១ កូរិនថូស 2:7-13
១ កូរិនថូស 2:7-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គឺយើងនិយាយតាមប្រាជ្ញារបស់ព្រះ ជាសេចក្តីអាថ៌កំបាំង ហើយបានលាក់ទុក ដែលព្រះបានតម្រូវទុកមក តាំងពីមុនកំណើតពិភពលោក សម្រាប់ជាសិរីល្អដល់យើង។ គ្មានចៅហ្វាយណាក្នុងលោកីយ៍នេះ បានយល់សេចក្តីនេះឡើយ ដ្បិតបើគេយល់មែន នោះគេមិនឆ្កាងព្រះអម្ចាស់ដែលប្រកបដោយសិរីល្អនោះទេ។ ប៉ុន្តែ ដូចមានសេចក្តីចែងទុកមកថា៖ «អ្វីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តមនុស្សមិនដែលនឹកដល់ នោះជាអ្វីដែលព្រះបានរៀបចំទុក សម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ» ព្រះបានសម្ដែងឲ្យយើងឃើញសេចក្តីទាំងនេះ តាមរយៈព្រះវិញ្ញាណព្រះអង្គ ដ្បិតព្រះវិញ្ញាណទតមើលអ្វីៗទាំងអស់ សូម្បីតែជម្រៅព្រះហឫទ័យរបស់ព្រះ។ ដ្បិតតើអ្នកណាស្គាល់គំនិតមនុស្សបាន ក្រៅពីវិញ្ញាណអ្នកនោះដែលនៅក្នុងខ្លួន? ឯព្រះក៏ដូច្នោះដែរ គ្មានអ្នកណាស្គាល់គំនិតរបស់ព្រះ ក្រៅពីព្រះវិញ្ញាណរបស់ព្រះនោះឡើយ។ ឥឡូវនេះ យើងមិនបានទទួលវិញ្ញាណរបស់លោកីយ៍ទេ គឺទទួលព្រះវិញ្ញាណដែលមកពីព្រះវិញ ដើម្បីឲ្យយើងស្គាល់អំណោយទានដែលព្រះបានប្រទានមកយើង។ យើងនិយាយសេចក្តីទាំងនេះ មិនមែនដោយពាក្យសម្ដី ដែលប្រាជ្ញាមនុស្សបានបង្រៀនទេ គឺដោយពាក្យសម្ដី ដែលព្រះវិញ្ញាណបង្រៀនវិញ ទាំងបកស្រាយសេចក្តីខាងវិញ្ញាណ ដល់អស់អ្នកដែលមានព្រះវិញ្ញាណ។
១ កូរិនថូស 2:7-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងប្រៀនប្រដៅអំពីប្រាជ្ញារបស់ព្រះជាម្ចាស់ ដែលព្រះអង្គបង្កប់ន័យទុកតាមគម្រោងការដ៏លាក់កំបាំងរបស់ព្រះអង្គ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ គឺព្រះអង្គបានគ្រោងទុកថានឹងប្រទានសិរីរុងរឿងមកយើង។ គ្មាននរណាម្នាក់ក្នុងចំណោមអ្នកគ្រប់គ្រងមនុស្សលោកនេះ បានស្គាល់ប្រាជ្ញារបស់ព្រះអង្គទេ។ ប្រសិនបើគេពិតជាបានស្គាល់មែន គេមិនឆ្កាងព្រះអម្ចាស់ប្រកបដោយសិរីរុងរឿងនោះឡើយ។ ប៉ុន្តែ ដូចមានចែងទុកមកថា៖ «អ្វីៗដែលភ្នែកមើលមិនឃើញ អ្វីៗដែលត្រចៀកស្ដាប់មិនឮ និងអ្វីៗដែលចិត្តមនុស្សនឹកមិនដល់នោះ ព្រះជាម្ចាស់បានរៀបចំទុក សម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ» ។ ព្រះជាម្ចាស់បានសម្តែងឲ្យយើងដឹងអំពីគម្រោងការដ៏លាក់កំបាំងនោះ តាមរយៈព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណឈ្វេងយល់អ្វីៗទាំងអស់ សូម្បីតែជម្រៅព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏ព្រះអង្គឈ្វេងយល់ដែរ។ ចំពោះមនុស្សលោក គ្មាននរណាយល់អំពីមនុស្សបាន ក្រៅពីវិញ្ញាណដែលនៅក្នុងខ្លួនគេនោះទេ។ រីឯព្រះជាម្ចាស់ក៏ដូច្នោះដែរ គ្មាននរណាម្នាក់យល់អំពីព្រះអង្គបាន ក្រៅពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នោះឡើយ។ ចំពោះយើង យើងពុំបានទទួលវិញ្ញាណលោកីយ៍ទេ គឺយើងបានទទួលព្រះវិញ្ញាណដែលមកពីព្រះជាម្ចាស់ ដើម្បីឲ្យស្គាល់អ្វីៗដែលព្រះអង្គប្រោសប្រទានមកយើង។ យើងនិយាយសេចក្ដីទាំងនេះ ដោយមិនប្រើពាក្យពេចន៍ដែលប្រាជ្ញារបស់មនុស្សបង្រៀននោះឡើយ គឺយើងប្រើតែពាក្យណាដែលព្រះវិញ្ញាណបង្រៀន ដើម្បីពន្យល់សេចក្ដីពិតខាងវិញ្ញាណដល់មនុស្សដែលបានទទួលព្រះវិញ្ញាណ។
១ កូរិនថូស 2:7-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គឺនិយាយតាមតែប្រាជ្ញានៃព្រះវិញ ជាសេចក្ដីអាថ៌កំបាំងដ៏លាក់ទុក ដែលព្រះបានគិតគូ តាំងពីមុនអស់ទាំងកល្ប សំរាប់ជាសិរីល្អដល់យើងរាល់គ្នា គ្មានចៅហ្វាយណាក្នុងលោកីយនេះ បានស្គាល់សេចក្ដីអាថ៌កំបាំងនោះឡើយ បើបានស្គាល់ នោះគេមិនបានឆ្កាងព្រះអម្ចាស់ដ៏មានសិរីទេ ដូចមានសេចក្ដីចែងទុកមកថា «សេចក្ដីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តនឹកមិនដែលដល់ គឺសេចក្ដីនោះឯងដែលព្រះបានរៀបចំទុក សំរាប់ពួកអ្នកដែលស្រឡាញ់ទ្រង់» ព្រះទ្រង់បានសំដែងឲ្យយើងរាល់គ្នាឃើញសេចក្ដីទាំងនោះ ដោយសារព្រះវិញ្ញាណទ្រង់ ដ្បិតព្រះវិញ្ញាណនៃទ្រង់ស្ទង់មើលគ្រប់ទាំងអស់ ព្រមទាំងសេចក្ដីជ្រាលជ្រៅនៃព្រះដែរ ដ្បិតបើមិនមែនជាវិញ្ញាណ ដែលនៅក្នុងខ្លួនមនុស្សទេ នោះតើមានអ្វីនឹងស្គាល់សណ្ឋានមនុស្សនោះបាន ហើយបើមិនមែនជាព្រះវិញ្ញាណនៃព្រះ នោះក៏គ្មានអ្នកណាស្គាល់សណ្ឋានព្រះបានដែរ។ ឯយើងរាល់គ្នា យើងមិនបានទទួលវិញ្ញាណរបស់លោកីយទេ គឺទទួលព្រះវិញ្ញាណដែលមកពីព្រះវិញ ដើម្បីឲ្យបានស្គាល់អស់ទាំងព្រះគុណ ដែលព្រះបានផ្តល់មកយើង ហើយយើងក៏និយាយពីសេចក្ដីទាំងនោះឯង មិនមែនដោយពាក្យសំដី ដែលប្រាជ្ញាមនុស្សបានបង្រៀនទេ គឺដោយពាក្យសំដី ដែលព្រះវិញ្ញាណបង្រៀនវិញ ព្រមទាំងផ្ទឹមពន្យល់សេចក្ដីខាងឯវិញ្ញាណ ដោយសារសេចក្ដីខាងឯវិញ្ញាណផង