់​មនុស្ស​ដែល​បាន​ទទួល​ព្រះ‌វិញ្ញាណ។ រីឯ​មនុស្ស​ដែល​ពុំ​បាន​ទទួល​ព្រះ‌វិញ្ញាណ ក៏​ពុំ​អាច​ទទួល​សេចក្ដី​ណា​ដែល​មក​ពី​ព្រះ‌វិញ្ញាណ​ដែរ ព្រោះ​គេ​យល់​ថា​សេចក្ដី​ទាំង​នោះ​ជា​រឿង​លេលា ហើយ​គេ​ពុំ​អាច​យល់​ទេ មាន​តែ​ព្រះ‌វិញ្ញាណ​ប៉ុណ្ណោះ ដែល​ប្រទាន​ឲ្យ​មនុស្ស​យើង​អាច​វិនិច្ឆ័យ​សេចក្ដី​ទាំង​នោះ​បាន។ រីឯ​អ្នក​ដែល​បាន​ទទួល​ព្រះ‌វិញ្ញាណ​វិនិច្ឆ័យ​បាន​ទាំង​អស់ ហើយ​គ្មាន​អ្នក​ណា​វិនិច្ឆ័យ​អ្នក​នោះ​បាន​ឡើយ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា៖ «តើ​អ្នក​ណា​ស្គាល់​គំនិត​របស់​ព្រះ‌អម្ចាស់? តើ​អ្នក​ណា​អាច​ថ្វាយ​យោបល់ ព្រះអង្គ​បាន? »។ រីឯ​យើង​វិញ យើង​មាន​គំនិត​របស់​ព្រះ‌គ្រិស្ត*​ហើយ។

ចែក​រំលែក
អាន ១ កូរិនថូស 2

១ កូរិនថូស 2:9-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «សេចក្ដី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់ គឺ​សេចក្ដី​នោះ​ឯង​ដែល​ព្រះ​បាន​រៀបចំ​ទុក សំរាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់» ព្រះ‌ទ្រង់​បាន​សំដែង​ឲ្យ​យើង​រាល់​គ្នា​ឃើញ​សេចក្ដី​ទាំង​នោះ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ ដ្បិត​ព្រះ‌វិញ្ញាណ​នៃ​ទ្រង់​ស្ទង់​មើល​គ្រប់​ទាំង​អស់ ព្រម​ទាំង​សេចក្ដី​ជ្រាល‌ជ្រៅ​នៃ​ព្រះ​ដែរ ដ្បិត​បើ​មិន​មែន​ជា​វិញ្ញាណ ដែល​នៅ​ក្នុង​ខ្លួន​មនុស្ស​ទេ នោះ​តើ​មាន​អ្វី​នឹង​ស្គាល់​សណ្ឋាន​មនុស្ស​នោះ​បាន ហើយ​បើ​មិន​មែន​ជា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ នោះ​ក៏​គ្មាន​អ្នក​ណា​ស្គាល់​សណ្ឋាន​ព្រះ​បាន​ដែរ។ ឯ​យើង​រាល់​គ្នា យើង​មិន​បាន​ទទួល​វិញ្ញាណ​របស់​លោកីយ​ទេ គឺ​ទទួល​ព្រះ‌វិញ្ញាណ​ដែល​មក​ពី​ព្រះ​វិញ ដើម្បី​ឲ្យ​បាន​ស្គាល់​អស់​ទាំង​ព្រះ‌គុណ ដែល​ព្រះ​បាន​ផ្តល់​មក​យើង ហើយ​យើង​ក៏​និយាយ​ពី​សេចក្ដី​ទាំង​នោះ​ឯង មិន​មែន​ដោយ​ពាក្យ​សំដី ដែល​ប្រាជ្ញា​មនុស្ស​បាន​បង្រៀន​ទេ គឺ​ដោយ​ពាក្យ​សំដី ដែល​ព្រះ‌វិញ្ញាណ​បង្រៀន​វិញ ព្រម​ទាំង​ផ្ទឹម​ពន្យល់​សេចក្ដី​ខាង​ឯ​វិញ្ញាណ ដោយ‌សារ​សេចក្ដី​ខាង​ឯ​វិញ្ញាណ​ផង ប៉ុន្តែ មនុស្ស​ខាង​សាច់​ឈាម គេ​មិន​ទទួល​សេចក្ដី​ខាង​ឯ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ទេ ពី​ព្រោះ​ជា​សេចក្ដី​ល្ងង់‌ល្ងើ​ដល់​គេ ក៏​រក​ស្គាល់​មិន​បាន​ដែរ ដ្បិត​ត្រង់​ឯ​សេចក្ដី​ទាំង​នោះ ត្រូវ​ពិចារណា​យល់​ខាង​វិញ្ញាណ​វិញ ឯ​មនុស្ស​ខាង​វិញ្ញាណ​វិញ គេ​ពិចារណា​យល់​គ្រប់​ទាំង​អស់​បាន តែ​មិន​ត្រូវ​អ្នក​ណា​ពិចារណា​ខ្លួន​ឡើង ដ្បិត​តើ​អ្នក​ណា​បាន​ស្គាល់​គំនិត​នៃ​ព្រះ‌អម្ចាស់ តើ​អ្នក​ណា​នឹង​បង្រៀន​ទ្រង់​បាន តែ​យើង​រាល់​គ្នា​មាន​គំនិត​ជា​របស់​ផង​ព្រះ‌គ្រីស្ទ​វិញ។

ចែក​រំលែក
អាន ១ កូរិនថូស 2